ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ប្រភព​មួយ​ឲ្យ​ដឹង​ថា យន្តហោះ​កាតា​ដែល​ដឹក​ក្រុម​បច្ចេកទេស បាន​ចុះចត​នៅ​រដ្ឋធានី​កាប៊ុល


រូបឯកសារ៖ ច្រកចូល​មួយ​នៅក្នុង​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​កាប៊ុល​ដែល​មាន​ភាពទទេ មួយថ្ងៃ​បន្ទាប់ពី​កងទ័ព​អាមេរិក​ដកចេញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

យន្តហោះ​មួយ​គ្រឿង​របស់​ប្រទេស​កាតា បាន​ចុះចត​នៅ​រដ្ឋធានី​កាប៊ុល​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ពុធ ​ដោយ​បាន​ដឹក​ក្រុមអ្នក​បច្ចេកទេស​ដើម្បី​ពិភាក្សា​អំពី​ការបន្ត​ប្រតិបត្តិការ​នៅក្នុងព្រលាន​យន្តហោះ​ ​បន្ទាប់ពីក្រុម​តាលីបង់ចូល​គ្រប់​គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​មក។ នេះ​តាម​ប្រភព​ដែល​បាន​ដឹង​អំពី​បញ្ហា​នេះ​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រភព​នោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា «យន្តហោះ​មួយ​គ្រឿង​របស់​ប្រទេស​កាតា​ដែល​ដឹក​ក្រុម​អ្នក​បច្ចេកទេស បាន​ចុះចត​ក្នុង​រដ្ឋធានី​កាប៊ុល​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​ពីការបន្ត​កិច្ចប្រតិបត្តិការ​នៅ​ចំណត​អាកាសយានដ្ឋាន​មួយ​នេះ»។

ខណៈពេល​ដែល​មិនទាន់មាន​កិច្ច​ព្រមព្រៀងចុង​ក្រោយ​មួយ​ ស្តី​ពីការផ្តល់​ជំនួយឧបត្ថម្ភខាង​បច្ចេក​ទេសនោះ​ ក្រុមអ្នកបច្ចេក​ទេសរបស់​ប្រទេស​កាតា បាន​ផ្តួចផ្តើមនូវ​ការពិភាក្សា​នេះ​ ដោយ​ផ្អែកលើ​សំណើ​របស់​ភាគី​ម្ខាង​ទៀត។ «ការពិភាក្សា​នៅ​កំពុង​បន្ត​ធ្វើឡើង​ក្នុង​កម្រិត​សន្តិសុខ​ និង​ប្រតិបត្តិការ»។

ប្រភព​នោះបាន​បញ្ជាក់​ថា គោលដៅ​ គឺបន្ត​ជើង​ហោះហើរ​សម្រាប់​ទាំង​ជំនួយ​មនុស្សធម៌​ និង​ផ្តល់​សេរីភាព​នៃ​ការធ្វើដំណើរ រួម​ទាំង​ការបន្ត​កិច្ចខំប្រឹងប្រែង​ជម្លៀស​មនុស្ស​ផង​ដែរ។

ជន​បរទេស​ និងពលរដ្ឋអាហ្វហ្គានីស្ថាន​ជាង ១២៣.០០០ នាក់ បាន​រត់គេចចេញ​ពី​ប្រទេសអាហ្វហ្គានីស្ថាន​ នៅ​ក្នុង​កិច្ចប្រតិបត្តិការ​តាមអាកាស​ដែល​មាន​ភាព​វឹកវរ​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ​ ក៏ប៉ុន្តែមនុស្ស​ជាច្រើនអ្នកទៀត​ នៅ​តែ​ចង់ចាកចេញ​យ៉ាង​ខ្លាំង​ពី​ប្រទេស​នេះ​។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ចំណតអាកាសយានដ្ឋាន​ក្រុង​កាប៊ុល ស្ថិត​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជាច្រើន បាន​ត្រូវ​បំផ្លាញ។

ពួក​សកម្ម​ប្រយុទ្ធ​តាលីបង់ បាន​អបអរ​សាទរ​ដោយការ​បាញ់​កាំភ្លើង​ទៅ​លើ​អាកាស​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​កងទ័ព​សហរដ្ឋ​អាមេរិក​ចុង​ក្រោយ បាន​ចាក​ចេញពីរដ្ឋធានី​កាប៊ុល​ បន្ទាប់ពី​សង្គ្រាម​អស់​រយៈពេល​២ទសវត្សរ៍​កន្លង​មក។

ប្រទេស​កាតា បាន​ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​ការចរចា​រវាង​ក្រុម​តាលីបង់​ និង​សហរដ្ឋ​អាមេរិក ​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ និង​ជា​ចំណុច​ឆ្លងកាត់​សម្រាប់​ពួក​អ្នកភៀសខ្លួន​ប្រហែល​ ៤ម៉ឺន ​៣ពាន់​នាក់ ​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG