ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

CNN ​ការពារ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារី​នៅ​កម្ពុជា


អង្គការ​ ​Agape International Missions ឬ​ (AIM) ​បាន​ផ្តើម​បេសក​កម្ម​ប្រឆាំង​នឹង​ការជួយដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ​តាំង​ពី​ឆ្នាំ​២០០៥​ ឱ្យ​ចេញ​ពី​ប្រទេស​កម្ពុជា។ (រូប​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ AIM)

​លោក​ ​Jonathan Hawkins​ ​អនុ​ប្រធាន​ទំនាក់ទំនង​របស់​បណ្ដាញ​ព័ត៌មាន​ CNN ​ដែល​មាន​ទី​ស្នាក់​កណ្ដាល​នៅ​ទីក្រុង​ Atlanta ​រដ្ឋ​ Georgia ​សហរដ្ឋ​អាមេរិក​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​ ​Email ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា​ ​សេចក្ដី​រាយការណ៍​ ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារី​នៅ​តំបន់​ស្វាយប៉ាក​ ​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហការ​ចេញ​ពី​ក្រុម​ផ្សេងៗ​​គ្នា​ ហើយ​ថា​របាយការណ៍​នោះ​មាន​តុល្យភាព​នៃ​ប្រភព​ត្រឹមត្រូវ។​

​បណ្ដាញ​ព័ត៌មាន​អាមេរិកាំងCNN​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បន្ត​រក្សា​ជំហរ​ និង​ការពារ​ភាព​ត្រឹមត្រូវ​នៃ​សេចក្ដី​រាយ​ការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ ក្រោយពី​មាន​ការខឹង​សម្បារ​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ​ លោក​ ហ៊ុន សែន​ ដែល​ចោទ​សេចក្ដី​រាយការណ៍​របស់បណ្ដាញ​ព័ត៌មាន​នេះ​ថា​ បាន​ប្រមាថ​ដល់​កិត្តិយស​ពលរដ្ឋ​កម្ពុជា​ និង​មិន​អាច​អត់ឱន​ឲ្យបាន​ទេ។​

​លោក​ ​Jonathan Hawkins​ ​អនុ​ប្រធាន​ទំនាក់ទំនង​របស់​បណ្ដាញ​ព័ត៌មាន​ CNN ​ដែល​មាន​ទី​ស្នាក់​កណ្ដាល​នៅ​ទីក្រុង​ Atlanta ​រដ្ឋ​ Georgia ​សហរដ្ឋ​អាមេរិក​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​ ​Email ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា​ ​សេចក្ដី​រាយការណ៍​ ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារី​នៅ​តំបន់​ស្វាយប៉ាក​ ​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហការ​ចេញ​ពី​ក្រុម​ផ្សេងៗគ្នា​ ហើយ​ថា​របាយការណ៍​នោះ​មាន​តុល្យភាព​នៃ​ប្រភព​ត្រឹមត្រូវ។​

លោក​ Jonathan​ ​បាន​និយាយ​តាម​សារ​អេឡិចត្រូនិក​ ឬ​ ​Email ក្នុងន័យ​ដើមថា៖

«របាយការណ៍នេះ គឺ​និយាយ​ពី​កិច្ច​សហការ​ចេញ​ពី​ក្រុម​ផ្សេងៗ​គ្នា​នៅ​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ​មាន​ប៉ូលិសដើម្បី​លុប​បំបាត់​បញ្ហា​នេះ។​ របាយការណ៍​នេះ​ មាន​លក្ខណៈត្រឹមត្រូវ​ និង​ប្រកប​ដោយ​ការណ៍​ពិត​ ព្រមទាំង​មាន​សារៈសំខាន់​ ដោយ​គ្មាន​ការ​បំផ្លើស​ណាមួយ​ដើម្បី​ទាក់​ទាញការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ»។​

កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​ ​បណ្ដាញ​ព័ត៌មាន​ ​CNN​ ​បាន​ចេញ​ផ្សាយ​បទ​យក​ការណ៍​ជា​វីដេអូ​ ​និយាយ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ​ជា​មួយ​ចំណង​ជើង​អត្ថបទ​ក្នុង​ការ​ចេញ​ផ្សាយ​ជា​លើក​ដំបូង​ថា «ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​ពួកគេ​លក់​ដើម្បី​បម្រើ​ផ្លូវ​ភេទ»​ ​ឬ ​ជា​ភាសា​អង់គ្លេស​ថា​ «The Cambodian​ girls sold for sex by their mothers»​ ​តែ​ដើម្បី​ឲ្យ​ចំណងជើង​នៃ​បទ​យកការណ៍​នេះ​ ​ត្រូវ​គ្នា​នឹង​ខ្លឹមសារ​របស់​វា​ ​បណ្ដាញ​ព័ត៌មាន​នេះ​បាន​លុប​ពាក្យ​កម្ពុជា​ ​ចេញ​ពី​ចំណង​ជើង​ព័ត៌មាន​របស់​ខ្លួន​ ​ដោយ​បាន​សរសេរ​ថា៖​ ជីវិត​ក្រោយ​ការ​ជួញ​ដូរ៖ ក្មេង​ស្រី​ជា​ច្រើន​ត្រូវ​បានម្ដាយ​របស់​ពួក​គេ​លក់​ដើម្បី​បម្រើ​ផ្លូវ​ភេទ» ឬ​ជា​ភាសា​អង់គ្លេស​ថា «Life after trafficking: The girls sold for sex by their mothers»។

​លោក​ Jonathan​ អះអាង​ថា​ ការ​ផ្លាស់​ប្តូរ​ចំណង​ជើងនេះ​ ​មិន​បាន​ធ្វើ​ឡើង​ តប​ទៅ​តាម​ការ​ផ្ដល់​សេចក្ដី​អធិប្បាយ​នានា​របស់​មន្ត្រី​រដ្ឋាភិបាល​ ដែល​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​ចេញផ្សាយ​បទ​យក​ការណ៍​នេះ​ទេ។

ទោះ​ជា​មានការ​ពន្យល់​ពី​បណ្ដាញ​ព័ត៌មាន​ CNN ​អំពី​វិធី​សាស្ត្រ​នៃ​ការ​រាយការណ៍​របស់​ខ្លួន​ក្តី​ ក៏មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​បង្ក្រាប​ការ​ជួញដូរ​មនុស្ស មិន​ស្ងប់​ចិត្ត​នោះ​ឡើយ​ ​ហើយ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​កំពុង​បើក​ការ​ស៊ើប​អង្កេត​លើ​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ CNN ដែល​បាន​បង្ក​ការ​ឈឺចាប់​ដល់​ស្ត្រី​ជា​ម្ដាយ​នៅកម្ពុជា។​

អ្នកស្រី​ ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​ ថ្លែងប្រាប់​ VOA ​ថា៖​

​«ខ្ញុំ​ចង់​បាន​តែ​ការពិត។ យើង​ចង់​បានតែគេ​ហៅ​ថា ភាព​ស្មោះត្រង់​អ្ហេ​ ពីព្រោះ​ធម្មតា​ តែ​កាល​ណា​ ហើយ​វា​ឮ​ដល់​ត្រចៀក​គេ​ ហើយ​ទោះ​បី​យ៉ាង​ណា​ក៏​ គេ​អត់​បាន​មើល​អា​រឿង​កែតម្រូវ​រឿង​អី​ឡើង​វិញ​ទេ​ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែលគេ​ហៅ​ថា​សារព័ត៌មាន​អាជីព​ហ្នឹង​ កុំ​ចូលចិត្ត​ប្រើ​មនោសញ្ចេតនា​ខ្លួន​ឯង​ ដោយ​ស្អប់​ ដោយ​ស្រឡាញ់​ហ្នឹង​យក​មក​ធ្វើ​ជា​ គេ​ហៅ​អាជីវកម្ម​ដើម្បី​ផ្សព្វផ្សាយ​បង្អាប់​ជាតិ​សាសន៍​ គេ​អញ្ចឹង​ វា​អត់​ត្រូវ​ទេ»។​

