ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ឥណ្ឌូណេស៊ី​ពិភាក្សា​រឿង​ទ័ព​សង្កេតការ​តាម​ព្រំដែន​កម្ពុជា​ថៃ


លោក ​ហោ ​ណាំហុង ​ឧបនាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ខាង​ឆ្វេង ចាប់​ដៃជាមួយ ជាមួយ​សមភាគី​ឥណ្ឌូណេស៊ី ​របស់​លោក ​គឺ​លោក ​ម៉ាទី ណាតាឡេហ្គាវ៉ា។

ប្រមុខ​ការទូត​កម្ពុជា ​និង​ឥណ្ឌូណេស៊ី ​បាន​ពិភាក្សា​គ្នា​ឡើងវិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​អំពី​លទ្ធភាព​នៃ​ការ​ដាក់​ពង្រាយ​កងទ័ព​សង្កេតការ​ឥណ្ឌូណេស៊ី ​នៅ​តំបន់​ព្រំដែន​ ដែល​មាន​ជម្លោះ​នៅ​ក្បែ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ។

ការ​ពិភាក្សា​ធ្វើឡើង​ស្របពេល​ដែល​ដំណើរការ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​ព្រំដែន​មាន​ការ​រីកចម្រើន​តិចតួច។

លោក ​ហោ ​ណាំហុង ​ឧបនាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត ​ក្រោយ​ពី​ជំនួប​ក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយ​សមភាគី​ឥណ្ឌូណេស៊ី ​របស់​លោក ​គឺ​លោក ​ម៉ាទី ណាតាឡេហ្គាវ៉ា ​ថា​លោក និង​លោក​ ម៉ាទី​ បាន​ពិភាក្សា​គ្នា​លើ​ការជំរុញ​ការ​ដាក់​ពង្រាយ​កងទ័ព​សង្កេតការ​ឯករាជ្យ​នៅ​តំបន់​ជម្លោះ។ ​ក៏ប៉ុន្ដែ​ពុំទាន់​មាន​ការ​កំណត់​អ្វី​ជាក់លាក់​នោះទេ​ ដោយ​រង់ចាំ​ក្រុម​ការងារ​រួម​នៃ​គណៈកម្មការ​ទូទៅ​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ ថៃ ​ជួប​ប្រជុំ​គ្នា​ជា​មុន​សិន។

«បញ្ហា​ដែល​យើង​ខ្ញុំ​បាន​ពិភាក្សា​គ្នា​គឺ​បញ្ហា​ដាក់​អ្នក​សង្កេតការ​ឥណ្ឌូណេ​ស៊ី​នៅ​តំបន់​ឥត​កងទ័ព​បណ្ដោះអាសន្ន​ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្ដរជាតិ»។

យោងតាម​លោក​ឧត្តមសេនីយ៍ឯក ​ឈុំ ​សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា ​ថៃ​ ទើប​តែ​បាន​បង្កើត​ក្រុម​ការងារ​រួម​នេះ​កាល​ពី​ខែ​មករា ​សម្រាប់​កម្ពុជា​ និង​កាល​ពី​ខែ​កុម្ភៈ ​សម្រាប់​ភាគី​ប្រទេស​ថៃ។ ថៃ​ត្រូវ​កោះប្រជុំ​ក្រុម​ការងារ​នេះ ​ក៏ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ការ​កោះហៅ​ពី​ប្រទេស​ថៃ​នៅ​ឡើយ​ទេ។

កម្ពុជា ​និងថៃ​មាន​ជម្លោះជាមួយ​គ្នា​នៅ​តាម​ព្រំដែន​ចាប់​តាំង​ពី​ខែ​កក្កដា ​ឆ្នាំ ​២០០៨ ​មក​ម្លេះ។ ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​ជា​ច្រើន​លើក ​ហើយ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ស្លាប់​និង​របួស​នៃ​ពលទាហាន​ទាំង​សង​ខាង។

កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១១ ​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ ​បាន​បង្គាប់​ក្នុង​សាលក្រម​របស់​ខ្លួន​ឲ្យ​កង​ទ័ព​ភាគី​ជម្លោះ​ដក​ចេញ​ពី​តំបន់​ដែល​មិន​ត្រូវ​មាន​កងទ័ព ​ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​ពង្រាយ​ជំនួស​វិញ​នូវ​កងទ័ព​សង្កេតការណ៍​របស់​ឥណ្ឌូណេស៊ី។

នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​មិន​ផ្ដល់​ឱកាស​ដល់​ការ​ចោទសួរ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ លោក​រដ្ឋមន្ដ្រី​ការបរទេស​ឥណ្ឌូណេស៊ី ​ម៉ាទី ​ណាតាឡេហ្គាវ៉ា ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​លើ​បញ្ហា​ដាក់​ពង្រាយ​ក្រុម​កងទ័ព​សង្កេតការណ៍​នោះ​ទេ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ​ការ​ពិភាក្សា​ត្រង់ចំណុច​នេះ​ «ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា»។ លោក​ក៏​បាន​លើ​កបញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រី​ការ​បរទេស​នៃ​ប្រទេស​ថៃ​ផងដែរ។ លោក ម៉ាទី ណាតាឡេហ្គាវ៉ា ​បង្ហាញ​ជំហរ​សុទិដ្ឋិនិយម។

«យើង​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​ការ​ជឿនលឿន​ទៅ​មុខ​បាន​ល្អ ​ហើយ​ចលនា​នៃ​ការ​រីកចម្រើន​ដែល​យើង​ទទួល​បាន​ក្នុង​ពេល​នេះ​ត្រូវ​បាន​ថែរក្សា​ការពារ។ ហើយ​ថៃ​ និង​កម្ពុជា​អាច​ដោះស្រាយ​ព្រំដែន​នេះ​ ស្រប​ទៅ​តាម​សាលក្រម​នៃ​តុលាការ​យុត្តិធម៌​អន្ដរជាតិ ​និង​ស្រប​ទៅ​តាម​បំណង​ប្រាថ្នា​របស់​សមាគម​អាស៊ាន»។

លោក ហោ ​ណាំហុង ​មាន​ប្រសាសន៍​ថា ​លោក​ជំរុញ​ឲ្យ​ប្រទេស​ថៃ​កោះប្រជុំ​ក្រុម​ការងារ​រួម​ឲ្យ​បាន​ឆាប់​ប្រយោជន៍​ផ្ដល់​លទ្ធភាព​ដល់​ការ​ដាក់​ពង្រាយ​កងទ័ព​សង្កេតការណ៍។

លោក​ឧត្តមសេនីយ៍ឯក ​ឈុំ ​សុជាតិ ​ជឿថា ​កិច្ចប្រជុំ​នោះ​អាច​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល​ឆាប់ៗ​នេះ។

«ឯកឧត្តម ​ទៀ ​បាញ់ ​បាន​ធ្វើ​លិខិត​មួយ​ទៅ​កាន់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី ​៩ ​ខែ​កុម្ភៈ ​ដើម្បី​រំលឹក​ខាង​ភាគីថៃ​ដើម្បី​ចាត់ការ​ប្រជុំ​ឲ្យ​បាន​ឆាប់រហ័ស។ ​ដូច្នេះ​ខ្ញុំ​គិត​ថា ​មិន​យូរ​ប៉ុន្មាន​ទេ​ នឹង​ធ្វើ​ការ​ប្រជុំ​លើ​បញ្ហា​នេះ​ហើយ»។

សូម​បញ្ជាក់​ថា ​លោក​រដ្ឋមន្ដ្រី​ការ​បរទេស​ឥណ្ឌូ​ណេស៊ី ​ម៉ាទី ​ណាតាឡេហ្គាវ៉ា ​ត្រូវ​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​នៅ​កម្ពុជា។ ទាំង​រូប​លោក​ ទាំង​លោក ​ហោ ណាំហុង ​បាន​បញ្ជាក់​ថា ​ក្នុង​ជំនួប​ការ​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ មាន​ការ​ពិភាក្សា​ពី​ឱកាស​នៃ​ការ​វិនិយោគ​ពី​ឥណ្ឌូណេស៊ី​ផ្នែក​អាកាសចរណ៍ ​ផ្នែក​ទូរគមនាគមន៍ ​និង​ផ្នែក​កសិឧស្សាហកម្ម។ រួម​ទាំង​ការ​ពិភាក្សា​ពី​គម្រោង​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ក្នុង​ខែ​មេសា​ខាង​មុខ៕

XS
SM
MD
LG