ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​សវនាការ​ជាង​៥០​លើក ​មេធាវីការពារ​ក្តី​លោក​កឹម សុខា​បង្ហាញ​ក្តី​រំពឹង​ច្រើន​តែ​ទៅ​លើ​ដំណោះ​ស្រាយ​នយោបាយ​


រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

ក្រោយ​ចូល​តតាំង​ក្តី​ជាង​៥០​លើក​នៅ​តុលាការ​រាជធានី​ភ្នំពេញ លោក​ ផែង ហេង​ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​កឹម សុខា​ មិន​រំពឹង​ថា​ តុលាការ​អាច​រក​ដំណោះ​ស្រាយ​ជូន​មេ​ដឹកនាំ​នយោបាយ​ជំទាស់​នេះ​បាន​ទេ​ ដោយ​ថា​សំណុំ​រឿង​លោក​កឹម សុខា​មាន​លក្ខណៈ​សាំញ៉ាំ​ជាមួយ​ភ័ស្តុតាង​ដែល​មិន​ច្បាស់​លាស់​ ហើយ​អាច​មាន​តែច្រក​សំខាន់​មួយ​ប៉ុណ្ណោះ​ដែល​អាច​បំបែក​សំណុំ​រឿង​នេះ​បាន​គឺ​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ។​

បើ​តាម​លោក ​ផែង ហេង​ ការ​សួរ​ដេញ​ដោល​លោក​ កឹម សុខា​ នៅ​តុលាការ​ ក៏​សឹងតែ​ជិត​នឹង​បិទ​បញ្ចប់​ដែរ​ ដោយ​លោក​លើក​ហេតុផល​ នៃ​កង្វះ​ភ័ស្តុតាង​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​លើ​លោក ​កឹម សុខា ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ព្រោះ​ភ័ស្តុតាង​ដែល​ប្រើប្រាស់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ភាគ​ច្រើន​ជា​វីដេអូ​ឃ្លីប​ខ្លីៗ​ បង្ហាញ​ពី​ហេតុការណ៍​បាតុកម្ម​ ដែល​កើត​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​២០១៣​ និង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក​ កឹម សុខា​ អំឡុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដំណើរ​ការ។ ​ហើយ​នៅ​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ពុធ​នេះ​ ភាគី​តំណាង​អយ្យការ​ក៏​បាន​បង្ហាញ​អាកប្បកិរិយា​មិន​សមទំនង​ក្នុង​នាម​ជា​អ្នក​កាន់​ច្បាប់។​

លោក​ ផែង ហេង ​បាន​កត់​សម្គាល់​ថា ក្នុង​សវនាការ​លើក​ទី​៥១​នេះ​មិន​មាន​អ្វី​វិវឌ្ឍ​ទៅ​មុខ​ទេ​ ​តែ​បែរ​ជា​មាន​ការ​និយាយ​ឌឺដង ​លើ​លោក​ កឹម សុខា ​ដូច​ជា​ថា ​វាសនា​របស់​លោក​កឹម សុខា​ត្រូវ​បាន​តម្រូវ​ឱ្យ​មក​ឈរ​ក្នុង​ក្រចក​សេះ​ជាដើម។​

លោក​ ផែង​ ហេង​ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ ​«ពាក្យ​សម្តី​មួយ​ចំនួន​របស់​តំណាង​អយ្យការ​ដែល​សហ​មេធាវី​របស់​ឯក​ឧត្តម​ កឹម សុខា​ យល់​ថា​ ​វា​មិន​មែន​ជា​វិជ្ជាជីវៈ​ច្បាប់​ វា​ហាក់​បី​ដូច​ជា​គ្រាន់​តែ​ផ្លែផ្កា ​ឬ​របៀប​ខែង​រ៉ែង ​បង្ហាញ​នូវ​ចរិត​មួយ​ ដែល​មិន​សូវ​ជា​អាច​ទទួល​យក​បាន»។​

លោក​បន្ថែម​ថា៖ ​«នីតិ​វិធី​ដែល​តុលាការ​បាន​កំណត់​ យើង​ឃើញ​ថា​ ​វាសឹង​តែ​ថា​ចប់​ទៅ​ហើយ ​ព្រោះ​ អយ្យការ​ហាក់​មិន​មាន​ ភ័ស្តុតាង​ ឬ​មាន​វីដេអូ​ណា​ក្រៅ​ពី​វីដេអូ​ចាស់ៗ​ដដែល​ចាក់​៣​ទៅ​៤​ដង​ វីដេអូ​មួយៗ​ហ្នឹង»។ ​

