ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ផ្តល់​កម្ចី​ដល់​កម្ពុជា​ប្រមាណ​២៧៤​លាន​ដុល្លារ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ១៩​​


រូបឯកសារ៖ អាជីវករកំពុងថ្លឹងផ្លែឈើ នៅតាមដងផ្លូវ ខណៈផ្សាររដ្ឋជាច្រើនបានបិទដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ អាជីវករកំពុងថ្លឹងផ្លែឈើ នៅតាមដងផ្លូវ ខណៈផ្សាររដ្ឋជាច្រើនបានបិទដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។

ក្នុង​កិច្ចខិតខំ​ជួយ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ងើប​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​ឆ្លង​កូវី១៩ ​ធនាគារ​ពិភពលោក​បាន​ផ្តល់​ប្រាក់​កម្ចី​មក​កម្ពុជា​ប្រមាណ​២៧៤​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រតិ​បត្តិ​ការ​គោល​នយោបាយ​កំណើន​សេដ្ឋកិច្ច ​និង​អភិវឌ្ឍ​ភាព​ធន់​របស់​កម្ពុជា។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយចុះ​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ២០២២។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ហិរញ្ញ​ប្បទាន​ថ្មី​សម្រាប់​ជួយ​កម្ពុជា​ស្តារ​សេដ្ឋ​កិច្ច​និង​បង្កើន​ភាព​ធន់​យូរ​អង្វែង​របស់​ធនាគារ​ពិភពលោក​ដែល​វីអូអេ​បាន​ទទួល​កាលពី​ថ្ងៃ​ពុធ សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ១៩ ​ដោយ​ធ្វើ​ឲ្យ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​បាន​ធ្លាក់ចុះ​ដក​៣,១​ភាគ​រយ​ក្នុង​ឆ្នាំ​២០២០ ​ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា អាត្រា​នៃ​ភាព​ក្រីក្រ​បាន​កើន​ឡើង​ចំនួន​២,៨ ​ភាគ​រយ​ ដោយ​រុញ​មនុស្ស​ប្រហែល​៤៦​ម៉ឺន​នាក់​ឲ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​វិញ ​ខណៈ​ថា​បើ​ទោះ​បី​ជា​សេដ្ឋ​កិច្ច​បាន​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០២១​និង​ ឆ្នាំ​២០២២​មែន​ក្តី បរិយា​កាស​ចុះ​ខ្សោយ​នៅ​ខាង​ក្រៅ​មាន​ន័យ​ថា​ លទ្ធភាព​វិល​ទៅ​ទទួល​បាន​អាត្រា​កំណើន​ដ៏​រឹង​មាំ​ដែល​ធ្លាប់​មាន​នៅ​មុន​ការ​ផ្ទុះ​ជំងឺ​រាតត្បាត ​ពិត​ជា​មិន​ងាយ​រក​បាន​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖ «សង្គ្រាម​ដែល​នៅ​តែ​បន្ត​មាន​ក្នុង​ប្រទេស​អ៊ុយក្រែន ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​សហរដ្ឋ​អាមេរិក ​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ​និង​កំណើន​យឺត​នៅ​ក្នុង​ប្រទេស​ចិន ​កត្តា​ទាំង​អស់​នេះ​នឹង​ជះ​ឥទ្ធិ​ពល​មិន​ល្អ​មក​លើ​ទស្សនវិស័យ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា»។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក ​គី សេរីវឌ្ឍន៍ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កម្ចី​របស់​ធនាគារ​ពិភព​លោក​មក​កម្ពុជា​ គឺ​នៅ​ទាប ​បើ​ធៀប​នឹង​ផលិត​ផល​សរុប​ក្នុង​ស្រុក​ ​ហើយ​ថា​ ការ​ផ្តល់​កម្ចី​នេះ​មិនមែន​មាន​ន័យថា​ សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង​ងើប​មិន​រួច​នោះ​ឡើយ​ ប៉ុន្តែ​វា​ជា​កម្ចី​ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​ឲ្យ​កាន់​តែ​ងើប​ឡើង។​

អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បន្ថែមថា​ បើ​ទោះ​ជា​វិបត្តិ​ទំនិញ​ឡើង​ថ្លៃនៅ​តែ​បន្ត​កើត​មាន​ដែល​បណ្តាល​មក​ពី​សង្គ្រាម​រវាង​រុស្ស៊ី ​និង​អ៊ុយក្រែន​ និង​វិបត្តិ​ប្រេង​ឥន្ទនៈ​កើត​មាន​ក៏ដោយ​ ក៏​សេដ្ច​កិច្ច​កម្ពុជា​នៅ​តែត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​កំណើន​ប្រមាណ​ចន្លោះ​ពី​៤​ទៅ​៥​ភាគរយ។​

លោក​គី សេរីវឌ្ឍន៍​ថ្លែង​ថា៖ ​«អ៊ីចឹង​យើង​មាន​យុទ្ធសាស្ត្រ​នៃ​ការ​ស្តារ​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​នៅ​ក្នុង​ការ​ជំរុញ​លើវិស័​យ​កសិកម្ម​ វិស័យ​ SME ​មាន​សន្ទុះ​ឡើង​ខ្លាំង ​ដែល​ជា​កត្តា​បង្កើត​ការងារ​ផង ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ចរន្ត​ផង​ លើក​កម្ពស់​វិស័យ​ផលិត​កម្ម ​និង​ការ​ច្នៃ​ស្បៀង​អាហារ​ផង»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផាន ប្រាប់​វីអូអេ​ថា ​កម្ពុជា​បាន​ត្រៀម​ថវិកា​ដើម្បី​ស្តារ​សេដ្ឋ​កិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ១៩ ​និង​វិបត្តិ​ផ្សេង​ទៀត​ផង​ដែរ​ ដោយ​លោក​មិន​បាន​បញ្ជាក់​សេចក្តីលម្អិត​អំពី​ការ​ត្រៀម​បម្រុង​ទុក​ថវិកា​នោះ​ និង​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​
អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​លោក​ មាស សុខសេនសាន​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយនៅ​ពេល​អ្នក​សារ​ព័ត៌មាន​របស់​សំឡេង​សហ​រដ្ឋ​អាមេរិកវីអូអេ​ទាក់​ទង​លោកតាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម ​ដោយ​ថា​ លោក​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។​

គួរ​បញ្ជាក់​ថា​ ហិរញ្ញ​ប្បទាន​ដែល​ផ្តល់​ដោយ​ធនាគារ​ពិភពលោក​ថ្មីៗ​នេះ​នឹង​ជួយ​ទ្រទ្រង់​ដល់​កំណែ​ទម្រង់​ដែល​នឹង​សម្រួល​ដំណើរ​ការ​ចុះ​បញ្ជី​អាជីវ​កម្ម​ លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ និង​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញ​វត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម។ ​កំណែ​ទម្រង់​ផ្សេង​ទៀត​នឹង​បង្កើន​ភាព​ធន់​នៃ​សារ​ពើពន្ធ​ រួម​ទាំង​ការ​កែ​លម្អ​ការ​គ្រប់គ្រង​ភាព​ជា​ដៃគូ​រវាង​ផ្នែក​សាធារណៈ​ និង​ឯកជន​ និង​ការ​សម្រួល​ដល់​ការ​លក់​បណ្ណ​បំណុល​របស់​រដ្ឋាភិបាល​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។​

ប្រធាន​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី ម៉ារៀម សាលីម​ (Maryam Salim)​ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើ​តាម​ន័យ​ដើម​ថា៖ ​«ខណៈ​ដែល​យុទ្ធសាស្ត្រ​រស់​ជាមួយ​កូវីដ១៩​បាន​ជួយ​ស្តារ​សេដ្ឋកិច្ច​ឲ្យរើប​ឡើង​វិញ​ក៏​ពិត​មែន​ ប៉ុន្តែ​កម្ពុជា​នៅ​តែ​ងាយរង​គ្រោះ​ដោយ​សារ​តែ​ចរន្ត​ធ្លាក់​ចុះ​នូវ​តម្រូវ​ការ​ក្រៅ​ប្រទេស​ និង​ការ​រអាក់​រអួលនានា​នៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​សកលនៅ​ឡើយ។ ​ប្រតិបត្តិ​ការ​របស់​ហិរញ្ញ​ប្បទាន​នេះ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ជំរុញ​ភាព​ប្រកួត​ប្រជែង​របស់​ផ្នែកឯកជន​ ពង្រឹង​ស្ថាន​ភាព​សារ​ពើ​ពន្ធ​របស់​កម្ពុជា​ និង​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​របស់​ខ្លួន»៕​

XS
SM
MD
LG