ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​កឹម សុខា៖ ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ចង់​ផ្លាស់​ប្តូរ​ដូច​នៅ​ភូមា​ដែរ


រូបឯកសារ៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ (Reuters)

លោក​ កឹម សុខា​ អតីត​អនុប្រធាន​ទីមួយ​សភាជាតិ​បាន​ថ្លែង​ថា​ ​លោក​បាន​ប្រាប់​ប្រមុខ​ការទូត​ស.រ.អា​លោក​ ចន​ ឃែរី​ (John Kerry) រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ថា​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ដូច​ប្រជាពលរដ្ឋ​ភូមា​ដែរ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ កឹម សុខា​ ថ្លែង​ប្រាប់​សកម្មជន​ និង​អ្នក​គាំទ្រ​នៃ​គណបក្ស​ប្រឆាំង​នៅ​ឯ​ខេត្ត​សៀមរាប​ ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ហើយ​បញ្ចៀស​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​កាន់​អំណាច​ ក្នុង​គោល​បំណង​ត្រៀម​ទៅ​ដឹកនាំ​ប្រទេស​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨។

លោក​ កឹម សុខា​ អតីត​អនុប្រធាន​ទីមួយ​សភាជាតិ​បាន​ថ្លែង​ដូច្នេះ ​ក្រោយពី​លោក​បាន​ប្រាប់​អ្នក​ចូល​រួម​ថា ​ ក្នុង​ជំនួប​របស់​លោក​ជាមួយលោក​ ចន​ ឃែរី​ (John Kerry) រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ​លោក​បាន​ប្រាប់​ប្រមុខ​ការទូត​ស.រ.អា​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ដូច​ប្រជាពលរដ្ឋ​ភូមា​ដែរ ​ហើយ​ថា ​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​ ​បាន​ទទួល​ព័ត៌មាន​នេះ។​

ថ្លែង​ទៅ​កាន់​ សកម្មជន​ និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​វេទិកា​មួយ​កាល​ពី​សៅរ៍​កន្លង​ទៅ​នេះ​ លោក​ កឹម​ សុខា​ ប្រាប់​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​នោះ​ថា​ ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក​ ចន ឃែរី​ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​«ខ្ញុំ​បាន​ជម្រាប​ជូន​លោក​ ចន​ ឃែរី​ ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ជា​មហា​អំណាច​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ពិភពលោក។ ខ្ញុំ​ជម្រាប​ជូន​ឲ្យ​អស់​លោក​ សហគមន៍​អន្តរជាតិ​ជ្រាប​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​ មិន​អន់​ជាង​ មិន​ចាញ់​ប្រជាពលរដ្ឋ​ភូមា​ទេ​បងប្អូន»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នៅ​ចុង​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ រយៈពេល​ពីរ​ថ្ងៃ លោក​ ចន ឃែរី ​បាន​ឱ្យ​ដឹង​ថា ​លោក​បាន​ជួប​ជា​មួយ​មេដឹកនាំ​ស្តី​ទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​លោក​មិន​បាន​និយាយ​លម្អិត​អំពី​ខ្លឹមសារ​នៃ​ជំនួប​នេះ​ទេ។​

ក្នុង​សុន្ទរកថា​របស់​លោក​ លោក​ប្រមុខ​ការទូត​ស.រ.អា​លើក​ឡើង​ថា ​ការ​បោះឆ្នោត​ដោយ​សេរី​ យុត្តិធម៌​ មាន​ការ​ចូលរួម​ពី​ដៃគូ​ប្រកួត​ប្រជែង​ជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។​

លោក​ កឹម សុខា ​បាន​ប្រាប់​សកម្មជន ​និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​បញ្ឈប់​ការ​រិះ​គន់​ទៅ​លើ​សកម្មភាព​អវិជ្ជមាន​នានា​របស់​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​ ដោយ​ហេតុ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់​ដឹង​នូវ​រាល់​ទង្វើ​ទាំងអស់​នោះ​ហើយ។​ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ខ្លួន​នឹង​ចាំ​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ​ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សម្លឹង​ទៅរក​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។​

លោក​បញ្ជាក់​ថា៖​«នៅ​ក្នុង​ដំណាក់កាល​ថ្មី​នេះ​ យើង​មិន​បាច់​ទៅ​ឆ្លើយ​ ទៅ​ឆ្លង​ ទៅ​ឈ្លោះ​ជាមួយ​គេ​ទៀត​ទេ។​ មែន​ទេ​ បងប្អូន?​ មិន​ចាំបាច់​ទៅ​ឆ្លើយ​ទៅ​ឆ្លង​ទៅ​ឈ្លោះ​ទៀត​ទេ​ យក​ពេល​រៀបចំ​ខ្លួន​យើង​ដើម្បី​ទៅ​ដឹកនាំ​ប្រទេស។​ ណ៎ា​បងប្អូន​ណ៎ា!​ ព្រោះ​ប្រជាពលរដ្ឋ​ គេ​ងាក​មក​គាំទ្រ​យើងហើយ​ យើង​ចាំបាច់​ទៅ​ធ្វើ​អ្វី​ទៀត?​ មិន​បាច់​ប្រាប់​ប្រជាពលរដ្ឋ​ថា​ អ្នក​នេះ​កាប់​ឈើ​ អ្នក​នោះ​លក់​ដី​មិន​បាច់​ប្រាប់​ទេ។ ប្រជា​ពលរដ្ឋ​ដឹង​អ្នក​ណា​កាប់​ អ្នកណា​លក់​ហើយ​តើ។​ មែន​ទេ​បងប្អូន​ ប្រជាពលរដ្ឋ​ដឹង​នៅ?»

ការ​ថ្លែង​របស់​លោក​ កឹម សុខា​ កើត​មាន​ នៅ​ខណៈដែល​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​ និង​អាស៊ី​ បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ។​ នៅ​ឯ​ប្រទេស​មីយ៉ាន់ម៉ា​ គណបក្ស​ប្រឆាំង​របស់​លោក​ស្រី​ អង់​ សានស៊ូជី​ បាន​ទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​រៀបចំ​ឡើង​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥។​ ប្រទេស​មីយ៉ាន់ម៉ា​ បាន​ស្ថិត​ក្រោមការ​ដឹកនាំ​របស់​ក្រុម​យោធា​អស់​រយៈពេល​ជិត​៥០​ឆ្នាំ។​ ថ្មីៗ​នេះ​ដែរ​ គណបក្ស​ប្រឆាំង​នៅ​តៃ​វ៉ាន់​របស់​លោកស្រី​Tsai Ing-wen បាន​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​នៅ​តៃ​វ៉ាន់​ផង​ដែរ។​ គណបក្ស​កាន់​អំណាច​នៅ​តៃ​វ៉ាន់​ បាន​គ្រប់​គ្រង​ប្រទេស​អស់​រយៈពេល​៨ឆ្នាំ​ និង​មាន​ចំណង​ទាក់ទង​សិ្នទ្ធស្នាល​ជាមួយ​ប្រទេស​ចិន។​

លោក​ សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ប្រៀប​ប្រដូច​ទៅ​នឹង​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ទេ​ ដោយ​លោក​បាន​ពន្យល់​ថា៖​

«គណបក្ស​ប្រជាជន​មិន​មែន​ជា​គណបក្ស​យោធា​និយម​ដូច​ប្រទេស​ភូមា​ទេ។ ហើយ​អញ្ចឹង​គាត់​ប្រៀប​ប្រដូច​ភូមា​មក​កម្ពុជា​ ម៉េច​នឹង​ត្រូវ​គ្នា​? នេះ​ទីមួយ។​ ទីពីរ​ គណបក្ស​ប្រឆាំង​នៅ​ភូមា​ ជា​គណបក្ស​ប្រឆាំង​ស្នេហា​ជាតិ។ គេ​ជួយ​ប្រជាពលរដ្ឋ​គេ​ ដោយ​គ្មានការ​អំពាវនាវ​ឲ្យ​ផ្តាច់​ជំនួយ​ ឲ្យ​មក​ធ្វើការ​គៀប​សង្កត់​រដ្ឋាភិបាល​គេ​ទេ​ ទោះ​បីថា​ គេដឹង​ថា​ គ្រប់​គ្រង​តាម​របប​យោធា​ក៏ពិតមែន។​ ក៏ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ យើង​ដឹង​ហើយ​ជាទម្លាប់​វប្បធម៌​របស់​គាត់​ តែ​គាត់​ថ្នាំងថ្នាក់​ជាមួយ​គណបក្ស​កាន់​អំណាច។ អាហ្នឹង​គាត់​ទៅអំពាវនាវ​ឲ្យ​គេ​គៀប​សង្កត់​រដ្ឋាភិបាល​ ឲ្យ​គេ​ផ្តាច់​ជំនួយ​ មិន​ឲ្យ​វិនិយោគទុន​ពីក្រៅ​មក​ចូល​ ដើម្បី​កសាង​ប្រទេស​ឲ្យ​មាន​ការ​រីកចម្រើន​អាហ្នឹង​វាផ្ទុយ​គ្នា​អញ្ចឹង»។​

លោក​ឲ្យ​ដឹង​បន្ថែម​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​មិន​មាន​ការ​ឆ្លើយតប​ទៅ​លើ​ការ​លើក​ឡើង​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ក្រៅតែ​ពីការ​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ និង​បន្ត​ជួយ​ប្រជាពលរដ្ឋ​ ដែល​ជាមូលដ្ឋាន​គ្រឹះ​នៃ​ជ័យ​ជម្នះ​របស់​គណបក្ស​សម្រាប់​បន្ត​ការ​ដឹក​នាំ​ប្រទេស​ទៅ​ថ្ងៃ​ខាងមុខ។​

ក៏ប៉ុន្តែ​ លោក​ អ៊ូ វីរៈ​ ​ជា​អ្នកវិភាគ​នយោបាយ​ និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ឱកាស​យក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ​ប្រសិន​បើ​គណបក្ស​គ្រប់គ្រង​ប្រទេស​បន្ថូរបន្ថយ​ដៃ​ក្នុង​ការ​ធ្វើកំណែ​ទម្រង់របស់​ខ្លួន​ ដែល​បាន​កំពុង​ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​នេះ​ស្រុត​ចុះ​ប្រជាប្រិយភាព​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​

លោក​ថា​ អ្វី​ដែល​ជា​ការបារម្ភ​របស់​គណបក្ស​ប្រឆាំង​នោះ​ គឺ​សមត្ថភាព​នៃការ​គ្រប់​គ្រង​ប្រទេស។​ លោក​បញ្ជាក់​ថា៖​«សំណួរ​តើ​ គណបក្ស​សង្គ្រោះ​ជាតិ​ អាច​ប្រាប់​ទៅ​ពួក​គាត់​ហ្នឹង​វិញ​ថា​ សង្គ្រោះ​ជាតិ​មាន​ធនធាន​មនុស្ស​ មាន​ជំនាញ​គ្រប់​វិស័យ​ ដូច​ជា​វិស័យ​អប់រំ​ សុខាភិបាល​ ក្រៅពី​សន្តិ​សុខ​អី​ផ្សេងៗ​ហ្នឹង តើ​មាន​មនុស្ស​ដែល​អាច​ឈាន​ទៅកាន់​រដ្ឋមន្ត្រី​បាន​ឬក៏​អត់ហ្នឹង​ គឺ​ជាសំណួរ​ទី​មួយ។​ ទីពីរ​ នៅពេល​ដែល​កាន់​គណៈ​រដ្ឋមន្ត្រី​ តើ​មនុស្ស​ទាំង​អស់​ហ្នឹង​គិត​ម៉េច?​ មាន​គំនិត​យ៉ាងម៉េច​ខ្លះ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​យើង។ អញ្ចឹង​បើ​យើង​និយាយ​ថា​ គាត់​មិន​ទាន់​ធ្វើ​អ្វី​ខុស​ ប៉ុន្តែ​អ្នក​មិនទាន់​ធ្វើ​អ្វី​ខុស​ សូម្បី​តែ​កូន​ង៉ា​ក៏មិនទាន់ធ្វើ​អ្វី​ខុស​ដែរ។ ក៏ប៉ុន្តែ​គេ​មិន​ដែល​បោះ​ឆ្នោត​ឲ្យ​កូនង៉ា​ ទៅ​ដឹកនាំ​ប្រទេស​ជាតិ​ទេ។ អញ្ចឹង​ជា​សំណួរ​ សួរ​តើ​មិន​មែន​តែ​ធ្វើ​អ្វី​ខុស​ទេ​ ថាតើ​នៅពេល​ដែល​កាន់​អំណាច​ ថាតើ​ខ្លួន​ធ្វើ​អ្វី​ខ្លះ?»

យ៉ាងណា​ក៏ដោយ​ អ្នក​វិភាគ​នយោបាយ​រូប​នេះ​ សង្កត់​ធ្ងន់​ថា​ ការ​ផ្លាស់​ប្តូរ​អាច​កើត​មាន​មិន​អាស្រ័យ​ទាំង​ស្រុង​លើ​ការ​ប្រកួតប្រជែង​របស់​គណបក្ស​នយាបាយ​ធំៗ​ទាំង​ពីរ​នេះ​ទេ​ ក៏​ប៉ុន្តែ​វា​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ៕

XS
SM
MD
LG