ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលមួយរបស់វៀតណាមដែលមានឈ្មោះថា FPT មានគម្រោងនឹងសាងសង់រោងចក្របញ្ញាសិប្បនិម្មិត AI មួយដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ២០០លានដុល្លារអាមេរិកនិងប្រើប្រាស់កម្មវិធី software និងបន្ទះឈីបក្រាហ្វិកនៃក្រុមហ៊ុន Nvidia របស់អាមេរិក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់ក្រុមហ៊ុនទាំងពីរនេះកាលពីថ្ងៃទី២៣ខែមេសាកន្លងទៅ។
ក្រុមហ៊ុនបច្ចេកវិទ្យា FPT របស់វៀតណាមមួយនេះ មានគម្រោងនឹងប្រើប្រាស់ការគាំទ្ររបស់ក្រុមហ៊ុន Nvidia ដើម្បីជំរុញការសា្រវជ្រាវបញ្ញាសិប្បនិម្មិត AI នៅក្នុងប្រទេសវៀតណាម ដោយមានបំណងអភិវឌ្ឍកម្មវិធីនិងដំណោះស្រាយតាម AI នៅរោងចក្រមជ្ឈមណ្ឌលទិន្នន័យដែលនឹងត្រៀមសាងសង់នោះ ដែលរួមមានកម្មវិធី AI ចេះនិពន្ធ និងកម្មវិធីការរថយន្តបើកបរដោយខ្លួនឯងផងដែរ។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុនទាំងពីរនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។
«បើយោងលើផែនការនេះ ក្រុមហ៊ុន FPT នឹងស្ថាបនារោងចក្រមួយចំនួននៅក្នុងប្រទេសវៀតណាម និងក្នុងប្រទេសដែលមានទីផ្សារសំខាន់ផ្សេងៗទៀត ដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម»។ នេះបើតាមប្រធានក្រុមហ៊ុន FPT លោក Truong Gia Binh ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាន។
លោកបន្ថែមដូចនេះទៀតថា៖ «ក្រុមហ៊ុន FPT នឹងធ្វើការងារដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន ដើម្បីប្រែក្លាយប្រទេសវៀតណាមឱ្យទៅជាមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត AI តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Nvidia ក្នុងវិស័យអភិវឌ្ឍន៍បច្ចេកវិទ្យានិងធុរកិច្ច ក៏ដូចជាការបណ្តុះបណ្តាលផងដែរ។
ក្រុមហ៊ុនទាំងពីរនេះក៏បានចុះហត្ថលេខាលើ«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ»។
ប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បាននិយាយកាលពីខែធ្នូឆ្នាំទៅមិញថា រោងចក្ររបស់លោកចង់ពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់វៀតណាម និងដើម្បីគាំទ្រប្រទេសនេះ ក្នុងការបណ្តុះបណ្តាលជំនាញសម្រាប់ការអភិវឌ្ឍន៍កម្មវិធី AI និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
លោក Keith Strier អនុប្រធានគំនិតផ្តួចផ្តើម AI លើពិភពលោករបស់ក្រុមហ៊ុន Nvidia បាននិយាយនៅក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃក្រុមហ៊ុនទាំងពីរក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដូចនេះថា៖ «យើងកំពុងធ្វើការជាមួយផ្នែកប្រតិបត្តិការផ្សេងៗជាច្រើនទៀតរបស់ក្រុមហ៊ុន FPT។ យើងមានកិច្ចព្រមព្រៀងនិងយុទ្ធសាស្ត្រជាមួយផ្នែកនិមួយៗរួចហើយ»។
ក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិករបស់អាមេរិកមួយនេះ បានបោះទុនវិនិយោគជាង២៥០លានដុល្លារអាមេរិកក្នុងប្រទេសវៀតណាមក្នុងពេលកន្លងទៅ។ គេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេថា តើភាពជាដៃគូថ្មីនៃក្រុមហ៊ុនអាមេរិកនិងវៀតណាមមួយនេះ នឹងបង្កើនទុនវិនិយោគរបស់ខ្លួននៅក្នុងប្រទេសនេះដែរឬយ៉ាងណានោះ។
ក្រុមហ៊ុន FPT ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃបំផុតក្នុងទីផ្សារភាគហ៊ុននៃក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានតម្លៃភាគហ៊ុនវិនិយោគសរុបក្នុងទីផ្សារចំនួន៥,៥ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះផ្តល់សេវា កម្មវិធីបញ្ញាសិប្បនិម្មិតAI កម្មវិធីផ្ទុកទិន្នន័យអនឡាញ cloud និងប្រព័ន្ធទិន្នន័យធំៗជាច្រើន។ កាលពីឆ្នាំទៅ ក្រុមហ៊ុននេះរកប្រាក់ចំណូលបានសរុបលើសពី២ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ
វេទិកាបញ្ចេញមតិ