ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​នឹង​យក​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ជាអចិន្ត្រៃយ៍​ទៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន


លោក​ហោ​ណាំ​ហុង​ឧបនាយក​រដ្ឋ​មន្ដ្រី​និង​រដ្ឋមន្ដ្រី​​ក្រសួង​ការ​បរទេស​ កម្ពុជានៅ​អសប​។​

ភ្នំពេញ៖ ​ប្រទេស​កម្ពុជា​នឹង​នាំយក​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​ជាអចិន្ត្រៃយ៍​ទៅ​កាន់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​នៅ​សប្តាហ៍​ក្រោយ។​ សំណើ​ឈប់​បាញ់​នេះ​បាន​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​បដិសេធ។​ ក្រុម​អ្នក​សង្កេត​ការណ៍​សង្ស័យ​ថា​ កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​នេះ​អាច​នឹង​ទទួល​បរាជ័យ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហោ ណាំហុង​កំពុង​រៀបចំ​ខ្លួន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​ ​នៅ​សប្តាហ៍​ក្រោយ​នេះ។​ ក្រុម​អ្នក​សង្កេត​ការណ៍​បាន​និយាយ​នៅថ្ងៃ​សុក្រ​នេះ​ថា​ កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​នឹង​មាន​ភាព​ស្មុគស្មាញនិង​ ប្រហែលជា​មិន​អាច​ទទួល​ជោគជ័យ​បាន​ទេ។

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ថ្លែង​ថា​ អាស៊ាន​មិន​អាច​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​កាន់​តំបន់​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និងប្រទេសថៃ​បាន​ទេ​ ​បើ​មាន​ប្រទេស​ណាមួយ​នៅ​ក្នុង​សមាគម​អាស៊ាន​វេតូ ​ឬ​ប្រឆាំង​នោះ។

«ការ​ស្នើសុំ​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គឺ​ជា​យន្តការ​មួយ​សម ស្រប។ ​លទ្ធផល​នៃ​ការសម្រេច​លើ​កិច្ច​ព្រមព្រៀង​បទឈប់​បាញ់នេះ​នឹង​មាន​ការ​ស្មុគស្មាញ។ ​ប៉ុន្តែ​បន្ទុក​សម្ពាធ​ ​ដំបូង​នឹង​ធ្លាក់​ទៅ​លើ​អាស៊ាន ​និង​បន្ទាប់​មក​ធ្លាក់​ទៅ​លើ​ប្រទេស​ថៃ ​ហើយ​ប្រទេស​ថៃ​ គ្មាន​ជម្រើស​ណា​ដែល​ចំណេញ​ទេ​ ក្នុង​ពេល​បច្ចុប្បន្ននេះ​ ដោយសារ​តាម​ផ្លូវច្បាប់ ​យើង​ឈ្នះ។ ​ដូច្នេះ​ប្រទេស​ថៃ​ឆ្លើយតប​យ៉ាងម៉េច​ក៏​យើង​ឈ្នះ​ដែរ»។

ប្រទេស​សមាគម​អាស៊ាន​មាន​ប្រទេស​ប្រូណេ​ ប្រទេស​កម្ពុជា ​ប្រទេស​ឥណ្ឌូនេស៊ី ​ប្រទេស​លាវ ​ប្រទេស​ម៉ាឡេស៊ី ​ប្រទេស​ភូមា ​ប្រទេស​ហ្វីលីពីន​ ប្រទេស​សិង្ហបូរី​ ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម។

លោក​ហង្ស ឆៃយ៉ា ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ បាន​ថ្លែង​ថា​ លទ្ធផល​នៃ​សេចក្តី​សម្រេច​អំពី​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​នេះ​នឹង​មាន​លក្ខណៈ​ជា​ពាក្យ​សន្យា​ ប៉ុន្តែ​មិន​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​ជា​យន្តការ​ច្បាស់​លាស់​សម្រាប់​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​ត្រួត​ពិនិត្យ​បទ​ឈប់បាញ់​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​នោះ​ទេ។

«អាស៊ាន​អត់​មាន​កាតព្វ​កិច្ច​សំខាន់​ផ្នែក​សន្តិសុខ​ទេ។​ ម៉្លោះ​ហើយ​វាអត់​ប្រយោជន៍​ទេ។ ​អាស៊ាន​មិន​ដែល​មាន​បទ​ពិសោធន៍​ ឬ ​កាតព្វ​កិច្ច​ផ្នែក​សន្តិសុខ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ទេ។ ​អាស៊ាន​អត់មាន​អំណាច​ អត់មាន​យន្តការ​ អត់មាន​កាតព្វ​កិច្ច​ អត់មាន​ធនធាន ​អត់មាន​កម្លាំង​សន្តិសុខ​ជួយ​បាន​ទេ។ ​អាស៊ាន​និយាយ​តែ​នឹង​មាត់​ និង​នយោបាយ»។

លោក​កុយ គួង ​អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ថា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី ​Marty Natalegawa ​ប្រធាន​អាស៊ាន​បាន​គាំទ្រ​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នេះ។

«បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់​ផ្សេងៗ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​សប្តាហ៍ក្រោយ​ ពីព្រោះ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍ ​គឺជា​អនុសាសន៍​ជា​អាទិភាព​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។ ​មុននឹង​យើង​ដោះស្រាយ​បញ្ហា​អ្វី​ក៏ដោយ​ ​យើង​ត្រូវការ​ទាមទារ​ឱ្យ​មាន​សន្តិសុខ​ និង​សន្តិភាព​ជា​អចិន្ត្រៃយ៍​សិន»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ស្នើ​សុំ​ឱ្យ​ប្រទេស​ថៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ថ្ងៃទី​២២​ ខែកុម្ភៈ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ Abhisit Vejjajiva ​បាន​បដិសេធ​សំណើ​បទ​ឈប់​បាញ់​នេះ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ កាលពី​ថ្ងៃច័ន្ទ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​ និង​កង​ទ័ព​ថៃ​ថ្មីៗ​នេះ​ ​នៅតំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ​និង​បាន​អំពាវនាវ​ដល់​ភាគី​ទាំងពីរ​ឱ្យ​បង្កើត​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍ ​និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី៕

XS
SM
MD
LG