ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​គាំទ្រ​លោក​ កឹម សុខា ទទូច​ឱ្យ​តុលាការ​បញ្ចប់​ក្តីក្តាំ​«ដែល​មាន​ហេតុផល​នយោបាយ»​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​​​​​​​​​​​​​​​​​​​


លោក កឹម សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​លើក​ដៃ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​ ២៧​ ខែកក្កដា ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)
លោក កឹម សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​លើក​ដៃ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​ ២៧​ ខែកក្កដា ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)

លោក ​កឹម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ បាន​មក​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដូច​សព្វ​ដង​ ដើម្បី​តទល់​ជាមួយ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ ដែល​អូស​បន្លាយ​ពេល​ជិត​៥​ឆ្នាំ។

សវនាការ​ថ្ងៃ​ពុធ​នេះ​ គឺ​ជា​សវនាការ​លើក​ទី​៥០​ ហើយ​តុលាការ​នៅ​ខកខាន​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ជា​ដុំ​កំភួន​គាំទ្រ​ដល់​ការ​ចោទប្រកាន់​លើ​លោក​ កឹម សុខា ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។ បទ​ចោទ​នេះ​អាច​ឱ្យ​លោក​ជាប់​ពន្ធនាគារ​ពី​១៥​ ទៅ​៣០​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា​លោក​មាន​ទោស។

ក្រុមអ្នកគាំទ្រលោក​កឹម សុខា​ ប្រមូលផ្តុំ​គ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ពុធ​ ទី​២៧ ខែ​កក្កដា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី​/វីអូអេ)
ក្រុមអ្នកគាំទ្រលោក​កឹម សុខា​ ប្រមូលផ្តុំ​គ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ពុធ​ ទី​២៧ ខែ​កក្កដា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី​/វីអូអេ)

អ្នកគាំទ្រ​មួយ​ចំនួន​របស់​លោក​ កឹម សុខា​ បាន​អះអាង​ថា​ក្តីក្តាំ​ដែល​អូស​បន្លាយ​ពេល​មក​ជា​យូរ​ឆ្នាំនេះ​ ល្មម​ដល់​ពេល​បញ្ចប់​ ដើម្បី​អ្វី​ដែល​ពួក​គេ​យល់​ថា​ជា​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ។

លោក ​គឹម ហោ​ អាយុ​៤០​ឆ្នាំ អតីត​ចៅសង្កាត់​រង​ទី​១​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ទំនប់​ទឹក​ នៅ​ខណ្ឌ​ចំការមន​ ដែលឥឡូវ​ក្លាយ​ជា​សង្កាត់​របស់​ខណ្ឌ​បឹងកេងកង និយាយ​ថា​ តុលាការ​គួរ​តែ​បិទ​បញ្ចប់​សំណុំ​រឿង​លោក​កឹម​ សុខា​ «ដែល​មាន​លក្ខណៈ​នយោបាយ»មួយ​នេះ ព្រោះ​លោក​ជឿ​ថា​ លោកកឹម សុខាជា​ជន​ស្លូត​ត្រង់​និង​មិន​ប្រព្រឹត្ត​ល្មើស​ដូច​អ្វី​ដែល​តុលាការ​ចោទ​ទេ។

បើ​តាម​លោក ​គឹម ហោ​ បើ​សិន​តុលាការ​បន្ត​នីតិវិធី​កាត់​ក្តី​សំណុំរឿង​នយោបាយ​នេះ​ទៀត​ អ្នក​ដែល​ខាត​ប្រយោជន៍​ខ្លាំង ​គឺ​ប្រជាពលរដ្ឋ​សាមញ្ញដែល​កំពុង​បាន​អត្ថប្រយោជន៍​ពីការគាំទ្រ​ខាងពាណិជ្ជកម្ម​ពីប្រទេស​ប្រជា​ធិបតេយ្យ​ដូច​ជា​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ជាដើម។

លោក ​គឹម ហោ​ អាយុ​៤០​ឆ្នាំ អតីត​ចៅសង្កាត់​រង​ទី​១​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ទំនប់ទឹក​ និយាយ​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​
លោក ​គឹម ហោ​ អាយុ​៤០​ឆ្នាំ អតីត​ចៅសង្កាត់​រង​ទី​១​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ទំនប់ទឹក​ និយាយ​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​

