លោក Ashton Carter រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ស.រ.អា បានធ្វើដំណើរទៅកាន់ផ្នែកខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យនេះ ដើម្បីពិនិត្យមើលផែនការដកទាហានស.រ.អាចេញពីប្រទេសនេះក្នុងរយៈពេលពីរឆ្នាំ។
នៅក្នុងថ្ងៃទីពីរដែលលោកឋិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Carter បានធ្វើដំណើរតាមយន្តហោះទៅកាន់ក្រុង Kandahar ពីរដ្ឋធានីកាប៊ុល (Kabul) ដែលនៅទីនោះលោកបានធ្វើការចរចាមួយចំនួនកាលពីថ្ងៃសៅរ៍ជាមួយក្រុមមេដឹកនាំអាហ្វហ្គានីស្ថាន និងក្រុមមេបញ្ជាការយោធាអាមេរិកាំង។
លោក Carter ឋិតនៅក្នុងក្រុង Kandahar ដើម្បីស្តាប់ការនិយាយត្រួសៗពីក្រុមមេ បញ្ជាការស.រ.អា និង អាហ្វហ្គានីស្ថាន អំពីការជឿនលឿនក្នុងការហ្វឹកហ្វឺនកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
លោក Carter បានមានប្រសាសន៍ថា ស.រ.អាកំពុង «គិតជាថ្មីអំពីសេចក្តីលម្អិត» នៃបេសកកម្មប្រឆាំងនឹងភេរវកម្មរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយមានរួមបញ្ចូលថា តើត្រូវបន្ថយល្បឿននៃការដកក្រុមទាហានស.រ.អាឬទេ ដែលបេសកកម្មរបស់ពួកគេបានប្តូរពីការប្រយុទ្ធទៅជាការហ្វឹកហ្វឺនវិញ នៅពេលដែលក្រុមទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់។
លោក Carter បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា បញ្ហានេះឋិតនៅលើរបៀបវារៈនៅពេលប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ទៅបំពេញ ទស្សនកិច្ចក្នុងរដ្ឋធានី Washington នៅខែក្រោយ។
លោក Carter បានជួបជាមួយលោកប្រធានាធិបតី Ghani ហើយពួកលោកបានពិភាក្សាគ្នាអំពីការដកទាហានអាមេរិកាំងចេញពីអាហ្វហ្គានីស្ថាន និងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់។ លោកប្រធានាធិបតី Ghani បាននិយាយប្រាប់ ក្រុមអ្នកកាសែតថានៅពេលនេះសេចក្តីសង្ឃឹមថា មានសន្តិភាពជាមួយពួកតាលីបង់មានភាពល្អប្រសើរជាងកាលពីជាងបីទសវត្សរ៍មុននេះ ទោះណាជាលោកផ្តល់សេចក្តីលម្អិតតែបន្តិចបន្តួចក៏ដោយ។លោកបាននិយាយថា «ទិសដៅមានភាពវិជ្ជមាន» ក៏ប៉ុន្តែលោកបានបន្ថែមថាលោកនឹងមិនធ្វើ «សេចក្តីប្រកាសមុនពេលកំណត់ទេ»។
លោក Carter ក៏មានកំណត់ជួបជាមួយក្រុមទាហានស.រ.អា ក្នុងឱកាសទស្សនកិច្ចរបស់លោកផងដែរ។ មានក្រុមទាហានស.រ.អាប្រមាណមួយម៉ឺននាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន នាពេលសព្វថ្ងៃនេះ៕