លោក ប្រាក់ ញ៉ន មិនមានក្តីសង្ឃឹមខ្ពស់ឡើយសម្រាប់ដំណាំស្រូវរបស់លោកនាឆ្នាំនេះ។ លោកជាកសិករមួយរូបក្នុងភូមិស្លាបតាឱន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ដែលស្ថិតនៅចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រ ភាគនិរតី ពីរាជធានីភ្នំពេញ និងចម្ងាយប្រមាណបួនគីឡូម៉ែត្រ ពីឆ្នេរមានព្រៃកោងកាងនៃខេត្តកំពត។
លោកបានថ្លែងថា៖ «យកសំណាបមកស្ទូង វាងាប់ឡើងក្រហម។ ជាតិប្រៃនៅក្នុងដី ដល់អ៊ីចឹងសំណាប វាអត់លាស់ វាងាប់ទៅវិញ»។
កសិកររូបនេះនិយាយថា ទឹកប្រៃបានធ្វើឲ្យដំណាំស្រូវខូចខាតនៅភូមិរបស់លោក ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ លោក ប្រាក់ ញ៉ន វ័យ ៥៥ ឆ្នាំ មិនច្បាស់ថាលោក និងអ្នកភូមិដទៃទៀត នឹងអាចដាំដំណាំស្រូវឡើងវិញឬទេ នាពេលអនាគត។
បញ្ហានៅភូមិស្លាបតាឱន មិនមែនជាបញ្ហាបរិស្ថានកើតឡើងដោយចៃដន្យនោះទេ។ នេះជាបញ្ហាមួយបង្ហាញពីវិបត្តិបរិស្ថានជាសាកល ដែលបានកកើតឡើងសន្សឹមៗ ដោយបង្កអស្ថិរភាពទៅលើប្រព័ន្ធស្បៀងអាហារ ដែលទ្រទ្រង់ដល់ជីវិតមនុស្សរាប់លាននាក់។
នៅជុំវិញពិភពលោក ទឹកប្រៃបានជ្រៀតចូលកាន់តែជ្រៅទៅក្នុងដីគោកពីតំបន់ឆ្នេរ ដោយធ្វើឲ្យដី និងទឹកសាបឡើងប្រៃ។ សកម្មភាពគួបផ្សំគ្នារវាងការជីកយកទឹកពីក្រោមដី ការធ្វើទំនប់វារីអគ្គិសនីលើដងទន្លេ និងការរុករករ៉ែនៅបាតទន្លេ កំពុងធ្វើឲ្យតំបន់ឆ្នេររួមតូច ខណៈការប្រែប្រួលអាកាសធាតុបានធ្វើឲ្យទឹកសមុទ្រឡើងមកចូលក្នុងតំបន់ដីគោក។
តំបន់ដីសណ្តទន្លេគឺជាតំបន់ងាយរងគ្រោះជាពិសេស។ ជាវាលទំនាបរាងដូចស្លាបកង្ហារដែលកើតឡើងនៅកន្លែងដែលទន្លេហូរចូលទៅក្នុងសមុទ្រ តំបន់ដីសណ្តតែងមានដីប្រកបដោយជីជាតិ ដោយសារដីសណ្តនាំយកមកតាមខ្សែទន្លេលើ។ ហើយកំណើនជាតិប្រៃធ្វើឲ្យតំបន់កសិកម្មពិសេសនេះរងនូវហានិភ័យ។
នេះអាចជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅអាស៊ី ជាទីដែលតំបន់ដីសណ្តទន្លេធំៗមានសារៈសំខាន់សម្រាប់ដំណាំស្បៀងប្រចាំទ្វីបនេះ ដែលនោះគឺជាដំណាំស្រូវ។
កម្រិតជាតិប្រៃខ្ពស់អាចបង្អាក់លទ្ធភាពក្នុងការដាំស្រូវ។
លោក Bjoern Ole Sander នៃវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ(IRRI) បាននិយាយថា៖ «អ្នកពិតជាឃើញស្រទាប់រឹងមួយ ដែលជាស្រទាប់ពណ៌សលើដីពីកន្លែងដែលមានទឹកប្រៃពីមុនមក»។
