ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​ឥស្លាម​អាមេរិកាំង ធ្វើ​ពហិការ​មិន​ចូលរួម​ពិធី​បុណ្យ Eid នៅ​សេតវិមាន


លោក Robert McCaw ប្រធាន​ផ្នែក​កិច្ចការ​រដ្ឋាភិបាល​នៃ​ក្រុមប្រឹក្សា​ទំនាក់ទំនង​អាមេរិកាំង​ឥស្លាម (Council on American Islamic Relations)។

ជា​ទូទៅ ពិធី​បុណ្យ Eid al-Fitr គឺជា​ពេល​វេលា​មួយ​នៃ​ភាព​សប្បាយ​រីករាយ​ និង​ការ​អបអរសាទរ​សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ជុំវិញ​ពិភពលោក។

ក៏​ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ​នេះ ពិធី​បុណ្យ​នេះ​ មាន​ភាព​សៅហ្មង មិន​មែន​ដោយសារ​ត្រឹមតែ​វិបត្តិ​ជំងឺ​កូវីដ១៩ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដោយសារ​អំពើ​ហិង្សា​រាលដាល​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ផងដែរ ដោយ​បណ្ដាល​ឲ្យ​អង្គការ​ឥស្លាម​អាមេរិកាំង​មួយ​ចំនួន​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​តាម​អនឡាញ​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា​កន្លង​ទៅ​នេះ។

លោក Robert McCaw ប្រធាន​ផ្នែក​កិច្ចការ​រដ្ឋាភិបាល​នៃ​ក្រុមប្រឹក្សា​ទំនាក់ទំនង​អាមេរិកាំង​ឥស្លាម (Council on American Islamic Relations) បាន​និយាយ​ថា៖

«ក្រុមប្រឹក្សា​ទំនាក់ទំនង​អាមេរិកាំង​ឥស្លាម​ បាន​ចូលរួម​ជាមួយ​នឹង​អង្គការ​អាមេរិកាំង​ឥស្លាម​ថ្នាក់​ជាតិ​ដទៃ​ទៀត ដើម្បី​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ Eid តាម​អនឡាញ​នៅ​សេតវិមាន ដោយសារតែ​ការ​ឆ្លើយតប​ដ៏​គួរ​ឲ្យ​ស្រងាក​ចិត្ត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​លើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់ Gaza និង​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង​ហ្សេរុយសាឡិម»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នានា​ បាន​រៀបចំ​ពិធី iftar ដែល​ជា​ពិធី​បញ្ចប់​ការ​តម​អាហារ​ប្រចាំ​ថ្ងៃ​នៃ​ខែ​រ៉ាម៉ាឌន នៅ​សេតវិមាន ចាប់​តាំងពី​ពិធី​នេះ​ ត្រូវ​បាន​រៀបចំ​ដំបូង​ដោយ​លោក​ប្រធានាធិបតី Bill Clinton កាលពី​ឆ្នាំ១៩៩៦ មក។

នៅ​ក្នុង​ឆ្នាំ​នេះ លោក​ប្រធានាធិបតី Biden និង​លោកស្រី Jill Biden ដែលជា​ភរិយា​របស់​លោក បាន​រៀបចំ​ពិធី​បុណ្យ Eid តាម​អនឡាញ។

លោកស្រី Jill Biden ថ្លែង​ដូច្នេះ​ថា៖ «យើង​អាច​មើល​ឃើញ​ស្មារតី​នៃ​ថ្ងៃ​នេះ​នៅ​ក្នុង​ដួងចិត្ត​ពលរដ្ឋ​អាមេរិកាំង​កាន់​សាសនា​ឥស្លាម​រាប់​លាន​នាក់ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​កាន់តែ​ខ្លាំង​ជាង​មុន​ជា​រៀង​រាល់​ថ្ងៃ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ធ្វើការ​ជួរ​មុខ​ដ៏​ក្លាហាន​ជា​ច្រើន​នាក់​ផងដែរ»។

