ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវ​ភៅ​រឿង​ប្រឌិត​មួយ​បង្ហាញ​ពី​ការ​បែក​គំនិត​គ្នា​ ក្រោយ​ការ​វាយ​ប្រហារ​លើ​ប្រទេស​បារាំង


សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ Soumission​ ដោយ​អ្នក​និពន្ធ​បារាំង​ Michel Houellebecq​ ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ហាង​លក់សៀវភៅ​មួយ​នៅ​ទីក្រុង​ប៉ារីស​ កាល​ពីថ្ងៃទី​៧ ខែ​មករា ឆ្នាំ២០១៥។
សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ Soumission​ ដោយ​អ្នក​និពន្ធ​បារាំង​ Michel Houellebecq​ ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ហាង​លក់សៀវភៅ​មួយ​នៅ​ទីក្រុង​ប៉ារីស​ កាល​ពីថ្ងៃទី​៧ ខែ​មករា ឆ្នាំ២០១៥។

ខណៈ​ដែល​ប្រទេស​បារាំង​មាន​ការ​តក់​ស្លុត​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​បន្ត​គ្នា​កាល​ពី​សប្តាហ៍​មុន​ សៀវភៅ​ប្រលោម​លោក​មួយ​ដែល​និយាយ​អំពី​ប្រទេស​បារាំង​ក្រោម​ច្បាប់​ Sharia​ របស់​សាសនា​អ៊ីស្លាម​ បាន​ដាក់​លក់​នៅ​តាម​ហាង​លក់​សៀវភៅ។​ ការ​បោះ​ពុម្ព​សៀវភៅ​នេះ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា​ Submission​ និង​ជា​ភាសា​បារាំង​ថា​ Soumission​ របស់​លោក​ Michel​ Houellebecq​ គឺ​ជា​រឿង​ដ៏​ចៃដន្យ​ ប៉ុន្តែ​ឥឡូវ​សៀវភៅ​ប្រលោម​លោក​នេះ​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​ការ​តស៊ូ​មតិ​គ្នា​មួយ​អំពី​អត្តសញ្ញាណ​របស់​ប្រទេស​បារាំង។​

ហាង​សៀវភៅ​ Gibert​ Jeune​ នៅ​ទីក្រុង​ ប៉ារីស​ គឺ​ស្ទើរ​តែ​គ្មាន​មនុស្ស​នៅ​ពេល​ល្ងាច​មួយ។​ មាន​ភ្ញៀវ​ពីរ​បី​នាក់​បាន​ដើរ​មើល​សៀវភៅ​អក្សរសាស្ត្រ។​ ប៉ុន្តែ​ សៀវភៅ​មួយ​គំនរ​ដែល​មាន​ក្រប​ពណ៌​ក្រហម​ និង​ស​ មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ទាល់​តែ​សោះ​ រហូត​ដល់​ពេល​ដែល​អ្នក​ស្រី​ Jacqueline​ Buades​ បញ្ចេញ​ការ​យល់​ស្រប​ជាមួយ​នឹង​សៀវភៅ​នេះ។​

អ្នក​ស្រី​ Buades​ ចូល​ចិត្ត​អ្នក​និពន្ធ​ Michel​ Houellebecq។​ លោក​ Houellebecq​និយាយ​អំពី​សាសនា​អ៊ីស្លាម​ ដែល​ជា​ប្រធាន​បទ​មួយ​ដែល​អ្នក​ស្រី​ចាប់​អារម្មណ៍។​ អ្នក​ស្រី​ Buades​ កើត​នៅ​ប្រទេស​ Algerie​ ដែល​មាន​ម្តាយ​ជា​ជនជាតិ​ជ្វីហ្វ។​ អ្នក​ស្រី​ចូល​ចិត្ត​ស្មារតី​របស់​លោក​ Houellebecq​ ដែល​ចូលចិត្ត​បង្ក​ហេតុ​ ហើយ​លោក​ស្រី​ក៏​ជា​អ្នក​បង្ក​ហេតុ​ដែរ។​

សៀវភៅ​ប្រលោម​លោក​ថ្មី​បង្អស់​របស់​លោក​ Houellebecq​ ដែល​ដាក់​គរ​គ្នា​នៅ​ក្នុង​ហាង​លក់​សៀវភៅ​ ក្រោម​ចំណង​ជើង​ថា​ Soumission​ ជា​ភាសា​បារាំង​ ឬ​Submission ជា​ភាសា​អង់គ្លេស។​ មុន​ពេល​សៀវភៅ​នេះ​ត្រូវ​បាន​បោះ​ពុម្ព​កាល​ពី​សប្តាហ៍​មុន​ សៀវភៅ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​សាធារណៈ។​ សៀវភៅ​ប្រលោម​លោក​នេះ​ប្រឌិត​ថា​ នៅ​ឆ្នាំ​២០២២​ ប្រទេស​បារាំង​នឹង​មាន​គណបក្ស​អ៊ីស្លាម​ដែល​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​តែង​តាំង​ប្រធានាធិបតី។​

