ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ​ជូនពរ​ខួប​កំណើត​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដៃគូ​ប្រជែង​នយោបាយ


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

មេដឹកនាំ​ក្រុម​ជំទាស់​លោក​ សម រង្ស៊ី ​បាន​បញ្ចេញ​សារ​ជូនពរ​ខួប​កំណើត​ ៧០ ​ឈាន​ចូល​៧១​ឆ្នាំ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ជា​ដៃគូ​ប្រជែង​នយោបាយ​ដ៏​ស្រួច​ស្រាល់​បំផុត​ ទោះ​ជាប់​បណ្តឹង​ក្តីក្តាំ​ផ្ទាល់​ខ្លួន​និង​បណ្តឹង​រឿង​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី។

លិខិត​របស់​លោក ​សម រង្ស៊ី ​កើត​ឡើង​ខណៈ​ដែល​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ Antony Blinken បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ​ហើយ

បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បើក​លម្ហ​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ​ឡើង​វិញ​ នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០២៣​ ជាមួយ​គ្នា​ដែល​លោក​រដ្ឋមន្ត្រី​បាន​ជួប​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដោយ​ផ្ទាល់​លើ​បញ្ហា​តំបន់​និង​សកល​ជាច្រើន ​មុនពេល​ជួប​ជាមួយ​លោក ​កឹម សុខា​ជា​មេដឹកនាំ​ក្រុម​ជំទាស់​ដ៏​សំខាន់​ផង​នោះ។

នៅ​ក្នុង​លិខិត​មួយ​ដែល​គេ​ប្រទះ​ឃើញ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៥​សីហា​នេះ​ ក្រៅ​ពី​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ឲ្យ​ធ្វើ​ច្បាប់​ដាក់​មន្ត្រី​រាជការ​រួម​ទាំង​ផ្នែក​នយោបាយ​ផង​ឲ្យ​ចូល​និវត្តន៍​ត្រឹម ​អាយុ​៧០​ឆ្នាំ ​ដើម្បី​ផ្តល់​ឳកាស​ដល់​មនុស្ស​ជំនាន់​ក្រោយ ​លោក ​សម រង្ស៊ី ​បាន​ចាប់ផ្តើម​សារ​លិខិត​របស់​លោក​តាម​ខ្លឹមសារ​ដើម​ថា៖

«ក្នុង​ឱកាស​ខួប​កំណើត​៧០ ​របស់​សម្តេច​ថ្ងៃ​នេះ​ ខ្ញុំ​សូម​ជូនពរ​ឲ្យ​សម្តេច​មាន​សុខភាព​ល្អ ​អាយុ​យឺនយូរ​និង​ស្គាល់​តែ​សុភមង្គល​ក្នុង​គ្រួសារ​រហូត​ដល់​កូន​ចៅ​គ្រប់​រូប»។

នៅ​ក្នុង​សារ​ដដែល​ដែល​ធ្វើ​ចេញ​ពី​ទីក្រុង​ប៉ារីស​ ហើយ​ដាក់​រូបថត​អង្គុយ​ជាមួយ​គ្នា​ គឺ​លោក ​សម រង្ស៊ី​និង ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ផង​នោះ ​បាន​លើក​យក​គំរូ​នៅ​វៀតណាម​ដែល​មន្ត្រី​រដ្ឋការ​ក្នុង​មុខ​តំណែង​មុខងារ​សាធារណ:​ទាំងអស់​ ត្រូវ​កំណត់​ឲ្យ​ចូល​និវត្តន៍​អាយុ​ត្រឹម​៦៥​ឆ្នាំ​ ដោយ​គ្មាន​ការ​លើកលែង។

លោក​ សម រង្ស៊ី ​ចាត់​ទុក​ថា​ការ​ ការ​ធ្វើ​ច្បាប់​នេះ​ជា​ការ​ផ្តល់​តម្លៃ ​និង​ ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​រាប់​ម៉ឺន​នាក់​បន្ត​តំណែង​ក្នុង​កម្រិត​ទទួល​ខុសត្រូវ​កាន់តែ​ខ្ពស់ ​ហើយ​ស្រប​តាម​តម្រូវការ​ដែល​លោក​ថា​ប្រទេស​កម្ពុជា​ត្រូវការ​កម្លាំង​យុវជន​ជំនាន់​ថ្មី​ ដើម្បី​នាំ​មក​ឈាម​ថ្មី ​និង​គំនិត​ថ្មី​ សម្រាប់​ដំណើរការ​វឌ្ឍនភាព​ និង​គ្មាន​ការ​រាំង​ស្ទះ​ដោយសារ​តែ​ការ​មិន​ដក​ខ្លួន​ចេញ​ពី​មុខតំណែង​បច្ចុប្បន្ន​របស់​មនុស្ស​ចាស់។

គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​និង ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ចំពោះ​ការ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​កំណត់​អាយុ ​មន្ត្រី​រាជការ​ក្នុង​មុខងារ​សាធារណ:​គ្រប់​រូប​ ទាំង​ផ្នែក​នយោបាយ​ឲ្យ​ចូល​និវត្តន៍​ចាប់​ពី​អាយុ​៧០ឆ្នាំ​ឡើង​ទៅ​ ចំ​ថ្ងៃ​ខួប​កំណើត​ ៧០​ ឈាន​ចូល​៧១​ឆ្នាំ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​លោក ​សម រង្ស៊ី ជូនពរ​នោះ​ទេ។

លោក​ សម រង្ស៊ី ​កំពុង​ជាប់​ចោទ​ដោយ​តុលាការ​កម្ពុជា​ជាច្រើន​ករណី​រួម​ទាំង​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បណ្តឹង​ផ្ទាល់​ខ្លួន​មួយ​ចំនួន​នៅ​តុលាការ​បារាំង​ និង ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​និង​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ផងដែរ ​ក្នុង​ពេល​លោក​សម រង្ស៊ី ស្ថិត​នៅ​និរទេស​ខ្លួន​ជាច្រើន​ឆ្នាំ​ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ​២០១៧​មុន​ការ​បោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៨។

គេ​មិន​ទាន់​ដឹង​ថា​តើ​សារ​ជូនពរ​ខួប​កំណើត ​៧០ ​ឈាន​ចូល​៧១ឆ្នាំ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នឹង​អាច​ជួយ​ឲ្យ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ត្រឡប់​ទៅ​កាន់​ភាព​ប្រក្រតី​វិញ​ឬ​តានតឹង​ឬ​ក៏​លោក សម រង្ស៊ី អាច​វិល​មក​កាន់​កម្ពុជា​វិញ​ នោះ​យ៉ាង​ណា​ទេ​ ក្នុង​ពេល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ ហើយ​និង​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ថ្នាក់​មេដឹកនាំ​ប្រទេស​ និង​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​ ក្នុង​ប្រទេស​កម្ពុជា​នៅ​ខែ​វិច្ឆិកា៕

XS
SM
MD
LG