នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំងដែលធ្លាប់តែមានមនុស្សរាប់លាននាក់ពីគ្រប់ខេត្តទូទាំងប្រទេសកម្ពុជាពេលបុណ្យអុំទូកតាមទំនៀមទម្លាប់ប្រពៃណីខ្មែរជារៀងរាល់ឆ្នាំនោះ ឆ្នាំនេះបានក្លាយជាភាពស្ងប់ស្ងាត់ដោយសារតែគ្មានពីធីបុណ្យអុំទូក។
ព្រះរាជពិធីបុណ្យអ៊ុំទូកត្រូវបានធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរជារៀងរាល់ឆ្នាំពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែវិច្ឆិកា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសលុបចោលព្រះរាជពិធីបុណ្យអុំទូកប្រចាំឆ្នាំនេះដោយសារតែកម្ពុជាបានប្រឈមនឹងគ្រោះមហន្តរាយទឹកជំនន់ដែលបានសម្លាប់មនុស្សជាង២៥០នាក់ និងបំផ្លាញស្រូវកសិកររាប់ម៉ឺនហិកតា។ ថ្ងៃប្រារព្វពិធីប្រណាំងទូក មើលទៅដូចជាថ្ងៃធម្មតា ហើយអ្នកលក់ហាក់ដូចជាមិនសូវសប្បាយចិត្ត។ ក្រុមអ្នកលក់ បានត្អូញត្អែរនៅថ្ងៃព្រហស្បតិ៍នេះថា មុខរបរលក់ដូររបស់ពួកគេបានបាត់បង់ចំណូលប្រមាណ៣០ភាគរយសម្រាប់ការលក់ផលិតផលនានានៅក្នុងរដូវបុណ្យប្រណាំងទូកនេះ។
លោក អឿ រ៉ាយុទ្ធ ម្ចាស់តូបលក់ទឹកអប់ និងសាប៉ូដុសខ្លួននៅកោះពេជ្រ បានរអ៊ូរទាំថា លោកអាចខាតបង់ប្រាក់អស់យ៉ាងតិច១.០០០ដុល្លារអាមេរិកសម្រាប់តូបមួយក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យប្រណាំងទូកនៅឆ្នាំនេះ ដោយសារគ្មានពិធីប្រណាំងទូក។ លោកបានបន្ថែមថា កាលពីពិធីប្រណាំងទូកឆ្នាំ២០១០ លោកអាចលក់ផលិតផលបានប្រាក់ជាង១.៣០០ដុល្លារអាមេរិកក្នុងមួយថ្ងៃសម្រាប់តូបមួយ។ ប៉ុន្តែក្នុងឆ្នាំ២០១១នេះ លោកអាចលក់បានប្រាក់មិនដល់១.០០០ដុល្លារទេក្នុងមួយថ្ងៃ។
«វាត្រូវតែប៉ះពាល់ដល់ជំនួញ។ វាជៀសមិនរួចទេ។ នៅពេលមានកម្មវិធីអុំទូក មនុស្សច្រើនមកមើលមកដើរលេងកំសាន្ត។ នៅពេលយើងអត់មានកម្មវិធីអុំទូក មនុស្សតិចជាងមកដើរកំសាន្តលេង។ វាប្រហែលជាអាចធ្លាក់ប្រហែល២០ភាគតែប៉ុណ្ណោះ»។
លោកលាង ហាក់ ម្ចាស់តូបលក់ខ្សែក្រវ៉ាត់នៅកោះពេជ្រ បានត្អូញត្អែរថា ការលក់ផលិតផលរបស់លោកអាចធ្លាក់ចុះ៣០ភាគរយ ដោយសារគ្មានពិធីបុណ្យប្រណាំងទូក និងគ្មានអ្នកមកដើរកំសាន្តពីខេត្តនានា ដើម្បីទិញផលិតផលប្រើប្រាស់ផ្សេងៗ។
លោកលាង ហាក់ បានបញ្ជាក់ថា លោកមានកង្វល់អំពីការធ្លាក់ចុះនៃការលក់ផលិតផលនេះ។ លោកធ្លាប់លក់ក្នុងមួយថ្ងៃបានប្រាក់យ៉ាងតិច៣.០០០ដុល្លារកាលពីពិធីប្រណាំងទូកឆ្នាំំ២០១០ ប៉ុន្តែនៅឆ្នាំនេះ ការលក់ផលិតផលរបស់លោកបានប្រាក់តែ២.០០០ ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ។
«អ្នកមកដើរកំសាន្តតិច។ អ្នកលក់បានតិចដែរ។ ការលក់ធ្លាក់ពី៣០ទៅ៤០ភាគរយ»។
លោកខេង ហុង ម្ចាស់តូបលក់ផលិតផលពីម៉ាឡេស៊ីនៅកោះពេជ្រ បានថ្លែងថា កាលពីពិធីប្រណាំងទូកឆ្នាំមុន លោកលក់បានប្រាក់២.៣០០
ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែនៅឆ្នាំនេះ លោករកបានប្រាក់ប្រមាណជា២.០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ លោកខេង ហុង បានបន្ថែមថា បើមានការប្រារព្វពិធីប្រណាំងទូក លោកមិនត្រឹមតែអាចលក់ផលិតផលរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្សព្វផ្សាយផលិតផល ដើម្បីទាក់ទាញការគាំទ្រផលិតផលរបស់លោកពីមនុស្សដើរកំសាន្តទាំងនោះ។
ជារៀងរាល់ឆ្នាំមានទូកប្រណាំងជាង៤០០គ្រឿងដែលចំណាយអស់ជាង១លានដុល្លារ និងអ្នកដើរកំសាន្តជាងបីលាននាក់មកពីទូទាំងប្រទេស និងប្រទេសផ្សេងៗមកចូលរួមក្នុងពិធីប្រណាំងទូកនេះ៕