ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋធានី​កាប៊ុល​បន្ត​ដឹកនាំ​កិច្ច​ការ​ដដែល ​បន្ទាប់​ពី​ក្រុមតាលីបង់​បាន​ដណ្តើម​កាន់​កាប់​អំណាច


រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៥ នេះ បង្ហាញ​ពី​លោក Mohammad Daoud Sultanzoy អភិបាល​រដ្ឋធានី​កាប៊ុល ផ្ដល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។
រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៥ នេះ បង្ហាញ​ពី​លោក Mohammad Daoud Sultanzoy អភិបាល​រដ្ឋធានី​កាប៊ុល ផ្ដល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

លោក​ Mohammad Daoud Sultanzoy គឺជា​អភិបាល​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គា​នីស្ថាន​។ ស្របពេល​ដែល​ក្រុម​តាលីបង់​បន្ត​ឱ្យលោកកាន់​តំណែងជា​អភិបាល​រដ្ឋធានី​ដដែល​នោះ​ លោក​ក៏មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ក្រុម​ជីវពល​នេះ​ផង​ដែរ។

លោក​ Sultanzoy បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ក្នុងបទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​សេវា​អាហ្វហ្គានីស្ថាន​ថា៖​ «ប្រសិន​បើក្រុមតា​លីបង់​ពុំ​បាន​គិតគូរ​ពីបំណង​ប្រាថ្នា​របស់​ប្រជាជន​ទេ​នោះ​ គេ​នឹង​អាច​មើល​ឃើញ​ថាក្រុម​តាលីបង់​ជាក្រុម​ដែលគិត​តែពី​រឿង​សាសនា ក្រុម​ជនជាតិ​ដើម​ និង​ផល​ប្រយោជន៍​តំបន់តែ​ប៉ុណ្ណោះ​ ហើយ​កេរ្ដិ៍ឈ្មោះ​ក្រុមនេះ​ក៏នឹង​ខាតបង់​ទៅតាម​ហ្នឹងដែរ​»។

ជា​អ្នក​នយោបាយ​ដ៏ល្បីម្នាក់​ និង​ពុំជាប់​ពាក់ព័ន្ធ​នឹងក្រុម​តាលីបង់នោះ​ លោក​ Sultanzoy គឺជា​បុគ្គល​មួយរូប​ក្នុង​ចំណោម​មន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​ដែល​ក្រុមតាលី​បង់ឱ្យ​បន្ត​កាន់​មុខតំណែង​ដដែល​បន្ទាប់​ពី​ក្រុមនេះ​ ​បានគ្រប់​គ្រង​រដ្ឋធានី​កាប៊ុល​ទាំងស្រុង​នៅថ្ងៃ​ទី១៥​ ខែសីហា​ និង​ក៏ជា​ព្រឹត្តិ​ការណ៍​ដែល​ធ្វើ​ឱ្យ​ក្រុមតាលីបង់​បានក្តោបក្តាប់​ប្រទេស​ទាំងមូល​ផង​ដែរ។ អតីត​ថ្នាក់ដឹក​នាំភាគ​ច្រើននៃ​ប្រទេស​នេះ​ បាន​លាលែង​តំណែង ឬរត់ភៀស​ខ្លួនទៅ​ក្រៅ​ប្រទេស។

លោក​ Sultanzoy បាន​និយាយ​ថា​ក្រុម​តាលីបង់​បានទាក់​ទង​មក​លោក​តាមរយៈ​ទូរសព្ទ​ក្រោយ​ពេល​ដែល​ក្រុមនេះ​គេបាន​ឈានជើង​ចូល​រដ្ឋធានី​កាប៊ុល ដែល​មាន​ប្រជាជន​ជិត​៥លាននាក់​ និង​ស្នើឱ្យ​គាត់​បន្តកាន់​តំណែង​ដដែល​។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច​នេះថា៖ «ដូច្នេះ​ ខ្ញុំត្រូវ​ទៅ​ធ្វើការ​ធម្មតា​ ​បើ​ពុំមាន​ការ​ហាម​ប្រាម​អ្វី​ផង​ ខ្ញុំ​នឹង​បន្ត​ធ្វើការ​ធម្មតា។ នេះ​ក៏ជា​ប្រទេស​ខ្ញុំ​ដែរ។ ខ្ញុំមិន​បាន​ធ្វើការ​បម្រើ​ឱ្យ​ក្រុម​ឬបុគ្គល​ណាមួយ​ឡើយ។ ខ្ញុំធ្វើ​ការ​បម្រើ​ប្រជាជន​ក្នុងរដ្ឋធានី​នេះ។ ខ្ញុំ​មានដើម​កំណើត​នៅ​រដ្ឋធានី​កាប៊ុល។ ខ្ញុំនឹង​រស់នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ដដែល»។