កាល​ពី​មុន​ លោក​ Houellebecq​ បាន​បង្ក​ភាព​ចម្រូង​ចម្រាស់​រួច​ទៅ​ហើយ។​ លោក​ត្រូវ​បាន​គេ​ប្តឹង​ ហើយ​ត្រូវ​បាន​កាត់​សេចក្តី​ឲ្យ​រួច​ទោស​ ពី​បទ​បំបះ​បំបោរ​ឲ្យ​មាន​អំពើ​ហិង្សា​ខាង​ពូជ​សាសន៍។​ មាន​ម្តង​នោះ​ លោក​បាន​ហៅ​សាសនា​អ៊ីស្លាម​ថា​ជា​ «ជំនឿ​ដ៏​ល្ងង់​ខ្លៅ​បំផុត»​ បើ​ទោះ​បី​ជា​ថ្មីៗ​នេះ​លោក​បាន​បន្ទន់​ឥរិយាបថ​របស់​លោក​ ដោយ​និយាយ​ថា​គម្ពី​កូរ៉ាន​ មិន​ជា​អាក្រក់​ណាស់​ណា​ទេ។​

ប៉ុន្តែ​ ការ​បោះពុម្ព​រឿង​ប្រលោម​លោក​ Submission​ ត្រូវ​បាន​រំខាន​ដោយ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ។​ សៀវភៅ​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​តាម​បណ្ណាគារ​ក្នុង​ថ្ងៃ​ដែល​ភេរវជន​អ៊ីស្លាម​បាន​វាយ​ប្រហារ​ការិយាល័យ​ទស្សនាវដ្តី​ Charlie​ Hebdo​ នៅ​ទីក្រុង​ប៉ារីស។​ លោក​ Houellebecq​ ដែល​បាន​និយាយ​ជាមួយ​បណ្តាញ​សារព័ត៌មាន​ដើម្បី​ផ្សព្វ​ផ្សាយ​សៀវភៅ​របស់​លោក​ បាន​បាត់​ខ្លួន​មិន​បញ្ចេញ​មតិ​មួយ​រយៈ​ ទាក់​ទង​នឹង​ហេតុការណ៍​នេះ។​

ប៉ុន្តែ​ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍​បារាំង​ពេល​យប់​មុន​ការ​វាយ​ប្រហារ​នោះ​ លោក​ Houellebecq​ បាន​និយាយ​ថា​ ករណី​ដែល​គណបក្ស​អ៊ីស្លាម​មិន​ជ្រុល​និយម​ឡើង​កាន់​អំណាច​នៅ​ប្រទេស​បារាំង​អាច​ទៅ​រួច។​ ក្នុង​សៀវភៅ​របស់​លោក​ ប្រទេស​បារាំង​ដែល​ឋិត​នៅ​ក្រោម​ច្បាប់​អ៊ីស្លាម​ Sharia​ ទំនង​ជា​មិន​អាក្រក់​ណាស់​ណា​ទេ។​

លោក​ Houellebecq​ និយាយ​ថា​ ផ្នែក​ដំបូង​នៃ​រឿង​ប្រលោម​លោក​ Submission​ អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ័យ​ខ្លាច។​ ប៉ុន្តែ​ អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​ឡើង​កាន់​អំណាច​សំខាន់​បំផុត​គឺ​ជា​អ្នក​នយោបាយ។​ អ្នក​នោះ​ជា​បុរស​មាន​មហិច្ឆតា​ខ្ពស់​ និង​មាន​ប្រាជ្ញា​ឈ្លាសវៃ។​

ក្រោយ​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​សប្តាហ៍​មុន​ ការ​ភ័យ​ខ្លាច​បំផុត​របស់​ប្រជាជន​បារាំង​អំពី​សាសនា​អ៊ីស្លាម​ជ្រុល​និយម​ បាន​ក្លាយ​ជា​ការពិត។​ ប៉ុន្តែ​ ការ​វាយ​ប្រហារ​នេះ​ក៏​បាន​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព​ដ៏​អស្ចារ្យ​មួយ​ដែរ។​ ខណៈ​ដែល​ប្រទេស​បារាំង​បាន​ដើរ​ឆ្ពោះ​ទៅ​មុខ​ សៀវភៅ​របស់​លោក​ Houellebecq​ គឺជា​ផ្នែក​នៃ​សំណួរ​មួយ​ ថា​តើ​ប្រទេស​បារាំង​នឹង​ឆ្លើយ​តប​ទៅ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ដោយ​ភាព​ភ័យ​ខ្លាច​ និង​ការ​ស្អប់​ជន​បរទេស​ ឬ​ក៏​ដោយ​ស្មារតី​ទទួល​យក​ជំនឿ​ អត្តសញ្ញាណ​ និង​វប្បធម៌​ចម្រុះ?​

កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ​ សាមគ្គីភាព​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ប្រជាពលរដ្ឋ​បារាំង​ជា​ច្រើន​លាន​នាក់​ ដែល​បាន​ដើរ​ដង្ហែរ​ក្បួន​ក្នុង​ប្រទេស​របស់​ខ្លួន​ ដើម្បី​គាំ​ទ្រ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ដើម្បី​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម។​

នៅ​ទីក្រុង​ប៉ារីស​ បាតុករ​ជា​ច្រើន​រួម​មាន​យុវតី​ Amina​ Tadjouri​ អាយុ​១៧​ឆ្នាំ​ បាន​លើក​បង្ហាញ​កាសែត​ជី្វហ្វ​មួយ​ក្បាល។​

នាង​និយាយ​ថា៖​ «ខ្ញុំ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ហើយ​ខ្ញុំ​ប្រឆាំង​នឹង​ការ​សម្លាប់​មនុស្ស។​ អ្នក​កាន់​សាសនា​ជី្វហ្វ​ និង​អ៊ីស្លាម​ មិន​ព្រម​ធ្វើ​ជា​សត្រូវ​និង​គ្នា​ទេ។​ ហើយ​យើង​មិន​បណ្តាល​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ដោយ​សារ​តែ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ទេ។​ មនុស្ស​គ្រប់​គ្នា​គួរ​តែ​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាតិ​ឲ្យ​និយាយ​ពី​អ្វី​ដែល​គេ​ចង់​និយាយ»។​

មេដឹកនាំ​បារាំង​កំពុង​តែ​ផ្ញើ​សារ​ពី​ការ​រួប​រួម​គ្នា។​ លោក​នាយករដ្ឋមន្ត្រី​ Manuel​ Valls​ បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រទេស​បារាំង​មិន​មែន​ដូច​លោក​ Houellebecq​ ទេ​ គឺ​មិន​មែន​ជាប្រទេស​មិន​ចេះ​អត់​អោន​ មាន​ការ​ស្អប់​ខ្ពើម​ និង​ភាព​ភ័យ​ខ្លាច​ទេ។​

អ្នក​រិះ​គន់​និយាយ​ថា​ សៀវភៅ​របស់​លោក​ Houellebecq​ ក៏ដូច​គ្នា​នឹង​រូប​ថ្លុក​សាសនារបស់​ទស្សនាវដ្តី​ Charlie​ Hebdo​ បាន​ដំឡើង​កម្រិត​ព្រំដែន​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។​ ទស្សនាវដ្តី​បាន​បោះពុម្ព​សារ​ជា​ថ្មី​ម្តង​ទៀត​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​ចម្អក​ព្យាការី​ Muhammed​ ដដែល។​ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ពោះ​ ទស្សនា​វដ្តី​នេះ​បាន​លក់​អស់។​

អ្នក​ស្រី​ Defne​ Gursoy​ បាន​រក​មើល​ទស្សនាវដ្តី​ Charlie​ Hebdo​ នៅ​កន្លែង​លក់​ទស្សនា​វដ្តី​តាម​ដង​ផ្លូវ។​ គាត់​ជា​អ្នក​ចូល​ចិត្ត​អាន​ ប៉ុន្តែ​មិន​និយម​អាន​សៀវភៅ​របស់​លោក​ Houellebecq​ ទេ​ ប៉ុន្តែ គាត់​និយាយ​ថា​ ទាំង​ទស្សនាវដ្តី​ Charlie​ Hebdo​ ទាំង​សៀវភៅ​របស់​លោក​ Houellebecq​ បាន​បង្ហាញ​ពី​សេរីភាព​ក្នុង​ការ​បញេ្ចញ​មតិ។​

អ្នក​ស្រី​និយាយ​ថា៖​ «ទាំង​ទស្សនាវដ្តី​ Charlie​ Hebdo​ ទាំង​សៀវភៅ​របស់​លោក​ Houellebecq​ គឺជា​រឿង​ប្រឌិត​ឡើង។​ ក្នុង​រឿង​ប្រលោមលោក​ មេឃ​គ្មាន​ដែន​កំណត់​ទេ​ ថា​ទៅ​អ្វីៗ​គ្មាន​ដែន​កំណត់​ទេ។​ សម្ផស្ស​នៃ​រឿង​ប្រលោមលោក​ គឺ​ថា​យើង​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់»។​

ប៉ុន្តែ​ អ្នក​កាន់​សាសនា​ម៉ូស្លីម​ភាគ​ច្រើន​ភ័យ​ខ្លាច​នឹង​ប្រតិកម្ម​ខ្លាំង​មក​លើ​ពួក​គេ បន្ទាប់​ពី​ព្រឹត្តិការណ៍​វាយ​ប្រហារ​កាល​ពី​សប្តាហ៍​មុន។​ លោក​ Abdallah​ Zekri​ ដែល​ជា​ប្រធាន​អង្គភាព​អង្កេត​ជាតិ​ប្រឆាំង​នឹង​ការ​ភ័យ​ខ្លាច​នឹង​សាសនា​អ៊ីស្លាម​ ឲ្យ​ដឹង​ថា​ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ វិហារ​អ៊ីស្លាម​ និង​និមិត្ត​រូប​សាសនា​អ៊ីស្លាម​មួយ​ចំនួន​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ។​ លោក​ថា​ រឿង​ប្រលោមលោក​របស់​លោក​ Houellebecq​ និង​ទស្សនាវដ្តី​ Charlie​ Hebdo​ នឹង​បន្ត​បង្ក​ហេតុ​ទៅ​មុខ​ទៀត។​

លោក Zekri​ និយាយ​ថា​ អ្នក​កាន់​សាសនា​ម៉ូស្លីម​ជាតិ​បារាំង​ធុញ​ទ្រាន់​ដែល​ខ្លួន​ត្រូវ​បាន​មើល​ងាយ​ និង​ជា​អ្នក​រង​កំហុស​សម្រាប់​អ្វី​ដែល​បាន​កើត​មាន​ឡើង។​ ទាក់​ទង​នឹង​ករណី​ដែល​ថា​ប្រទេស​បារាំង​អាច​នឹង​ឋិត​នៅ​ក្រោម​មេ​ដឹក​នាំ​ម៉ូស្លីម​តាម​រឿង​ប្រលោមលោក​របស់​លោក​ Houellebecq​ នោះ​ ចម្លើយ​របស់​លោក​ Zekri​ គឺថា​ វា​អាច​ទៅ​រួច។​ លោក​ថា​ សហរដ្ឋ​អាមេរិក​មាន​លោក​ បារ៉ាក់​ អូបាម៉ា​ ជា​មេដឹក​នាំ​ស្បែក​ខ្មៅ​ ដូច្នេះ​ វា​គ្មាន​បញ្ហា​អ្វី​ទេ​ ក្នុង​ការ​ជ្រើស​តាំង​ប្រធានាធិបតី​ម៉ូស្លីម​ក្នុង​ប្រទេស​បារាំង។​

អ្នក​សង្កេត​ការណ៍​ យល់​ស្រប​ថា​ សៀវភៅ​របស់​លោក​ Houellebecq​ បង្ក​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ និង​ភាព​លំអៀង​របស់​ប្រជាពលរដ្ឋ​បារាំង​ ដូច​ជា​លោក​ Francklin​ Boulot​ ដែល​បាន​ចូល​រួម​ដើរ​ដង្ហែរ​ក្បួន​កាល​ពី​ថ្ងៃ​អាទិត្យ​ មិន​មែន​ដើម្បី​គាំ​ទ្រ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ​ តែ​ដើម្បី​ប្រឆាំង​នឹង​ជំនឿ​របស់​សាសនា​ម៉ូស្លីម។​

លោក​ និយាយ​ថា​ សាសនា​អ៊ីស្លាម​ចង់​បំផ្លាញ​សង្គម​បារាំង​ ហើយ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​សម្លាប់​ប្រជាពលរដ្ឋ​បារាំង។​

ដូច្នេះ ភាព​តាន​តឹង​នឹង​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ប្រទេស​បារាំង​ ដែល​ទំនង​ជា​បង្ហាញ​ថា​ ការ​រួប​រួម​គ្នា​ដ៏​កម្រ​ក្រោយ​ពី​ការ​វាយ​ប្រហារ​កាល​ពី​សប្តាហ៍​មុន​អាច​នឹង​ត្រូវ​បាន​សាប​រលាប​ទៅ​ហើយ៕​

ប្រែ​សម្រួល​ដោយ​នាង​ ទែន​ សុខស្រីនិត

XS
SM
MD
LG