ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Amazon សន្យា​ស៊ើប​អង្កេត​លើ​រឿង​រំលោភ​បំពាន​បុគ្គលិក​នៅ​រោងចក្រ​ប្រទេស​ចិន


រូបភាព​ឯកសារ៖ ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន Foxconn ក្នុង​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់។

ក្រុមហ៊ុន Amazon បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្ដឹង​អំពី​ការ​រំលោភ​បំពាន​លើ​បុគ្គលិក​នៅ​ឯ​រោងចក្រ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់ពី​អង្គការ​ការពារ​សិទ្ធិ​កម្មករ​មួយ​បាន​រក​ឃើញ​ថា បុគ្គលិក​ជា​ក្មេង​ជំទង់​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នោះ​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ការ​វេន​យប់ និង​ធ្វើ​ការ​ថែម​ម៉ោង​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ទាប។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​ការងារ China Labor Watch ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា រោងចក្រ​ដែល​ប្រើ​ដោយ​ក្រុមហ៊ុន Foxconn ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​អេឡិចត្រូនិក​ដល់​ក្រុមហ៊ុន Amazon នេះ ពឹងផ្អែក​លើ​កម្មសិក្សា​ការី​ដែល​ជា​សិស្ស​អាយុ​ចន្លោះ ១៦ ទៅ ១៨ ឆ្នាំ ចំនួន ១ ពាន់ ៥ រយ​នាក់ ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង និង​វេន​យប់។

អង្គការ​នេះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ជា​អំពើ​ខុស​ច្បាប់​នៅ​ក្រោម​ច្បាប់​ការងារ​របស់​ប្រទេស​ចិន ដែល​កំណត់​ពេល​វេលា និង​លក្ខខណ្ឌ​សម្រាប់​អ្នក​ធ្វើ​ការ​ដែល​ជា​ក្មេង​ជំទង់។

លោក Li Qiang ដែល​ជា​នាយក​ប្រតិបត្តិ និង​ស្ថាបនិក​នៃ​អង្គការ China Labor Watch បាន​ប្រាប់ VOA ថា៖ «ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុន Foxconn គួរតែ​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ឯករាជ្យ​ផ្សេងៗ​តាមដាន​មើល​ស្ថានភាព​ការងារ​នៃ​រោងចក្រ​ពាក់ព័ន្ធ​នានា។ មាន​តែ​វិធី​នេះ​ទេ ដែល​អាច​ការពារ​មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​ច្បាប់​ការងារ​កើត​ឡើង​បាន និង​អាច​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ប្រសិទ្ធភាព‍»។

របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បុគ្គលិក​កម្មសិក្សាការី​ដែល​ជា​និស្សិត​នៅ​ឯ​រោងចក្រ Hengyang របស់​ក្រុមហ៊ុន Foxconn នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​នេះ ទទួល​បាន​ប្រាក់​កម្រៃ​ទាប និង​ផល​ប្រយោជន៍​តិចតួច​ជាង​បុគ្គលិក​ដែល​មិន​មែន​ជា​និស្សិត។ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា បុគ្គលិក​ប្រហែល ២០ ភាគរយ នៃ​រោងចក្រ​នេះ​គឺ​ជា​កម្មសិក្សា​ការី​ដែល​ជា​និស្សិត ដែល​ជា​ចំនួន​ទ្វេដង​លើស​ពី​ការ​កំណត់​ឲ្យ​ផ្លូវ​ច្បាប់។

រោងចក្រ​នេះ​ផលិត​ឧបករណ៍​មាន​ប្រជាប្រិយ​មួយ​ចំនួន​របស់​ក្រុមហ៊ុន Amazon ដូចជា Echo, Kindle និង​ឧបករណ៍ tablet ផ្សេងៗ​ទៀត​ជា​ដើម។

ក្រុមហ៊ុន Amazon បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​ខ្លួន​ថា៖ «យើង​កំពុង​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ជា​បន្ទាន់ និង​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​នឹង​ក្រុមហ៊ុន Foxconn នៅ​កម្រិត​ខ្ពស់​បំផុត‍»។ ក្រុមហ៊ុន Amazon បាន​បន្ថែម​ថា៖ «យើង​នឹង​មិន​អត់ឱន​ឲ្យ​ចំពោះ​ការ​រំលោភ​បំពាន​ណា​មួយ​លើ​ក្រម​ប្រតិបត្តិ​អ្នក​ផ្គត់ផ្គង់​របស់​យើង​នោះ​ទេ‍»។

ក្រុមហ៊ុន Foxconn បាន​ទទួល​ស្គាល់​បញ្ហា​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី ៩ ខែ​សីហា​កន្លង​ទៅ​នេះ ដោយ​លើក​ឡើង​ថា ខ្លួន​កំពុង​បង្កើន​ការ​តាមដាន​មើល​លើ​កម្មវិធី​កម្មសិក្សា​របស់​ខ្លួន​ជាមួយ​សាលារៀន​នានា «ដើម្បី​ធានា​ថា ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ កម្មសិក្សា​ការី​នឹង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង ឬ​ក៏​ធ្វើ​ការ​វេន​យប់​នោះ​ទេ‍»។

ក្រុមហ៊ុន Foxconn បាន​បញ្ជាក់​ដូច្នេះ​ថា៖ ‍«មាន​ករណី​ខ្លះ​កាល​ពី​មុន ដែល​ក្រុម​គ្រប់គ្រង​តាម​មូលដ្ឋាន​មាន​ការ​ធ្វេស​ប្រហែល​ធូរ​រលុង ដែល​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង ហើយ​ទោះបីជា​កម្មសិក្សា​ការី​ដែល​រងគ្រោះ​ទាំង​នោះ​ទទួល​បាន​ប្រាក់​កម្រៃ​បន្ថែម​សម្រាប់​ការ​ធ្វើ​ការ​ថែម​ម៉ោង និង​ការ​ធ្វើ​ការ​វេន​យប់​ក៏​ដោយ ក៏​ករណី​នេះ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ហើយ​យើង​បាន​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ធានា​ថា រឿង​នេះ​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​នោះ​ឡើយ»។

ក្រុមហ៊ុន Foxconn ដែល​មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ គឺ​ជា​ក្រុមហ៊ុន​កុងត្រា​ផលិត​គ្រឿង​អេឡិចត្រូនិក​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​មាន​បុគ្គលិក​ជាង​មួយ​លាន​នាក់​នៅ​ក្នុង​ប្រទេស​ចិន។

ក្រុមហ៊ុន​នេះ ដែល​ផលិត​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple ផង​ដែរ​នោះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាល​ពី​ឆ្នាំ ២០១០ បន្ទាប់ពី​មាន​ករណី​ធ្វើ​អត្តឃាត​ជា​ច្រើន​កើត​ឡើង​នៅ​ឯ​រោងចក្រ​នានា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន។ សកម្មជន​រិះគន់​ថា ករណី​អត្តឃាត​ទាំង​នេះ​កើត​ឡើង​ដោយសារតែ​លក្ខខណ្ឌ​ការងារ​មិន​ល្អ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG