ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​អាហ្វហ្គានីស្ថាន​នឹង​ប្រជុំ​ពិភាក្សា​គ្នា​លើ​ឧបសគ្គ​ចុងក្រោយ​មុន​ការចរចា​សន្តិភាព


ប្រធានាធិបតី Ashraf Ghani ថ្លែង​ក្នុង​ថ្ងៃ​ទី​១ នៃ​កិច្ច​ប្រជុំ​កំពូល​ នៅ​សាល​ Loya Jirga ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។ មនុស្ស​រាប់​ពាន់​នាក់​ប្រជុំគ្នា​ថា​តើ​គួរ​ដោះ​លែង​អ្នក​ទោស​តាលីបាន ៤០០ នាក់​ឬ​យ៉ាង​ណា។

ក្រុមប្រឹក្សា​អាហ្វហ្គានីស្ថាន​នឹង​ជួប​ប្រជុំ​ក្រុមជំនុំ​នៅថ្ងៃ​សុក្រ​នេះ​ ដើម្បី​សម្រេច​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ឧបសគ្គ​ចុង​ក្រោយ​មុន​នឹង​ការចរចា​សន្តិភាព​អាច​ចាប់​ផ្តើម​។ ឧបសគ្គ​នោះ​គឺ​ការ​ដោះ​លែង​អ្នក​ទោស​ក្រុម​តាលីបាន​ចំនួន​៤០០​នាក់។​

ក្រុមអ្នក​ចរចា​សហរដ្ឋអាមេរិក​និង​តាលីបាន​ បានព្រម​ព្រៀង​គ្នា​កាល​ពីដើម​ឆ្នាំ​នេះ​ថា​ ការ​ចរចា​សន្តិភាព​អាច​ប្រព្រឹត្ត​ទៅ​បាន​ក្រោម​លក្ខខណ្ឌ​ថា ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ដោះលែង​អ្នក​ទោស​របស់​ក្រុម​តាលីបាន​ចំនួន​៥.០០០​នាក់​ហើយ​ក្រុមតាលីបាន​ដោះលែង​អ្នក​ទោស​របស់​រដ្ឋាភិបាល​ចំនួន​១.០០០​នាក់​ដែល​ក្រុម​សកម្មប្រយុទ្ធបាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង។​

រដ្ឋាភិបាល​បាន​ដោះលែង​អ្នកទោស​ចំនួន​៤.៦០០​នាក់​រីឯ​ក្រុម​តាលីបាន​ បាន​ដោះលែង​អ្នក​ទោស​ទាំង​អស់​ហើយ។ ​

លោក​ Ashraf Ghani ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​បាន​ថ្លែងថា ​បទល្មើស​របស់​អ្នកទោស​នៃក្រុម​តាលីបាន​ដែល​នៅ​សេសល់​មាន​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំងពេក​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​សម្រេច​ពី​ក្រុម​ប្រឹក្សា​ទំនៀម​ទម្លាប់​ដែល​រួម​មាន​មេដឹកនាំ​ចាស់ទុំ​មក​ពី​ក្រុម​កុល​សម្ព័ន្ធ​ផ្សេងៗ​ ក្រុម​និង​បក្សពួក​នៃ​ជាតិ​ពន្ធុ​នានា។​

លោក​Mike Pompeo ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់ថា៖ «យើង​ទទួលស្គាល់​ថា​ការដោះ​លែង​អ្នកទោស​ទាំងនេះ​មិន​សូវ​មានប្រជាប្រិយ៍ភាព​ទេ។​ ប៉ុន្តែ​សកម្មភាព​ដ៏​លំបាក​នេះ​នឹង​នាំ​ទៅ​សម្រេច​បាន​លទ្ធផល​ដ៏​សំខាន់​ក្នុង​រយៈ​ពេល​វែង​ដែល​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​និង​មិត្តភក្តិ​អាហ្វហ្គានីស្ថាន​ចង់​បាន នោះ​គឺ​ការកាត់​បន្ថយ​ហិង្សា​និង​ការចរចា​ដោយផ្ទាល់​ដែល​នឹង​សម្រេច​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​និង​ការបញ្ចប់​សង្គ្រាម»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG