សមាគមសិទ្ធិមនុស្សអាដហុកជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិ និងមូលដ្ឋានពង្រឹងការផ្សព្វផ្សាយ និងគោរពតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព។
ការជំរុញនេះធ្វើឡើងក្រោយមានករណីប្រឈមដាក់គ្នារវាងអាជ្ញាធរក្រុងសែនមនោរម្យ និងមន្រ្តីសមាគមអាដហុក ដែលមន្រ្តីសិទ្ធិមនុស្សចោទប្រកាន់ថាមានការរារាំងពីសំណាក់អាជ្ញាធរមូលដ្ឋាន នៅពេលពួកគេរៀបចំវគ្គបណ្តុះបណ្តាលដោយមានការចូលរួមពីប្រជាពលរដ្ឋ។
ឃ្លីបវីដេអូរយៈពេល១៥វិនាទី ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការអាដហុកកាលពីថ្ងៃចន្ទ ទី៤ ខែមេសា បានបង្ហាញពីការពន្យល់ពីមន្រ្តីអង្គការអាដហុកទៅកាន់អាជ្ញាធរមូលដ្ឋាននៅខេត្តមណ្ឌលគិរី ជុំវិញការសម្របសម្រួល និងហេតុផលពីការបដិសេធមិនឲ្យអាជ្ញាធរចុះផ្តិតរូបអំឡុងពេលវគ្គបណ្តុះបណ្តាលរៀបចំឡើងដោយសមាគមសិទ្ធិមនុស្សអាដហុក ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលមានវត្តមាននៅក្នុងហេតុការណ៍ខាងលើ បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សមាគមសិទ្ធិមនុស្សអាដហុកបានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃ ដែលគ្រោងសម្រាប់ការចូលរួមពីពលរដ្ឋចំនួន៣០នាក់ ហើយវគ្គបណ្តុះបណ្តាលនោះផ្តោតលើប្រធានបទផ្សេងៗទាក់ទងនឹងបញ្ហាសុវត្ថិភាព ដូចជាសុវត្ថិភាពអ៊ីនធឺណិត សុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាការក្រើនរំឭកផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងរឿងយុត្តិធម៌សង្គមជាដើម។
លោកបន្តថា នៅម៉ោងប្រមាណ៨ព្រឹក ថ្ងៃចន្ទ ទី៤ ខែមេសា អាជ្ញាធរមូលដ្ឋានពីរនាក់បានមកសាកសួរព័ត៌មាន និងទាមទារថតរូបវគ្គបណ្តុះបណ្តាល។ ប៉ុន្តែនៅពេលមន្រ្តីអង្គការអាដហុកសង្កេតឃើញថា ពលរដ្ឋចូលរួមមើលទៅមានការភ័យខ្លាច ដោយសារឃើញមន្រ្តីសមត្ថកិច្ចក្នុងឯកសណ្ឋាន។ ដូច្នេះខាងអង្គការស្នើមិនឲ្យមន្រ្តីទាំងនោះថតរូប។
លោកឲ្យដឹងទៀតថា ក្រោយពីត្រូវបានបដិសេធមិនឲ្យថតផ្តិតរូប មន្រ្តីខាងលើបានត្រឡប់ទៅវិញ ប៉ុន្តែមួយសន្ទុះបន្ទាប់មក បានវិលត្រឡប់មកជាមួយមន្រ្តីថ្នាក់លើ និងបានរៀបរាប់ថាអង្គការអាដហុកមិនបានជូនដំណឹង មិនអនុញ្ញាតឲ្យថតរូប និងត្រូវតម្រូវឲ្យធ្វើលិខិតជូនដំណឹងរយៈពេលបីថ្ងៃជាមុនទៅអាជ្ញាធរមូលដ្ឋានជាមុនសិន មុននឹងរៀបចំវគ្គបណ្តុះបណ្តាល។
យ៉ាងណាក្តី ក្រោយពីលោកបានពន្យល់និងលើកឡើងពីសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលមិនតម្រូវឲ្យអង្គការ សមាគម និងសហគមន៍មូលដ្ឋានជូនដំណឹងជាមុន ទើបអាជ្ញាធរបានអនុញ្ញាតឲ្យមានការបន្តដំណើរការវគ្គបណ្តុះបណ្តាលឡើងវិញ។
លោក ស៊ឹង សែនករុណា យល់ថាករណីខាងលើនេះកើតមាន ដោយសារតែមន្រ្តីមូលដ្ឋានដែលបានចុះមកត្រួតពិនិត្យ «មានការយល់ច្រឡំ និងមិនបានទទួលដំណឹងពីថ្នាក់លើ»។ លោកស្នើឲ្យមានការពង្រឹងនូវការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃជាជាង «ការបន្តតាមដាន ឃ្លាំមើល និងរឹតត្បិតសេរីភាព» របស់អង្គការសង្គមស៊ីវិល។
លោកថ្លែងថា៖ «រឿងខេត្តមណ្ឌលគិរីនេះ យើងឃើញថា ក្រោយពីមានការពន្យល់លើករណីរឿងហ្នឹងមួយ មិនដឹងថាទៅមុខ នៅកន្លែងផ្សេងទៀត គាត់នៅតាមដានយើងទៀត ឬយ៉ាងម៉េច។ អាហ្នឹងយើងអត់ទាន់ដឹងដូចគ្នា។ យើងសង្ឃឹមថា នៅពេលមានការជជែកគ្នាពេលហ្នឹង នឹងមានការរាយការណ៍ទៅថ្នាក់ដឹកនាំខេត្ត ឯកឧត្តមអភិបាលខេត្តអាចមានការពិនិត្យមើលថាតើមានការណែនាំមកដល់ថ្នាក់ក្រោមតាមស្មារតីស.ជ.ណ (សេចក្តីជូនដំណឹង) របស់ក្រសួងមហាផ្ទៃ និងនាំគ្នាអនុវត្តឲ្យត្រឹមត្រូវឡើងវិញ ឬយ៉ាងម៉េច។ អាហ្នឹងអាស្រ័យយើងរង់ចាំមើលទាំងអស់គ្នាទៀត»។
មន្រ្តីសិទ្ធិមនុស្សរូបនេះឲ្យដឹងទៀតថាកន្លងមកក៏មានករណីមកឃ្លាំមើល ថតផ្តិតរូប និងហាមឃាត់ស្រដៀងគ្នានេះផងដែរ នៅពេលមានវគ្គបណ្តុះបណ្តាល ឬផ្សព្វផ្សាយនៅតាមបណ្តាខេត្តមួយចំនួនពីសំណាក់អង្គការរបស់លោក និងអង្គការសង្គមស៊ីវិលមួយចំនួនទៀតនៅកម្ពុជា។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាជាទូទៅ រាល់ការចុះត្រួតពិនិត្យពីមន្រ្តីមូលដ្ឋាន គឺមានគោលដៅរក្សាសុវត្ថិភាព និងសន្តិសុខតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «អត់មានអ្នកណាចុះទៅឃាត់ទេ។ ខាងខ្ញុំអត់មានអ្នកចុះទៅឃាត់អី អត់មានអីទេ។ បើសិនជាគេចុះទៅគឺ ក្នុងនាមការពារសន្តិសុខឲ្យទេ។ ខ្ញុំគ្មានអីណា ទៅប៉ះពាល់ទេណា។ ដូចមិនមាននោះទេ»។
លោកសុំបង្វែរសំណួរលម្អិតពាក់ព័ន្ធនឹងហេតុការណ៍ខាងលើទៅកាន់មន្រ្តីមូលដ្ឋាន និងថ្នាក់ដឹកនាំនៅសង្កាត់ស្ពានមានជ័យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីវិញ។
មន្រ្តីនគរបាលទទួលបន្ទុកប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ពានមានជ័យ ក្នុងក្រុងសែនមនោរម្យ លោក មេ ថាវីរៈ ច្រានចោលការលើកឡើងរបស់មន្រ្តីសមាគមអាដហុក ដោយលោកថាមិនមានការឃាត់ឃាំង ឬបង្អាក់វគ្គបណ្តុះបណ្តាលនោះទេ។ លោកបញ្ជាក់ថា អាជ្ញាធរគ្រាន់តែចុះទៅត្រួតពិនិត្យសកម្មភាព និងទីតាំងរៀបចំវគ្គបណ្តុះបណ្តាលតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «អត់ទេ អត់ទេ គ្រាន់តែយើងទៅរកព័ត៌មានថាគាត់ប្រជុំពីខ្លឹមសារអី រយៈពេលប៉ុន្មានថ្ងៃ មកពីខាងណា ប៉ុន្មាននាក់ៗទេ។ ហើយគាត់ប្រជុំរឿងអីជារឿងរបស់គាត់តើ យើងអត់មានទៅហាមឃាត់គាត់ទេ»។
មន្រ្តីនគរបាលរូបនោះបន្តថាការថតផ្តិតរូប គឺជា ផ្នែកមួយនៃការងាររបស់អាជ្ញាធរ និងថា អាជ្ញាធរមូលដ្ឋានមានបំណងចុះទៅពន្យល់ពីវិធានការបង្ការជំងឺកូវីដ១៩តែប៉ុណ្ណោះ។
បើតាមសារបង្ហោះអមនឹងវីដេអូឃ្លីបរបស់សមាគមអាដហុក សមាគមបានយោងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ២០០៦ ស.ជ.ណ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានខ្លឹមសារថា អង្គការ សមាគម និងសហគមន៍មូលដ្ឋាន ដែលចុះបញ្ជីត្រឹមត្រូវ មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនៅកម្ពុជា ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ព្រមទាំងលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ដោយពុំចាំបាច់ជូនដំណឹងអាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេលបីថ្ងៃ មុនពេលចាប់ផ្តើមធ្វើសកម្មភាពឡើយ៕