លោក​ប្រាប់​វីអូអេ​នៅ​ក្រៅ​របង​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ «ថ្មីៗ​នេះ អឺរ៉ុប​ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក​ ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា​ បើ​សិន​បើ​ ទម្លាក់​ការ​បទ​ចោទ​មក​លើ​ ​កឹម សុខា​ ហើយ​អនុញ្ញាត​ឱ្យ​គាត់​ ផ្តល់​ឱកាស​ឱ្យ​គាត់​ធ្វើ​នយោបាយ​ដើម្បី​បម្រើ​ប្រទេស​កម្ពុជា​ឡើង​វិញ​ អាហ្នឹង​គឺអ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង​ក៏ដូច​ជា​សម្ពាធ​ ក៏​ដូចជាទណ្ឌកម្ម​ទាំង​ឡាយ​គឺគេ​នឹង​ផ្តល់​ជូន​មកកម្ពុជា​វិញ​ដូច​ដើម»។ ​

គួរ​រំឭក​ឡើងវិញ​ផង​ដែរ​ថា​ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២២​នេះ​ សមាជិក​សភា​របស់​សហភាព​អឺរ៉ុប​ច្រើន​លើស​លប់​ បាន​បោះឆ្នោត​សម្រេច​លើ​ញត្តិ​មួយ​ដែល​បាន​បង្ហាញ​ការព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​ និង​បាន​ជំរុញ​ឱ្យ​គណៈ​កម្មការ​អឺរ៉ុប​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ឋានៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ឬ​ EBA ​ទាំង​ស្រុង​ប្រសិន​បើ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​មិន​មាន​ភាព​សេរី និង​យុត្តិធម៌។ ពួកគេ​ក៏​ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា​ អតីតអនុ​ប្រធាន​ទី​២​នៃ​សភា​ជាតិ​ផង​ដែរ។

លោក ​ហ៊ុន កុសល​ អ្នកគាំទ្រ​ដែល​មាន​ភក្តីភាព​នឹង​លោក ​កឹម សុខា ប្រាប់​ក្រុម​អ្នកកាសែត​ថា តុលាការ​មិន​ទាន់​បង្ហាញ​ភ័ស្តុតាង​ណាមួយ​ដែល​អាច​បញ្ជាក់​ថា មេដឹកនាំ​នយោបាយ​រូបនេះប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ទេ​ ហើយ​អំឡុង​ពេល​នៃការ​បើក​សវនាការ​ជា​បន្តបន្ទាប់​នេះ​ តុលាការ​បាន​ត្រឹម​ចាក់​បញ្ចាំង​ភ័ស្តុតាង​វីដេអូ​មួយ​ចំនួន​ និង​សួរ​ច្រំដែលត្រឡប់​ចុះ​ត្រឡប់​ឡើង។ ដូច្នេះ​លោក​ជឿថា​ លោក ​កឹម សុខា ​គ្មាន​កំហុស​ទេ។

លោក ​ហ៊ុន កុសល​ អ្នកគាំទ្រ​ដែលមាន​ភក្តីភាព​នឹង​លោក ​កឹម សុខា ផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នកកាសែត​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ​ ២០២២។​ (ហ៊ុល រស្មី/វីអូអេ)​
លោក ​ហ៊ុន កុសល​ អ្នកគាំទ្រ​ដែលមាន​ភក្តីភាព​នឹង​លោក ​កឹម សុខា ផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នកកាសែត​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ​ ២០២២។​ (ហ៊ុល រស្មី/វីអូអេ)​

លោក​និយាយ​ថា៖ «ជាក់​ស្តែង​លោក​កឹម សុខា​ មាន​ទោស​ក្បត់​ជាតិ​មក​ពី​ណា? គាត់​ធ្វើ​អ្វី​ក៏ដោយ​ ឈរ​លើ​គោលការណ៍​យុត្តិធម៌​ត្រឹម​ត្រូវ​សុចរិត​ភាព​ ហើយ​គិត​តែ​ពីបញ្ហា​ជាតិ​រក​តែ​ដំណោះស្រាយ​ ជាពិសេស​គឺការ​ប្រកាន់​យក​នូវ​ទស្សនៈ​នយោបាយមិន​យក​ខ្មែរ​ណា​ជា​សត្រូវ»។

ជុំវិញ​លទ្ធភាព​ដែល​កម្ពុជា​អាច​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​បន្ថែម​ទៀត​ ឬ​ការ​ឈប់​ផ្តល់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP ​របស់​សហរដ្ឋ​អាមេរិក​ លោក​ ហ៊ុន កុសល​ បកស្រាយ​ថា រឿង​នេះ​ ត្រូវ​ផ្អែក​លើ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​ប្រាប់​វីអូអេ​បន្ថែម​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា៖​ «រដ្ឋាភិបាល​ទេ​ ដែល​ជា​អ្នក​បាន​ធ្វើ​ឱ្យ​មាន​ការ​រាំង​ស្ទះ​ និង​ជាប់​គាំង​នូវ​ដំណើរ​ការ​លទ្ធិប្រជា​ធិបតេយ្យ ជាប់​គាំង​នយោបាយ​ ហើយ​ប្រទេស​លោក​សេរី​ គេ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ស្រុង​ទៅ​លើ​លោក​ កឹម ​សុខា​ ដែល​ជា​បុគ្គល​ ជា​មនុស្ស​ស្អាត​ស្អំ​ដូច​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​បញ្ជាក់»។ ​

សហ​មេធាវីការពារ​ក្តី​លោក ​កឹម សុខា​ មួយ​រូប​គឺ​លោក​ ផែង​ ហេង​ ប្រាប់​វីអូអេថា​ក្រុមអ្នក​ការពារក្តី​ឱ្យ​លោក កឹម​សុខា ផ្តើម​មាន​ការ​ធុញ​ទ្រាន់​នឹង​ការ​បង្ហាញ​ភ័ស្តុតាង​ដដែល​ៗ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាតុកម្ម​មុន​ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ និង​សួរ​តែ​សំណួរ​ដដែលៗ ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​នោះ។ ការណ៍​នេះ​នាំ​ឱ្យ​លោក​អះអាង​ថា​ការ​សួរ​ដេញ​ដោល​លោក កឹម សុខា ​ត្រូវ​តែ​បញ្ចប់​ហើយ។

លោក​និយាយ​ថា៖​ «ខ្ញុំ​មិន​មែន​ថា​ គួរតែ វា​ត្រូវ​តែ​បញ្ចប់​ឱ្យ​បាន​លឿន​ ព្រោះ​ថា​រឿង​វា​អូស​រាប់​ឆ្នាំ​មកហើយ​ ហើយ​សវនាការ​រហូត​ដល់ទៅ​៥០​លើក​បាត់​ទៅ​ហើយ​...រឿង​ហ្នឹង​យើង​ជា​មេធាវី​ យើង​ក៏​មាន​ការ​ធុញទ្រាន់​ណាស់​ដែរ​ វា​យូរ​ពេក​ អូស​បន្លាយ​យូរ​ពេក​ ហើយ​ដដែលៗ​ សំណួរ​ខ្លះ​ក៏​សឹង​តែ​ថា​ ជា​សំណួរ​ប្រចាំ​ទៅ​ហើយ»។

យ៉ាង​ណា​ក៏​ដោយ​ អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ​ប្លង់ សុផល​ បញ្ជាក់​តាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាម​ថា​ការ​លើកឡើង​របស់​សហ​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា​ «ជា​ការ​លើក​ឡើង​របស់​គាត់​តែ​ម្ខាង​ប៉ុណ្ណោះ​ហើយ​ក៏​មិនមែន​ជា​លើក​ទី​១​ដែរ សវនាការ​នឹង​បន្ត​ធ្វើ​តាម​នីតិវិធី​ច្បាប់»។ ​

លោក​ កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​កន្លង​មក​ទាំង​លោក កឹម សុខា​ និង​សហរដ្ឋ​អាមេរិក​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូងចម្រាស​នេះ។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការ​ផ្តល់​ឡើង​វិញ​នូវ​សេរីភាព​ និង​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ចូល​រួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ នេះ​បើ​តាម​ការ​អត្ថាធិប្បាយ​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក​ W. Patrick Murphy ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Twitter ​កាល​ពី​ខែ​មីនា​កន្លង​ទៅ។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក​ លោក ​យី សុខសាន្ត និយាយ​ជា​មួយ​ក្រុម​អ្នកសារព័ត៌មាន​ ក្រោយ​សវនាការ​លើក​ទី​៥០​របស់​លោក​កឹម សុខា​ ថ្ងៃទី​២៧ ខែកក្កដា​ ឆ្នាំ​ ២០២២​។ (ហ៊ុល រស្មី/វីអូអេ)
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក​ លោក ​យី សុខសាន្ត និយាយ​ជា​មួយ​ក្រុម​អ្នកសារព័ត៌មាន​ ក្រោយ​សវនាការ​លើក​ទី​៥០​របស់​លោក​កឹម សុខា​ ថ្ងៃទី​២៧ ខែកក្កដា​ ឆ្នាំ​ ២០២២​។ (ហ៊ុល រស្មី/វីអូអេ)

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក ​យី សុខសាន្ត ប្រាប់​អ្នកកាសែត​ បន្ទាប់​ពី​សវនាការ​លើក​ទី​៥០​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិលោក កឹម សុខា​ថា​ មិន​មាន​ភ័ស្តុតាង​ជាក់​លាក់​ដែល​អាច​យក​មក​ដាក់​បន្ទុក​លើ​លោក​ កឹម សុខា​ ក្រៅ​តែ​ពី​ភ័ស្តុតាង​ជា​ឃ្លីប​វីដេអូ​មួយចំនួន​ បង្ហាញ​ពី​សកម្មភាព​បាតុកម្ម​ និង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក​កឹម សុខា​ និង​សហ​ស្ថាបនិក​មួយ​រូប​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ហើយ​ បាន​ជាថ្ងៃនេះ​ មួយ​ព្រឹក​នេះ​ នៅពេល​ដែល​បកស្រាយ​អំពី​វោហារសាស្ត្រ​ សូម្បី​តែ​ព្រះរាជ​អាជ្ញា​ ពេល​ខ្លះ​ក៏​លោក​ថា​ អត់​ទាន់​យល់​ច្បាស់ ថា​តើ​ស្អី​ទៅ​វោហារសាស្ត្រ​នយោបាយ​? អ្វីទៅ​ដែល​ជា​សារ​នយោបាយ ចំណុច​ហ្នឹង​ដែល​ធ្វើ​ឱ្យ​សវនាការ​នេះ វាអូស​បន្លាយ​មក​ដល់​ពេលនេះ​ ហើយ​រាប់​ឆ្នាំ​ហើយ​ដែល​មិន​ចេះ​ចប់​។ ក្នុងនាម​ ខ្ញុំ​សង្គម​ស៊ីវិល​ ខ្ញុំយល់​ថា​គួរ​តែ​ដោះស្រាយ​គ្នា​តាម​ផ្លូវ​នយោបាយ​ទៅ​វា​ឆាប់​ចប់​»។

បើ​តាម​លោក ផែង ហេង​ សហ​មេធាវី​ការពារ​លោក កឹម សុខា​ សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​មិន​មាន​អ្វី​ថ្មី​ទេ​ព្រោះ​អយ្យការ​សុំ​ចាក់​វីដេអូ​និយាយ​នៅ​ទីលានប្រជាធិបតេយ្យ​ជា​ថ្មី​ម្តង​ទៀត​ និង​សួរ​លោក​ កឹម សុខា «ជម្រេញ» អំពី​គោល​បំណង​បាតុកម្ម​ និង​សួរ​ថា​លោក​ សម រង្ស៊ី​ និយាយ​នឹង​យ៉ាង​ម៉េច ​ផ្តាច់​ព្រាត់ ២៩​ធ្នូ? រៀប​ចំ​រដ្ឋាភិបាល​នឹង​ម៉េច? និង​សួរ​ថា​តើ«​ហេតុអី​លោក កឹម សុខា ឱ្យ​គេ​ជួយ​ស្បៀង​ទៅ​[ឱ្យ​បាតុករ​វេងស្រេង]?»៕

XS
SM
MD
LG