កាលពីថ្ងៃទី១៦ ខែកុម្ភៈ អតីតប្រធានសហព័ន្ធបាល់ទាត់ និងសមាជិកសភាម្នាក់ អះអាងថា ខ្លួនមិនមានទោសនោះទេ នៅក្នុងការចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកើតឡើងនៅក្នុងសង្គ្រាមស៊ីវិលនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីជិតមួយទសវត្សរ៍មុន។ សវនាការនេះត្រូវបានធ្វើឡើងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅក្នុងប្រទេសហូឡង់ ហើយសវនាការជាសាកលលើកទី១ចំពោះហេតុការណ៍បែបនេះកើតឡើងស្របពេលមានអំពើហិង្សាថ្មីៗនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ការចោទប្រកាន់ដែលលោក Patrice-Edouard Ngaissona និងលោក Alfred Yekatom កំពុងប្រឈមមុខរួមមានអំពើឃាតកម្ម ទារុណកម្ម ការកាត់អវយវៈ ការរំលោភសេពសន្ថវៈ និងការប្រើប្រាស់ទាហានកុមារ។
អ្នកទាំងពីរត្រូវបានចោទប្រកាន់ថា ជាសមាជិកសំខាន់ៗនៃក្រុមជីវពលប្រឆាំងក្រុម Balaka ដែលភាគច្រើនកាន់សាសនាគ្រិស្ត នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រុមជីវពលនេះបានបះបោរប្រឆាំងនឹងយុទ្ធជនមូស្លីម Seleka ដែលបានក្តោបក្តាប់អំណាចនៅក្នុងឆ្នាំ២០១៣។
ដោយបានពាក់ឈុតអាវធំពណ៌ខ្មៅ និងម៉ាសការពារមេរោគកូរ៉ូណា ដែលជាការតម្រូវចាំបាច់មួយនៅក្នុងថ្ងៃទី១នៃសវនាការនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អ្នកទាំងពីរបានអះអាងថា ខ្លួនមិនមានទោសនោះទេ។
ប៉ុន្តែលោក Kweku Vanderpuye ដែលជាមេធាវីចោទប្រកាន់មានគំនិតខុសពីនេះ។
លោក Kweku Vanderpuye ថ្លែងថា៖
«ជនរងគ្រោះនៅក្នុងជម្លោះនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលសមនឹងត្រូវបានគេដឹង ត្រូវបានគេឮ និងមានវត្តមាននៅក្នុងតុលាការ។ យុត្តិធម៌ត្រូវតែឈ្នះ។ ហើយភស្តុតាងនៅក្នុងរឿងក្តីនេះនឹងធ្វើឱ្យមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គល សម្រាប់លោក Patrice-Edouard Ngaissona និងលោកAlfred Yekatom ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែលរំលោភបំពានមាត្រា៧ និង៨នៃលក្ខន្តិកៈទីក្រុងរ៉ូម»។
លោក Ngaissona គឺជាអតីតរដ្ឋមន្ត្រីកីឡារបស់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយក្រោយមកបានដឹកនាំសហគមន៍បាល់ទាល់។ តួនាទីមួយទៀតរបស់លោកដែលត្រូវបានគេចោទប្រកាន់គឺជាមេដឹកនាំនៃចលនាប្រឆាំងក្រុម Balaka។ លោកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំងក្នុងឆ្នាំ២០១៨។
លោក Yekatom ដែលជាសមាជិកសភាត្រូវបានចោទប្រកាន់ពីការបញ្ជាក្រុមជីវពលនៅក្នុងការប្រយុទ្ធ។ លោកក៏ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០១៨ដែរ។
អ្នកស្រី Elise Keppler នាយករងផ្នែកយុត្តិធម៌អន្តរជាតិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចាត់ទុកសវនាការនេះថា ជាជោគជ័យមួយ និងបាននិយាយថា ត្រូវមានសវនាការបែបនេះឱ្យកាន់តែច្រើនថែមទៀត ដោយយកភាគីទាំងអស់នៅក្នុងជម្លោះជាគោលដៅ។
អ្នកស្រី Elise Keppler បានថ្លែងថា៖
«យើងស្ថិតនៅក្នុងស្ថានភាពឥឡូវនេះដែលវប្បធម៌និទណ្ឌភាពក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ស្ទើរតែមិនមានជនល្មើសណាមួយត្រូវបានគេចាប់ឱ្យទទួលខុសត្រូវចំពោះបទល្មើសធ្ងន់ធ្ងរជាច្រើនដែលបានប្រព្រឹត្តនៅក្នុងប្រទេសនេះ។ ហើយយើងមើលឃើញពីផលប៉ះពាល់ ដែលអាចបញ្ឆេះឱ្យមានអំពើហិង្សាកាន់តែខ្លាំង»។
សវនាការនេះកើតឡើងស្របពេលដែលសាធារណរដ្ឋអាហ្វ្រិកកណ្តាលកំពុងប្រឈមមុខនឹងការកើនឡើងនៃការប្រយុទ្ធគ្នា ដែលពាក់ព័ន្ធទៅនឹងក្រុមដដែលកាលពីមួយទសវត្សរ៍មុន។ ការប្រយុទ្ធគ្នានេះចាប់ផ្តើមពីអតីតប្រធានាធិបតីលោក Francois Bozize ដែលអ្នកប្រឆាំងក្រុម Balakas បានគាំទ្រ ប៉ុន្តែត្រូវបានក្រុមឧទ្ទាម Seleka បណ្តេញចេញពីអំណាចកាលពីឆ្នាំ២០១៣។
ការប្រយុទ្ធគ្នានាពេលបច្ចុប្បន្នកើតឡើង បន្ទាប់ពីលោក Bozize ត្រូវបានហាមឃាត់មិនឱ្យឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែធ្នូ។
អំពើហិង្សាដែលមានរយៈពេលដ៏យូរនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ ដោយមនុស្សជាច្រើនស្វែងរកសិទ្ធិភៀសខ្លួននៅក្នុងប្រទេសជិតខាង។ ទោះបីជាលោកប្រឹងប្រែងស្វែងរកភស្តុតាងដើម្បីដាក់បន្ទុកលើជនជាប់ចោទទាំងពីរក្តី លោកមេធាវី Vanderpuye និយាយថា សវនាការនេះមិនមែនជាការកាត់ទោសភាគីណាមួយនៅក្នុងជម្លោះនោះទេ។ លោកបាននិយាយថា វាមានសោកនាដកម្មគ្រប់គ្រាន់ក្នុងការស្តីបន្ទោសភាគីទាំងសងខាង។
កាលពីខែមករា ឧទ្ទាម Seleka ដែលត្រូវបានចាប់ខ្លួនជាលើកដំបូងក៏ត្រូវបានប្រគល់ជូនតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា