ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ដាក់​បង្ហាញ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ដែល​បង្កើត​ដោយ AI


AI ឈ្មោះថា Victoria Shi ជាអ្នកនាំពាក្យ​ឌីជីថលរបស់​ក្រសួង​ការបរទេស​អ៊ុយក្រែន ​ដើម្បី​អាន​សេចក្តីថ្លែងការណ៍​របស់ខ្លួន ដែល​នឹង​នៅ​តែ​ត្រូវ​បាន​សរសេរ​ដោយ​មនុស្ស។
AI ឈ្មោះថា Victoria Shi ជាអ្នកនាំពាក្យ​ឌីជីថលរបស់​ក្រសួង​ការបរទេស​អ៊ុយក្រែន ​ដើម្បី​អាន​សេចក្តីថ្លែងការណ៍​របស់ខ្លួន ដែល​នឹង​នៅ​តែ​ត្រូវ​បាន​សរសេរ​ដោយ​មនុស្ស។

អ៊ុយក្រែន​មាន​អ្នក​នាំពាក្យ​បង្កើត​ដោយ AI ឈ្មោះ​ថា Victoria Shi ដែល​នឹង​ធ្វើសេចក្តី​ថ្លែងការណ៍​ជា​ផ្លូវការ​ក្នុង​នាម​ក្រសួង​ការបរទេស​របស់​ខ្លួន។

ក្រសួងនេះ​បាន​និយាយ​នៅថ្ងៃទី ១ ខែ​ឧសភា​ថា ខ្លួន​នឹង​ប្រើ​ «ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ» អ្នកនាំពាក្យ​ឌីជីថល​ដើម្បី​អាន​សេចក្តីថ្លែងការណ៍​របស់ខ្លួន ដែល​នឹង​នៅ​តែ​ត្រូវ​បាន​សរសេរ​ដោយ​មនុស្ស។

ស្លៀកពាក់​ឈុត​ខ្មៅ​ងងឹត អ្នក​នាំ​ពាក្យ​ឌីជីថល​នោះ​បាន​ណែនាំ​ខ្លួន​ថា នាង​មាន​ឈ្មោះ​ Victoria Shi ជា «មនុស្ស​ឌីជីថល​ម្នាក់» នៅ​ក្នុង​បទ​បង្ហាញ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូប​នាង Victoria Shi នេះ​ធ្វើ​កាយវិកាយ ដោយ​មាន​ដៃ​និងក្បាល​ធ្វើ​ចលនា​ពេល​នាង​និយាយ។

ការិយាល័យ​សារព័ត៌មាន​របស់​ក្រសួង​ការបរទេស​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា សេចក្តី​ថ្លែងការណ៍​ដែល​ផ្តល់​ដោយ Victoria Shi នឹង​មិន​ត្រូវ​បាន​បង្កើត​ដោយ AI ទេ ប៉ុន្តែ​វា​ត្រូវ​បាន​ «សរសេរ និង​ផ្ទៀងផ្ទាត់​ដោយ​មនុស្ស​ពិត»។

ការិយាល័យ​សារព័ត៌មាន​នេះ​បាន​និយាយ​ថា៖ «គ្រាន់តែ​រូបភាព​ប៉ុណ្ណោះ​ដែល AI ជួយ​យើង​បង្កើត»។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​និយាយ​ថា អ្នក​នាំពាក្យ​ថ្មី​នេះ គឺជា «ការ​លោតផ្លោះ​ផ្នែក​បច្ចេកវិទ្យា ដែល​មិនទាន់​មាន​សេវា​ការទូត​លើ​ពិភពលោក​ណា បាន​ធ្វើ​នៅ​ឡើយទេ»។

លោក Kuleba ​បាន​បន្ត​ថា មូលហេតុ​ចម្បង​នៃ​ការ​បង្កើត​នាង Victoria Shi គឺ «ចំណេញ​ពេល​វេលា និង​ធនធាន» សម្រាប់​អ្នក​ការទូត។

អ្នក​បង្កើត​នាង Victoria Shi គឺ​ជា​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា The Game Changers ដែល​បាន​បង្កើត​មាតិកា​ពិភពនិម្មិត​ទាក់ទង​នឹង​សង្រ្គាម​នៅអ៊ុយក្រែន​ផងដែរ។ ឈ្មោះ​របស់​អ្នកនាំពាក្យ​ឌីជីថល​នេះ គឺផ្អែក​លើ​ពាក្យ​ជ័យជម្នះ និង​ភាសា​អ៊ុយក្រែន​សម្រាប់​បញ្ញា​សិប្បនិម្មិត​គឺ «shtuchniy intelekt»។

រូបរាង និង​សំឡេង​របស់ នាង Victoria Shi ត្រូវ​បាន​យក​គំរូ​តាមមនុស្សពិត គឺ​អ្នកនាង Rosalie Nombre តារាចម្រៀង និង​ជា​អតីត​បេក្ខនារី​ក្នុង​កម្មវិធី​សាច់រឿង​ពិត​របស់​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើ​តាម​កម្មវិធី «The Bachelor» របស់​សហរដ្ឋ​អាមេរិក។

អ្នកនាង Nombre កើត​នៅ​ទីក្រុង Donetsk ដែលបច្ចុប្បន្ន​គ្រប់គ្រង​ដោយ​រុស្សី នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។

នាង​មាន​អ្នក​តាម​ដាន ៥៤.០០០ នាក់​នៅ​លើ​គណនី Instagram របស់​នាង ដែល​នាង​ប្រើ​ដើម្បី​ពិភាក្សា​អំពី​សេចក្ដី​សន្មត​នានា​អំពី​ជនជាតិ​អ៊ុយក្រែន​ដែល​មាន​ជាតិសាសន៍​ចម្រុះ និងដែល​ធំដឹងក្តី​ជា​អ្នក​និយាយ​ភាសា​រុស្សី។

ក្រសួងការ​បរទេស​អ៊ុយក្រែន​បាន​និយាយ​ថា អ្នកនាង Nombre បាន​ចូលរួម​ដោយ​មិន​យក​កម្រៃ​អ្វីទេ។

ក្រសួង​បាន​សង្កត់​ធ្ងន់ថា នាង Victoria Shi និង​អ្នក​នាង Nombre «គឺ​ជា​មនុស្ស​ពីរ​ផ្សេងគ្នា» ហើយ​ថា មាន​តែ​រូប AI ប៉ុណ្ណោះ​ដែល​ផ្តល់​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវការ។

ដើម្បី​ជៀសវាង​ការ​ក្លែងបន្លំ ការ​ផ្តល់សេចក្តី​ថ្លែងការណ៍​ទាំង​អស់​នឹង​ត្រូវ​បាន​អម​ជាមួយ​លេខ​កូដ QR ដែល​ភ្ជាប់​ទៅ​អត្ថបទ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង។

នាង Victoria Shi នឹង​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​សេវា​កុងស៊ុល ដែល​បច្ចុប្បន្ន​ជា​ប្រធានបទ​ដ៏​ចម្រូង​ចម្រាស។

អ៊ុយក្រែន កាល​ពី​ចុងខែមេសា បាន​ផ្អាក​សេវាកម្ម​បែប​នេះ សម្រាប់​បុរសមាន​អាយុ​អាច​ប្រយុទ្ធ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ដោយ​តម្រូវ​ឱ្យ​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេវិញ សម្រាប់​នីតិវិធី​រដ្ឋបាល និង​អាច​ប្រឈម​មុខ​នឹង​ការ​ដាក់​ឱ្យ​ធ្វើជា​ទាហាន៕

ប្រែសម្រួល​ដោយ ចាប ចិត្រា

XS
SM
MD
LG