ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេទ័ពអាកាស​អាមេរិក​ជិះប្រៀបធៀប​យន្តហោះចម្បាំង​​ បើកបរ​ដោយ​បញ្ញាសិប្បនិម្មិត និង​​ដោយ​មនុស្ស


លោក ​Frank Kendall លេខាធិការ​កងទ័ព​ជើង​អាកាស​សហរដ្ឋអាមេរិក​ បាន​អង្គុយ​ក្នុង​កៅអី​ខាង​មុខ យន្តហោះ​ចម្បាំង​សាកល្បងX-62A VISTA នៅបន្ទាយអាកាស Edwards រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី​០២ ឧសភា ឆ្នាំ២០២៤។
លោក ​Frank Kendall លេខាធិការ​កងទ័ព​ជើង​អាកាស​សហរដ្ឋអាមេរិក​ បាន​អង្គុយ​ក្នុង​កៅអី​ខាង​មុខ យន្តហោះ​ចម្បាំង​សាកល្បងX-62A VISTA នៅបន្ទាយអាកាស Edwards រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី​០២ ឧសភា ឆ្នាំ២០២៤។

នៅ​ក្រោម​កម្តៅ​ថ្ងៃ​ត្រង់​ដ៏ក្តៅ​ខ្លាំង យន្តហោះ​ចម្បាំង​សាកល្បង F-16​ លាប​ពណ៌ស​និង​ទឹកក្រូច​មួយ​គ្រឿង ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ ដោយមាន​សំឡេង​រោទ៍​ប្រហាក់​ប្រហែល​គ្នា​នឹង​យន្តហោះអាមេរិក​មួយ​គ្រឿង​ដែរ។ ប៉ុន្តែ​យន្តហោះប្រយុទ្ធមួយ​គ្រឿងនេះ​មិន​ដូចយន្តហោះ​ដទៃផ្សេងទៀត​ឡើយ។​ វា​ជា​យន្តហោះ​ចម្បាំង​ F-16 ដែល​គ្រប់គ្រង​បញ្ជា​ដោយ​បញ្ញាសិប្បនិម្មិតAI​ ដែល​គ្មាន​មនុស្ស​ជា​អ្នក​បើកបរ​នោះទេ។​ ក្នុង​ពេល​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​យន្តហោះ​ចម្បាំង ដែល​គ្មាន​អ្នកបើក​បរ​នេះ​ លោក ​Frank Kendall លេខាធិការ​កងទ័ព​ជើង​អាកាស​សហរដ្ឋអាមេរិក​ បាន​អង្គុយ​ក្នុង​កៅអី​ខាង​មុខ។​ ​នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារសារព័ត៌មាន​ AP ។

​AIជា​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ដ៏​ទំនើប​មួយ ​ក្នុង​វិស័យ​អាកាសចរណ៍​យោធា​សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ការ​ផលិត​យន្តហោះ​បំបាំងកាយ​ក្នុង​ដើម​ទសវត្សរ៍​១៩៩០​ ​ដែល​កងទ័ព​អាកាស​អាមេរិក​បានពឹង​ផ្អែកលើ​ខ្លាំង​។ ​ បើ​ទោះ​បី​ជាបច្ចេកវិទ្យា AI​ នៅ​មិន​ទាន់​អភិវឌ្ឍ​បាន​ទាំង​ស្រុង​ក្តី​ ​ក៏​សេវាកម្ម​នេះ​ កំពុង​មាន​គម្រោង​ផលិត​យន្តហោះ​ចម្បាំង​ដែល​គ្មាន​មនុស្ស​បើកបរជាង​១ពាន់គ្រឿង​ ដោយប្រើ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ AI ​ដោយ​យន្តហោះ​ចម្បាំង​ទី​១​ ​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​ត្រឹម​ឆ្នាំ​២០២៨។ ​

វា​ជា​រឿង​សមស្រប​ដែលការ​ហោះសាកល្បងនៃ​យន្តហោះចម្បាំង​នេះត្រូវ​បាន​ធ្វើ​ឡើងនៅមូលដ្ឋានទ័ពអាកាស​ Edwards ដែល​ជា​ទី​តាំងវាលខ្សាច់​ដ៏​ធំល្វឹងល្វើយ​មួយ​ ដែល​អ្នក​បើក​យន្តហោះ​ចម្បាំង​អាមេរិក​ដ៏​ល្បី​គឺ​លោក​ Chuck Yeager ធ្លាប់​បំបែក​ឯកកត្តកម្ម​ហោះលឿនជាងល្បឿន​រលកសំឡេង ​ហើយ​យោធា​អាមេរិក​ធ្លាប់អភិវឌ្ឍ​ភាពទំនើប​ខាង​អវកាស​ដ៏​សម្ងាត់បំផុត​របស់​ខ្លួន​នៅ​ទី​នោះ​ផង​ដែរ។ ​នៅ​ខាង​ក្នុង​អគារ​និង​កន្លែងហាត់ហោះហើរ​ដ៏​សម្ងាត់ ដែល​មាន​ការ​ការ​ពារ​ជាច្រើន​ជាន់ពី​ការ​ឈ្លប​យកការណ៍នោះ​ កម្មវិធី​សាកល្បង​ជំនាន់​ថ្មីមួយ​ កំពុង​បង្រៀនដល់ភ្នាក់ងារ​បញ្ញា​សិប្បនិម្មិតឱ្យ​ចេះ​បើក​បរ​យន្តហោះ​ដោយ​ខ្លួន​ឯង។ ​លោក​ Kendall បាន​មក​កាន់​ទី​នេះ​ដើម្បីពិនិត្យ​ ​បច្ចេកវិទ្យា​ AI ​បើក​យន្តហោះ​បន្តផ្ទាល់​ និងធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ពី​ជំនឿង​ចិត្ត​លើ​តួនាទី​ក្នុង​ពេល​អនាគតេរបស់បច្ចេកវិទ្យា​ AI ក្នុង​ការ​ប្រយុទ្ធ​លើ​លំហ​អាកាស​។ ​

ក្រោយ​ការ​ចុះចត​លោក Kendall​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍មួយ​ជា​មួយ​ទី​ភ្នាក់ងារ​ព័ត៌មាន The Associated Press ថា​ «វាជា​ហានិភ័យសន្តិសុខ​មួយ​ ​បើ​យើង​គ្មាន​វា​នោះ។ នៅ​ពេល​នេះ​យើង​ត្រូវ​តែ​មាន​វា។ ​ ទី​ភ្នាក់ងារ​ព័ត៌មានAP និងទូរទស្សន៍ NBC ត្រូវ​បាន​ផ្តល់ការ​អនុញ្ញាតិឱ្យ​ទៅ​មើល​ការ​ហោះ​ហើរ​ជា​សម្ងាត់នេះ​ នៅ​ក្រោម​លក្ខខណ្ឌថា​ មិន​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឡើយ រហូត​ដល់​ការ​សាកល្បង​នេះ​ត្រូវ​បាន​បញ្ចប់​ ដោយ​សារតែបារម្ភ​ខាងផ្នែក​សន្តិសុខ​ក្នុងពេលប្រតិបត្តិការ​។

យន្តហោះចម្បាំង F-16 ដែល​គ្រប់គ្រង​បញ្ជា​ដោយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត AI ដែល​មាន​ឈ្មោះ​ថា​ Vista បាន​ដឹក​លោក​ Kendall ​ក្នុង​ល្បឿនលឿន​ដូចផ្លេកបន្ទោរ​ទៅ​ក្នុង​លំហ​អាកាស​ ដែល​មាន​ល្បឿន៨០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ដាក់​សម្ពាធ​លើ​រាងកាយ​លោក​ក្នុងកម្លាំង​៥​ដងនៃ​ទំនាញផែនដី។ យន្តហោះ​នេះ​បាន​ហោះ​យ៉ាង​ជិត​នឹង​យន្តហោះ​មួយ​គ្រឿង​ទៀត​ ដែល​មាន​អ្នក​បើកបរ​ជា​មនុស្ស​ ដោយ​ហោះ​ប្រណាំង​ក្នុង​ចម្ងាយ​ឃ្លាត​ពី​គ្នាតែ​៣០៥ម៉ែត្រ​ប៉ុណ្ណោះ​ ដោយ​បើក​ក្រឡឹងគ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ព្យាយាមធ្វើឱ្យ​ភាគី​ម្ខាង​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ។ ​ ចុង​បញ្ចប់​នៃការ​ហោះ​សាកល្បង​ដែល​មាន​រយៈពេល​មួយ​ម៉ោង​ ​លោក Kendall បាន​និយាយ​ថា​ លោក​បានមើល​ឃើញ​គ្រប់គ្រាន់​ដើម្បីជឿជាក់លើ​កម្មវិធី​ AI ដែលកំពុង​ត្រូវបានបណ្តុះបណ្តាលនេះថា វាអាចសម្រេចចិត្តបាញ់អាវុធ​ចេញក្នុង​ពេលធ្វើ​សង្គ្រាមបាន​ឬយ៉ាងណា។

វា​មាន​ការ​ប្រឆាំង​ជាច្រើន​ទៅ​នឹង​គំនិត​នេះ​។ អ្នក​ជំនាញខាង​ការ​គ្រប់គ្រង​អាវុធ​និង​ក្រុម​មនុស្សធម៌​មាន​ការ​បារម្ភជា​ខ្លាំង​ថា កម្មវិធី​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ AI នៅ​ថ្ងៃ​ណា​មួយ​ អាចមាន​លទ្ធភាពក្នុង​ការ​ទម្លាក់​គ្រាប់បែក​ដោយ​ស្វ័យប្រវត្តិ​ ដែល​អាច​សម្លាប់​មនុស្ស​បាន​ ដោយ​មិន​បាច់​ធ្វើ​ការ​ពិភាក្សា​ឬ​ពិគ្រោះ​យោបល់​ជាមួយ​មនុស្ស​ឡើយ​ ហើយ​ពួក​គេ​កំពុងប្រឹងប្រែង​ដើម្បី​ដាក់​ការ​រឹតបន្តឹង​ឱ្យ​បាន​ខ្លាំង​ថែម​ទៀត​ លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​នេះ។ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ បាន​ព្រមាន​ថា​ «មាន​ការ​បារម្ភកាន់​តែ​ខ្លាំង​ច្រើន​ឡើង​អំពី​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដ៏​សំខាន់លើ​ប្រពន្ធ​ផ្តល់ឬ​ចាប់សញ្ញាsensor​ និង software។ ប្រព័ន្ធ​អាវុធ​ស្វ័យប្រវត្តិ​ជា​មូល​ហេតុ​នៃ​ការ​ព្រួយបារម្ភ​ជា​បន្ទាន់​មួយ ​ដែល​តម្រូវឱ្យ​មាន​ការ​ឆ្លើយ​តប​ផ្នែក​នយោបាយ​អន្តរជាតិ​ដ៏​ឆាប់រហ័ស​»។

លោក ​Kendall​ និយាយ​ថា​ វា​តែង​តែ​មាន​ការ​ត្រួតពិនិត្យ​របស់​មនុស្សនៅ​ក្នុង​ប្រព័ន្ធនេះ​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាវុធ។ ការ​ផ្លាស់ប្តូររបស់​យោធា​ទៅ​រកការប្រើប្រាស់​យន្តហោះ​ដែល​គ្រប់គ្រង​និង​បញ្ជា​ដោយ​បញ្ញា​សិប្បនិម្មិត ​AI ត្រូវ​បាន​ជំរុញ​ឡើង​ដោយ​បញ្ហា​សន្តិសុខ​ ការចំណាយ និង​សមត្ថភាព​យុទ្ធសាស្ត្រ។ ​ឧទាហរណ៍​ថាប្រសិន​បើ​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិនមាន​ជម្លោះ​ជាមួយគ្នា ហើយ​កងយន្តហោះ​ចម្បាំង​តម្លៃ​ថ្លៃ​ដែលបើក​ដោយ​មនុស្ស​ នឹង​ងាយទទួល​រងគ្រោះ​ ដោយ​សារភាពរីកចម្រើននៃភាគី​ទាំង​ពីរ​លើវិស័យសង្គ្រាម​អេឡិចត្រូនិក និង​លើប្រព័ន្ធ​ការពារ​ដែន​អាកាស​ និងអវកាស​ទំនើប។ ​កងទ័ព​អាកាស​ចិនកំពុង​ស្ថិត​ក្នុងសន្ទុះ​មួយដែល​នឹង​មាន​ចំនួន​ច្រើន​លើសអាមេរិក​ ហើយ​ចិន​កំពុងបង្កើនចំនួន​សព្វាអាវុធ​ដែល​គ្មាន​មនុស្ស​បើក​លើ​លំហ​អាកាស​យ៉ាង​ច្រើន​ផងដែរ។​