ក្នុង​អាជីព​ជាអ្នក​បើក​យន្តហោះ​ដឹកអ្នក​ដំណើរ​និង​ធ្លាប់​ទទួល​ការបណ្តុះ​បណ្តាល​ជំនាញនេះ​មួយរូប​ដែរ​នោះ លោក​ Sultanzoy ក៏​ធ្លាប់​បម្រើការ​ជាសមាជិក​រដ្ឋសភា​អាហ្វហ្គានី​ស្ថាន​ពីឆ្នាំ២០០៥​ ដល់ឆ្នាំ​២០១០ និង​ធ្លាប់ឈរ​ឈ្មោះជា​បេក្ខភាព​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៤ ​ប៉ុន្តែ​ពុំទទួល​ជ័យ​ជម្នះ​ឡើយ​។ លោក​ Ashraf Ghani ដែល​ឈ្នះការ​បោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន​ក្នុងឆ្នាំ២០១៤​នោះ​ ​ក្រោយ​មកបាន​តែង​តាំង​លោក​ Sultanzoy ជាទីប្រឹក្សា​កំពូល​របស់​លោក​ ​មុនពេល​លោកត្រូវ​បានផ្តល់​តំណែង​ជាអភិបាល​រដ្ឋធានី​កាប៊ុល​ កាល​ពី​ខែ​មីនា ឆ្នាំ​២០២០​កន្លង​ទៅ។

ដូច​អតីត​សម្ព័ន្ធមិត្ត​ក្នុងក្រុម​លោក​ Ghani ផ្សេង​ៗ​ទៀត​ដែរ​ លោក​ Sultanzoy ក៏ធ្លាប់​បានរិះ​គន់លោក​អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ​ដែលបាន​រត់ភៀស​ខ្លួនទៅ​ក្រៅប្រទេស​ដោយពុំ​បានផ្តល់​ដំណឹង​ដល់សមាជិក​ក្នុងជួរ​រដ្ឋា​ភិបាល​របស់​លោក​នោះ​ឡើយ។

លោក​ Sultanzoy បាន​បញ្ជាក់​ថា៖ «ក្នុង​នាមជា​សមាជិក​ក្នុងជួរ​រដ្ឋាភិបាល​មួយ​រូបដែរ​ យើងគួរ​តែត្រូវ​បានគេ​ផ្តល់​ដំណឹង​ដែរ។ យ៉ាង​ហោច​ណាស់​ក៏​យើង​គួរ​មាន​ការ​ប្រជុំ​រួម​គ្នា​មួយ​ដែរ»។

នៅ​ក្នុង​សារ​វីដេអូ​មួយ​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយពីប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ កាល​ពី​ថ្ងៃទី១៨ ​ខែសីហាកន្លង​ទៅ ទីដែល​លោក Ghani កំពុង​រស់នៅ​ លោក​បាន​ការ​ពារ​ការ​សម្រេច​ចិត្ត​របស់លោក​ ដោយ​បក​ស្រាយ​ថា​ លោកត្រូវ​បាន​«បង្ខំ​ឲ្យ​ចាក​ចេញ» ​ពីប្រទេស​អាហ្វហ្គា​នីស្ថាន ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម។

លោក Sultanzoy ថ្លែង​ថា ខណៈ​ពេលដែល​ពិភពលោក​កំពុងខ្វាយ​ខ្វល់​ជម្លៀស​ពលរដ្ឋ​អាមេរិកាំង​ និង​អាហ្វ​ហ្គានីស្ថាន​រាប់ពាន់​នាក់​ចេញពី​រដ្ឋធានី​កាប៊ុល​ និង​ស្របពេល​ដែល​ប្រទេស​អាហ្វហ្គានីស្ថាន​ខ្លួនឯង​ពុំទាន់​មាន​រដ្ឋាភិបាល​ថ្មីនៅ​ឡើយ​នោះ​ មន្រ្តី​បម្រើការ​នៅ​សាលា​រដ្ឋធានី​កាប៊ុល​ បាន​បន្ត​ផ្តល់​សេវាចាំបាច់​នានា​ ។​ ​

លោក​បាន​បញ្ជាក់​ថា​៖ «គិតត្រឹម​ថ្ងៃនេះ​និងម្សិល​មិញ​ យើង​បាន​ដកចេញ​របាំង​បិទផ្លូវ​ និង​ផ្លូវ​ថ្មើរ​ជើង​ខ្លះ​ៗ។ នៅពេល​សន្តិសុខ​វិលមក​រកភាព​ប្រក្រតី​វិញ យើង​នឹង​រើ​របាំង​ចេញ​ទាំងស្រុង​តែម្តង»។

ក្នុង​សន្និសីទសារ​ព័ត៌មាន​ក្នុងរដ្ឋធា​នីកាប៊ុល​នៅថ្ងៃ​អង្គារ​កន្លង​ទៅ​ អ្នក​នាំពាក្យ​ក្រុមតា​លីបង់​លោក​ Zabihullah Mujahid បាន​និយាយ​ថា​ រដ្ឋបាល​រដ្ឋធានី​ក៏បាន​ផ្តើមបន្ត​ការងារ​ការប្រមូល​សំរាម​ឡើងវិញ​ដែរ។

លោក​ Sultanzoy បាន​បន្ថែមថា​៖ ទោះ​ជា​យ៉ាង​ណាក៏ដោយ​ ក៏នៅ​មាន​បញ្ហាជា​ច្រើន​ផង​ដែរ។ ឆ្លៀត​ឱកាស​ស្ថានភាព​អសន្តិសុខ​បែបនេះ​ ពលរដ្ឋ​មួយ​ចំនួន​បាន​ផ្តើមសាង​សង់​សំណង់​លំនៅដ្ឋាន​ខុសច្បាប់​នៅ​ពេល​យប់។

លោក​បាន​បន្តថា​ ខណៈ​ពេលដែល​ក្រុមតាលី​បង់ពុំទាន់​បង្កើតបាន​រដ្ឋាភិបាល​ថ្មីនៅ​ឡើយនោះ ក្រុមនេះ​ផ្តើម​ជ្រើសរើស​មន្រ្តី​ប៉ូលិស​ថ្មីជំនួស​មន្រ្តី​រាប់ពាន់​នាក់​ដែលបាន​លាឈប់​ការងារ​ក្រោយពេល​ដែល​ក្រុមសកម្ម​ប្រយុទ្ធ​នេះបាន​ដណ្តើមកាន់​កាប់​រដ្ឋធានី​កាប៊ុល។ អ្នកនាំ​ពាក្យក្រុម​តាលីបង់​លោក​ Mujahid បាន​និយាយ​ថាអតីត​ប្រធានផ្នែក​ប៉ូលិស​ចរាចរណ៍​រដ្ឋធានី​កាប៊ុល​ ត្រូវ​បាន​រក្សា​ឱ្យកាន់​តំណែង​ដដែល​ផងដែរ​។

លោក​ Sultanzoy បាន​បកស្រាយ​ថា៖ «រដ្ឋធានី​កាប៊ុល​ជាទី​ក្រុង​រដ្ឋាភិ​បាល។ ស្ថាប័ន​រដ្ឋាភិបាល​មួយនេះ​ ត្រូវ​តែ​បន្តឱ្យ​មាន​ដំណើរ​ការ​ទៅ​មុខ។ ហេតុ​ដូច្នេះ​ហើយ​ បានជា​ខ្ញុំមិន​បោះបង់​ការងារ​ខ្ញុំទេ​ ពីព្រោះ​ប្រសិន​បើខ្ញុំ​បោះ​បង់​ វា​នឹង​បង្ហាញ​ពីភាព​ពុំទទួល​ខុស​ត្រូវ​របស់​ខ្ញុំ ហើយ​ វា​នឹងក្លាយ​ជា​អំពើ​ក្បត់​ជាតិ​មួយ​»៕

ប្រែ​សម្រួល​ដោយ​លោក កោះ​ សុគ​ន្ធី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG