ភាគីជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារគ្នានៅពេលថ្មីៗនេះ ស្របពេលដែលអ្នកតំណាងរបស់ពួកគេបានធ្វើការចរចាសន្តិភាពជាប្រវត្តិសាស្ត្រដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅថ្ងៃទី ២ ក្នុងប្រទេសកាតា។
ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងពួកបះបោរតាលីបង់ថ្មីៗចុងក្រោយបង្អស់នេះ ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យមនុស្សរាប់សិបនាក់ស្លាប់ ដែលក្នុងនោះរួមមានយុទ្ធជនមកពីភាគីទាំងសងខាង និងជនស៊ីវិលផងដែរ។
អំពើហិង្សានៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់ការចរចាដែលគេរង់ចាំជាយូរមកហើយ នៅក្នុងរាជធានីដូហា នៃប្រទេសកាតា។ ការចរចានេះមានការចូលរួមពីក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
មន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការពិភាក្សារវាងភាគីជម្លោះនៃប្រទេសអាហ្វហ្គានីស្ថាននេះផ្តោតលើ «បទឈប់វាយប្រយុទ្ធគ្នាដ៏ទូលំទូលាយ» មួយ និងកិច្ចព្រមព្រៀងនយោបាយមួយដែលមានគោលបំណងបញ្ចប់ជាអចិន្ត្រៃយ៍នូវអរិភាពរយៈពេល ៤ ទសវត្សរ៍ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការចរចាដែលត្រូវបានគេស្គាល់ជាផ្លូវការថាការចរចាផ្ទៃក្នុងអាហ្វហ្គានីស្ថាន បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងមកនេះ គឺក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពិធីបើកការចរចាត្រូវបានធ្វើឡើងក្នុងរាជធានីដូហា ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ផងដែរ។
គណៈប្រតិភូរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «មានស្មារតីវិជ្ជមាន» នៅក្នុងការចរចាគ្នាដំបូងរវាងភាគីទាំងពីរ៕