​អ្នកស្រី​ ​ជូ ប៊ុនអេង​ ​មាន​ប្រសាសន៍​បន្ត​ថា​ របាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ CNN​ ​មាន​ភាព​មិន ប្រក្រតី​ ដោយ​ហេតុ​ក្មេង​ស្រី​ដែល​ត្រូវ​បាន​សម្ភាសន៍​គឺ​ជា​ ជនជាតិ​វៀតណាម។​

អ្នកស្រី​បន្តថា​ សេចក្ដី​រាយការណ៍​នោះ​គឺ ​គ្រាន់​តែ​បាន​លើក​ឡើង​អំពី​រឿង​ដែល​បាន​កើត​តាំង​ពីរ​យូរ​ណាស់​មក​ហើយ​ ហើយ​អាជ្ញាធរ​បាន​កែលម្អ​បញ្ហា​នេះ​បាន​ច្រើន​មក​ហើយ​ដែរ។​

​«រឿង​ដដែល​ ដែល​កើត​មាន​តាំង​ពី​យូរ​ហើយ​ហ្នឹង​ ដែល​គេ​បាន​ធ្វើ​ គេ​កែលម្អ​រាប់​ឆ្នាំ​ហើយ​ ហើយ​គាត់​យក​មក​ធ្វើ​ជា​ប្រធាន​បទ​មួយ​ នៅ​ក្នុង​ការ​និយាយ​ថា​ ម្ដាយ​ខ្មែរ​លក់​កូន​ហ្នឹង​អ្ហា​ ឲ្យ​ទៅ​ធ្វើ​ពេស្យាចារ​ហ្នឹង​ ​ហើយ​សម្ភាសន៍​មក​និយាយ​វៀតណាម​ ហើយ​ដល់​គាត់​ថា​ ស្រី​ខ្មែរ​ ខ្ញុំ​មិន​ដឹង​ថា​ភាព​ត្រឹម​ត្រូវ​របស់​គាត់​នៅត្រង់​ណា​ ឲ្យ​គាត់​ពិចារណា​ឡើងវិញ​ទៅ»។​

លោក​ ​Jonathan​ ​បាន​ពន្យល់​ថា​ ការ​ផ្ដោត​ទៅលើ​បញ្ហា​ជាតិពន្ធុ​របស់​ក្មេង​ស្រី​ទាំង​ឡាយ​នោះ​ បាន​បង្ក​ការ​យល់​ខុស​ពី​សាច់​រឿង​នៃ​របាយការណ៍​នោះ​ទាំងស្រុង។ ​លោក​បាន​និយាយ​តាម​សារ អេឡិចត្រូនិក​ឬ Email ក្នុង​ន័យ​ដើម​ថា៖

«នេះ​គឺជា​បញ្ហា​មួយ​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មាន​ក្មេង​ស្រី​ជាច្រើន​បាន​រស់​នៅ។​ ក្នុង​ករណី​ក្មេង​ស្រី​ដែល​យើង​បាន​សម្ភាសន៍​នោះ ពួកគេ​ចម្រើន​វ័យ​ក្នុង​ប្រទេស​កម្ពុជា។​ ពួក ​គេធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍នៃ​ការ​រំលោភ​បំពាន​ដ៏​គួរឲ្យ​ខ្លាច​បំផុត​ នៅ​ក្នុង​ប្រទេស​មួយ​នេះ»។​

យ៉ាងណា​ក៏​ដោយ​ អ្នកស្រី​ ជូ ប៊ុនអេង​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​ បាន​ច្រាន​ចោល​ការ​ពន្យល់​របស់​លោក​ Jonathan ហើយ​បាន​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​មានសមត្ថកិច្ច​ នឹង​ស្វែង​រក​ទឡ្ហីករណ៍​ដើម្បី​ដាក់​បន្ទុក​លើ​បណ្ដាញ​ព័ត៌មាន​ CNN ​ឲ្យ​មាន​ការ​ទទួល​ត្រូវ​ទៅលើ​សេចក្ដី​រាយការណ៍​របស់​ខ្លួន។​

