ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាហ្វហ្គានីស្ថាន​ងាក​ទៅ​ប្រទេស​ចិន​និង​ប្រទេស​ផ្សេងទៀត ពេល​​ទំនាក់ទំនង​ជាមួយ​អាមេរិក​មិន​ប្រាកដប្រជា


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ជួប​ជាមួយ​ប្រធាន​ផ្នែក​នយោបាយ​របស់​ក្រុម​តាលីបង់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​លោក Mullah Abdul Ghani Baradar នៅ​ទីក្រុង Tianjin ប្រទេស​ចិន កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

ក្រុម​មន្ត្រី​សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ការ​ទាក់ទង​របស់​សហ​រដ្ឋ​អាមេរិក​ជា​មួយ​ពួក​អ្នក​គ្រប់គ្រង​ក្រុម​តាលីបង់​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន ​បាន​ចូល​ក្នុង​ដំណាក់ការ​មិន​ប្រាកដប្រជា​ថ្មី​មួយ ​នៅពេល​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក ​បន្ត​ធ្វើការ​ជម្លៀស​ពលរដ្ឋ​អាមេរិកាំង​ប្រហែល​១​រយ​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ​នៅ​ឡើយ។​

ក្នុង​ខណៈ​នោះ​ដែរ ​ក្រុម​មន្ត្រី​តាលីបង់​បាន​បង្ហាញ​ថា រដ្ឋាភិបាល​របស់​ខ្លួន​ដែល​ទើប​តែ​កកើត​ បាន​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ចិន ​និង​ប្រទេស​ផ្សេង​ទៀត។​

អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី ​Jen Psaki ​បាន​បញ្ជាក់​ថា ​សហ​រដ្ឋ​អាមេរិក​លែង​គ្រប់គ្រង​ដែន​អាកាស​ប្រទេស​អាហ្វហ្គានីស្ថានហើយ។ ​លោក​ស្រី​បាន​និយាយ​ថា ​រហូត​មក​ទល់​ពេល​នេះ ​មនុស្ស​៣១.១០៧នាក់​នៃ​មនុស្ស ១​សែន​ ២​ម៉ឺន​នាក់ ​ត្រូវ​បាន​ដឹក​មកសហ​រដ្ឋ​អាមេរិក។​

មន្ត្រី​រដ្ឋបាល​សហ​រដ្ឋ​អាមេរិក​ បាន​ហៅ​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ​នេះ ​ជា​កិច្ចការធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ​ដែរ ​អ្នក​នាំពាក្យនៃ​ក្រុម​តាលីបង់ ​បាន​សរសេរសារលើបណ្តាញ​សង្គម​ Twitter ​ថា​ មន្ត្រី​កំពូល​តាលីបង់​ម្នាក់​ បាន​និយាយ​ជាមួយ​មន្ត្រី​កំពូល​របស់​ចិន។​


លោក ​Suhail Shaheen​ ជា​អ្នក​នាំពាក្យ​របស់​ក្រុម​នេះ ​បាន​និយាយ​នៅ​ក្នុង​សារ​តាម​ Twitter ​ថា ​«អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា​ ពួកគេ​នៅតែ​រក្សា​ទុក​ស្ថានទូត​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ​ដោយ​លោក​បន្ថែម​ទៀត​ថា ​ទំនាក់​ទំនង​របស់​យើង​នឹង​កើន​ឡើង​ បើ​ប្រៀបធៀប​ទៅ​នឹង​អតីតកាល»។​

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP ​បាន​រាយ​ការណ៍​ថា ​មិន​មាន​ការ​បញ្ជាក់​ភ្លាមៗពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។​

ក្រុម​មន្ត្រី​តាលីបង់​ផ្សេង​ទៀត​បាន​និយាយ​តាម ​Twitter ថា​ ពួកគេ​បាន​ធ្វើ​ជំនួប​ការទូត​ជាមួយ​ចក្រភព​អង់គ្លេស ​និង​អាល្លឺម៉ង់។ ​ប្រទេស​កាតា​ និង​តួកគី​ ​ក៏កំពុង​ជួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ថ្មី​រៀបចំ​អាកាស​យានដ្ឋាន​សំខាន់​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល។

លោក​ស្រី ​Psaki ​បាន​និយាយ​ថា ​សហ​រដ្ឋ​អាមេរិក​ ​ឥឡូវនេះ ​កំពុង​ឃ្លាំមើល​ និង​មិនទាន់​ធ្វើ​ការជាមួយ​រដ្ឋាភិបាល​ថ្មី​ ដែលគ្មាន​ការ​បោះឆ្នោត​នោះទេ។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ លោក ​Ned Price ​បាន​និយាយ​ថា ​ អង្គភាព​ការទូត​ ក៏​នឹង​ធ្វើការ​ដោយ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​ថ្មី​នោះ៕​

លោក Jeff Seldin និងអ្នកស្រី Cindy Saine នៃវីអូអេ​ រាយការណ៍បន្ថែម។

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដកស្រង់​ពី Agence France-Presse។​

XS
SM
MD
LG