ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​វាយប្រហារ​តាម​អាកាស និង​ការ​រងរបួស​គូស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ចូលរួម​កាន់​តែខ្លាំង​របស់​អាមេរិក​ក្នុង​ជម្លោះ​អាហ្វហ្គានីស្ថាន


កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកំពុងត្រួតពិនិត្យមើលកន្លែងដែលត្រូវបានវាយប្រហារដោយយន្តហោះនៅក្នុងក្រុង Kunduz ខាងជើងនៃ Kabul ប្រទេសអាហ្វហ្គានីស្ថាន។

ការ​កើន​ឡើង​នៃ​ការ​វាយប្រហារ​តាម​អាកាស ការ​រង​របួស​របស់​អាមេរិក និង​អំណាច​ធំ​ជាង​មុន​សម្រាប់​ទាហាន​អាមេរិក​កំពុង​តែ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​មាន​វត្តមាន​យោធា​អាមេរិក​ច្រើន​ជាង​មុន​ស្ថិត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ទោះ​បី​ជា​មាន​គម្រោង​ការ​កាត់​បន្ថយ​ចំនួន​ទាហាន​នៅ​ទីនោះ​នៅ​ចុង​ឆ្នាំ​នេះ​ក៏​ដោយ។

ឧត្តមសេនីយ៍​កំពូល​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា កងកម្លាំង​របស់​លោក​បាន​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​ចំនួន​៤៧០​លើក ​ដើម្បី​ជា​ការ​ជ្រុមជ្រែង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កំចាត់​ក្រុម​បះបោរ ​និង​ភេរវករ​ក្នុង​ប្រទេស។

លោក​វរសេនីយ៍ទោ Chris Karns អ្នក​នាំ​ពាក្យ​ទីបញ្ជាការ​កណ្តាល​របស់​កងទ័ព​អាកាស​អាមេរិក​បាន​ប្រាប់ VOA នៅ​ថ្ងៃទី ២៨ ខែ​កក្កដា​ ថា តាម​ពិត​ទៅ​អាវុធ​ច្រើន​ជាង​មុន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​សប្តាហ៍​មុន​ជាង​សប្តាហ៍​ផ្សេងៗ​ទៀត​ក្នុង​ឆ្នាំ២០១៦។ បើ​តាម​ទិន្នន័យ​ចេញ​ពី​កងទ័ព​អាកាស​អាមេរិក ចំនួន​អាវុធ​ដែល​បាន​ដាក់​ចេញ​ឲ្យ​ប្រើ​ គឺ​កើន​ឡើង​ទៅ​ដល់​៨០ភាគរយ​ចាប់តាំង​ពីដើម​ពាក់​កណ្តាលឆ្នាំ​២០១៥ ដល់​ដើម​ពាក់​កណ្តាលឆ្នាំ២០១៦។

លោក​ឧត្តមសេនីយ៍ John “Mick” Nicholson បាន​ប្រាប់​អ្នក​រាយការណ៍​តាម​រយៈ​សន្និសីទ​ជា​វីដេអូ​មក​ពី​អាហ្វហ្គានីស្ថាន​ថា ការ​វាយប្រហារ​តាម​អាកាស​ប្រមាណ​ជា​៤០លើក​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​សិទ្ធិ​អំណាចថ្មី​ដែល​ផ្តល់​ដោយ​លោក​ប្រធានាធិបតី​កាលពី​ខែ​មុន​ដើម្បី​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ក្នុង​ការ​កំចាត់​ក្រុម​បះបោរ​និង​ភេរវករ។

ឥឡូវ​នេះ​ទាហាន​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ អាច​វាយប្រហារ​ទៅ​លើ​ក្រុម​ប្រយុទ្ធ​តាលីបង់​ដោយ​ផ្ទាល់​ដើម្បី​ជួយ​កងកម្លាំង​អាហ្វហ្គានីស្ថាន​បង្កើន​ផលប្រយោជន៍​ខាង​យុទ្ធសាស្ត្រ។ កាលពី​លើក​មុន​កងកម្លាំង​អាមេរិក​ត្រូវ​បាន​បញ្ជា​ឲ្យ​វាយប្រហារ​ក្រុម​តាលីបង់​ប្រសិនបើ​ពួកគេ​ស្ថិត​នៅ​ក្រោម​ការ​វាយលុក ឬ​នៅ​ពេល​ក្រុម​សម្ព័ន្ធមិត្ត​អាហ្វហ្គានីស្ថាន​រៀប​នឹងជួប​ប្រទះ​ការ​បរាជ័យ។

ប្រហែល​ជា​ការ​វាយប្រហារ​តាមអាកាស​ចំនួន​១៨០​លើក ​ជា​ការ​គាំទ្រ​បេសកកម្ម​ប្រឆាំង​ភេរវកម្ម​របស់​អាមេរិក​ដែល​មាន​គោលដៅ​តម្រង់​ទៅ​ក្រុម​អាល់កៃដា ដែល​ជា​ក្រុម​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ និង​ក្រុម​ភេរវកម្ម​ដទៃ​ទៀត។

ការ​ផ្លាស់​ប្តូរ​ធនធាន

ក្រៅ​ពី​ការ​កើន​ឡើង​នៃ​ការ​វាយប្រហារ​តាមអាកាស​នេះ យោធា​អាមេរិក​បាន​បង្វែរ​ធនធាន​ខណៈពេល​ដែល​យោធា​អាហ្វហ្គានីស្ថាន​ផ្តោត​ទៅ​លើ​ការ​វាយប្រហារ​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស។

លោក Nicholson និយាយ​ថា៖ «យោធា​អាហ្វហ្គានីស្ថាន​បាន​បង្វែរ​ការ​ប្រឹងប្រែង​របស់​គេ​មក​ភាគ​ខាង​កើត​វិញ គឺ​ពី​ខេត្ត Helmand ទៅ​ខេត្ត Nangahar ហើយ​ពួកយើង​ជួយ​ពួកគេ​ដោយ​ប្តូរ​ទីតាំង​នៃ​ការ​ស៊ើបការណ៍ ​ការ​ឈ្លប​យកការណ៍​ និង​កម្លាំង​ផ្លូវ​អាកាស​របស់​យើង​មក​តំបន់​នោះ​វិញ។

សមាជិក​បម្រើការ​របស់​អាមេរិក​៥នាក់​ត្រូវ​របួស​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ដ៏​ខ្លាំងក្លា​មួយ​ពេល​សហ​ជា​ដៃគូ​ជាមួយ​កងកម្លាំង​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃទី​២៤ និង​ទី២៥ ខែកក្កដា។

លោក Nicholson បញ្ជាក់​ថា របួស​ទាំង​នេះ​ គឺជា​លទ្ធផល​នៃ​ការ​បាញ់បោះ​ និង​ការ​ដាក់​គ្រាប់បែក​បន្តិច​បន្តួច​ក្នុង​ពេល​កំពុង​ព្យាយាម​ធ្វើ​ប្រតិបត្តិការ​បោស​សម្អាត​កន្លែង​មួយ​នៅ​ក្នុង​ខេត្ត Nangahar ភាគ​ខាង​ត្បូង។ លោក​បាន​បន្ថែម​ថា របួស​ទាំង​នោះ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ។

ការ​ផ្លាស់​ប្តូរ​ទៅ​ភាគ​ខាង​កើត​នេះ​នាំ​ឲ្យ​មានការ​វាយប្រហារ​ទៅ​ដល់​យុទ្ធជន​របស់​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​នេះ ដែល​លោក Nicholson បាន​និយាយ​ថា​ ចំនួន​យុទ្ធជន​ពី​១.០០០​ទៅ​១.៥០០នាក់​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល​ បន្ទាប់​ពី​មាន​ការ​វាយ ប្រហារ​តាម​អាកាស​អាមេរិក​ប៉ុន្មាន​ដង​មក។ លោក​បន្ត​ថា ក្រុម​រដ្ឋ​ឥស្លាម Khorasan មាន​មូលដ្ឋាន​នៅ​បី ឬ​បួន​ស្រុក​ក្នុង​ខេត្ត Nangahar នេះ។

ក្រុម​នេះ​បាន​អះអាង​ការ​ទទួល​ខុសត្រូវ​សម្រាប់​ការ​វាយប្រហារ​នៅ​ទីក្រុង​កាប៊ុល ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​៨០​នាក់ និងបង្ក​របួស​ដល់​មនុស្ស​២០០នាក់​ផ្សេង​ទៀត។ ការ​វាយប្រហារ​អត្តឃាត​នៅ​ថ្ងៃសៅរ៍​នេះ​ គឺ​ជា​ការ​វាយប្រហារ​ដែល​កាចសាហាវ​ជាង​គេ​ក្នុង​ទីក្រុង​កាប៊ុល តាំងពី​ការ​ទម្លាក់​របប​តាលីបង់​ក្នុង​ឆ្នាំ២០០១​មក។

ការ​កើន​ឡើង​ចំនួន​ទាហាន

ការ​ប្រយុទ្ធ​ដើម្បី​បណ្តេញ​ក្រុម​រដ្ឋ​ឥស្លាម​ចេញ​ពី​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ខណៈ​ដែល​លោក​ឧត្តមសេនីយ៍ Nicholson បាន​ប្រាប់​ទៅ​អ្នករាយការណ៍​ក្នុង​ទីក្រុង​កាប៊ុល ថា​លោក​កំពុង​ប្រើប្រាស់​សិទ្ធិ​អំណាច​ពិសេស​មួយ​ដើម្បី​នាំ​យក​ទ្រព្យ ​និងកង​កម្លាំង​ជើង​គោក​បន្ថែម​ចូល​មក​ក្នុង​ប្រទេស​សម្រាប់​ការ​ទប់ទល់​នឹង​រដ្ឋឥស្លាម Khorasan ក្នុង​រយៈពេល​ខ្លី។

តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន The Wall Street Journal លោក Nicholson និយាយ​ថា​ ការ​ដាក់​ពង្រាយ​ទ័ព​ទាំង​នេះ​គឺជា​រឿង​ធម្មតា ព្រោះ​ថា​សេចក្តី​តម្រូវ​ត្រូវ​បាន​កែសម្រួល​ដោយ​មេបញ្ជាការ​ទូទាំង​តំបន់​បញ្ជាការ​កណ្តាល​ដែល​គ្រប​ដណ្តប់​មជ្ឈិមបូព៌ា​ និង​អាស៊ី​ខាង​ត្បូង។

សហរដ្ឋអាមេរិក​នឹង​កាត់​បន្ថយ​ចំនួន​ទាហាន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ពី​៩.៨០០នាក់ ឲ្យ​នៅ​សល់​៨.៤០០នាក់​វិញ​នៅ​ចុង​ឆ្នាំ​នេះ។ លោក Nicholson បាន​និយាយ​ថា​ ទាហាន​ប្រហែល​៣.០០០នាក់​នឹង​ធ្វើ​ការ​ផ្តល់ប្រឹក្សា​ដំបូន្មាន​ទៅកង​កម្លាំង​ជនជាតិ​អាហ្វហ្គានីស្ថាន ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​គាំទ្រ​យ៉ាង​មុតមាំ​របស់​អង្គការ​ណាតូ។ ទាហាន​ប្រមាណ​ជា​២.១៥០នាក់​ក្នុង​ចំណោម​ទាហាន​៨.៤០០នាក់​នឹង​គាំទ្រ​បេសកកម្ម​ប្រឆាំង​ភេរវកម្ម​របស់​អាមេរិក​ដែល​ស្លៀកពាក់​ជា​អ្នក​យាម​ឆ្មាំ​នៃ​សេរីភាព ហើយ​ប្រហែល​៣.០០០នាក់​ទៀត​នឹង​ធ្វើ​ជា​អ្នក​ជំរុញ​បន្ថែម​សម្រាប់​យុទ្ធនាការ​ទាំងពីរ៕

ប្រែសម្រួល​ដោយ​ ស៊ូ រ៉ូហ្សានិច

XS
SM
MD
LG