ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.និង​ពួក​តាលីបង់​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន


សន្តិសុខ​អាហ្វហ្គានីស្ថាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​ផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ២០២០។

កាល​ពី​ថ្ងៃ​សៅរ៍ ស.រ.អា.​និងពួក​តាលីបង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​គួរ​កត់​សម្គាល់​ជា​ប្រវត្តិសាស្ត្រនៅ​ក្នុង​ក្រុង​ដូហា ​នៃ​ប្រទេស​កាតា​ ដោយ​រៀប​ចំ​សម្រាប់​ការ​បញ្ចប់​សង្គ្រាម​ជិត​១៩​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​និង​នាំ​មក​ផ្ទះ​វិញ​នូវ​ក្រុម​ទាហាន​អាមេរិកាំង​រាប់​ពាន់​នាក់​ដែល​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​នោះ។

លោក ​Zalmay Khalizad ​ប្រធានពួក​អ្នក​ធ្វើការ​ចរចាស.រ.អា.​និង​លោក​ Mullah Abdul Ghani Baradar ​អនុប្រធាន​ខាង​កិច្ចការ​នយោបាយ​របស់​ពួក​តាលីបង់​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​នេះ​នៅ​ក្នុង​ពិធី​មួយនៅ​ឯសណ្ឋាគារ​មួយ​កន្លែង​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​កាតា​ ដែល​នៅ​ទីនោះ​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Mike Pompeo និងពួក​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​មួយ​ចំនួនបានចូល​រួមដែរ។

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយត្រូវ​ចេញ​ផ្សាយនៅ​ក្រោយ​កិច្ច​ព្រមព្រៀង​ជាមួយ​ពួក​តាលីបង់​បានត្រូវ​ចុះ​ហត្ថលេខា​ សេតវិមាន​បាន​កត់​សម្គាល់​ថា​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​ធ្វើ​តាម​ការ​សន្យា​របស់​លោកថា​នឹង​យក​ពួក​ទាហាន​ស.រ.អា.​មក​ផ្ទះ​វិញ​ពី​សង្គ្រាម​នៅ​ឯក្រៅ​ប្រទេស​ដោយ​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន។​

សេចក្តី​ថ្លែងការណ៍​នេះ​ចែង​ថា «កិច្ច​ព្រម​ព្រៀង​មួយ​បានត្រូវ​សម្រេច​ជា​មួយ​ពួក​តាលីបង់​ដែល​ធានា​រ៉ាប់រង​ការ​ប្តេជ្ញា​សំខាន់ៗ​ជា​ចាំ​បាច់​ដើម្បី​បញ្ចប់​សង្គ្រាម​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ​នៅ​ពេល​មាន​កិច្ចការ​ឯទៀតៗ​ត្រូវធ្វើ​ការ​ជឿន​លឿន​នេះ​ផ្តល់​ឱកាស​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ឱ្យ​មាន​សន្តិភាព»។

តាម​រយៈ​កិច្ចព្រម​ព្រៀងនេះ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​ពួក​សម្ព័ន្ធមិត្ត​របស់​ស.រ.អា.​សន្យា​ថា​នឹង​ចាប់​ផ្តើម​ដក​ជា​បន្ទាន់​នូវ​កង​កម្លាំង​យោធា​ទាំង​អស់​ចេញ​ពីប្រទេស​អាហ្វហ្គានីស្ថាន​ ក្នុង​រយៈ​ពេល​១៤​ខែ​ពី​មូលដ្ឋាន​ប្រាំ​នៅក្នុង​ប្រទេស​នោះជា​ថ្នូរ​នឹង​ការធានា​រ៉ាប់រង​ថា​ដែន​ដី​អាហ្វហ្គានីស្ថាន នឹង​មិន​ទទួល​ពួក​ភេរវជន​ជាតិសាសន៍​ផ្សេងៗ​ឱ្យ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ឡើយ។

នៅ​ក្នុង​រយៈ​ពេល​១៣៥​ថ្ងៃ​ដំបូង ចំនួន​នៃ​ក្រុម​ទាហាន​អាមេរិកាំង​នឹង​ត្រូវ​កាត់​បន្ថយ​ឱ្យ​មក​នៅ​ត្រឹម​៨,៦០០​នាក់ពី​ចំនួន​បច្ចុប្បន្ន​១៣,០០០​នាក់​ដែល​កំពុង​តាំង​ទី​នៅ​ក្នុង​ប្រទេស​នេះ។​

ពួក​តាលី​បង់​ក៏​បាន​សន្យា​ដែរ​ថា​នឹង​ធ្វើ​ការ​ចរចា​សន្តិភាព​ជាមួយ​ភាគី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ អំពី​កិច្ច​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​និង​ការ​បែង​ចែក​អំណាច​នៅ​ពេល​ក្រោយ​សង្គ្រាម​ក្នុង​ប្រទេសនេះ។​ កិច្ច​ចរចា​គ្នា​រវាង​ភាគី​អាហ្វហ្គានីស្ថានទាំង​អស់​មាន​កំណត់​នឹង​ចាប់​ផ្តើម​ធ្វើ​ក្នុង​ពេល​១០​ថ្ងៃ​ទៀត។​ នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​មាន​កិច្ច​ចរចា​ទាំង​នេះ​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ត្រូវ​ដោះ​លែង​អ្នក​ទោស​តាលីបង់​៥​ពាន់​នាក់​ ចំណែក​ឯ​ពួក​បះបោរ​នេះ​ត្រូវ​ដោះ​លែង​អ្នក​ចាប់​ឃុំឃាំង​១ពាន់​នាក់​ដែរ។​

លោក ​Pompeo​ បាន​និយាយ​ប្រាប់​ពួក​អ្នក​ចូល​រួមក្នុង​ពីធី​ចុះ​ហត្ថលេខានេះ​នៅ​ក្រុងដូហា ថា «កិច្ចព្រម​ព្រៀង​នេះ​នឹង​គ្មាន​ន័យ​ទេ​ហើយ​អារម្មណ៍​ល្អ​នៅ​ថ្ងៃ​នេះ​ក៏​នឹង​មិន​មាន​ទៀត​ដែរ​ប្រសិន​បើ​យើង​មិន​ធ្វើ​សកម្មភាព​ជាក់​ច្បាស់​អំពី​ការ​ប្តេជ្ញា​និង​ការ​សន្យា​ដែលយើង​បាន​ធ្វើ»៕

XS
SM
MD
LG