ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ថា​​​ជំនន់​ទឹកភ្លៀង​នៅ​គ្រប់គ្រង​បាន តែ​អាជ្ញាធរ​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ដំណាំ​ខូច​ខាត


រូបឯកសារ៖ កសិករដកសន្ទូង ក្នុងរដូវធ្វើកសិកម្ម នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០។
រូបឯកសារ៖ កសិករដកសន្ទូង ក្នុងរដូវធ្វើកសិកម្ម នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០។

កង្វះ​ពូជស្រូវ​ និង​ដំណាំ​ដើម្បី​បង្កបង្កើន​ផល​ឡើងវិញក្រោយ​ការ​វាយប្រហារ​ដោយ​ជំនន់​ទឹក​ភ្លៀង​ បានក្លាយ​ជា​ក្តីបារម្ភដែល​ត្រូវ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ជា​បន្ទាន់​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ និង​អាជ្ញាធរ​ពាក់​ព័ន្ធផ្សេង​ទៀត​ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​។​

នេះ​ជា​ការ​លើកឡើងរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ​កាល​ពីថ្ងៃ​សៅរ៍​កន្លង​ទៅ​ នៅ​ក្នុង​សារ​សំឡេង​មួយមាន​រយៈ​ពេល​ជាង​ ៧នាទី​ ដែល​ផ្តោត​លើ​ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​ និង​ផល​ប៉ះ​ពាល់​ផ្សេង​ៗ​។ លោក ​ហ៊ុន សែន ​អះអាងថា​ ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​នៅតាមមូលដ្ឋាន​គឺ​អាច​គ្រប់​គ្រង​បាន​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ជួយ​ប្រជា​ពលរដ្ឋ​ដែល​ផល​ដំណាំ​របស់​ពួកគេ​បាន​រងការ​បំផ្លិចបំផ្លាញ​ដោយ​ជំនន់​ទឹក​ភ្លៀង​។ ​

នៅ​ក្នុង​សារ​ដែល​បង្ហោះ​លើ​បណ្តាញសង្គម​ហ្វេស​ប៊ុក​កាលពីថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២២​ នេះ​ ​លោក​ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​គឺ​លោក​ អូន ព័ន្ធ​មុនីរ័ត្ន​ ដែល​ត្រូវបាន​ចាត់​តាំង​ជា​រដ្ឋមន្ត្រី​កសិកម្ម​ស្តីទី​ ឱ្យ​បង្កើតក្រុម​ការងារ​ចុះធ្វើការ​ជាមួយមន្ត្រីថ្នាក់​ខេត្ត​ដើម្បីវាយ​តម្លៃ​ទំហំ​នៃ​ការ​ខូច​ខាត​ផល​ស្រូវ​ និង​ដំណាំ​ផ្សេង​ទៀត​ ដើម្បី​រដ្ឋាភិបាល​អាច​បញ្ចេញ​ពូជស្រូវ និងដំណាំ​បាន​ទាន់ពេលជូន​ប្រជាពលរដ្ឋសម្រាប់​បង្កបង្កើន​ផល​ឡើង​វិញ។

លោក ហ៊ុន សែន​ បន្ត​ថា​៖ «​នេះ​ជា​អន្តរាគមន៍​ចាំបាច់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ចុង​រដូវ​របស់​យើង​ ទឹក​មិន​ទាន់​អស់នៅ​ឡើយ​ទេ​ កន្លែង​ខ្លះ​នៅ​មាន​លទ្ធភាព​ដែលអាច​ធ្វើ​ទៅ​បាន​ ហើយ​ដែល​កន្លែង​ខ្លះ​ ដែល​មិន​អាច​ធ្វើ​ស្រូវ​បាន​ត្រឡប់​ទៅវិញ ក៏អាច​ជំនួស​ទៅ​ដោយ​ពូជ​មួយ​ចំនួនដែល​រាជរដ្ឋាភិបាល​បានបម្រុង​ទុក​។ ដូច្នេះ​ ខ្ញុំ​អំពាវ​នាវ​ឱ្យ​មានកិច្ច​សហការ​ ជាបន្ទាន់​រវាង​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ ក៏ដូច​ជា​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ រួម​គ្នា​វាយ​តម្លៃផង​ និង​ត្រៀម​បម្រុង​ ដើម្បី​ដឹក​ចេញ​នូវ​ពូជស្រូវ​ និង​ពូជ​ដំណាំ​ទៅកាន់​គោល​ដៅផង»។

លោកបន្ថែមថា៖ «នេះ​ជាកិច្ចការ​បន្ទាន់​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ ព្រោះ​ថា​ កុំបណ្តែត​បណ្តោយ​ ឱ្យ​ទឹក​ស្រក​ហួស​ ហើយ​យើង​គ្មាន​ប្រភព​ទឹក ដើម្បី​នឹង​បង្ក​បង្កើន​ផល​ បន្ថែម។ យើង​បាន​ជួប​ប្រទះ​នូវ​បញ្ហានេះ​ កាលពីឆ្នាំ​២០០០​ យើង​មាន​បទ​ពិសោធន៍​រួច​មក​ហើយ»។ ​