លោក​ប្រធានាធិបតី Biden បាន​ទទួល​ស្គាល់​ថា ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ធ្វើ​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​នានា​នៅ​ជុំវិញ​ពិភពលោក​មាន​ក្ដី​សៅហ្មង​ក្នុង​ចិត្ត។

លោក Biden ថ្លែង​ដូច្នេះ​ថា៖ «រដ្ឋបាល​របស់​ខ្ញុំ​នឹង​បន្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ក៏​ដូចជា​ដៃគូ​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​ចូលរួម​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​ឲ្យ​បាន​នូវ​ភាព​ស្ងប់ស្ងៀម​ដ៏​យូរ​អង្វែង»។

កាលពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា មនុស្ស​រាប់​ពាន់​នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ទីក្រុង​ធំៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដូចជា​រដ្ឋធានី​វ៉ាស៊ីនតោន ទីក្រុង New York និង​ទីក្រុង Boston ជាដើម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋបាល​របស់​លោក Biden ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​ធ្វើ​លើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន។

លោក Seham Escheick ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ប៉ាឡេស្ទីន បាន​និយាយ​ថា៖ «ពួក​យើង​ធុញទ្រាន់​នឹង​ឃើញ​ការ​សម្លាប់​ជន​ស្លូតត្រង់។ ពួក​យើង​ធុញទ្រាន់​ចំពោះ​ការ​ត្រួតត្រា [របស់​អ៊ីស្រាអែល]»។

ឯក​អគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Gilad Erdan បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា ក្នុង​គោល​បំណង​ការពារ​ប្រទេស​អ៊ីស្រាអែល​ថា ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​នេះ​ត្រូវ​បាន «គ្រោង​ទុក​ជា​មុន» ដោយ​ក្រុម​ហាម៉ាស់ (Hamas)។

លោក Gilad Erdan បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុម​ហាម៉ាស់​បាន​បាញ់​មីស៊ីល​ដ៏​ប្រល័យ​ដោយ​គ្មាន​រើស​មុខ​លើ​ប្រជាពលរដ្ឋ​អ៊ីស្រាអែល នៅ​ពេល​ដែល​ក្រុម​នេះ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន»។

កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ លោក Biden បាន​ពិភាក្សា​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu និង​មេដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន​លោក Mahmoud Abbas។ រដ្ឋបាល​របស់​លោក Biden ក៏​បាន​បញ្ជូន​ប្រេសិត​ទៅ​កាន់​តំបន់​នោះ​ផងដែរ។

អ្នកស្រី Merissa Khurma ប្រធាន​កម្មវិធី​តំបន់​មជ្ឈិម​បូព៌ា​នៃ​មជ្ឈមណ្ឌល Wilson បាន​និយាយ​ថា៖ «ជំហាន​បន្ទាន់​បំផុត​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើ ដែល​មើល​ទៅ​ហាក់​ដូចជា​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​ការ​ដើរ​តួ​នៅ​ក្នុង​ការ​ជួយ​បន្ធូរបន្ថយ​ជម្លោះ​និង​ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា អំពើ​ហិង្សា​នៅ​ពេល​បច្ចុប្បន្ន​នេះ​នឹង​មិន​រីក​រាលដាល​ឡើង​ខ្លាំង​ហួស​ពី​ការ​គ្រប់គ្រង​បាន​នោះ​ទេ»។

មុន​ពេល​មាន​អំពើ​ហិង្សា​នេះ​កើតឡើង លោក Biden បាន​ប្រឹងប្រែង​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​ចរចា​សន្តិភាព​ដែល​ជាប់​គាំង​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ឥឡូវ​នេះ លោក Biden កំពុង​រង​សម្ពាធ​ឲ្យ​ធ្វើ​ដូច្នេះ មិន​ត្រឹមតែ​ពី​ពលរដ្ឋ​អាមេរិកាំង​កាន់​សាសនា​ឥស្លាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពី​សមាជិក​សភា​ដែល​ប្រកាន់​ទស្សនៈ​វិវឌ្ឍ​និយម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ផងដែរ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG