មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនេះបានចាប់ផ្តើមដោះលែងអ្នកទោសតាលីបង់ចុងក្រោយ៤០០នាក់ ដោយអ្នកទោស៨០នាក់ត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍។
ការដោះលែងនេះជាលក្ខខណ្ឌសម្រាប់ការចរចាសន្តិភាពនៅក្នុងប្រទេសដែលត្រូវហែកហួរដោយសង្គ្រាមមួយនេះ។
កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកនិងក្រុមតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលទាមទារឲ្យតាលីបង់ដោះលែងបុគ្គលិកយោធានិងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន១.០០០នាក់ដែលខ្លួនបានឃុំឃាំងទុក ហើយឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានដោះលែងអ្នកទោសតាលីបង់៥.០០០នាក់វិញ។
ប៉ុន្តែការដោះលែងអ្នកទោសតាលីបង់ដែលអ្នកខ្លះបានប្រព្រឹត្ត«ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ»ផងនោះជាបញ្ហាចម្រូងចម្រាស់ រហូតតម្រូវឲ្យមានការប្រជុំក្រុមប្រឹក្សាប្រពៃណីដើម្បីសម្រេចអំពីរឿងនេះ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ព្រមានថា អ្នកទោសតាលីបង់៤០០នាក់នេះបង្ក«គ្រោះថ្នាក់»ដល់ពិភពលោក។
ការចរចាសន្តិភាពរវាងក្រុមតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានរំពឹងថានឹងអាចធ្វើឡើងនៅប្រទេសកាតានៅចុងខែសីហានេះ៕