ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកសើុបការណ៍​អាហ្វហ្គានីស្ថាន៖ មេដឹកនាំ​តាលីបង់​ជនជាតិអាហ្វហ្គានីស្ថាន​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារផ្លូវ​អាកាសរបស់​ស.រ.អា


អ្នកស្មគ្រ័ចិត្ត​ឈរក្បែរកំទេចរថយន្តដែលក្នុងនោះ​លោក Mansour កំពុង​ធ្វើដំណើរនៅក្នុង​តំបន់​ Ahmed Wal

ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​អាហ្វហ្គានីស្ថាន (NDS) ​បាន​បញ្ជាក់​ថា Akhtar Mansoor មេដឹកនាំ​តាលីបង់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ជិត​ព្រំ​ដែន​អាហ្វហ្គានីស្ថាន។

​សេចក្តី​ថ្លែងការណ៍ដ៏​ខ្លី​មួយ​របស់ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់អាហ្វហ្គានីស្ថាន (NDS)ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​លើ​ប្រព័ន្ធ Twitterនិង Facebook ផ្លូវការ​របស់​ខ្លួន ​បាន​ប្រាប់​ឲ្យ​ដឹង​ថា « Akhtar Mansoor មេដឹកនាំ​ក្រុម​តាលីបង់ ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ម្សិលមិញ​នៅម៉ោង៣ ៤០​នាទី​នៅ​ក្នុង​ទីក្រុង Dalbandin ខេត្ត Baluchistan។

ការិយាល័យ​ប្រធានា​ធិបតី Ashraf Ghani ​នៃ​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​រដ្ឋ​ធានីកាប៊ុល ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ប្រាប់​ឲ្យ​ដឹង​ថា «រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ​បាន​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ពិនិត្យ​មើល​ឡើង​វិញនូវ​សេចក្តី​លំអិត​នៃ​កិច្ច​ប្រតិបត្តិការ​វាយ​ប្រហារ​នេះ​ដែល​ទាក់​ទិន​នឹង​ជោគ​វាសនា​របស់ Akhtar Mansoor និង​ធ្វើ​ការ​ប្រកាស​ជាសាធារណៈ​អំពី​លទ្ធផល​នេះ​ទៅ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅ​បាន‍»។

​សេចក្តី​ថ្លែងការណ៍​នោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មេដឹកនាំ​តាលីបង់​រូបនេះ ​បាន​ទាក់​ទិន​ទៅ​នឹង​ការបំភាន់ ការជួញ​ដូរ​ថ្នាំ​ញៀន​និង​ភេរវកម្ម​ខណៈ​ដែល​បំភិតបំភ័យ ធ្វើ​ឲ្យពិការនិង​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​អាហ្វហ្គានីស្ថាន។

​កាល​ពី​ដំបូង ​មន្រ្តី​ម្នាក់​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ​ការវាយ​ប្រហារ​នោះ ​បាន​ត្រូវ​អនុញ្ញាតិ​ដោយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា។ មន្រ្តី​រូបនោះ ​បាន​និយាយ​ថា ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជា​ច្រើន​គ្រឿង ​ដែល​ប្រតិបត្តិការ​ដោយកងកម្លាំង​ប្រតិបត្តិការ​ពិសេស​របស់សហរដ្ឋ​អាមេរិក ​បាន​វាយ​ប្រហារ​លើ​រថយន្ត​មួយគ្រឿង​នៅ​ក្នុង​ខេត្ត Baluchistan ​នៃ​ប្រទេស​ប៉ាគីស្ថាន។ហើយ​មនុស្ស​ពេញ​វ័យ​ម្នាក់ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ Mansoor ​ក៏​ត្រូវបាន​រាយការណ៍ថា ​ទំនង​ប្រហែល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ។

លោករដ្ឋ​មន្រ្តីការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុងអំឡុងពេលនៃ​ដំណើរ​បំពេញ​ទស្សនកិច្ចប្រទេស​ភូមា​ថា Mansoor ​ជាទិសដៅ​នៃ​ការ​វាយ​ប្រហារ​ពីព្រោះ​ជននេះ ​ធ្វើ​ការ​គំរាម​កំហែង​ដ៏​ធំ​ដល់បុគ្គលិក​សហរដ្ឋ​អាមេរិក ​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​និង​កងកម្លាំង​សន្តិសុខអាហ្វហ្គានីស្ថាន​ហើយ​ថា Mansoor ​បាន​ជំទាស់​ប្រឆាំង​ដោយ​ផ្ទាល់​ដល់​ការ​ចរចា​សន្តិភាព៕

XS
SM
MD
LG