ទោះបីជាមានការអំពាវនាវពីក្រុមជាតិសាសន៍អ៊ុយហ្គ័រ (Uighur) ដែលនិរទេសខ្លួនក៏ដោយ ក៏រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានឲ្យដឹងថា ពួកគេនឹងមិនស៊ើបអង្កេតលើប្រទេសចិន ចំពោះការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឡើយ។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ។
ជាតិសាសន៍អ៊ុយហ្គ័របានអំពាវនាវឲ្យមានការស៊ើបអង្កេត និងបានផ្ដល់ភស្តុតាងដល់តុលាការ ICC កាលពីខែកក្កដា ដែលពួកគេថាជាភស្តុតាងនៃការរំលោភបំពានរបស់រដ្ឋាភិបាលចិនលើជាតិសាសន៍ភាគតិចអ៊ុយហ្គ័រ។
កាលពីថ្ងៃសុក្រ បើតាមការចុះផ្សាយរបស់កាសែត The Guardian តុលាការនេះបានស្នើសុំភស្តុតាងបន្ថែមទៀត។
ប៉ុន្តែការិយាល័យរបស់អ្នកស្រីរដ្ឋអាជ្ញា Fatou Bensouda បានឲ្យដឹងថា ការស៊ើបអង្កេតលើករណីនេះមិនអាចធ្វើបានទេ ដោយសារតែប្រទេសចិនមិនមែនជាប្រទេសហត្ថលេខីរបស់តុលាការ ICC។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
តុលាការ ICC ក៏បានឲ្យដឹងផងដែរថា «គ្មានមូលដ្ឋាននៅក្នុងការចាត់នីតិវិធី» លើករណីអះអាងដែលថា ជាតិសាសន៍អ៊ុយហ្គ័រត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសតាហ្សីគីស្ថាននិងប្រទេសកម្ពុជា ឲ្យត្រឡប់ទៅកាន់ប្រទេសចិនវិញនោះទេ។
ជាតិសាសន៍អ៊ុយហ្គ័របានបញ្ជាក់ថា ដោយសារតែប្រទេសតាហ្សីគីស្ថាននិងប្រទេសកម្ពុជាជាប្រទេសហត្ថលេខីរបស់តុលាការ ICC តុលាការនេះមានយុត្តាធិការដើម្បីដោះស្រាយបញ្ហានេះ។
ប្រទេសចិនបានហៅការចោទប្រកាន់នេះថា ជាការចោទប្រកាន់ដែលគ្មានភស្តុតាង៕