អាជ្ញាធរក្នុងប្រទេសអាហ្វហ្គានីស្ថាននិយាយថា ការស៊ើបអង្កេតបឋមនៅក្នុងរឿងក្តីសម្លាប់យ៉ាងឃោរឃៅ និងការដុតសម្លាប់ស្រ្តីម្នាក់ដោយហ្វូងមនុស្ស ដែលស្រ្តីរួបនោះបានទទួលរងការចោទប្រកាន់ពីការបំផ្លាញគម្ពីរសាសនាមូស្លីម បានបង្ហាញថាជនរងគ្រោះត្រូវបានចោទប្រកាន់ដោយខុសឆ្គង។ ហេតុការណ៍នេះបានកើតឡើងនៅមុខប៉ូលិស និងបានធ្វើឲ្យក្រុមសិទ្ធិមនុស្សអាហ្វហ្គានីស្ថានមានការខឹងសម្បារយ៉ាងខ្លាំង ហើយបានសន្យាថានឹងធ្វើបាតុកម្មតវ៉ារហូតទាល់តែរដ្ឋាភិបាលដាក់ទោសទណ្ឌជនដៃដល់តាមផ្លូវច្បាប់។
ក្រុមមន្រ្តីអាហ្វហ្គានីស្ថាន និងសាច់ញាតិបានបង្ហាញអត្តសញ្ញាណរបស់ជនរងគ្រោះតាមឈ្មោះថា Farkhunda អាយុ២៧ឆ្នាំ។ សាកសពរបស់នាងត្រូវបានយកទៅកប់នៅក្នុងផ្នូរក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យនៅក្នុងពិធីបុណ្យសពមួយ ដែលចូលរួមដោយមនុស្សរាប់រយនាក់ដែលបានស្រែកថា «យើងត្រូវការយុត្តិធម៌»។
សកម្មជនសិទ្ធិស្រ្តីបានសែងកា្តមឈូសរបស់ Farkhunda ទៅផ្នូររបស់នាង។ នេះជាសកម្មភាពមួយដែលប្រទេសអាហ្វហ្គានីស្ថានដែលប្រកបដោយភាពអភិរក្សនិយមមិនធ្លាប់ដែលជួបប្រទះពីមុនមក។
ជនរងគ្រោះត្រូវបានគេវាយរហូតដល់ស្លាប់ដោយមនុស្សប្រុសមួយក្រុមនៅក្នុងរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃព្រហស្បតិ៍សបា្តហ៍មុន។ សាកសពរបស់ Farkhunda ក្រោយមកត្រូវបានគេដុតមុនពេលបោះចូលទៅក្នុងទន្លេកាប៊ុល។ វីដេអូខ្លីតាមរយៈទូរសព្ទ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមបង្ហាញថា ប៉ូលិសមិនបានធ្វើអ្វីដើម្បីរារាំងការវាយប្រហារដ៏ប្រល័យនោះទេ។
សមាជិកសភាអាហ្វហ្គានីស្ថានលោកស្រី Farkhunda Zabra Nadari និយាយទៅកាន់អ្នកព័ត៌មានបន្ទាប់ពីចូលរួមពិធីបុណ្យសពនោះ។
លោកស្រីបានរិះគន់មន្រ្តីប៉ូលិសនៅកន្លែងកើតហេតុ ដែលពិតជាមិនមានសមត្ថភាព មិនមានលក្ខណៈអាជីព និងប្រកបដោយភាពឃោរឃៅ។ លោកស្រីបានបន្តថា ប្រសិនបើពួកគេមិនអាចគ្រប់គ្រងក្រុមមនុស្សនោះបាន ពួកគេគួរណាស់តែស្នើសុំឲ្យប៉ូលិសផ្សេងៗទៀតនៅក្នុងរដ្ឋធានីឲ្យជួយធ្វើអន្តរាគមន៍។
ប្រធានាធិបតី Ashraf Ghani ភា្លមៗនោះបានថ្កោលទោសការសម្លាប់ Furkhunda ជា «ការវាយប្រហារដ៏ព្រៃផ្សៃជាទីបំផុត» ហើយបានបញ្ជាឲ្យមានការស៊ើបអង្កេតក្នុងទ្រង់ទ្រាយធំ។
