ក្រសួងកសិកម្មបានប្រតិកម្មទៅនឹងអត្ថបទជាភាសាអង់គ្លេសចំនួនបីរបស់ស្ថាប័នព័ត៌មានវីអូឌី (VOD) ដោយលើកឡើងថា ស្ថាប័នមួយនេះចុះផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀត។ នេះបើយោងតាមលិខិតជាភាសាអង់គ្លេសរបស់ក្រសួងកសិកម្មទៅកាន់ស្ថាប័នវីអូឌី ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
អត្ថបទចំនួនបីរបស់ VOD English ដែលបានចុះផ្សាយ កាលថ្ងៃទី១៧ ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមានក្រសួងកសិកម្មព្រមានកសិករឲ្យឈប់រិះគន់តាមប្រព័ន្ធអនឡាញ និងពាក់ព័ន្ធនឹងតម្លៃស្រូវចុះថ្លៃជាដើម។
ក្រសួងកសិកម្មបានចោទប្រកាន់សារព័ត៌មានវីអូឌីថា កង្វះវិជ្ជាជីវៈ និងក្រមសីលធម៌ ហើយអ្នកព័ត៌មានដែលជាជនជាតិខ្មែរមិនបានយល់អត្ថន័យឱ្យបានស៊ីជម្រៅនៃសេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្មជាភាសាខ្មែរ។
លិខិតដដែលបញ្ជាក់ថា៖ «ការណ៍ពិតគឺថាអ្នកកែសម្រួលអត្ថបទរបស់វីអូឌីបានអនុញ្ញាតឱ្យកើតមានការបកប្រែខុសតាំងពីដំបូង ដែលបង្ហាញពីការគ្មានវិជ្ជាជីវៈ ហើយប្រហែលជាមានបំណងព្យាបាទ និងជាសេចក្តីរាយការណ៍ដោយមាននិន្នាការនយោបាយលម្អៀងប្រឆាំងនឹងក្រសួងកសិកម្ម»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កញ្ញា អ៊ឹម រចនា ប្រាប់វីអូអេបន្ថែមពីលើសេចក្តីថ្លែងការណ៍ថា៖ «ករណីវីអូឌីនេះ ការណ៍ពិតទៅដោយសារថាគាត់ misinterpret (បកប្រែខុស)ច្រើនដងពេក។ អ៊ីចឹងហើយបានក្រសួងចាំបាច់បំភ្លឺជូនវិញ។ យើងអត់ចង់បានអីក្រៅតែពីការរាយការណ៍ត្រឹមត្រូវ ស្របតាមខ្លឹមសារដែលយើងបានចេញផ្សាយតែប៉ុណ្ណឹងឯង»។
លោក អ៊ិត សុធឿត នាយកស្ដីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ដែលគ្រប់គ្រងសារព័ត៌មានវីអូឌី ប្រាប់វីអូអេថា វីអូឌីតែងតែគោរពទៅតាមវិជ្ជាជីវៈនិងក្រមសីលធម៌ និងច្រានចោលការចោទប្រកាន់ថា វីអូឌីមានរបៀបវារៈនយោបាយ ឬក៏និន្នាការនយោបាយទៅខាងក្រុមណាមួយ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែសម្រាប់ក្រសួងគាត់យល់ឃើញបែបណា អាហ្នឹងគឺជាសេរីភាពរបស់គាត់ ហើយគាត់បានប្រើប្រាស់នូវយន្តការរបស់គាត់ តាមរយៈការចេញលិខិត ហើយសម្រាប់ខាងយើង យើងក៏បានចេញជាអត្ថបទបន្ថែម បង្ហាញពីអ្វីជាការយល់ឃើញរបស់ក្រសួងដែរ»។
នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ប្រាប់វីអូអេថា ស្ថាប័នសារព័ត៌មានវីអូឌីគួរតែមានសិទ្ធិសេរីភាពពេញលេញនៅក្នុងការរាយការណ៍នូវអ្វីដែលពួកគេចង់រាយការណ៍ និងថា ក្រសួងកសិកម្មក៏មានសិទ្ធិកែតម្រូវ តាមរយៈការចេញលិខិតរបស់ខ្លួន។ លោកបន្តថា ការអះអាងថា សារព័ត៌មានមានរបៀបវារៈនយោបាយ មិនមែនជាការស្ថាបនា និងមិនអាចនាំភាពរីកចម្រើនទៅមុខឡើយ។
លោកថ្លែងថា៖ «នៅក្នុងស្ថានភាពសង្គមប្រជាធិបតេយ្យ សង្គមយើង គឺគួរតែមានការបើកចិត្តទូលាយ ហើយយើងគួរតែមានភាពចាស់ទុំនៅក្នុងការឆ្លើយតប នៅក្នុងការប្រតិកម្ម ហើយយើងមានច្បាប់ទៅទៀត។ យើងមានច្បាប់ស្តីពីរបបសារព័ត៌មាន។ បើសិនជាយើងយល់ឃើញថា ចំណុចណាមួយដែលមានភាពខ្វះចន្លោះ មានការមិនទាន់ពេញលេញ ខ្ញុំគិតថា អាចនឹងដាក់លិខិត ឬក៏យើងអាចនឹងពន្យល់ឆ្លើយតបទៅអ្នកសារព័ត៌មានបានវិញទេ»។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយ នៅពេលដែលមានរដ្ឋមន្រ្តីថ្មីដឹកនាំ ក្រសួងកសិកម្មត្រូវបានចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន និងរងការរិះគន់ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា ដែលជាកូនប្រុសរបស់ប្រធានតុលាការកំពូល ក៏រងការរិះគន់ចំពោះការថ្លែងរបស់លោកពាក់ព័ន្ធនឹងការណែនាំឲ្យកសិករមើលទីផ្សារ មុននឹងដាំដុះដំណាំ៕