សេណារីយ៉ូសង្គ្រាមក្នុង​ពេល​អនាគត​ ត្រូវ​បាន​សំឡឹងឃើញថា នឹងមាន​យន្តហោះគ្មាន​មនុស្ស​បើក​របស់​អាមេរិកជាច្រើន លួចវាយប្រហារ​ជា​មុន​ប្រឆាំង​នឹងការការពារ​របស់​សត្រូវ​ និង​ផ្តល់​ឱ្យ​អាមេរិក​នូវ​លទ្ធភាព​ដើម្បី​គ្រប់គ្រង​ដែនអាកាស​ ដោយ​មិន​មាន​ហានិភ័យ​ខ្ពស់​លើជីវិត​មនុស្ស​បើក​យន្តហោះ។ តែ​ការ​ផ្លាស់ប្តូរ​នេះ​ក៏​ត្រូវ​បាន​ជំរុញ​ផង​ដែរ​ដោយ​កត្តា​ថវិកា។ ​កងកម្លាំង​ទ័ពអាកាស​អាមេរិក​នៅ​មាន​បញ្ហា​រាំងស្ទះ​ដោយ​សារ​ការ​ផលិត​ឧបករណ៍​យឺតយ៉ាវ​ និង​តម្លៃខ្ពស់​ខ្លាំង​នៃ​ការ​ផលិតយន្តហោះ​ចម្បាំង​ប្រភេទ​ថ្មី ​F-35 Joint Strike Fighter ​ដែល​មាន​តម្លៃ​ប៉ាន់​ស្មាន​ប្រមាណ​១,៧​លាន​លាន​ដុល្លារ​អាមេរិក។

យោធា​ធ្វើ​ប្រតិបត្តិការ​កម្មវិធី​បញ្ញា​សិប្បនិម្មិត​ Vista និយាយថា គ្មាន​ប្រទេស​ណាមួយ​ក្នុង​ពិភពលោក​មាន​យន្តហោះចម្បាំង AI ដូចនេះទេ ដែល​កម្មវិធីនេះ​ដំបូង​រៀន​ពីចំណុច​ទិន្នន័យ​រាប់លាន​ពីម៉ាស៊ីន​រៀន​អនុវត្ត​បើក​យន្តហោះ​បន្ទាប់​មក​សាកល្បង​ការសន្និដ្ឋាន​និង​ការចេះសម្រេច​របស់វា​អំឡុង​ពេល​ហោះហើរ​ជាមួយ​យន្តហោះ​ជាក់ស្តែង។ ទិន្នន័យ​នៃ​ការ​អនុវត្​ហោះហើរក្នុង​ពិភពលោកពិតនោះ ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​រៀន​អនុវត្ត​បើក​យន្តហោះវិញ ដែល AI បន្ទាប់មកមើល​និង​រៀនបន្ថែម​ពី​ទិន្នន័យ​ថ្មីៗ​ទាំងនោះ។

លោក Kendall​ និយាយ​ថា យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើកដែលតូច​និង​មាន​តម្លៃ​ថោកជាងមុន​ ហើយ​គ្រប់គ្រង​បញ្ជា​ដោយ​កម្មវិធី​បញ្ញាសិប្បនិម្មិត​ AI ជា​ជម្រើស​មួយ​ក្នុង​ពេល​ខាង​មុខ។ ក្រុម​អ្នក​បញ្ជា​យន្តហោះ​ចម្បាំងរបស់​កម្មវិធី Vista ​នៃបញ្ញាសិប្បនិម្មិត​ AI បាន​និយាយ​ថា​ មិន​មាន​ប្រទេស​ណា​មួយ​ក្នុង​ពិភពលោក ដែល​មាន​យន្តហោះ​ប្រយុទ្ធ​របៀប​នេះ​នៅ​ឡើយ​ទេ​ ដែល​ប្រព័ន្ធ software ​ជា​ដំបូង​បាន​សិក្សា​ស្វែងយល់​ពី​ចំនុច​ទិន្នន័យ​រាបលាននៅ​ក្នុង​ទីតាំង​ធ្វើ​ត្រាប់​តាម​ដូច​លក្ខណៈពិត​ប្រាកដ​ ហើយ​បន្ទាប់​មក​បាន​សាកល្បង​នូវ​លទ្ធផល​ចុង​ក្រោយ​របស់​វា​ ជា​មួយ​នឹង​ការ​ហោះហើរ​ជាក់​ស្តែង​លើ​លំហអាកាស។ បន្ទាប់​មក​ទិន្នន័យ​អនុវត្តជាក់ស្តែង​លើ​លំហអាកាស​ ត្រូវ​បាន​ដាក់​ទៅ​ក្នុង​ទីតាំងដែលធ្វើ​ត្រាប់តាម​ ដែល​បញ្ញាសិប្បនិម្មិត AI ត្រូវ​ដំណើរការពិនិត្យ​មើល​និង​រៀន​សូត្រ​បន្ថែម​ទៀត។ ​