រូប​ឯកសារ៖ មេធាវី​របស់​លោក កឹម សុខា លោក ​ផែង ហេង និយាយ​ជាមួយ​អ្នក​សារព័ត៌មាននៅខាង​មុខ សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿងលោក កឹម សុខា ស្តីពីបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
រូប​ឯកសារ៖ មេធាវី​របស់​លោក កឹម សុខា លោក ​ផែង ហេង និយាយ​ជាមួយ​អ្នក​សារព័ត៌មាននៅខាង​មុខ សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿងលោក កឹម សុខា ស្តីពីបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

ផ្តើម​ចេញ​ពី​ភាព​មិន​ចម្រើន​ទៅមុខ​នៃ​ការ​បង្ហាញ​ភ័ស្តុតាង​នេះ​ លោក ​ផែង ហេង ​យល់​ថា​ដំណោះស្រាយ​ដែល​ល្អ​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ អាច​បើក​លម្ហ​ប្រជាធិបតេយ្យ​តាម​អ្វី​ដែល​អន្តរជាតិ​ និង​ប្រទេស​មួយ​ចំនួន​ចង់​ឃើញ​នោះ​ ​គឺ​មាន​តែ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​ ដែល​ជា​ឆន្ទៈ​របស់​អ្នក​នយោបាយ​ ដែល​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖ ​«យើង​នៅតែ​មើល​ឃើញ​ថា រឿង​នេះ​វា​ជា​រឿង​នយោបាយ​មួយ​ ដែល​ការ​សម្រេច​អី​យ៉ាង​ណា​នោះ ​វា​នៅ​តែ​ផ្អែក​ទៅ​លើ​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច»។​

ខណៈ​សំណុំ​រឿង​លោក ​កឹម សុខា​ ស្ថិត​នៅ​ទ្រឹង​ក្នុង​តុលាការ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ លោក​ កឹម សុខា​ បន្ត​ជួប​ជាមួយ​ភ្ញៀវ​មិន​ដាច់​ផង​ដែរ។​ ហើយ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​គេ​សង្កេត​ឃើញ​លោក​ កឹម សុខា​ បាន​ជួប​ពិភាក្សា​ជាមួយ​អង្គទូត​នៃ​បណ្តា​ប្រទេស​ជា​ច្រើន ដែល​រួមមាន​ លោក ​Josep Borrell Fontelles ​តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ច​ការ​បរទេស​ និង​គោល​នយោបាយ​សន្តិសុខ​ លោក ​KANO Takehiro ​អគ្គ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ាន​និង​អាស៊ី​បូព៌ា ​និង​ជា​ឧបការី​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន ​អ្នកស្រី ​Penny Wong ​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី ​លោក​ Antony BLINKEN ​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ និង​ជួប​ជាមួយ​អង្គ​ទូត​នៃ​ប្រទេស​ប្រជា​ធិបតេយ្យ​មួយ​ចំនួន​ទៀត។​

លោក​ Josep Borrell Fontelles ​បាន​ថ្លែង​តាម​ប្រព័ន្ធ​ Twitter​ ថា​ ការ​កាត់​ក្តី​ដ៏​យូរ​អង្វែង​របស់​លោក​កឹម សុខា ​ត្រូវ​តែ​ត្រូវ​បាន​ដោះស្រាយ​ ដើម្បី​ឱ្យ​លោក​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ ​២០២៣ ​ហើយ​ការ​ស្ដារ​ឡើង​វិញ​នូវ​សិទ្ធិ​នយោបាយ​របស់​លោក​ កឹម សុខា​ នឹង​រួម​ចំណែក​ដល់​ដំណើរការ​បោះឆ្នោត​បែប​ប្រជា​ធិបតេយ្យ​ ដែល​ពលរដ្ឋ​គ្រប់រូប​ត្រូវ​បាន​រាប់​បញ្ចូល។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ប្រទេស​កម្ពុជា​គួរ​តែ​ដោះ​ស្រាយ​បញ្ហា​លម្ហ​នយោបាយ​នេះ​ឱ្យ​បាន​ឆាប់​ និង​ស្របទៅ​នឹង​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ឈរ​នៅ​តែ​ម្នាក់​ឯង​ និង​បាត់​បង់​ប្រយោជន៍​ផ្សេង​ទៀត។​

លោក​ថ្លែង​ថា៖​ «សហគមន៍​អន្តរជាតិ​ចង់​ឱ្យ​មាន​បើក​លម្ហ​សេរី​ភាព​សម្រាប់​លោក ​កឹម សុខា ​បើក​សម្រាប់​គណបក្ស​ប្រឆាំង​ចូល​រួម​ឱ្យ​បាន​ទូលាយ​ [ដូច]​មុន​ព្រឹត្តិ​ការណ៍​ឆ្នាំ​២០១៧​ ហើយ​កម្ពុជា​យើង​អត់​អាច​ត្រឡប់​ទៅ​វិញ​បាន​ទេ។​ ​ ខ្ញុំ​គិត​ថា​ កម្ពុជា​អាច​រង​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ ដែល​ពាក់​ព័ន្ធ​នឹង​អត្ថ​ប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​លោក​ខាង​លិច​ហ្នឹង»។​

អ្នក​វិភាគ​នយោបាយ​លោក​ សេង​ សារី​ ថ្លែង​ថា​ ការ​ពន្យារ​ពេល​រឿង​ក្តី​នេះ ​កំពុង​បង្ក​ផល​ប៉ះពាល់​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ទាំង​មូល ​និង​ថា ​លោក ​កឹម សុខា​ផ្ទាល់​ត្រូវ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ​ បើ​សិន​លោក​ចង់​បន្ត​ជីវិត​នយោបាយ​របស់​លោក។​

លោក​ថ្លែង​ថា៖ ​«រឿង​ក្តី​លោក​ កឹម សុខា ​បើ​សិន​ជា​ក្នុង​ករណី​លោក​ កឹម សុខា​ មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ទេ​ ខ្ញុំ​គិត​ថា​ជីវិត​នយោបាយ​របស់​លោក​ កឹម សុខា នឹង​ត្រូវ​បាន​បញ្ចប់​ ហើយ​ពិបាក​នៅ​ក្នុង​ការ​កសាង​កម្លាំង​នយោបាយ​ឡើង​វិញ»។ ​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត ​មើល​មិន​ឃើញ​ពី​ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​សំណុំ​រឿង​លោក​កឹម សុខា​ ​ដោយសារ​តែ​ភាគី​ខាង​ព្រះ​រាជ​អាជ្ញា ​គ្រាន់​តែ​ចាក់​ឃ្លីប​វីដេអូ​ខ្លីៗ​រួច​អះអាង​ថាជា​ភ័ស្តុតាង​និង​លើក​ជា​សំណួរ​ជុំវិញ​ឃ្លីប​វីដេអូ​ទាំង​នោះ​ ហើយ​លោក​ កឹម សុខា ​ពេល​ខ្លះ​ឆ្លើយ​ និង​ពេល​ខ្លះ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាំង​នោះ។​

បន្ថែម​ពី​នេះ ​លោក​កត់​សម្គាល់​ថា​ អង្គ​ទូត​នៃ​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​ភាគ​ច្រើន​ យល់​ថា​នេះ​រឿង​នេះ​ ជា​រឿង​នយោបាយ​ ដូច្នេះ​គួរ​តែ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​ដើម្បី​បញ្ចប់​សំណុំ​រឿង​នេះ។

លោក​បញ្ជាក់​ថា៖ ​«ជាក់​ស្តែង​ពេល​ខ្លះ ​គ្រាន់​ជា​សំណួរ​ឌឺដង​រវាង​ព្រះរាជ​អាជ្ញា​ជាមួយ​ជន​ជាប់​ចោទ​ រវាង​ព្រះរាជ​អាជ្ញា​ជាមួយ​មេធាវី ហើយ​អត់​មាន​ទៅ​មុខ​ទេ។ ​យើង​មើល​ជា​រួម​គឺ​អត់​ទៅ​មុខ​...។យើង​មើល​មួយ​ទៀត​ គឺ​ការ​ចូល​រួម​ពី​អង្គទូត​ ពី​អង្គការ​ហាក់​បី​ដូច​ជា​មាន​ការ​ថយ​ចុះ​ ដោយ​សារ​តែ​ទាំង​អស់​គ្នា​ គេ​យល់​ថា ​រឿង​នេះ​ជា​រឿង​នយោបាយ។ ​ អ៊ីចឹង​ហើយ​គួរតែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​ វា​មាន​ការ​ប្រសើរ»។​

អ្នក​នាំពាក្យ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​ប្លង់ សុផល​ ប្រាប់​វីអូអេ​នៅ​សប្តាហ៍​នេះ​ថា ​ មេធាវី​ការ​ពារក្តី​ឱ្យ​លោក ​កឹម សុខា ​គួរ​តែ​តតាំង​គ្នា​នៅ​ក្នុង​សវនាការ​ពាក់​ព័ន្ធ​ភ័ស្តុតាង​ជា​ជាង​ការ​វាយ​ប្រហារ​នៅ​ខាង​ក្រៅ​សវនាការ​យ៉ាង​ដូច្នេះ។ ​

លោក​លើក​ឡើង​ជា​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​តាម​អត្ថន័យ​ដើម​ថា៖ ​«នេះ​ជា​ការ​យល់​ឃើញ​ ​ហើយ​ក៏​ជា​ទម្លាប់​របស់​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ជាប់​ចោទ​ ដែល​តែងតែ​លើក​ហេតុផល​ដើម្បី​វាយ​ប្រហារ​នៅ​ខាង​ក្រៅ​សវនាការ ​បើ​ទោះ​បី​ជា​សវនាការ​ប្រព្រឹត្ត​ល្អ​យ៉ាង​ណាក៏​ដោយ»។​

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន ​បាន​ហៅ​លោក​ កឹម សុខា ​ថា​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ ដែល​ជាហេតុ​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​សម្រួល​ឱ្យ​មាន​ការ​ចរចា​តាម​ផ្លូវ​នយោបាយ​ឡើយ។​

លោក​ថ្លែង​ថា៖​ «យើង​អត់​មាន​នឹក​ឃើញ​អ្វី​ចរចា​នយោបាយ​ទេ​ ពីព្រោះ​ កឹម សុខា​ ជា​អ្នក​នយោបាយ។​ ហើយ​មិន​មែន​ធ្វើ​នយោបាយ​សុចរិត​ឯណា?​ ធ្វើ​នយោបាយ​ទុច្ចរិត ​ដោយ​ចង់​លេង​ផ្លូវ​កាត់​ ផ្តួល​រលំ​រាជ​រដ្ឋាភិបាល​ តាម​បដិវត្តន៍​ពណ៌​ហ្នឹង​ឯង។​ អ៊ីចឹង​បាន​ជាប់​ពិរុទ្ធ​ភាព​នៅ​ក្នុង​ផ្លូវ​តុលាការ។​ ដូច្នេះ​ឱ្យ​ងាក​ទៅ​ក្រោយ​ ទៅ​រក​រឿង​នយោបាយ​ជជែក​ជា​រឿង​នយោបាយ​ម៉េច​កើត?​វា​អត់​ទៅរួច​ទេ​ អាហ្នឹង»។​

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​លោក​ កន សាវាង្ស​ យល់​ថា​ ក្តីក្តាំ​របស់​លោក​ កឹម សុខា ​ដែល​អូស​បន្លាយ​ពេល​តាំង​ពី​ឆ្នាំ​២០១៧​មក​នោះ ​មិន​ត្រឹមតែ​កាត់​បន្ថយ​សិទ្ធិ​សេរីភាព​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​កឹម សុខា​នោះ​ទេ​ តែ​បង្ក​ឱ្យ​មាន​បរិយាកាស​អាប់អួ​ក្នុង​នយោបាយ​នៅ​កម្ពុជា​ថែម​ទៀត​ផង។

លោក​ថ្លែង​ថា៖ ​«មិន​ថា​តែពាក់​ព័ន្ធ​ជាមួយ​ឯកឧត្តម​ កឹម សុខា ​ទេ​គឺ​ថា​ ​វារឿង​ផ្សេងៗ​ទៀត​ ជាពិសេស​សកម្មជន​គណបក្ស​នយោបាយ​ដែល​ជា​អតីត​របស់​គណបក្ស​ប្រឆាំង​ គឺ​ថា​ ​វាធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​បរិយាកាស​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត។​ ​វា​ពិត​ជា​មាន​ ពីព្រោះ​សេរីភាព​អស់​ហ្នឹង​មិន​ត្រូវ​បាន​ពិនិត្យ​មើល ​និង​បើក​ឱ្យ​បាន​ទូលំ​ទូលាយ​នោះ​ទេ»។​

អ្នក​គាំទ្រ​មួយ​ចំនួន​របស់​លោក​ កឹម សុខា​បាន​អះអាង​កន្លង​មក​ថា​ ក្តីក្តាំ​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ដែល​បាន​អូស​បន្លាយ​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ​ ល្មម​ដល់​ពេល​បញ្ចប់​ ដើម្បី​អ្វី​ដែល​ពួក​គេ​យល់​ថា​ ជា​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ ក្នុង​នោះ​គឺ​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្ម​ពី​ប្រទេស​ប្រជា​ធិបតេយ្យ​ដូច​ជា​សហគមន៍​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​ជាដើម៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG