ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​របស់​អង្គ​បុរេ​ជំនុំជម្រះ​លើ​សំណុំ​រឿង​ក្តី​ជន​ត្រូវ​ចោទ អ៊ឹម ចែម បាន​បញ្ចប់​ហើយ


រូបឯកសារ៖ អ្នកស្រី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហម កំពុងជិះកង់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA))
រូបឯកសារ៖ អ្នកស្រី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហម កំពុងជិះកង់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA))

សវនាការ​របស់​អង្គ​បុរេ​ជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​លើ​សំណុំ​រឿង​ក្តី​០០៤/០១ ពាក់ព័ន្ធ​នឹង​លោកស្រី អ៊ឹម ចែម បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​អង្គារ​ទី​១២​ ខែ​ធ្នូ​នេះ ដោយ​មិន​ទាន់​មាន​ការ​សម្រេច​ថា​ តើ​ជន​ត្រូវ​ចោទ​រូប​នេះ នឹង​ត្រូវ​នាំ​ខ្លួន​យក​ទៅ​ជំនុំជម្រះ ឬ​អត់​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​ថា ជន​ត្រូវ​ចោទ អ៊ឹម ចែម មិន​បាន​ចូលរួម​ក្នុង​សវនាការ​រយៈពេល​២​ថ្ងៃ​នេះ​ទេ ប៉ុន្តែ លោកស្រី មាន​សហ​មេធាវី​របស់​ខ្លួន ជា​អ្នក​តំណាង។

អ្នកស្រី អ៊ឹម ចែម គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ថាស្ថិត​ក្នុង​ចំណោម​បុគ្គល​ «ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត‍» ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​សម័យ​ខ្មែរក្រហម ដោយ​សារ​លោកស្រី មាន​តួនាទី​ដឹកនាំ​នៅ​ថ្នាក់​ស្រុក​និង​តំបន់ ទាំង​នៅ​ភូមិ​ភាគ​និរតី​និង​ភូមិភាគ​ពាយ័ព្យ។

ប៉ុន្តែ សហ​ព្រះរាជ​អាជ្ញា​ជាតិ បាន​លើកឡើង​ថា ជន​ត្រូវ​ចោទ​រូប​នេះ មិន​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​ហៅ​កាត់​ថា ​សាលាក្តី​ខ្មែរ​ក្រហម​នេះ​ទេ ដូច្នេះ លោក​ស្រី មិន​ត្រូវ​ប្រឈម​នឹង​ការ​ជំនុំជម្រះ​ទោស​នោះ​ឡើយ។

តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ អង្គ​បុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្តី​នេះ គ្រោង​នឹង​ចេញ​សេចក្តី​សម្រេចនៅ​អំឡុង​ត្រី​មាស​ទី​ពីរ​ឆ្នាំ​២០១៨ ថា​តើ​សំណុំ​រឿង​ក្តី​របស់​ជន​ត្រូវ​ចោទ អ៊ឹម ចែម​នេះ នឹង​ត្រូវ​ច្រានចោល ឬ​បញ្ជូន​ទៅ​ជំនុំជម្រះ។

សេចក្តី​សម្រេច​នោះ គឺ​ជា​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា ហើយ​តម្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ​យ៉ាងតិច​៤​ក្នុង​ចំណោម​ចៅក្រម​ទាំង​៥​រូប​នៃ​អង្គ​បុរេជំនុំជម្រះ​នេះ។ នេះ​បើ​ផ្អែក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដដែល៕

XS
SM
MD
LG