ចាប់តាំងពីពេលនោះមក អាជ្ញាធរអាហ្វហ្គានីស្ថានបានឃាត់ខ្លួនមនុស្សមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងការសម្លាប់នោះ។ Sediq Sediqi អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វីអូអេថា វិធានការនានាក៏ត្រូវបានចាត់ឡើងប្រឆាំងនឹងក្រុមមន្រ្តីប៉ូលិសនៅតំបន់នោះផងដែរដើម្បីពង្រីកការស៊ើបអង្កេត។
«ក្រសួងមហាផ្ទៃបានព្យួរការងាររបស់មន្រ្តីប៉ូលិសចំនួន១៣នាក់ ដែលមានការទទួលខុសត្រូវក្នុងរឿងនេះ ដើម្បីធ្វើឲ្យបា្រកដថា ពួកគេដឹងថាមានវិធានការស្រាប់ដើម្បីការពារស្រ្តី Furkhunda ដែលត្រូវបានសម្លាប់ដោយក្រុមមនុស្ស ហើយពួកគេនឹងត្រូវរងការចោទសួរចំពោះអ្វីដែលពួកគេបានធ្វើ»។
ការវាយប្រហារទៅលើនាង Farkhunda កើតឡើងដោយសារបព្វជិតម្នាក់បានចោទប្រកាន់ថានាងបានដុតគម្ពីរ Quran មួយក្បាល។
ប៉ុន្តែសារព័ត៌មានអាហ្វហ្គានីស្ថានដកស្រង់សម្តីរបស់គ្រួសាររបស់នាងដោយនិយាយថានាង បានប្រឈមមុខគ្នាជាមួយនឹងបព្វជិតម្នាក់នោះអំពីការដឹកនាំមនុស្សឲ្យមានជំនឿសាសនាខុសតាមរយៈ ការចែកចាយនូវបន្តោងដើម្បីការពារពីបិសាច និងនាំមកនូវសំណាងល្អ។
ពួកគេបានបន្តថា បន្ទាប់មកបព្វជិតនោះចោទប្រកាន់ Furkhunda ថាបានដុតគម្ពីរ Quran ហើយបានអំពាវនាវឲ្យមនុស្សម្នាដាក់ទណ្ឌកម្មលើរូបនាងដែលបានធ្វើឲ្យគម្ពីរនោះបាត់តម្លៃ។ ក្រុមមន្រ្តីអាហ្វហ្គានីស្ថានមួយចំនួន ព្រមជាមួយនឹងមេដឹកនាំសាសនាព្យាយាមពន្យល់ពីហេតុផលនៃអំពើហិង្សានោះ។
ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ Mohammad Zahir ប្រធានស៊ើបអង្កេតព្រហ្មទណ្ឌក្រុងកាប៊ុលនិយាយថា ការស៊ើបអង្កេតជាបឋមមិនបានរកឃើញភស្តុតាងដែលគាំទ្រការចោទប្រកាន់ទៅលើ Farkhunda នោះទេ។
គ្រួសាររបស់ជនរងគ្រោះបដិសេធរបាយការណ៍ដែលមិនមានមូលដ្ឋានពេញលេញនានា ដែលនិយាយថានាងមានជំងឺផ្លូវចិត្ត ដោយលើកឡើងថា នាងជិតនឹងបញ្ចប់ការសិក្សាផ្នែកសាសនាដើម្បីធ្វើជាគ្រូបង្រៀនសាសនាអ៊ីស្លាមមួយរូប។
អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សអន្តរជាតិជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងទៅលើការសម្លាប់នេះ ដោយនិយាយថា ការកើនឡើងជាបន្តបន្ទាប់នៃការវាយប្រហារលើស្រ្តីនិងកុមារីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានក្លាយជាប្រភពនៃក្តីបារម្ភចម្បងមួយ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