លោកបន្តថា ដំណាំស្រូវដាំលើដីប្រៃ «មើលទៅដូចជាចំបើង»។
លោកថ្លែងថា៖ «ប្រសិនបើអ្នកស្ទាបវា វាប្រហោងក្នុង។ គឺមិនមានអ្វីក្នុងនោះទេ»។
ស្បៀងអាហារ និងទឹកប្រើប្រាស់ប្រឈមនឹងហានិភ័យ
នៅតំបន់អាស៊ីអាគេ្នយ៍ ទឹកប្រៃបានគំរាមកំហែងដំណាំស្រូវនៅតាមដងទន្លេមេគង្គ តំបន់ដីសណ្តទន្លេក្រហមនៅប្រទេសវៀតណាម និងតំបន់ដីសណ្តទន្លេចៅព្រះយ៉ានៅប្រទេសថៃ។ ក្រៅពីតំបន់អាស៊ី ការវាទទីដោយទឹកប្រៃបានប៉ះពាល់ដល់តំបន់ដីសណ្តទន្លេនីល នៅអេហ្ស៊ីប និងតំបន់ដីសណ្តទន្លេ Mississippi នៅសហរដ្ឋអាមេរិក ដែលទាំងពីរនេះជាតំបន់កសិកម្មដ៏សំខាន់។
សម្រាប់កសិករចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចលោក ប្រាក់ ញ៉ន ដែលរស់នៅក្នុងខេត្តកំពត ការឡើងកម្រិតជាតិប្រៃបានគំរាមកំហែងដោយផ្ទាល់លើសន្តិសុខអាហារ និងទឹកប្រើប្រាស់។
ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧៦% រស់នៅតំបន់ជនបទ ហើយភាគច្រើនពឹងផ្អែកលើធនធានធម្មជាតិសម្រាប់អាហារ។ ការណ៍នេះធ្វើឲ្យពលរដ្ឋចំនួន ១៧,២ លាននាក់ ងាយរងគ្រោះនៅពេលមានការប្រែប្រួលផ្សេងៗក្នុងបរិស្ថាន។ អត្រាខ្វះអាហារូបត្ថម្ភនៅកម្ពុជាមានប្រមាណ ១៥%។
លោក ហាក់ ម៉ៅ ប្រធាននាយកដ្ឋានបម្រែបម្រួលអាកាសធាតុនៃក្រសួងបរិស្ថានកម្ពុជា និយាយថា កសិករបានរាយការណ៍ពីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងជាតិប្រៃអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ និងថាមាន «ការវាយលុកដោយទឹកប្រៃ» នៅក្នុងប្រទេស។ លោកបន្តថា ប៉ុន្តែ «សមត្ថភាពបច្ចេកទេសមានកម្រិត» មានន័យថា ទំហំពិតប្រាកដនៃបញ្ហានេះនៅកម្ពុជា គឺមិនត្រូវបានគេដឹងច្បាស់នៅឡើយទេ។
ប៉ុន្តែនៅប្រទេសវៀតណាមជាប់នោះ ផលប៉ះពាល់ពីការវាយលុកដោយទឹកប្រៃត្រូវបានបង្ហាញច្បាស់ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។
លោក Khau Van Ngoan កសិករនៅខេត្តឡុងអាន (Long An) ប្រទេសវៀតណាម និយាយថា៖ «ប្រសិនបើមានទឹកសាប យើងអាចដាំស្រូវពេញមួយឆ្នាំ។ ហើយប្រសិនបើមិនមាននោះទេ វាគ្មានអ្វីអាចដុះឡើងឡើយ»។
វៀតណាមដាំដំណាំស្រូវជាងពាក់កណ្តាលនៃដំណាំស្រូវសរុប គឺនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ។
លោក Gijs Simons ជលវិទូប្រចាំទីភ្នាក់ងារប្រឹក្សាយោបល់ FutureWater ដែលប្រើប្រាស់ទិន្នន័យពីផ្កាយរណប ដើម្បីវាយតម្លៃកម្រិតជាតិប្រៃសម្រាប់គណៈកម្មការទន្លេមេគង្គ បាននិយាយថា នៅតំបន់ដីសណ្តទន្លេមេគង្គ កម្រិតជាតិប្រៃ «ពិតជាបានកើនឡើងមែន»។
លោកថ្លែងថា តំបន់រងការប៉ះពាល់ដោយជាតិប្រៃធ្ងន់ធ្ងរ ដែលស្ទើរតែមិនបង្កជាលទ្ធភាពក្នុងការដាំដំណាំស្រូវ បានរីកធំឡើងប្រមាណ «ទ្វេដងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ឬអាចរីកធំឡើងសឹងដល់ទៅបីដងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ»។
លោក Binh Doan Van ជលវិទូប្រចាំសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ ដែលសិក្សាពីការវាទទីដោយទឹកប្រៃនៅតំបន់ដីសណ្តទន្លេមេគង្គ បាននិយាយថា កាលពីគ្រាមុន ទឹកប្រៃជ្រាបចូលដីគោកប្រមាណ ៣០ ទៅ ៥០ គីឡូម៉ែត្រ។ ឥឡូវនេះ ទឹកប្រៃអាចជ្រាបចូលដីគោកក្នុងចម្ងាយជាង ១០០ គីឡូម៉ែត្រពីតំបន់ឆ្នេរ។
លោក Andrew Wyatt ដែលទទួលបន្ទុកលើគម្រោងផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់អង្គការបរិស្ថានមួយឈ្មោះថា សហជីពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ថា IUCN បាននិយាយថា ការលុកលុយដោយជាតិប្រៃធ្ងន់ធ្ងរមួយ កាលពីឆ្នាំ ២០១៦ បានប៉ះពាល់ដីស្រែចំនួន ២៧០.០០០ ហិកតា។ ការខូចខាតនោះ គឺត្រូវបានគិតជាទឹកប្រាក់ចំនួនប្រមាណ ៤៥៥ លានដុល្លារ ឬ ១,៥% នៃទិន្នផលស្រូវប្រចាំឆ្នាំរបស់វៀតណាម។
ការចិញ្ចឹមបង្គាជាជម្រើសជំនួស
ប៉ុន្តែអ្នកខ្លះឃើញការកើនឡើងជាតិប្រៃជាឱកាស ជាជាងគ្រោះមហន្តរាយមួយផងដែរ។
ស្រូវមិនអាចទ្រាំទ្រនឹងទឹកប្រៃនោះទេ ប៉ុន្តែបង្គាអាច។ ហើយបង្គាផ្តល់តម្លៃនៅទីផ្សារខ្ពស់ជាងស្រូវដែលវៀតណាមផលិតសម្រាប់នាំចេញទៅបណ្តាប្រទេសចំណូលទាប និងមធ្យម។
លោក Dang Thi Vich កសិករចិញ្ចឹមបង្គានៅខេត្ត Ben Tre និយាយថា៖ «បង្គាគឺជាអាជីវកម្មមួយប្រសើរជាងស្រូវ។ អាជីវកម្មនេះទទួលបានផលចំណេញខ្ពស់ជាង»។
កសិករខ្លះនៅតំបន់ទន្លេមេគង្គបានកេងចំណេញពីឱកាសនេះ ខណៈជាតិប្រៃកំពុងកើនឡើង ដោយបានចិញ្ចឹមបង្គា ជាជាងដាំស្រូវអំឡុងពេលរដូវប្រាំង នៅពេលលក្ខខណ្ឌដីមានជាតិប្រៃខ្លាំង។ រដ្ឋាភិបាលវៀតណាម និងអង្គការក្រៅរដ្ឋាភិបាលនានា បន្ទាប់មកបានបង្កើតជាកម្មវិធីផ្សេងៗ ដើម្បីជួយដល់កសិករច្រើនជាងនេះ ប្រើប្រាស់ប្រព័ន្ធឆ្លាស់គ្នារវាងដំណាំស្រូវ និងការចិញ្ចឹមបង្គា។
