ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​នៅ​រដ្ឋកាលីហ្វញ៉ា​ បង្កើន​យុទ្ធនាការ​ឱ្យ​ខ្មែរ​បំពេញ​ជំរឿន​ឆ្នាំ​២០២០


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បទសម្ភាសន៍ VOA៖ សកម្មជន​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច ពន្យល់​ពី​សារៈសំខាន់​នៃ​ជំរឿន​២០២០

សកម្មជនសង្ឃឹមថា លទ្ធផល​ចូលរួម​បានច្រើន នឹង​ធ្វើឲ្យ​ពួកគេ​មាន​សិទ្ធិ​កាន់តែច្រើន​ ដើម្បី​កំណត់​អាទិភាព​លើ​បញ្ហា​ក្នុង​មូលដ្ឋាន និង​ទទួល​បាន​ថវិកា​បន្ថែមពី​ថ្នាក់ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល​ស.រ.អា សម្រាប់​បំពេញ​តម្រូវការ​ចាំបាច់​ក្នុង​សហគមន៍ ក៏ដូចជា​មាន​តំណាង​នៅ​ថ្នាក់រដ្ឋ និងរដ្ឋាភិបាល​សហព័ន្ធ​ជាដើម។

សកម្មជន​ខ្មែ​នៅ​រដ្ឋកាលីហ្វញ៉ា កំពុងតែ​ជំនះ​ឧបសគ្គ​នានា​ទាំងផ្នែក​សុខាភិបាល​និង​ការព្រួយបារម្ភ​ក្នុង​ចំណោម​សមាជិក​សហ​គមន៍ ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំងបំពេញ​ជំរឿន​ឆ្នាំ​២០២០​ឲ្យ​បាន​មុន​ពេល​ផុត​កំណត់​នៅ​ដំណាច់​ខែតុលា​ខាងមុខ។ ​

​សកម្មជន​សង្ឃឹម​ថា​ លទ្ធផល​ចូលរួម​បាន​ច្រើន ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​សិទ្ធិ​កាន់តែ​ច្រើន​ ដើម្បី​កំណត់​អាទិភាព​លើ​បញ្ហា​នៅក្នុង​មូលដ្ឋាន​ និងទទួល​បាន​ថវិកាបន្ថែម​ពី​ថ្នាក់ដឹកនាំ​រដ្ឋ​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ សម្រាប់​បំពេញ​តម្រូវការ​ចាំបាច់​នៅក្នុង​សហគមន៍​ ក៏ដូចជា​មាន​តំណាង​នៅ​ថ្នាក់​រដ្ឋ​ និង​រដ្ឋាភិបាល​សហព័ន្ធ​ជាដើម។

លោក ឆល សុង នៃ​សមាគម​ខ្មែរ​នៅ​ទ្វីប​អាមេរិក​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​ឡុងប៊ិច​និង​ជាអ្នកសម្រប​សម្រួល​ក្រុម​រាប់​ជំរឿន​នៃ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស​នៅ​ដើម​ខែកក្កដា​ថា​ ក្រុម​ការងារ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដែល​មាន​ដូចជា​ការរឹតត្បិត​ដោយសារ​ជំងឺកូវីដ១៩ ការមិន​សូវ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ជំរឿន​និង​ពលរដ្ឋ​មិន​សូវ​បើក​ទូលាយ​ចូលរួម​ជាដើម។

«យើង​ដឹង​ថា​ទីក្រុង​ឡុងប៊ិច​ គឺ​ជា​ទីក្រុង​មួយ​ដែល​ពិបាក​រាប់​បញ្ចូល​ជាទី​បំផុត​នៅក្នុង​ចំណោម​ទីក្រុង​ធំៗ​ទាំង​ប៉ុន្មាន​នៅក្នុង​រដ្ឋកាលីហ្វញ៉ា។ មិន​ដឹង​ថា​ ទីក្រុង​នៅ​ភូមិភាគ​ខាងកើត​នោះ​យ៉ាងម៉េចទេ​ ប៉ុន្តែ​នៅ​ខាងលិច​នេះ ​គឺ​ភាគច្រើន​ជា​តំបន់​អាប៉ាតតឺម៉ង់​ ហើយ​ពួកគាត់​មាន​ទ្វារ​របង​ចាក់សោរ​ទៀត​។ ដល់​អីចឹង​ទៅ​យើង​មាន​ការពិបាក​ណាស់​ក្នុង​ការជំរឿន​ស្ថិតិ»។

លោក​ ឆល សុង ​បន្ថែម​ថា​ ទន្ទឹម​នឹង​នេះ ក៏មាន​ការនិយាយ​បំភ័យ​ពលរដ្ឋ​មិន​ឲ្យ​បំពេញ។

លោក​ ឆល សុង​ បន្ថែម​ថា៖

«ដោយសារ​មាត់​ចាប​មាត់​ព្រាប​ ពេល​ខ្លះ​ទៅ​គាត់​ឮ​ព័ត៌មាន​មិន​សមហេតុ​មិន​សមផល។ ឧទាហរណ៍​ដូចថា​ពេល​ថា​ ខ្ញុំ​ចុះ​ឈ្មោះ​ទៅ​ ខ្ញុំ​ឲ្យ​ព័ត៌មាន​ទៅ​គេ​ នឹង​កាត់បន្ថយ​បៀវត្សរ៍​របស់​ខ្ញុំ​ពាក់ព័ន្ធ​នឹង​ SSI ​ឬ Disability ​អីចឹង។ តាម​ពិត ​គឺ​ចង់​ជម្រាប​គាត់​ឲ្យ​បាន​យល់​ថា​មិន​អីចឹង​ទេ។ គេ​ដឹង​ថា​ ចំនួន​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​ដែល​បាន​ទទួល។ តាម​ពិត​ជំរឿន​ស្ថិតិ​នេះ​ ជួយ​ពួក​គាត់​បាន​ប្រាក់​កាស​ថែម​លើ​ហ្នឹង​ទៀត​ក៏​មាន​ដែរ»។

លោក ឆល សុង ​បន្ថែម​ថា ​កាលពី​ជំរឿន​ឆ្នាំ២០១០​ គឺ​មាន​ពលរដ្ឋ​ចំនួន​ជាង​១,៥​លាន​នាក់​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ទេ​នៅក្នុង​រដ្ឋនេះ។​ ការណ៍នេះ​ធ្វើ​ឲ្យបាត់បង់​ផលប្រយោជន៍​សម្រាប់​សហគមន៍​នានា​នៅ​ពេល​ដែល​រដ្ឋ​បែងចែក​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន។

អ្នកស្រី ​សំ​ សាទួន ​អ្នកសម្រប​សម្រួល​ការងារ​ជំរឿន​នៃ​សហគមន៍ខ្មែរ​ (United Cambodian Community) បញ្ជាក់​ថា​ ពលរដ្ឋ​នៅតែ​មិន​យល់​ថា ​ជំរឿន​នោះ​មាន​សារៈសំខាន់​អ្វី​ដល់​ពួកគាត់​ទេ​ដូច្នេះ​ទាមទារ​ឲ្យ​មាន​ការពន្យល់​ច្រើន​ដល់​ពួកគាត់។​

«សហគមន៍​ខ្មែរ​នៅ​អាមេរិក​ គឺ​ជា​ប្រជុំ​ជនជាតិ​ខ្មែរ​យើង​ច្រើន​ជាងគេ​បង្អស់​ក្រៅពី​ព្រះរាជាណាចក្រ​កម្ពុជា​ ដូច្នេះ​យើង​ចង់​ឲ្យ​គេ​ទទួល​ស្គាល់​ថា ​យើងមាន​ចំនួន​ច្រើន​ ប៉ុន្តែ​យើង​អត់​ចូលរួម​ជំរឿន​អីចឹង​គេ​អត់​ដឹង​ថា ​ចំនួន​ប្រជាជន​យើង​ហ្នឹង​ប៉ុន្មានទេ​នៅក្នុង​ទឹកដី​អាមេរិក​ហ្នឹង។ ឧទាហរណ៍​តូច​មួយ​ដូចជា​សហគមន៍​ខ្មែរ​នៅទីក្រុង​ឡុងប៊ិច​ កាលពី​១០​ឆ្នាំ​មុន ​យើងថា​យើង​អត់​បាន​ចូលរួម​ធ្វើ​ជំរឿន​ហ្នឹង​ទេ​ ដូច្នេះ​នៅក្នុង​ទិន្នន័យ​ផ្លូវការ​គេ​មាន​យើងតែ​ចំនួន​ប្រហែល​២​ ឬ​ ៣​ម៉ឺន​ ប៉ុណ្ណោះ ​តែ​ជាក់​ស្តែង​យើង​មាន​៧ ឬ ៨​ម៉ឺន​ ឬ ​អាច​ឈាន​ទៅ​ដល់​១០ម៉ឺន ​ដូច្នេះ​ការណ៍​ដែល​គេរៀបចំ​មក​ជួយ​សហគមន៍​យើង ​គឺ​ទៅ​តាម​ចំនួន​ទិន្នន័យ​ដែល​គេ​មាន​ជាផ្លូវការ​ហើយ​នឹង​ចំនួន​ជាក់ស្តែង​វា​ខុសគ្នា​ ដូច្នេះ​គេ​មិន​អាច​រៀបចំ​មក​ជួយ​សហគមន៍​យើង​បាន​ទេ»។​

បញ្ហា​ប្រឈម​ដែល​សកម្មជន​សហគមន៍​ត្រូវ​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​ឲ្យស្ងប់ចិត្ត​ គឺ​ស្ថានភាព​រស់នៅ​របស់​ពួកគាត់ដោយសារ​ពួកគាត់​ខ្លះ​ព្រួយ​បារម្ភ​ថា​ នឹង​បញ្ជូន​ត្រឡប់​ទៅវិញ​ប្រសិនបើ​ពួកគាត់​រស់នៅ​មិន​ស្រប​ច្បាប់​ដោយ​ពួកគេ​មិន​អាច​បែង​ចែក​ការខុសគ្នា​រវាង​ក្រុម​ជំរឿន ​និង​អាជ្ញាធរ​អន្តោ​ប្រវេសន៍។

លោក ឆល សុង​ បាន​បន្ថែម​ថា៖

«ពិតណាស់​ការបារម្ភ​យើង​ត្រូវតែ​មាន ប៉ុន្តែ​សូម​ឲ្យ​បងប្អូន​មាន​ការកក់ក្តៅ​ចំពោះ​ផ្នែក​សហព័ន្ធ​ផ្នែក​ស្ថិតិ​ពីព្រោះ​គេ​មាន​ច្បាប់​របស់​គេ។ ព័ត៌មាន​របស់​បងប្អូន​ដែល​ផ្តល់​ទៅ​តាម​ជំរឿន​ស្ថិតិ​ គឺ​គេ​រក្សា​ទុក​យ៉ាងសម្ងាត់​ជាទីបំផុត​គេ​អត់​បញ្ជូន​ទៅ​ណា​ទេ។ អីចឹង​សុំ​បងប្អូន​កុំ​យល់​ច្រឡំ»។

ការបំពេញ​ជំរឿន​ត្រូវ​ចំណាយ​ពេល​ប្រហែល​២០នាទី ​ដោយ​មាន​សំណួរ​ខ្លះ​ដែល​មាន​ដូច​ជា​ថា​តើ​ក្នុង​គ្រួសារ​មាន​សមាជិក​ប៉ុន្មាន​នាក់ ​ប្រភេទ​ផ្ទះ​ដែល​កំពុង​រស់នៅ​តើ​ជា​ផ្ទះល្វែង​ ឬ ​ផ្ទះ​ដាច់ពី​គេ​និង​ជា​ផ្ទះ​ជួល ​ឬ​ ផ្ទះ​ផ្ទាល់​ខ្លួន​ លេខទូរស័ព្ទ​អ្នកបំពេញ​ និង​ព័ត៌មាន​បន្ថែម​ពី​សមាជិក​គ្រួសារ​ម្នាក់ៗ​ដែល​មាន​ដូចជា​ឈ្មោះ ​អាយុ ​ដើមកំណើត​ ជាដើម។ នេះ​បើ​តាម​គំរូ​បញ្ជី​សំណួរ​ដែល​ផ្សាយ​តាម​គេហទំព័រ​របស់​ជំរឿន។

ក្រុមសកម្មជន​ដែល​ចូលរួម​មាន ​May Center​ សហគមន៍​ខ្មែរ (UCC) ​សមាគម​ខ្មែរ​នៅ​ទ្វីបអាមេរិក (CAA) សមាគម​សកម្មភាព​យុវនារី​ខ្មែរ (KGA)​ និង​មន្ទីរពេទ្យ St. Mary។ ពលរដ្ឋ​ទីក្រុង​ឡុងប៊ិច​ អាច​ឲ្យ​សហគមន៍​ខ្មែរ​ជួយ​បំពេញ​បាន​ បើ​ពួកគេ​មាន​ការលំបាក​ផ្នែក​ភាសា​និង​មិន​យល់​សំណួរ។

លោក ឡាឌីន ចាន់ ដែល​ជា​អ្នកសម្រប​សម្រួល​កម្មវិធី​នៅ​មន្ទីរពេទ្យ​ St. Mary ​ក្នុង​ទីក្រុង​ឡុងប៊ិច​និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចំនួន​៩នាក់​ទៀត​ក៏​កំពុងធ្វើ​សកម្មភាព​ជាច្រើន​សំដៅ​លើ​ក្រុម​ពលរដ្ឋ​ដែល​មាន​អាយុ​ពី​៣០​ដល់​៥០ឆ្នាំ។ ពួកគេ ​បាន​ធ្វើការងារ​តាំងពី​ខែ​មីនា​ដោយ​បាន​ដើរ​គោះ​ទ្វារ​ផ្ទះ​នៅក្នុង​ក្រុង​ខ្មែរ​ដើម្បី​ពន្យល់ពី​ជំរឿន​នេះ។​ បច្ចុប្បន្ន​ពួកគេ​មិនអាច​ចុះ​តាម​លំនៅដ្ឋាន​ដូច​មុន​ទេ​ដោយសារតែ​ជំងឺ​កូវីដ​១៩។ ​

«នៅមុន​ពេល​កូវីដ​ យើង​បាន​ដើរ​គោះ​ទ្វារ​ដោយ​យើង​បាន​ទៅ​ដល់​ជា​ច្រើន​ប្លុក​នៅ​ទីក្រុង​ខ្មែរ​ដើម្បី​ប្រាប់​គេ​ពី​ជំរឿន​និង​សារៈ​សំខាន់។​ នៅពេល​កូវីដ​កើតឡើង​យើងត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ការងារ​ដោយ​សារយើង​មិន​អាច​ទៅ​សហគមន៍​បាន​។ ដូច្នេះ​ហើយ​យុទ្ធសាស្ត្រ​ដ៏ល្អ​របស់​យើង​គឺ​ទូរស័ព្ទ​និង​ប្រើ​បណ្តាញ​សង្គម​ដែល​យុវជនយើង​ប្រើ​ដែល​មាន​ដូច​ជា​អ៊ីនស្តាក្រាម ​និង​ហ្វេសប៊ុក»។

អ្នកស្រី អែមី ​លាងហួន ​អ្នករៀបចំ​សហគមន៍​នៃ​សមាគម​សកម្មភាព​យុវនារី​ខ្មែរ ​(Khmer Girls in Action)​ យល់ថា ​សហគមន៍​ខ្មែរ​នៅ​មិនទាន់​បាន​រាប់​បញ្ចូល​បាន​ច្រើន​នៅឡើយ ​ហើយការឆ្លើយ​តប​នៅ​យឺតយ៉ាវ​ដោយសារតែ​ជំងឺ​កូវីដ​១៩​ ប៉ុន្តែ ក៏​មើល​ឃើញថា​ស្ថានភាព​វិបត្តិ​សុខភាព​នេះ​គឺជា​ការដាស់​ស្មារតី​មួយ​ឲ្យ​សហគមន៍​ខ្មែរ-អាមេរិកាំង​មើល​ឃើញ​ពី​តម្រូវការ ​និង​បញ្ហា​ប្រឈម​ដែល​សហគមន៍​នេះ​ជួប​ប្រទះ ​ក្នុង​ពេល​បច្ចុប្បន្ន​ និង​១០ឆ្នាំ​ទៅ​មុខ​ទៀត។

អ្នកស្រី​បន្ថែម​ថា ​សហគមន៍​ខ្មែរ​នៅតែ​មិន​ទាន់​មាន​តំណាង​បាន​គ្រប់គ្រាន់​ដោយ​អ្នកស្រី​ បាន​លើកឡើង​ថា​ ជំរឿន​ឆ្នាំ​នេះ​មិន​មាន​ដាក់​ភាសាខ្មែរ​សម្រាប់​អ្នកបំពេញ​គូស​ទេ។ រីឯ​ថ្នាក់​រៀន​វិញ ​មាន​សិស្ស​ច្រើន​ក្នុង​មួយ​ថ្នាក់ៗ។

អ្នកស្រី អេមី លាងហួន​ធ្លាប់ទទួល​បាន​ផលប្រយោជន៍​ពី​កម្មវិធី​ដែល​រដ្ឋ​បាន​ជួយ។

«គ្រួសារ​របស់​ខ្ញុំ​អាច​រីកលូតលាស់​បាន​ដោយ​សារ​យើង​អាច​ប្រើប្រាស់​កម្មវិធី​និង​ធនធាន​ទាំងនេះ​ដែល​បាន​មក​ពី​ការធ្វើ​ជំរឿន។ នៅពេល​ដែល​យើង​និយាយ​ទៅ​ក្រុមយុវជន​ ហើយ​ប្រាប់​ពួកគេ​ពី​សារៈសំខាន់​នៃ​ការធ្វើ​ជំរឿន​ គឺ​មាន​អ្នក​ខ្លះ​បាន​យល់​ពី​ការភ្ជាប់​គ្នា​នេះ​ភ្លាម។ ក្រុមយុវជន​និយាយ​ថា​ទាំងនេះ​ គឺ​ជា​អ្វី​ដែល​ភ្ជាប់​នឹង​ជីវិត​របស់​ពួកគេ​ ដែល​មាន​ដូចជា​សាលារៀន​ និង​សៀវភៅ​សិក្សា។ ទាំងនេះ​ គឺ​ជា​មូលនិធិ​ដែល​ភ្ជាប់​នឹង​ជីវិត​ពួកគេ។ ដូច្នេះ​ហើយ ​វា​ជា​ការសំខាន់​ណាស់​ដែល​ក្រុម​យុវជន​ត្រូវ​ពិភាក្សា​ជាមួយ​នឹង​សហគមន៍​របស់​គេ​ពី​សារៈ​សំខាន់​នៃ​ជំរឿននេះ»។​

ក្នុង​នាម​ជា​ម្តាយ​ដែល​មាន​កូន​ពីរ​នាក់​ អ្នកស្រី​មើលឃើញ​ថា​ កម្មវិធី​អប់រំ​មាតា​ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គ្រួសារ ក៏ដូចជាកម្មវិធី​ផ្តល់​អាហារ​សម្រាប់​សិស្ស​តាម​សាលារៀន​ និង​ផ្ទះ​សម្បែង​សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប។

ការធ្វើ​ជំរឿន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ចាប់ដំណើរការ​តាំងពី​ខែដើម​ខែមីនា ​ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១​ខែតុលា​ដែល​ជា​កាលបរិច្ឆេទ​ថ្មី​ដោយ​សម្រប​តាម​ស្ថានភាព​វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។ ពលរដ្ឋ​អាច​បំពេញ​តាម​អនឡាញ ​ហៅ​ទូរស័ព្ទ​តាម​ប្រព័ន្ធ​សុវត្ថិភាព​ និង​បំពេញ​ដោយ​ក្រដាស​ក៏បាន។ សារៈ​សំខាន់​នៃ​ជំរឿន​ គឺ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​បែងចែក​ថវិកា​ប្រចាំឆ្នាំ​ទៅ​ដល់​រដ្ឋនិង​សហគមន៍​នីមួយៗ។ លទ្ធផល​ក៏សម្រេច​ពី​អាសនៈ​នៅ​សភាជាតិ​នៃរដ្ឋ​នីមួយៗ​ផងដែរ។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​គេហទំព័រ​ជំរឿន។

លោក ស្រី ស៊ូលី សារ៉ូ ​ដែល​ជា​បេក្ខជន​ចៅសង្កាត់​លេខ៦​នៃ​ទីក្រុង​ឡុងប៊ិច ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ លោកស្រី​ជំរុញឲ្យ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ទាំងអស់​ចូលរួម​បំពេញ​ជំរឿន​នេះ។

«ចាស ​ខ្ញុំ​ចង់​ឲ្យ​អ៊ំ​ស្រី​ អ៊ំប្រុស​លោកពូ​អ្នកមីង​ទាំងអស់គ្នា​បំពេញ​ក្រដាស​Census ពីព្រោះ​វា​សំខាន់​មែនទែន។ សំខាន់​ខាងបែង​ចែក​ថវិកា​ចែកលុយ​ឲ្យទីក្រុង​។ បើ​គេ​អត់ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ទីក្រុង​ណា​គឺ​គេ​មិន​ដឹង​ចែក​លុយ​យ៉ាងម៉េច​។ បាន​អីចឹង​វា​សំខាន់​ជាងគេ​។ ឥឡូវនេះ​ពេល​វេលា​កូវីដ​បើ​រដ្ឋ​ចែក​លុយ​មិន​ដឹង​ចែក​យ៉ាងម៉េច​បើ​គេ​អត់ដឹង​ថា​មនុស្ស​នៅ​ទីក្រុង​ប៉ុន្មាន​នាក់។ តាម​ធម្មតា​នៅ​ទីក្រុង​ឡុងប៊ិច​មាន​ខ្មែរ​យើង​ច្រើន​ប៉ុន្តែ​បើ​យើង​មិន​បំពេញ​គេ​អត់​ដឹង​ទេ។ អីចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា​វា​សំខាន់។ ខ្ញុំ​សូម​ឲ្យ​យើង​ទាំងអស់​គ្នា​បំពេញ​ក្រដាស​ហ្នឹង»។

ការិយាល័យ​ជំរឿន​បាន​ឱ្យ​ដឹង​ថា​ពលរដ្ឋ​នៅ​រដ្ឋកាលីហ្វញ៉ា​បាន​បំពេញ​ចំនួន​៦៤,១​ភាគរយ ​នៅ​ត្រឹម​ដំណាច់​ខែ​កក្កដា ​ដែល​មាន​ពលរដ្ឋ​ជាង​៩,៧​លាន​គ្រួសារ។ ក្នុង​ចំណោម​នេះ​ គឺ៥៣,៥ភាគរយ ​បាន​បំពេញ​តាម​អ៊ីនធឺណិត​ដោយ​ខ្លួនឯង។ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ពលរដ្ឋ​បំពេញ​បាន​ចំនួន​៦២,៨​ភាគរយ៕​

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG