យ៉ាងហោចណាស់ មានវេជ្ជបណ្ឌិតអាហ្វហ្គានីស្ថានចំនួន៣នាក់ និងអ្នកបើកបររបស់ពួកគាត់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងការផ្ទុះមួយ នៅផ្នែកខាងត្បូងទីក្រុងកាប៊ុល ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃអង្គារ ខណៈពួកគេ កំពុងជិះរថយន្តទៅធ្វើការនៅទីតាំងពន្ធនាគារមួយដែលធំបំផុតរបស់ប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរពន្ធនាគារ Pul-e-Charkhi បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មានដ៏រន្ធត់នេះ ដែលអគ្គនាយកស្តីទីនៃនាយកដ្ឋានសុខាភិបាលពន្ធនាគារ លោកឧត្តមសេនីយត្រីវេជ្ជបណ្ឌិត Nazefa Ibrahimi បានស្លាប់នៅក្នុងការផ្ទុះនោះ ជាមួយវេជ្ជបណ្ឌិត២នាក់ផ្សេងទៀត និងអ្នកបើកបរម្នាក់ផងដែរ ដែលបានស្លាប់ក្នុងការផ្ទុះគ្រាប់មីននៅលើផ្លូវ នៅវេលាម៉ោងប្រមាណ៧:៣០នាទីព្រឹកថ្ងៃអង្គារនេះ។
អ្នកនាំពាក្យរងក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាននិយាយថា មានអ្នកធ្វើដំណើរតាមផ្លូវជាច្រើន បាន ក៏ទទួលរងរបួស ក្នុងការផ្ទុះគ្រាប់មីននោះផងដែរ។
ភារៈធារីសា្ថនទូតអាមេរិក ប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោកRoss Wilson បានថ្កោលទោសការវាយប្រហារដោយការបង្កប់គ្រាប់មីននោះ ដោយបានលើកឡើងថា វាជាការរន្ធត់មួយ ដែលបានដឹងពីការស្លាប់របស់ វេជ្ជបណ្ឌិត នៃការិយាល័យរដ្ឋបាលពន្ធនាគារ ដែលបានខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ជារៀងរាល់ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសក្នុងពេលដែលមានការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ ដែលជាពេលវេលាដែលត្រូវការជាជាំបាច់នូវក្រុមគ្រូពេទ្យជួរមុខទាំងនោះ៕