ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហូឡង់​ដឹក​នាំ​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ក្បួន​ដង្ហែ​រួបរួម​មួយ​


ប្រធានាធិបតី​បារាំង​លោក Francois Hollande (កណ្តាល) ជាមួយ​នឹង​មេដឹកនាំ​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ដឹកនាំ​ក្បួន​ដង្ហែ​មួយ​ប្រឆាំង​នឹង​ភេរវកម្ម​។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) ​បាន​ដឹកនាំ​ក្រុមមនុស្ស​រាប់សែន​នាក់​ក្នុង​រយៈពេល​ខ្លី​មួយ​ក្នុង​ការ​ដើរ​តាម​វិថី​នៃ​ក្រុងប៉ារីស​ (Paris) នៅ​ក្នុង​មហា​បាតុកម្មមួយ​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ក្រុម​ជន​រងគ្រោះ​នៃ​ការ​វាយប្រហារភេរវកម្ម​កាល​ពី​សប្តាហ៍​មុន​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១៧​នាក់​ស្លាប់។

ក្រុម​ប្រមុខ​រដ្ឋ​មក​ពី​ទ្វីប​អឺរ៉ុប​ ភូមិភាគ​មជ្ឈឹមបូព៌ា​និង​ទ្វីប​អាហ្វ្រិក បាន​កាន់​ដៃ​គ្នា​ដើម្បី​បង្កើត​ជា​ជួរមនុស្ស​ជាមួយ​លោក​ Hollande ​នៅ​ពេល​មាន​ហ្វូង​មនុស្ស​កើន​ច្រើនទ្បើងៗបន្ត​ដំណើរ​ពី​ក្រោយ​នៅ​ក្នុង​ការ​ធ្វើ​ក្បួន​ដង្ហែ​ “ឯកភាព"។នៅ​ក្នុង​ចំណោម​ក្រុម​មេដឹកនាំ​ពិភពលោក​ច្រើន​នាក់​រួមមាន​នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក David Cameron ​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​លោក Matteo Renzi , នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​លោក Mariano Rajoy លោក​ស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu លោក​ប្រធានាធិបតីម៉ាលី​លោក​ Ibrahim Boubacar Keita ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក​ Mahmoud Abbas និងប្រធានាធិបតីអ៊ុយក្រែន​លោក​Petro Poroshenko ។​

ក្រុម​មន្ត្រី​បារាំង​បាន​ហៅ​ការ​សម្លាប់​រង្គាល​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មករា​នៅ​ក្នុង​ការិយាល័យ​នៃទស្សនាវដ្តី​ត្លុក​ប្រចាំសប្តាហ៍ Charlie Hebdo ​និង​ការវាយ​ប្រហារដ៏​ប្រល័យ​នៅ​ពេល​បន្ត​បន្ទាប់​ថា​ជា​សកម្មភាព​ភេរវកម្ម។​វីដេអូ​មួយ​របស់​ជនម្នាក់​ក្នុង​បណ្តា​ក្រុម​ជន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដែល​បាន​លេច​ទ្បើង​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ក្រោយ​ការ​ស្លាប់​របស់​ជន​រូប​នោះ​បាន​ពណ៌នា​ការ​សម្លាប់​ទាំង​នេះ​ថា​ជា​ពៀរ​វេរាសម្រាប់​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​ស.រ.អ.​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​នៅ​ក្នុងនោះប្រទេស​បារាំង​ជា​ដៃគូមួយដែរ។​

វីដេអូ​នេះ​បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ដែល​គេជឿ​ថា​មាន​ឈ្មោះ​ Amedy Coulibaly ដែល​ក្រុម​ប៉ូលិស​បារាំង​និយាយ​ថា​មានទាក់​ទិន​នឹង​ការ​បាញ់​ប្រហារ​ប៉ូលិស​ស្រី​ម្នាក់​និង​ការ​ទ្បោម​ព័ទ្ធ​ដ៏ប្រល័យ​នៃហាង​លក់​ម្ហូបអាហារ​ kosher របស់​ក្រុម​ជន​អំបូរជីព្វ​ នៅ​ក្រោយ​ការ​វាយប្រហារ​ក្នុង​ការិយាល័យ​ទស្សនាវដ្តី​Charlie Hebdo។​

ក្រុម​ប៉ូលិស​បារាំង​ក៏​បានប្រកាស​កាល​ពី​ថ្ងៃអាទិត្យ​ផងដែរ​ថា​កាំភ្លើងដែល​បាន​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​ហាងលក់​ម្ហូប​ kosher នៅ​ក្នុង​ក្រុង​ប៉ារីស​ កាលពី​ថ្ងៃសុក្រ​ជាកាំភ្លើង​តែមួយដែល​បានត្រូវ​ប្រើ​សម្រាប់​ធ្វើការ​វាយ​ប្រហារ​ដែល​បាន​បង្ក​ឲ្យ​អ្នក​រត់​ហាត់​ប្រាណ​ម្នាក់ត្រូវ​របួសធ្ងន់​កាល​ពី​ពីរ​ថ្ងៃ​មុន​នោះ។​

ឈ្មោះ​ Coulibaly ត្រូវ​បាន​សម្លាប់​នៅ​ពេល​ក្រុមប៉ូលិស​ឆ្មក់​ចូល​លុក​ក្នុង​ហាង​លក់​ម្ហូបនោះ។​ចំណាប់​ខ្មាំង​បួន​នាក់ត្រូវ​បាន​សម្លាប់​នៅ​ក្នុងការ​វាយប្រហារ​នោះ៕

XS
SM
MD
LG