ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទល់ដែន​កម្ពុជា-ថៃ​​មិន​ប៉ះពាល់​ដល់​ទេសចរណ៍​ទៅ​កម្ពុជា​ទេ


ជនភៀសសឹកដែល​រងគ្រោះដោយជំងឺ​ចម្លែកនៅវត្តពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្ត​ឧត្តរមានជ័យ សម្រាក​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១១។
ជនភៀសសឹកដែល​រងគ្រោះដោយជំងឺ​ចម្លែកនៅវត្តពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្ត​ឧត្តរមានជ័យ សម្រាក​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១១។

ទោះ​បី​ជា​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃកំពុង​តែ​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្តាយ​ព្រំដែន​យ៉ាង​ណា​ក្តី​ក៏​មិន​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ មន្ដ្រី​កម្ពុជា​និង​ភ្នាក់ងារ​សេវាកម្ម​ផ្នែក​ទេសចរណ៍​អះអាង​ថា​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​នៅ​បន្ត​កើន​ឡើង​នៅ​ឡើយ។

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ទេសចរណ៍​និង​ក្រុមហ៊ុន​ទេសចរណ៏​មួយ​ចំនួន​ បាន​អះអាង​ថា​ ជម្លោះ​ព្រំដែន​ដែល​បាន​នាំឲ្យ​មាន​ការ​បាញ់​ប្រយុទ្ធគ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​អស់​រយៈពេល​ប្រាំបី​ថ្ងៃ​មក​នេះ​ មិន​បាន​ជះ​ឥទ្ធិពល​ជា​ដុំកំភួន​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក​ ថោង ខុន​ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​បាន​ប្រាប់​ វីអូអេ សំឡេង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ មាន​ការ​ប៉ះពាល់​ដល់​លំហូរ​នៃ​ទេសចរ​ជនជាតិ​ថែ​មក​កាន់​ប្រទេស​កម្ពុជា​ដោយសារ​តែ​ ការ​ប៉ះទង្គិច​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ក៏ប៉ុន្ដែ​ចំនួន​ភ្ញៀវ​ទេសចរ​ជា​ទូទៅ​មាន​ចំនួន​កើន​ឡើង​ក្នុង​អំឡុង​ពេល​នេះ។

«ទោះ​បី​មាន​បញ្ហា​សង្រ្គាម​នៅ​ព្រំដែន​ ភ្ញៀវ​ទេសចរ​យើង​អត់​ធ្លាក់​ទេជា​ទូទៅ។ ដោយសារ​តែ​វា​ថយ​តាម​ច្រក​នេះ​ វា​ទៅ​កើន​កន្លែង​ផ្សេង។ គេ​អត់​ភ័យ​ខ្លាច​អ្វី​ទេ​ជា​រួម​ គឺ​គេ​ដឹង​ទាំង​អស់​គ្នា​ថា​ អា​ហ្នឹង​ជា​ការ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​តែ​ស្រុក​ខ្មែរ​ គឺ​មាន​សន្តិភាព​ មាន​សុវត្ថិភាព​ល្អ​ណាស់។ អញ្ចឹង​ភ្ញៀវ​ដូច​ជា​នៅ​សៀមរាប​ គឺ​អត់​មាន​បញ្ហា​ធ្លាក់​ចុះ​ទេ។​ វា​ធ្លាក់​ចុះដោយសារ​ខែ​នេះ​ ជា​ខែ​វា​ធ្លាក់​ទេ​ ភ្ញៀវ​សៀមរាប​ អត់​ឥទ្្ធិពល​ពី​ព្រំដែន​ទេ។ អត់មាន​ទេ​ តែ​ទេសចរ​ថៃ​ គឺ​វា​ធ្លាក់​ វា​ធា្លក់​តាំង​ពី​ប៉ះ​គ្នាដំបូង​ម៉្លេះ​ ធ្លាក់​ជាង​១០%»។

កងទ័ពប្រទេសកម្ពុជានិងកងទ័ពប្រទេសថៃបានប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនរួមរវាងខេត្តឧត្តមានជ័យនៅចំណុចប្រាសាទតាក្របី​និងប្រាសាទតាមាន់របស់ខ្មែរឈានដល់ថ្ងៃទី៨ហើយរហូតមកទល់នឹងព្រឹកថ្ងៃសុក្រនេះបើទោះបីជាកងទ័ពជួរ​មុខនៃប្រទេសជាប់របង​គ្នា​នេះ បានធ្វើកិច្ច​ព្រមព្រៀងឈប់បាញ់​គ្នាកាលពីថ្ងៃ​ព្រហស្បតិ៍ក៏​ដោយ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​នៅ​ត្រីមាស​ទីមួយ​ដើម​ឆ្នាំ២០១១​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​សរុប​៧៧៨.២៥១​នាក់ ពោល​គឺ​មាន​ការ​កើន​ឡើង​១៣.៦ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​ដូច​គ្នា​នៅ​ឆ្នាំ២០១០។ ទេសចរ​បរទេស​ដែល​បាន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០​ មាន​ចំនួន​ជាង២,៥​លាន​នាក់។