​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ លោក​ ​ហ៊ុន សែន​ ​មិន​ត្រឹមតែ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​ប្រឆាំង​នឹង​សេចក្ដី​រាយការណ៍​របស់​ CNNនោះ​ទេ​ ​លោក​ថែម​ទាំង​បាន​ប្រកាស​បណ្ដេញ​អង្គការ​ AIMចេញ​ពី​ប្រទេស​កម្ពុជា​ និង​ព្រមាន​សហរដ្ឋ​អាមេរិក មិន​ឲ្យ​បង្ករឿង​ដល់​កម្ពុជា​ ប្រសិនបើ​អាមេរិក​ មិន​ចង់ឃើញ​ការ​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។​

​«វា​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួលយក​បាន​ទេ​ ហើយ​ផ្ដាំ​ផ្ញើ​ទៅ​ស្ថានទូត​អាមេរិក​ កុំ​ឲ្យ​កុំ​ កុំ​បង្កើត​នូវបញ្ហា​ច្រើនពេក។ អាឡូវ​ហ្នឹង​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​ក៏​មាន​បញ្ហា​ច្រើន​ណាស់​ទៅ​ហើយ​ ​ហើយ​យើង​នឹង​ពិនិត្យ​អំពី​បញ្ហា​នេះ​តទៅ​ទៀត។បើ​គ្រាន់​តែ​យក​ខ្មែរ​ធ្វើ​ដើម​ទុន​ ដើម្បី​ហ្នឹង​ទៅ​រៃ​អង្គាស​ គឺ​មិន​អាច​ទទួលយក​បាន​ទេ។ អញ្ចឹង​ត្រូវ​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់​បំផុត​ នូវ​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល»។​

មន្ត្រី​របស់​អង្គការ​ Agape International Missions (AIM) ដែល​មាន​មណ្ឌល​មួយ​ឈ្មោះ​ «មេត្រី​អន្តរ ជាតិ​មណ្ឌល​បណ្ដុះបណ្ដាល»​ នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក​ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ចំពោះ​ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​ ខណៈ​ដែល​អង្គការ​ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​សហរដ្ឋអាមេរិក​នេះ​ កំពុង​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ពន្យល់​រដ្ឋាភិបាល​កម្ពុជា។​

អ្នកស្រី​ ​Debbie Hankinds ​មន្ត្រី​រដ្ឋបាល​នៃ​អង្គការAIM​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​រយៈ​សារ អេឡិចត្រូនិក​ ឬ​ ​Email​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ក្នុង​ន័យ​ដើម​ថា៖​

«អង្គការ​ Agape International Missions (AIM)​ កំពុង​រៀបចំ​ផ្ដល់​សេចក្ដីថ្លែងការណ៍​ពេញលេញ​ ទាក់​ទិន​បញ្ហា​នេះ​ ឲ្យបាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​គ្រា​ដដែល​នេះ​ អង្គការ​ AIM ​ការពារ​នូវ​សេចក្ដី​គោរព​ដ៏​ខ្ពង់​ខ្ពស់​ចំពោះ​ប្រជាជន​ និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា។ យើង​បាន​ផ្ដល់​សេវា​នៅ​ទី​នេះ​ អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ ហើយ​យើង​រង់​ចាំ​នូវ​ដំណោះស្រាយ​មួយ»។

ចំណែក​ លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ស្វាគមន៍​អង្គការ​ណា​មួយ​ ដែល​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​ក្រឹត្យ​វិន័យ​របស់​ប្រទេស​កម្ពុជា​នោះ​ឡើយ។​

លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​កិច្ច​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​ មុននឹង​ឈាន​ដល់​ការ​បិទ​ចោល​ទាំងស្រុង​សកម្ម​ភាព​របស់​អង្គការ​ AIM។​

​«យើង​ជា​សង្គម​ស៊ីវិល​ យើង​មិន​គាំទ្រ​ បើ​សិន​ជា​អង្គការ​ណា​ ដែល​គាត់​ប្រព្រឹត្ត​ខុស​នឹង​ផ្លូវច្បាប់។ អញ្ចឹង​គេ​គឺ​ត្រូវ​អនុវត្តន៍​តាម​ច្បាប់​ ទាំងអស់​គ្នា​ហើយ​ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ក៏​ យើង​ត្រូវ​តែ​បង្ហាញ​ក្នុង​ការ​ស៊ើបអង្កេត​ ឲ្យ​វា​មាន​តម្លាភាព​ផង​ដែរ​បាទ»។ ​

​ក្នុង​ពេល​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​តំបន់​ស្វាយប៉ាក​ ​អ្នកយកព័ត៌មាន​របស់​បណ្ដាញ​ព័ត៌មាន​CNN ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ​ បាន​ចុះ​មក​យក​ព័ត៌មាន​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក​ ​ខណ្ឌ​ ឫស្សីកែវ រាជ​ធានី​ភ្នំពេញ​ ហើយ​បាន​សម្ភាសន៍​ជា​មួយ​លោក​ Don Brewster ស្ថាបនិក​អង្គការ​ Agape ​International Missions (AIM)​ ដែល​មាន​មណ្ឌល​មួយ​នៅ​រាជធានី​ភ្នំពេញ​ និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋកាលីហ្វញ៉ា​ (California)​ ​នៃ​សហរដ្ឋ​អាមេរិក។​

លោក​ Don Brewster ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា​ អង្គការ​លោក​សង្គ្រោះ​មនុស្ស​ជាង​៧០០​នាក់​ ចេញ​ការ​ជួញដូរ​ផ្លូវ​ភេទ​ ចាប់​តាំង​ពី​អង្គការ​លោក​បាន​ផ្ដើម​បេសកកម្ម​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​ នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០០៥។

លោក​បាន​បញ្ជាក់ថា​ ការ​ជួញដូរ​ក្មេង​ស្រី​ឲ្យ​មក​បម្រើ​ផ្លូវ​ភេទ​ក្នុង​តំបន់​ស្វាយប៉ាក​ ​បាន​ថយ​នៅ​ក្រោម​៥០ភាគរយ តែ​លោក​បាន​ព្រមាន​ថា​ ទោះ​បី​ក្មេង​ស្រី​លែង​ត្រូវ​បាន​គេ​លក់​ទៅ​ឲ្យ​ផ្ទះ​បន​នា​នា​ ​នៅ​ក្នុង​តំបន់​ស្វាយប៉ាក​ក្ដី​ ក៏​ការ​ជួញដូរ​ផ្លូវ​ភេទ​នេះ​ ឥឡូវ​កំពុង​កើត​មាន​នៅ​តាម​សណ្ឋាគារ​ ជាទី​ដែល​ពិបាក​តាម​រក​ព័ត៌មាន​អំពី​ការ​ជួញដូរ​ និង​ពិបាក​ក្នុង​ការ​រារាំង។

លោក​ Jonathan Hawkins ​អនុ​ប្រធាន​ទំនាក់​ទំនង​របស់​បណ្ដាញ​ព័ត៌មាន​ CNN​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​គោលបំណង​របស់របាយការណ៍​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ គឺ​រំលេច​ឡើង​នៃ​ការ​វិវត្តន៍​ក្នុង​ការ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ការផលិត​ភាពយន្តឯកសារ​ដើម​មួយ​អំពី​រឿង​នេះ​នៅ​ក្នុង​ឆ្នាំ​ ២០១៣។​

លោក​ថា​ វា​មាន​ការ​ចាំបាច់​ដែល​ត្រូវ​យោង​ទៅ​លើ​អ្វី​ដែល​បាន​ធ្វើ​នៅ​ឆ្នាំ​ ២០១៣​ ដើម្បី​បង្ហាញ​ពី​ការ​រីកចម្រើន​ក្នុង​ការ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​ ដែល​ទទួល​បាន​តាំង​ពី​ឆ្នាំ​២០១៣​ ជូន​ដល់​អ្នកទស្សនា៕

XS
SM
MD
LG