ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ីស្រាអែល​ធ្វើ​បុណ្យ​សព​ដល់​ជន​ជាតិ​ជ្វីស​៤​នាក់​ដែល​ស្លាប់​ពី​ការ​វាយ​ប្រហារ


អ្នក​កាន់​ទុក្ខ​ម្នាក់​កាន់​រូប​ថត​នៃ​ជន​រងគ្រោះ​ពី​ការវាយ​ប្រហារ​នៅ​ក្នុង​ហាង​លក់​គ្រឿង​ទេស​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​សព​រួម​គ្នា​មួយ​នៅ​ក្នុង​ទីក្រុង​ Jerusalem កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥។

សព​របស់​ជន​រងគ្រោះ​អំបូរ​ជាតិ​ជ្វីស​៤​នាក់​ពី​ការវាយ​ប្រហារ​ភេរវកម្ម​កាល​ពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង​ប៉ារីស​ ឥឡូវ​នេះ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រាអែល ដែល​នៅ​ទី​នោះ​ក្រុមមន្រ្តី​រដ្ឋ​កំពុង​ចូល​រួម​ពិធី​បុណ្យ​សព​រួម​គ្នាមួយ​នៅ​ថ្ងៃ​អង្គារ​នេះ។

សព​របស់​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ ​ហាង​លក់​គ្រឿង​ទេស​សម្រាប់អាហារ​ជន​ជាតិ​ជ្វីសកាល​ពី​ថ្ងៃ​សុក្រ​នោះ​ ​បាន​មក​ដល់​ចំណត​អាកាសយាន​អន្តរជាតិ Ben Gurion នៅ​ថ្ងៃ​អង្គារ​នេះ​ ហើយ​នឹង​ត្រូវ​បញ្ចុះនៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។ លោក​នាយករដ្ឋ​មន្រ្តី Benjamin Netanyahu ​នឹង​ចូល​រួម​ពិធី​បុណ្យ​សព​នោះ​រួម​ជាមួយ​ឥស្សរៈជន​សាធារណៈ​ផ្សេងៗ​ទៀត។

​លោក​នាយករដ្ឋ​មន្រ្តី Netanyahu ​បាន​ធ្វើ​ឲ្យ​មាន​ភាពចម្រូង​ចម្រាស់​ក្នុង​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ពេល​ដែល​លោក​បាន​ជំរុញ​ឲ្យ​ជន​ជាតិ​បារាំង​ដើម​កំណើត​ជ្វីសទៅ​រស់​នៅ​ប្រទេស​អ៊ីស្រាអែល ​ដើម្បី​បញ្ចៀស​នូវ​អ្វី​ដែល​លោក​ហៅ​ថា ការ​កើន​ឡើងនូវ​រលក​នៃ​ការប្រឆាំង​អំបូរ​ជាតិ​ជ្វីស។

​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​លោក​ប្រធានា​ធិបតី​បារាំងFrancois Hollande កំពុង​ចូល​រួមពិធី​បំពាក់​មេដាយ​ឥស្សរិយយស Legion Honor of Medal បច្ឆាមរណៈ​ដល់​មន្រ្តី​ប៉ូលីស​៣​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ។

ស្រប​ពេល​នោះ​ដែរ ​ចាងហ្វាង​ទស្សនាវដ្តី​រូប​ត្លុក​កំប្លែង​បារាំង​ Charlie Hebdo ដែល​ជា​គោលដៅ​នៅ​ក្នុង​ការប្រហារភេរវកម្ម​ដំបូង​កាល​ពី​ថ្ងៃ​ពុធ​នោះ​ និយាយ​ថា ​រូប​ព្យាការី​ម៉ូហាម៉ាដ​ (Muhammad) ​នឹង​ត្រូវ​បាន​ធ្វើ​ជា​រូបក្រប​មុខ​ទស្សនាវដ្តី​សម្រាប់​ការចេញ​ផ្សាយ​លេខ​ក្រោយ​ ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ។​ នៅ​ក្នុង​ការបង្ហាញ​រូបភាព​ឲ្យ​ឃើញ​ជា​មុន​ទៅ​បណ្តាញ​សារព័ត៌មាន​ក្នុង​សប្តាហ៍​នេះ គេ​ឃើញ​រូប​ក្របមុខនោះ​បង្ហាញ​ពីព្យាការី​កាន់​បដា​ដែល​និយាយ​ថា «ខ្ញុំ​គឺ​ជា​Charlie» ក្រោម​ចំណង​ជើង​ថា «អ្វី​ទាំង​អស់​ត្រូវ​បាន​លើក​លែង​ទោស​»៕

XS
SM
MD
LG