នៅសប្តាហ៍មុន ខ្មាន់កាំភ្លើងបានវាយប្រហារសាកលវិទ្យាល័យកាប៊ុលដែលស្ថិតនៅក្នុងរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថានដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់ ហើយជាង២០នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារនេះគ្រាន់តែជាឧទាហរណ៍ចុងក្រោយមួយនៃការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថានខណៈរដ្ឋាភិបាលព្យាយាមចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់។
ការវាយប្រហារដ៏ប្រល័យនេះដោយក្រុមបះបោរអ៊ិស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លើកនេះមានគោលដៅវាយប្រហារទៅលើក្រុមនិស្សិត។
លោក Himayat Ullah Ahmadi និស្សិតសាកលវិទ្យាល័យកាប៊ុលនិយាយថា៖ «ការវាយប្រហារទៅលើសាកលវិទ្យាល័យកាប៊ុលគឺប្រឆាំងនឹងរាល់បទដ្ឋាននិងគោលការណ៍អ៊ិស្លាមទាំងអស់ហើយប្រជាជនអាហ្វហ្គានីស្ថាននឹងមិនចុះចាញ់ពួកគេឡើយ»។
ចំណែកឯលោក Amanullah Miranai ដែលជានិស្សិតសាកលវិទ្យាល័យកាប៊ុលម្នាក់ទៀតថ្លែងដែរថា៖«យើងនឹងត្រឡប់ទៅកាន់សាកលវិទ្យាល័យដោយមានស្មារតីកាន់តែខ្លាំងហើយយើងនឹងបន្តការសិក្សាទៅមុខទៀតដោយរៀនកាន់តែច្រើនឡើងៗ» ។
ការវាយប្រហារដ៏សាហាវចុងក្រោយនេះកើតឡើងនៅពេលដែលមន្ត្រីរដ្ឋាភិបាលនិងក្រុមបះបោរតាលីបង់កំពុងព្យាយាមចរចាកិច្ចព្រមព្រៀងសន្តិភាព។ អគ្គអធិការកិច្ចពិសេសសម្រាប់ការស្ថាបនាអាហ្វហ្គានីស្ថានឡើងវិញបានឲ្យដឹងថា ការវាយលុករបស់សត្រូវប្រចាំថ្ងៃជាមធ្យមនៅអាហ្វហ្គានីស្ថានបានកើនឡើង៥០ភាគរយចាប់ពីថ្ងៃទី១ ខែកក្កដាដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំនេះ បើប្រៀបធៀបនឹងត្រីមាសមុន។ កងកម្លាំងប្រឆាំងរដ្ឋាភិបាលទទួលខុសត្រូវយ៉ាងហោចណាស់៨៣ភាគរយនៃគ្រោះថ្នាក់ដែលប៉ះពាល់ដល់ជនស៊ីវិល ហើយពួកតាលីបង់ទទួលខុសត្រូវជិតពាក់កណ្តាលនៃចំនួនជនរងគ្រោះទាំងនោះ។
ក្រសួងការពារជាតិស.រ.អា.បានឲ្យដឹងថាអំពើហិង្សារបស់ពួកតាលីបង់អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងតាលីបង់ប្រសិនបើពួកគេនៅតែបន្តអំពើហិង្សាក្នុងអត្រាខ្ពស់ដែលមិនអាចទទួលយកបាននេះ។
លោក Anthony Cordesman នៃមជ្ឈមណ្ឌលសម្រាប់សិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិថ្លែងថា៖«ពួកតាលីបង់អាចកេងចំណេញពីដំណើរការសន្តិភាពដើម្បីបង្កើនតួនាទីនិងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ជាច្រើន»។
ហើយដោយសារការវាយប្រហារនេះផ្តោតលើកងកម្លាំងអាហ្វហ្គានីស្ថានជាជាងកងទ័ពសហរដ្ឋអាមេរិកនោះ លោក Anthony Cordesmanនៃមជ្ឈមណ្ឌលសម្រាប់សិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិនិយាយថាពួកតាលីបង់សង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តដកទ័ពរបស់ខ្លួន។
ស្របពេលដែលសហរដ្ឋអាមេរិករិះគន់ការវាយប្រហាររបស់ពួកតាលីបង់កាន់តែខ្លាំងឡើងនោះ កងទ័ពអាមេរិកបន្តដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងអាមេរិក-តាលីបង់ដែលថ្មីៗនេះចំនួនកងទ័ពអាមេរិកបានថយចុះពី៨.៦០០នាក់មកនៅត្រឹម៤.៥០០នាក់។
ហើយប្រសិនបើសហរដ្ឋអាមេរិកដកទ័ពចេញទាំងស្រុងនៅដំណាក់កាលណាមួយនៅឆ្នាំក្រោយ ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងនោះ លោក Cordesman ព្រមានថា វានឹងមានឱកាសតិចតួចសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរវាងពួកតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
លោក Anthony Cordesman នៃមជ្ឈមណ្ឌលសម្រាប់សិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិចោទសួរថា៖ «តើអាចមានសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់យ៉ាងដូចម្តេច? តើអាចមានសន្តិភាពដូចម្តេចបានបើកងទ័ពអាមេរិកាំងចាកចេញអស់ទៅហើយ»?
រហូតមកដល់ពេលនេះ កិច្ចចរចាសន្តិភាពរវាងពួកតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនទទួលបានលទ្ធផលអ្វីឡើយ។
ក្រុមអ្នកជំនាញនិយាយថានៅសមរភូមិអង្គភាពអាហ្វហ្កានីស្ថានដែលស្ត្រេសខ្លាំងពេកហើយរងផលប៉ះពាល់ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណាព្រមទាំងការគាំទ្ររបស់សហរដ្ឋអាមេរិកថយចុះទៀតនោះកំពុងមើលឃើញក្រុមតាលីបង់មានកំណើនរឹងមាំ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