ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចំនួន​អ្នក​ស្លាប់នៅ​មន្ទីរពេទ្យ​អាហ្វហ្គានីស្ថាន​ដោយ​សារ​ការវាយ​ប្រហារ​តាម​អាកាសរបស់ ស.រ.អា.​កើន​ដល់​២២​នាក់​


រូប​ភាព​នៃ​មន្ទីរ​ពេទ្យ​សប្បុរសធម៌ក្នុង​ក្រុង​ Kunduz បន្ទាប់​​ពី​ត្រូវ​បាន​វាយ​ប្រហារ​តាម​អាកាសរបស់​ ស.រ.អា.​ កាល​ពី​ថ្ងៃ​សៅរ៍​។​

ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​និយាយ​ថា ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការវាយ​ប្រហារ​តាម​អាកាសរបស់​សហរដ្ឋ​អាមេរិក​លើ​មន្ទីរ​ពេទ្យ​របស់​ខ្លួន​ នៅ​ក្នុង​ក្រុង​ Kunduz ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​កើន​ឡើង​ដល់​២២នាក់​ហើយ​ ទោះ​ណា​ជា​ក្រុម​វេជ្ជសាស្ត្រ​ខាង​មនុស្សធម៌​អន្តរជាតិ​នេះ​ប្រឆាំង​នឹង​ការ​អះអាង​ដោយ​ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​ ដែល​ថា​ក្រុម​យុទ្ធជន​តាលីបង់​បាន​បាញ់​កាំភ្លើង​ពី​អគារ​ពេទ្យ​នោះ​ក៏​ដោយ។​

ក្រុម​គ្រូពេទ្យ​នេះ​បាន​និយាយ​ថា បុគ្គលិក​មន្ទីរពេទ្យ​១២​នាក់ ​និង​អ្នក​ជំងឺ​១០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​បីនាក់​ផងដែរ។ ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែនបាន​ថ្កោល​ទោស​ការទម្លាក់គ្រាប់​បែក​តាម​អាកាស​នេះ​ថា​ ជា​ការរំលោភ​«ធ្ងន់ធ្ងរ»​មួយ​លើ​ច្បាប់​អន្តរជាតិ​ហើយ​ថា​គ្មាន​នរណា​ម្នាក់​ក្នុង​មន្ទីរពេទ្យ​នេះ​បាន​រាយការណ៍​អំពី​ការ​បាញ់​កាំភ្លើង​ណា​មួយ​ពី​ខាង​ក្នុង​បរិវេណ​មន្ទីរពេទ្យ​នេះ​ នៅ​មុន​មាន​ការ​ទម្លាក់​គ្រាប់​បែក​នេះ​ដោយ​ស.រ.អា.​ទេ។

ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា ​មាន​ក្រុម​បះបោរ​ពី​១០​នាក់​ទៅ​១៥​នាក់​បាន​លាក់​ខ្លួន​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​នេះ។​ លោក​ Hamdullah Danishi ​អភិបាល​ខេត្ត​ស្តី​ទី​នៃ​ខេត្ត​ Kunduz នា​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយប្រាប់​កាសែត​ The Washington Post ថា «បរិវេណ​មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ប្រើប្រាស់​១០០​ភាគ​រយ​ដោយ​ក្រុមតាលីបង់។​មន្ទីរពេទ្យ​នេះ​មាន​សួន​ច្បារ​ធំ​មួយ​ ហើយ​ក្រុម​តាលីបង់​បាន​នៅ​ទី​នោះ។ យើង​បាន​អត់ធ្មត់​ដល់​ការបាញ់​កាំភ្លើង​ដោយ​ក្រុមនោះមួយ​រយៈពេល​ មុន​យើង​ធ្វើ​ការតបត។»

ក្រុម​គ្រូពេទ្យ​សប្បុរសធម៌​នេះ​បាន​និយាយ​ថា «ទ្វារ​នៅ​គ្រប់បរិវេណ​មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​បិទ​ពេញ​មួយ​យប់​ ដូច្នេះ​គ្មាន​នរណា​ម្នាក់​ដែល​មិន​មែន​ជា​បុគ្គលិក​ មិន​មែន​ជា​អ្នកជំងឺ​ ឬ​មិនមែន​ជា​អ្នក​ថែរក្សា​អ្នក​ជំងឺ​ បាន​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ទេ ​នៅពេល​មាន​ការ​ទម្លាក់គ្រាប់បែកនោះ​។​ នៅ​ក្នុង​ករណី​ណា​ក៏​ដោយ ក៏​ការទម្លាក់​គ្រាប់​បែក​លើ​មន្ទីរពេទ្យ​មួយ​ ដែល​កំពុង​មាន​ដំណើរការ​ពេញ​លេញ​មិន​អាច​ត្រូវ​បញ្ជាក់ថា​ជា​ការត្រឹមត្រូវ​បាន​ជា​ដាច់ខាត។»

​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន ​ដែល​គេ​ស្គាល់​តាម​អក្សរ​កាត់​ជា​ភាសា​បារាំង​ថា​ MSF បាន​និយាយ​ថា​ពួក​គេ​បាន​ដក​ថយ​ចេញ​ពី​ក្រុង Kunduz ហើយ៕​

XS
SM
MD
LG