​បើតាម​ខ្សែអាត់​សំឡេង​របស់ ​លោក ​ហ៊ុន សែន ខេត្តចំនួន​២២ ក្នុង​នោះ​មាន​ ៧៧០​ឃុំ​ បាន​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង និង​មាន​ផល​ស្រូវប្រមាណ​ជាង​ ១សែន​៥ម៉ឺន​ហិកតា​ និង​ផល​ដំណាំ​ជាង ​៤​ម៉ឺន​១ពាន់​ហិកតា​ត្រូវបាន​ជន់​លិច​។

លោក ​ហ៊ុន សែន ​ឱ្យដឹង​ទៀតថា​ ខេត្ត​ដែល​រងផលប៉ះពាល់​ខ្លាំង​ពីជំនន់​ទឹក​ភ្លៀង ហើយ​ដែល​មិន​ខុស​ពីស្ថានភាព​នៅឆ្នាំ ​២០០០ ​គឺរួមមាន​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាត់​ដំបង ពោធិ៍សាត់ និង​ខេត្ត​ពីរ​ទៀត​ដែល​កំពុង​ជន់​ខ្លាំងពេល​នេះ​គឺ​មាន​ខេត្ត​កំពង់​ធំ និង​ព្រះវិហារ​ និងខេត្ត​ដទៃ​ទៀត​។ ​ អំឡុង​ពេលមាន​ជំនន់​ទឹក​ភ្លៀង​នេះ លោក​ហ៊ុន​ សែន​បញ្ជាក់​ថា​ មាន​មនុស្ស​បួន​នាក់​បាន​ស្លាប់​ផង​ដែរ​។

ក្នុង​ជំនួប​ជា​មួយ​អាជ្ញាធរ​ និង​មន្ទីរ​ជំនាញ​តាម​បណ្តា​ខេត្ត​ជាប់បឹង​ទន្លេសាប និង​ អនុប្រធាន​ទី​១​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ​គឺ​នាយឧត្តម​សេនីយ៍​គន់​ គីម មន្ត្រីមន្ទីរកសិកម្ម​ខេត្តកំពង់​ធំ​បានឱ្យដឹង​ថា​ ខេត្តកំពង់​ធំ​ បាន​រង​ផល​ប៉ះ​ពាល់​លើ​ដំណាំ​ស្រូវ​សរុប​ជាង​ ២ម៉ឺន៧ពាន់​ហិកតា​ ខូច​ខាត​ ៩.៥០០​ហិកតា​ ស្មើ​នឹង​១៥.២២៣ ​គ្រួសារ​។ ចំណែក​នៅ​ខេត្តសៀមរាប​ មន្ត្រីឱ្យដឹង​ថា​មាន ស្រុក​៩​ បាន​រង​ផលប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ ក្នុង​នោះ​មាន​ដំណាំ​ស្រូវ​ប៉ះពាល់​ជាង ​៣ម៉ឺន២ពាន់​ហិកតា​ ស្មើ​នឹង​ ២៥.៦២៣​គ្រួសារ​ ដោយ​ដំណាំស្រូវ​ខូច​ខាត​មាន​ ២.៧៨៣ហិកតា​ ខណៈ​ទំហំការ​ខូច​ខាត​នេះ​ គ្រោង​ធ្វើការ​ស្តា​ឡើងវិញ ជំហាន​ដំបូង​ ១.៥០០​ ហិកតា​។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​លោក​ ថេង សាវឿន ប្រាប់​វីអូអេនៅ​ថ្ងៃ​ចន្ទ​នេះថា​ អាជ្ញាធរ​ទទួល​បន្ទុក​ដោះស្រាយ​គ្រោះមហន្តរាយ​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ហាក់​ដូច​ជា​មិនមាន​យន្តការ​បង្ការ​ ឬឆ្លើយ​តប​ទាន់​ពេល​វេលា​ ដើម្បី​ជួយ​ពលរដ្ឋ​ នៅពេល​ដែល​ជំនន់​ទឹក​ភ្លៀង​កើន​ឡើង​ខ្ពស់នោះ​។

លោក​ថ្លែងថា៖​ «ការ​អន្តរាគមន៍​ហ្នឹង​មិន​ទាន់បាន​ឆ្លើយ​តប​ទាន់​ពេល​វេលា​នូវ​តម្រូវ​ការ​ចាំបាច់​ទេ​ ពិសេស​នៅពេល​ដែល​ជំនន់​ទឹក​ភ្លៀង​ឡើង​ បញ្ហា​ស្បៀង​អាហារ​សម្ភារៈ​ ថ្នាំ​ពេទ្យ​អី​ហ្នឹង​ ដែល​ជា​តម្រូវ​ការ​ចំាបាច់​ ពីព្រោះ​ថា​ប្រជាជន​នៅ​ពេល​ទឹក​លិច​ ដោយ​ជំនន់​ទឹក​ភ្លៀង​ហ្នឹង​ គាត់​មិន​ដឹង​ទៅ​ទិញ​សម្ភារៈ​ស្បៀង​អាហារ​ហូប​ចុក​នៅ​ទីផ្សារ​ណាបាន​ទេ​ ពីព្រោះ​ថា​លេច​ទាំង​អស់​គ្នា​ អាហ្នឹង​រឿង​ទី​១»។

លោក​បន្ថែម​ថា​៖ «រឿង​ទីពីរ​ការ​ចុះប្រមូល​ទិន្នន័យ​ និង​ការ​ត្រៀម​លក្ខណៈ​ស្តា​ឡើង​វិញ​នៅ​ក្រោយ​ទឹក​សម្រក​ទៅ​ក្នុង​ការ​ជួយ​នូវជំនួយ​សង្គម​ តួយ៉ាង​ដូច​ជា​ គ្រាប់​ពូជ​ ឬក៏ពូជមាន់​ ពូជ​បន្លែ​ផ្លែ​ឈើ​ ឬក៏​គ្រាប់​ដំណាំ​ ពូជ​ផ្សេង​ៗ​សម្រាប់​ពួកគាត់​ហ្នឹង​ ក៏​មិន​ទាន់​បាន​រៀប​ចំ​ឆ្លើយ​តបទាន់​ពេល​វេលា​ដែរ»។

បើតាម ​លោក​ ថេង សាវឿន ​ភាព​យឺត​យ៉ាវ​នៃការ​ឆ្លើយ​តប​នេះ​ ទំនង​ជា​បណ្តាល​មក​ពី​ការផ្តល់​ព័ត៌​មាន​មិន​បាន​ឆាប់​ទាន់​ពេលពីមន្ត្រី​ថ្នាក់​ក្រោម ​ពាក់​ព័ន្ធ​នឹង​ទីតាំង​ និង​ទំហំ​ដី​កសិកម្ម​ដែល​រងផល​ប៉ះ​ពាល់ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ ដែល​ជាអ្នកសម្រេច​ផ្តល់​ថវិកា​ និងផ្គត់​ផ្គង់​សម្ភារៈ​ឱ្យ​មន្ត្រី​ទទួល​បន្ទុក​គ្រោះ​មហន្តរាយ​ និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ធ្វើ​សកម្មភាព​។ លោក​បន្ថែម​ថា ការ​បែង​ចែក​មិន​ច្បាស់​លាស់​នៃ​កា​រទទួល​ខុសត្រូវ​ របស់​អាជ្ញាធរ​ថ្នាក់​ជាតិ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំបន់​រងគ្រោះ​ដោយជំនន់​ទឹកភ្លៀង​ណាមួយ​នោះ​ ក៏ជា​កត្តា​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ឧបសគ្គក្នុង​ការ​ទទួលបាន​ជំនួយ​សង្គ្រោះ​ទាន់​ពេល​ផងដែរ។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​តាម​ទូរសព្ទ​ពី អនុប្រធាន​ទី​១​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​នាយ​ឧត្តម​សេនីយ៍ គន់​ គីម បាន​ទេ​នៅថ្ងៃ​ចន្ទ​នេះ​។

យ៉ាង​ណាក៏ដោយ​ ក្រោយការ​តែងតាំង​ជា​រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម លោក​អូន ព័ន្ធ​មុនីរ័ត្ន​ ដែល​មាន​មុខ​តំណែង​ផ្លូវការ​ជារដ្ឋមន្ត្រីសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ កាលពី​ថ្ងៃអាទិត្យ​ បាន​សម្រេច​បង្កើត​ក្រុម​ការ​ងារ​ក្នុង​គោល​ដៅ​ពន្លឿន​ការ​ពិនិត្យ​តាម​ដាន​ និង​វាយតម្លៃ​លើ​ផល​ប៉ះ​ពាល់​ការ​ខូច​ខាត​ដំណាំ​ស្រូវ​ និង​ដំណាំរួម​ផ្សំ ​ដោយ​សារ​ទឹក​ជំនន់​ ដើម្បី​អាច​ផ្តល់​គ្រាប់​ពូជ​ស្រូវ​ និង​ដំណាំ​រួម​ផ្សំ​ដល់​កសិករ​រង​គ្រោះ​ ដែលអាច​សា្តដំណាំបាន​ទាន់​ពេលវេលា​៕

XS
SM
MD
LG