លោក​ថោង ខុន​ បញ្ជាក់​ថា​ភ្ញៀវ​ទេសចរ​បាន​ប្ដូរ​ពីការ​ធ្វើ​ដំណើរ​តាម​ច្រក​ប្រទេសថៃ​ មក ជា​ការ​ធ្វើ​ដំណើរ​តាម​ច្រកប្រទេស​វៀតណាម​វិញ។ នៅ​ក្នុង​ន័យ​នេះ​ លោក​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ បង្ហាញ​ថា​លំហូរ​ទេសចរ​តាម​ច្រក​ប្រទេស​វៀតណាម​បាន​កើន​១៥ភាគរយ​ ក្នុង​នោះ​ដែរ​ ទេសចរឆ្លង​កាត់ប្រទេស​សិង្ហបុរី​ ម៉ាឡេស៊ី​ កូរ៉េ និង​ចិន​បូករួមទាំង​ប្រទេស​ថៃ​ក៏​រួមចំណែកក្នុង​កំណើន​នេះ​ដែរ។

ក្រុមហ៊ុន​ទេសចរណ៍​មួយ​ចំនួន​ដែល​ វីអូអេ សឡេង​សហរដ្ឋ​អាមេរិក​បាន​ទាក់ទង​សុទ្ធ​តែ​បាន​អះអាង​ដូចៗ​គ្នា​ថា​ពុំទាន់​មាន​ការ​ប៉ះពាល់​ណាមួយ​ដល់​ចំនួនភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​តំបន់​ព្រំដែន​នោះ​ទេ។

លោក​ អាង​ គីមអៀង​ ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថាមានភ្ញៀវមួយចំនួនតូចមានការព្រួយបារម្ភ​បានសាក​សួរព័ត៌មានខ្លះៗ​ ជុំវិញ​ការ​បាញ់​គ្នា​នេះ​ក៏ប៉ុន្តែពួក​គេ​នៅ​តែ​ធ្វើ​ដំណើរ​មក​កម្ពុជា​ដដែល​ដោយ​មិនមាន​ការ​លុបចោល​នោះទេ។

«ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​នេះ​ ខាង​សមាគម​អត់​បាន​ទទួល​ការ​រាយការណ៍​មក​ថា​មាន​ការ​លុបដំណើរ​ទស្សកិច្ច​មក​កម្ពុជា​យើង​ទេ។ ក៏​ប៉ុន្តែ​គេ​សួរ​ព័ត៌មាន​ថា​តើ​ការ​ប៉ះទង្គិច​វា​ប៉ះពាល់​ដល់​ដំណើរ​ ទស្សនកិច្ច​គេ​អត់​ នៅ​ពេល​ដែល​គេ​មក​ទស្សនា​ហ្នឹង​និង​អាច​ត្រូវ​បាន​រំខាន​ដោយ​ការ​ប៉ះទង្គិច​ហ្នឹង​ អត់។ គេ​សួរ​មក​អញ្ចឹង​ខ្លះៗ គាត់​នៅ​តែ​បន្ត​មក​សម្រាប់​ជនជាតិ​ផ្សេងៗ​ដែល​គាត់បាន​កក់​ហើយ»។

ជាមួយ​គ្នា​នេះ​ដែរ​ លោក ឈិន មានគង់ អ្នក​គ្រប់គ្រង​សេវាកម្ម​ភ្ញៀវទេសចរណ៍​នៅ​ក្រុមហ៊ុន​ទេសចរណ៍​ផ្លូវ​មក​កាន់​ឥណ្ឌូចិន​ក៏​បាន​ឲ្យ​ដឹង​ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន​ទេសចរណ៍​ផ្សេងៗ ដទៃ​ទៀត​ដែរថា​ភ្ញៀវ​ទេសចរណ៍ដែល​មក​លេង​ប្រទេស​កម្ពុជា​មិន​មាន​ក្រុម​ណាមួយ​ត្រូវ​បាន​លុបចោល​ ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ព្រំដែន​ប្រទេស​កម្ពុជា​និង​ថៃ​នោះ​ទេ។

លោក បាត​ សំបូរ​ ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​សេវាកម្ម​ទេសចរណ៍​កម្ពុជា​ក៏បាន​កត់​សម្គាល់​ដូច​គ្នា​នេះ​ដែរ។

ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​មាន​ជម្លោះ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​អស់រយៈ​ពេល​ជិត​៣ឆ្នាំ​មក​ហើយ។ នៅ​ដើម​ឆ្នាំ២០១១​នេះ​មាន​ការ​វាយប្រហារ​ដោយ​កម្លាំង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ចំនួន​ពីរ​លើក​គឺ​ លើកទី១​នៅ​ថ្ងៃ​ទី៤​រហូត​ដល់​ថ្ងៃទី​៧កុម្ភៈ​ ហើយ​លើក​ទីពីរ​នេះបាន​ចាប់​ផ្ដើម​ពីថ្ងៃទី២២ដល់ថ្ងៃសុក្រទី២៩នេះ៕

XS
SM
MD
LG