ក្រុមតាលីបង់ (Taliban) កាលពីថ្ងៃអង្គារ បានសាទរការចាកចេញរបស់កងកម្លាំងអន្តរជាតិពីប្រទេសអាហ្វហ្គានីស្ថាននិងការវិលត្រឡប់របស់ពួកគេមកកាន់អំណាចវិញ ថាជា «មេរៀនដ៏ធំមួយសម្រាប់អ្នកឈ្លានពានដទៃទៀត» ដោយពួកគេបានជំរុញឲ្យសហរដ្ឋអាមេរិកនិងពិភពលោកទាំងមូលទទួលស្គាល់ការដឹកនាំរបស់ខ្លួន។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានថ្លែងដូច្នេះក្នុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីយន្តហោះយោធាអាមេរិកចុងក្រោយបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីកាប៊ុល។
នៅពេលថ្លែងទៅកាន់អ្នកយកព័ត៌មាននៅវាលអាកាសយានដ្ឋាន លោក Mujahid បានអបអរសាទរប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន និងបានប្រកាសថា ការចាកចេញរបស់យោធាបរទេសគឺជាជ័យជម្នះ «របស់យើងទាំងអស់គ្នា»។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសបានលុកលុយប្រទេសដែលហែកហួរដោយសារសង្គ្រាមមួយនេះកាលពីជិត ២០ ឆ្នាំមុន ហើយបានបណ្តេញក្រុមតាលីបង់ចេញពីអំណាចដោយសារតែក្រុមនេះអនុញ្ញាតឲ្យបណ្តាញភេរវជនអាល់កៃដា (al-Qaida) រៀបចំការវាយប្រហារលើសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ ២០០១។
ក្រុមតាលីបង់បានសន្យាម្តងហើយម្តងទៀតថានឹងរៀបចំប្រព័ន្ធអភិបាលកិច្ចដែលមានភាពអធ្យាស្រ័យនិងទូលំទូលាយជាងមុន បើប្រៀបធៀបជាមួយនឹងការកាន់អំណាចកាលពីលើកដំបូងរបស់ពួកគេពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ ដោយនៅពេលនោះ ក្រុមនេះបានអនុវត្តប្រព័ន្ធយុត្តិធម៌ឃោរឃៅ រារាំងស្ត្រីអាហ្វហ្គានីស្ថានមិនឲ្យធ្វើការក្រៅផ្ទះ និងរារាំងកុមារីមិនឲ្យទទួលបានការអប់រំ។
នៅពេលថ្លែងនៅក្នុងសិក្ខាសាលាមួយនៅក្នុងទីក្រុងកាប៊ុលទាក់ទិននឹងការដកកងទ័ពបរទេសចេញពីអាហ្វហ្គានីស្ថាន លោក Mujahid បានអំពាវនាវឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ការគ្រប់គ្រងរបស់ក្រុមតាលីបង់ និងជួយពួកគេដោះស្រាយវិបត្តិជាច្រើនដែលប្រទេសអាហ្វហ្គានីស្ថានកំពុងប្រឈម៕