លោក Vich ថ្លែងថា៖ «ការចិញ្ចឹមបង្គាបានចាប់ផ្តើមកាលពីប្រមាណ ២០ ឆ្នាំមុន ហើយវាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ មនុស្សរាល់គ្នាបានដាំស្រូវកាលពីពេលមុននេះ»។
អ្វីៗបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
លោក Bradford Mills អ្នកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Virgina Tech នៅសហរដ្ឋអាមេរិក ដែលសិក្សាពីការឆ្លាស់គ្នានេះ បាននិយាយថា កាលពីឆ្នាំ ២០១៨ កសិករប្រមាណ ១៥% នៅតំបន់ដីសណ្តទន្លេមេគង្គ បានបោះបង់ចោលការដាំស្រូវ ដើម្បីអ្វីមួយផ្សេងទៀត ដែលជារឿយៗគឺការចិញ្ចឹមបង្គា។ នាឆ្នាំបន្ទាប់ កសិករប្រមាណ ១០% បន្ថែមទៀតបានឈប់ដាំស្រូវ។
លោក Simons ដែលជាជលវិទូប្រចាំទីភ្នាក់ងារប្រឹក្សាយោបល់ FutureWater បានកត់សម្គាល់ថាការផ្លាស់ប្តូរពីការធ្វើស្រែមកចិញ្ចឹមបង្គា គឺអាចឃើញច្បាស់នៅក្នុងទិន្នន័យពីផ្កាយរណប។
អ្នកជំនាញនិយាយថា រដ្ឋាភិបាលវៀតណាមគ្រោងនឹងបន្ថយកសិកម្មស្រូវ ហើយធ្វើពិពិធកម្មសេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេមេគង្គ។ នេះមានន័យថាបង្កើនការចិញ្ចឹមបង្គា និងវារីវប្បកម្មដទៃទៀត តាមបណ្តោយឆ្នេរទន្លេ និងដាំស្រូវ «គុណភាពខ្ពស់» សម្រាប់នាំចេញទៅកាន់ប្រទេសអ្នកមាន។
លោក Wyatt មន្រ្តីមកពីស្ថាប័ន IUCN បានឲ្យដឹងថាការធ្វើពិពិធកម្មនេះគឺ «ស្របជាមួយនឹងការប្រែផ្លាស់របស់វៀតណាមពីប្រទេសចំណូលទាប មកប្រទេសចំណូលទាបថ្នាក់កណ្តាល»។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបង្ហាញការព្រួយបារម្ភថា ការសម្របទៅនឹងជាតិប្រៃដែលកំពុងកើនឡើងនៅវៀតណាម អាចបង្កជាការខាតបង់ចំពោះសង្គម ដោយធ្វើឲ្យមានគម្លាតកាន់តែធំរវាងអ្នកមាន និងអ្នកក្រ។
លោក Binh ជលវិទូប្រចាំសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ បានថ្លែងថា៖ «ចំពោះប្រទេសទាំងមូល[ការចិញ្ចឹមបង្គា] ប្រហែលជារឿងល្អ។ ប៉ុន្តែសម្រាប់ពលរដ្ឋក្នុងស្រុក ខ្ញុំនៅតែគិតថាមានបញ្ហាខ្លះ»។
កសិករនៅខេត្ត Ben Tre អ្នកស្រី Nguyen Thi Be និយាយថា អ្នកស្រីបានព្យាយាមចិញ្ចឹមបង្គា កាលពីពីរបីឆ្នាំមុន ប៉ុន្តែអ្នកស្រីថា៖ «អាជីវកម្មនេះមិនបានរីកចម្រើននោះទេ។ យើងបានចំណាយច្រើនជាងចំណូលរកបាន ដូច្នេះយើងក៏ឈប់ធ្វើអាជីវកម្មនេះ»។
ការផ្លាស់ពីការធ្វើស្រែមកចិញ្ចឹមបង្គា គឺជារឿងគ្រោះថ្នាក់មួយ។ មិនមែនមនុស្សគ្រប់គ្នាអាចធ្វើបាននោះទេ។ អ្នកដែលមិនអាចធ្វើបាន ហើយអ្នកដែលមិនទទួលបានជំនួយ មិនមានជម្រើសច្រើនក្រៅពីលក់ ឬជួលដីរបស់ពួកគេ ហើយធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើ។
ហើយក៏មានភស្តុតាងថា ការចិញ្ចឹមបង្គាមិនមែនតែងតែមានចីរភាពក្នុងផ្នែកបរិស្ថានផងដែរ។
ខណៈលោក Wyatt កត់សម្គាល់ថាការឆ្លាស់គ្នារវាងការធ្វើស្រែ និងចិញ្ចឹមបង្គា គឺមានចីរភាពជាងការធ្វើស្រែ ឬចិញ្ចឹមបង្គាតែមួយ សម្រាប់ដីនៅតំបន់មាត់ទន្លេមេគង្គ នេះមិនមែនជាដំណោះស្រាយល្អមួយនៅគ្រប់ទីកន្លែងដែលការឆ្លាស់គ្នានេះត្រូវបានធ្វើឡើងនោះទេ។
ប្រសិនបើមិនមានទឹកសាបគ្រប់គ្រាន់ហូរពីទន្លេខាងលើ បឹងចិញ្ចឹមបង្គាអំឡុងពេលរដូវប្រាំងអាចបង្កឲ្យមានអំបិលជាប់នៅក្នុងដី ដែលយូរៗទៅនឹងបង្កជាការលំបាកសម្រាប់ការដាំស្រូវនៅរដូវវស្សា។ បឹងទាំងនោះអាចឡើងប្រៃខ្លាំង ដែលនៅពេលនោះ សូម្បីតែបង្គាក៏មិនអាចរស់នៅបានដែរ។
លោក Pham Van Bay កសិករខេត្តឡុងអាន និយាយថា៖ «ដីមានជាតិប្រៃជាមិនល្អសម្រាប់អាជីវកម្មនោះទេ សូម្បីតែការចិញ្ចឹមបង្គាក៏ដោយ។ អ្នកមិនអាចធ្វើអ្វីច្រើននោះទេជាមួយនឹងដីមានជាតិប្រៃ»។
លោក Binh និយាយថាវារីវប្បកម្មក៏អាចបំពុលផ្លូវទឹកផងដែរ ដែលជាបញ្ហាមួយលោកថាគួរតែត្រូវបានគ្រប់គ្រង ដើម្បីធានាថាសកម្មភាពនេះមានចីរភាព និងទទួលបានផលចំណេញនាពេលអនាគត។
លោក Binh និងលោក Wyatt បាននិយាយថា យ៉ាងណាក៏ដោយ ប្រសិនបើបញ្ហាប្រឈមទាំងនេះអាចត្រូវជម្នះបាន ការបំពេញតម្រូវការផ្នែកអាហារនៅប្រទេសអ្នកមានសម្រាប់បង្គា និងស្រូវគុណភាពខ្ពស់ អាចផ្តល់ផលចំណេញសម្រាប់កសិករមួយចំនួន និងសេដ្ឋកិច្ចវៀតណាមទាំងមូល។
«តើយើងបានអីហូប?»
លោក Sander ថ្លែងថា៖ «ពាក់ព័ន្ធនឹងថាតើយើងមានអង្ករ ដើម្បីហូបឬទេ សំណួរគឺថាតើអ្នកអាចផលិតស្រូវជំនួសវិញឬទេ? ពីព្រោះតម្រូវការ គឺនៅមាន។ ហើយបង្គាមិនអាចជំនួសស្រូវលើចានបាយរបស់ពលរដ្ឋនោះទេ»។
វៀតណាមជាប្រទេសនាំស្រូវចេញធំជាងគេទី ៣ នៅលើពិភពលោក ហើយជាង ៩០% នៃការនាំចេញ គឺមកពីតំបន់ដីសណ្តទន្លេមេគង្គ។
លោក Sander ថ្លែងថាបណ្តាប្រទេសដែលជា «ប្រទេសនាំចូលស្រូវធំៗ ក៏រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងជាតិប្រៃនៅតំបន់ទន្លេដីសណ្តមេគង្គផងដែរ។ ជាឧទាហរណ៍ ហ្វីលីពីននាំចូលស្រូវជិត ៨០% ពីវៀតណាម»។
តម្រូវការសម្រាប់អង្ករកំពុងតែកើនឡើង ស្របពេលចំនួនពលរដ្ឋលើពិភពលោកកើនឡើង។
វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) បានប៉ាន់ប្រមាណថាផលិតកម្មស្រូវទូទាំងសាកលលោកត្រូវកើនឡើងប្រមាណ ១% ទៅ ១,២% ជារៀងរាល់ឆ្នាំ ដើម្បីរក្សាតម្លៃអង្ករឲ្យនៅទាបគ្រប់គ្រាន់ ដើម្បីឲ្យពលរដ្ឋរាប់ពាន់លាននាក់ ដែលពឹងផ្អែកលើដំណាំស្បៀងនេះ អាចមានលទ្ធភាពទិញ។
សម្រាប់តំបន់ដីសណ្តទន្លេមេគង្គ លោក Binh និយាយថាការសម្របតាមកំណើនជាតិប្រៃគឺពាក់ព័ន្ធជាមួយនឹងការរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវចំណាយខ្ពស់ ដើម្បីកុំឲ្យទឹកប្រៃជ្រាបចូល ដែលនេះអាចមកជាមួយនឹងបញ្ហាបរិស្ថានផ្សេងៗផងដែរ ហើយការផ្លាស់ប្តូរលើរបៀបមនុស្សរស់នៅ និងធ្វើការ ដូចជា ការងាកមកប្រព័ន្ធឆ្លាស់គ្នារវាងដំណាំស្រូវនិងការចិញ្ចឹមបង្គាជាដើម។ តំបន់កសិកម្មតាមដងទន្លេដទៃទៀត ក៏ប្រឈមនឹងជម្រើសស្រដៀងគ្នានេះដែរ។
បណ្តាប្រទេសដែលនាំចូលស្រូវច្រើនពីតំបន់រងការប៉ះពាល់ពីទឹកប្រៃនឹងត្រូវស្វែងរកប្រភពថ្មីៗ ដើម្បីបំពេញតម្រូវការសម្រាប់ស្រូវ បើមិនដូច្នេះទេ អ្នកទិញត្រូវចំណាយខ្ពស់ជាងមុន។ កសិករជាច្រើននឹងត្រូវសម្របតាមរបៀបនេះ។ ហើយកសិករមួយចំនួននឹងត្រូវស្វែងរកមធ្យោបាយមួយផ្សេងទៀត ដើម្បីចិញ្ចឹមជីវិត។
នៅក្នុងប្រទេសកម្ពុជាវិញ អ្នកស្រី សួស សុវណ្ណ រស់នៅមិនឆ្ងាយប៉ុន្មានពីស្រែរបស់លោក ប្រាក់ ញ៉ន នៅក្នុងភូមិស្លាបតាឱន។ អ្នកស្រីថ្លែងថាឥឡូវនេះ ទឹកប្រៃបានជ្រាបចូលស្រែទំហំ៧.០០០ម៉ែត្រការ៉េជារៀងរាល់ឆ្នាំ ដោយធ្វើឲ្យដីស្រែរបស់អ្នកស្រីលែងមានជីជាតិ។
ដោយមិនអាចដាំស្រូវបានដោយខ្លួនឯង នាពេលបច្ចុប្បន្ន អ្នកស្រី សួស សុវណ្ណ ពឹងផ្អែកលើប្រាក់ផ្ញើមកឲ្យពីកូនពីរនាក់ ដែលធ្វើការនៅរោងចក្រកាត់ដេរ។ ជារួម ពួកគេផ្ញើឲ្យអ្នកស្រីប្រហែល៥០ដុល្លារជារៀងរាល់ខែ។ ហើយអ្នកស្រីត្រូវចំណាយ៣០ដុល្លារលើអង្ករ។
អ្នកស្រីនិយាយថាប្រហែលកូនអ្នកស្រីអាចផ្ញើប្រាក់មកច្រើនជាងនេះ ប៉ុន្តែអ្នកស្រីមិនហ៊ានសួរពួកគេនោះទេ។ អ្នកបន្តថាមិនមានអ្វីដែលអ្នកស្រីអាចធ្វើបានឡើយ នាពេលនេះ ដូច្នេះអ្នកស្រីត្រូវទ្រាំរស់នៅតាមរបៀបដូចនេះ។
អ្នកស្រីបានចោទសួរថា៖ «បើយើងមិនធ្វើស្រែ តើបានអង្ករឯណាហូប?»៕
(អ្នកសារព័ត៌មានវៀតណាមដែលចូលរួមក្នុងរបាយការណ៍នេះ សុំមិនបញ្ចេញឈ្មោះ ដោយសារបញ្ហាសុវត្ថិភាព)