ប្រទេស​ចិន​មាន​បញ្ញា​សិប្បនិម្មិត​ AI ប៉ុន្តែ​មិន​មាន​សញ្ញាណា​មួយដែល​បង្ហាញ​ថា​ ប្រទេស​នេះអាចធ្វើ​ការសាកល្បងជាក់​ស្តែង​នៅ​ខាងក្រៅម៉ាស៊ីន​រៀន​អនុវត្ត​បើក​យន្តហោះ​នៅ​ឡើយ​ទេ។ ក្រុម​អ្នក​បើកបរ​សាកល្បង​នៃ​យន្តហោះ​Vista​និយាយ​ថា​ ដូច​មន្ត្រី​ទើប​ចូលថ្មី​ដែល​រៀនសូត្រ​ពីយុទ្ធវិធី​ដំបូងៗ​ មេរៀនខ្លះ​អាច​សិក្សាបាន​តែ​ពេល​ហោះហើរលំហ​អាកាស​ជាក់ស្តែង​ប៉ុណ្ណោះ។

កាល​ពី​ខែ​កញ្ញាឆ្នាំ​២០២៣​ កម្មវិធី​បញ្ញា​សិប្បនិម្មិត​ Vista ​បាន​បើកបរ​យន្តហោះ​ចម្បាំង​ដែលបញ្ជា​ដោយ​បញ្ញា​សិប្បនិម្មិត​ជា​លើ​ដំបូង​ ហើយ​បន្ទាប់មក​មាន​ការ​ហោះហើរស្រដៀង​គ្នា​នោះ​ប្រមាណ​២៤​ដង​ប៉ុណ្ណោះ។ ប៉ុន្តែ​កម្មវិធី​នេះ​បាន​រៀនសូត្រ​យ៉ាង​ឆាប់រហ័ស​ពី​ការ​ហោះហើរ​នីមួយៗ ដែលបញ្ញា​សិប្បនិម្មិត​ជំនាន់​ថ្មី​ ដែល​ត្រូវ​បាន​សាកល្បងលើ​កម្មវិធី​Vista ធ្វើការ​ប្រសើរ​ជាង​អ្នក​បើកបរ​ជា​មនុស្ស​ ក្នុង​ការប្រយុទ្ធនៅ​លើ​អាកាស។


ក្រុម​អ្នក​បើក​យន្តហោះនៅ​មូលដ្ឋាន​នេះយល់​ថា ​ក្នុង​ទិដ្ឋភាព​ខ្លះ​ ពួក​គេ​កំពុងបណ្តុះបណ្តាលអ្វីដែល​នឹង​មក​ជំនួស​ការងារ​ពួកគេ ឬដែល​នឹង​បង្កើតគំនិតនា​ពេលអនាគត​ថា អ្នកបើក​យន្តហោះត្រូវ​ការ​តិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែ​ពួក​គេ​ក៏​បាន​និយាយផង​ដែរ​ថា​ ​ពួក​គេ​មិន​ចង់​បើក​យន្តហោះលើ​អាកាស​ប្រឆាំង​នឹងសត្រូវ​ដែល​មានយន្តហោះ​ដែល​បញ្ជា​ដោយ​កម្មវិធី​ AI​នោះ​ឡើយ​ បើ​សើនអាមេរិក​មិនមាន​យន្តហោះ AI របស់​ខ្លួន​ផ្ទាល់​ខ្លួន​នោះទេ។​

លោក Kendall និយាយ​ថា​ យើង​ត្រូវតែ​រក្សា​ដំណើរការ​នេះ​ ហើយ​យើង​ត្រូវ​ធ្វើ​វា​ឱ្យ​បាន​លឿន​រហ័ស»៕



ប្រែសម្រួល​ដោយ​ លោក ជ្រា វណ្ណារិទ្ធ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG