សកម្មជនខ្មែរអាមេរិកាំងកំពុងតែធ្វើយុទ្ធនាការជំរុញពលរដ្ឋខ្មែរនៅរដ្ឋចចារឱ្យបំពេញជំរឿនឆ្នាំ២០២០ដើម្បីមានសិទ្ធិកំណត់អាទិភាពលើបញ្ហានៅក្នុងមូលដ្ឋាននិងទទួលបានថវិកាបន្ថែមពីថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់បំពេញតម្រូវការចាំបាច់នៅក្នុងសហគមន៍។
កញ្ញារ៉ា ប៉ិល ប្រធានសមាគមខ្មែរអាមេរិកាំងនៅរដ្ឋចចារបានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាសតាមទូរស័ព្ទកាលពីដើមខែមេសាថា៖
«ការធ្វើជំរឿនសំខាន់ណាស់ជាពិសេសខ្មែរយើង មានចំនួនមិនច្រើនទេ។ ២០២០នេះយើងចង់ឱ្យចំនួនខ្មែរយើងឱ្យខ្លាំងគឺគ្រប់ៗគ្នា»។
ការធ្វើជំរឿននៅសហរដ្ឋអាមេរិកបានចាប់ដំណើរការតាំងពីដើមខែមីនា ហើយនឹងបញ្ចប់នៅថ្ងៃទី៣១ខែតុលា ដែលជាកាលបរិច្ឆេទថ្មីដោយសម្របតាមស្ថានភាពវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសកូរ៉ូណា។ ពលរដ្ឋអាចបំពេញតាមអនឡាញ ហៅទូរស័ព្ទតាមប្រព័ន្ធសុវត្ថិភាព និងបំពេញដោយក្រដាសក៏បាន។ សារៈសំខាន់នៃជំរឿនគឺដើម្បីឱ្យរដ្ឋាភិបាលសហព័ន្ធបែងចែកថវិកាប្រចាំឆ្នាំទៅដល់រដ្ឋនិងសហគមន៍នីមួយៗ។ លទ្ធផលក៏នឹងសម្រេចពីចំនួនអាសនៈនៅសភាជាតិនៃរដ្ឋនីមួយៗផងដែរ។ នេះបើតាមការបញ្ជាក់របស់គេហទំព័រជំរឿន។
សកម្មជនសហគមន៍ខ្មែរអាមេរិកាំងចង់បានថវិកាបន្ថែមលើផ្នែកអប់រំ ផ្លូវថ្នល់ និងសេវាបកប្រែភាសាដល់ពលរដ្ឋខ្មែរមួយចំនួនដែលមិនទាន់អាចនិយាយភាសាអង់គ្លេសបានច្បាស់លាស់នៅពេលដែលពួកគាត់ស្វែងរកសេវាសុខាភិបាលនិងលិខិតស្នាមផ្សេងៗដោយសារកន្លងមកនេះពលរដ្ឋមួយចំនួនជួបការលំបាក។
កញ្ញា រ៉ា ប៉ិល បានបន្ថែមថា៖ «យើងមិនអាចតវ៉ាថាគ្មានអ្នកណាចង់ជួយយើងទេ ប្រសិនបើយើងមិនបានធ្វើជំរឿន។ បើយើងមិនប្រាប់គេធ្វើម៉េចគេដឹងថាខ្មែរនៅ ក្នុងរដ្ឋចចារសំខាន់ដែរ? ពីព្រោះយើងត្រូវការតួលេខហ្នឹងដើម្បីយកទៅធ្វើការបែងចែកថវិកាខាងសាលារៀន ខាងពេទ្យ ខាងជួសជុលអ្វីផ្សេងៗ»។
បើប្រៀបធៀបនឹងសហគមន៍ខ្មែរនៅរដ្ឋដទៃទៀតដូចជានៅរដ្ឋកាលីហ្វញ៉ា ម៉ាស្សាឈូសិត និងផឹនស៊ីលវេនៀ គឺសហគមន៍ខ្មែរនៅរដ្ឋចចារមានទំហំតូចនៅឡើយ ក៏ប៉ុន្តែកំពុងតែកើនឡើងដោយសារមានការទាក់ទាញលើការបង្កើនការងារ ស្របពេលដែលសហគមន៍អាស៊ីទាំងមូលរីកធំធាត់នៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក។
ពលរដ្ឋខ្មែរអាមេរិកាំងដែលរស់នៅក្នុងរដ្ឋចចារត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង១០.០០០នាក់ ប៉ុន្តែសកម្មជនជឿថាចំនួនពិតប្រាកដគឺច្រើនជាងនេះ។
អ្នកស្រីសុភាព ឡែម សហស្ថាបនិកសមាគមខ្មែរអាមេរិកាំងនៅរដ្ឋចចារបានបន្ថែមថា៖
«បងប្អូនយើងផ្លាស់មកច្រើនណាស់មកពីរដ្ឋផ្សេងៗហើយជាសំខាន់គឺនៅពេលដែលបងប្អូនយើងចង់បើកហាងខាងនេះឬខាងនោះពេលដែលយើងដឹងថាមានបងប្អូនខ្មែរយើងនៅប៉ុណ្ណាវាស្រួលដូចជាភោជនីយដ្ឋានខ្មែរ កំសាន្តខ្មែរ និងហាងទំនិញខ្មែរ»។
ក្រុមសកម្មជនបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបន្ថែមលើការអប់រំផ្សព្វផ្សាយតាមវត្តអារ៉ាមដើម្បីបញ្ជូនសារលើកទឹកចិត្តពលរដ្ឋឱ្យបំពេញជំរឿន។ ប៉ុន្តែបញ្ហាប្រឈមដែលពួកគេជួបប្រទះគឺការពន្យល់និងធានាចំពោះពលរដ្ឋដែលព្រួយបារម្ភហើយស្ទាក់ស្ទើរក្នុងការបំពេញជំរឿនគឺការផ្តល់ព័ត៌មានផ្ទាល់ខ្លួននិងឋានៈអន្តោប្រវេសន៍របស់ពួកគេ។
អ្នកស្រីសុវណ្ណា ភឺធិត សមាជិកគណៈកម្មការនាយកនៃសមាគមបានបន្ថែមថា៖
«អ្នកខ្លះអត់ដឹងដល់តែយើងប្រាប់ថាអត់មានព័ត៌មានរបស់គេផ្ទាល់ខ្លួនគឺអត់មានចូលក្នុងហ្នឹងទេក៏គេថាអូខេព្រោះគេមានការកក់ក្តៅ»។
នេះជាយុទ្ធនាការមួយដែលសមាគមអាស៊ីជាច្រើនបានចូលរួមធ្វើការរួមគ្នាដែលមានដូចជា ភ្ញាក់ឡើងអាត្លង់តា (Wake Up Atlanta) មជ្ឈមណ្ឌលសេវាសហគមន៍សម្រាប់ពលរដ្ឋអាស៊ី (Center for Pan Asian Community Services) និង អង្គការជំរុញយុត្តិធម៌សម្រាប់ពលរដ្ឋអាស៊ីអាមេរិកាំងនៅទីក្រុងអាត្លង់តា (Asian American Advancing Justice Atlanta)ជាដើម។
អ្នកស្រីវីតូរៀ វៀន (Victoria Huynh) អនុប្រធាននៃមជ្ឈមណ្ឌលសេវាសហគមន៍សម្រាប់ពលរដ្ឋអាស៊ី ដែលជាអង្គការបានធ្វើការងារលើផ្នែកនេះជាច្រើនឆ្នាំហើយបានបញ្ជាក់ថាសហគមន៍អាស៊ីមានប្រវត្តិនិងជំហរៗខុសគ្នាចំពោះការធ្វើជំរឿនដោយសារតែអ្វីដែលបានកើតមានឡើងនៅប្រទេសរបស់គេ។ ប្រទេសខ្លះធ្វើឱ្យពលរដ្ឋខ្លាចមិនចង់បំពេញជំរឿនទេដោយសារទិន្នន័យត្រូវបានប្រើប្រាស់ដើម្បីជាមធ្យោបាយតាមដានពលរដ្ឋ។
អ្នកស្រីវីតូរៀ វៀនបន្ថែមថាអ្វីដែលល្អគឺពលរដ្ឋអាស៊ីនៅក្នុងរដ្ឋចចារហាក់ស្វាគមន៍ការបំពេញជំរឿននេះ៖
«ប៉ុន្តែសហគមន៍ទាំងនេះក្នុងទីក្រុងអាត្លង់តាទទួលយកដោយវិជ្ជមាននិងរំភើបអំពីអ្វីដែលជំរឿននេះអាចមានលក្ខណៈយ៉ាងណានៅក្រោយឆ្នាំ២០២០ ពីព្រោះពួកគេដឹងថាតួលេខនឹងកើនឡើង... ដូច្នេះខ្ញុំគិតថានេះជាហេតុផលដែលអង្គការសហគមន៍នានានៅអាត្លង់តាខិតខំធ្វើការជាមួយគ្នាដើម្បីឱ្យប្រាកដថាសហគមន៍របស់ពួកគេនឹងមិនត្រូវលុបចេញពីប្រវត្តិសាស្រ្តទេនៅពេលដែលពួកគេមើលមកម្តងទៀតនៅឆ្នាំ២០៣០»។
កញ្ញាខេវី វូ (Kevi Vu) នាយិកាប្រតិបត្តិអង្គការក្រោកឡើងអាត្លង់តាជាអ្នកផ្តល់ប្រឹក្សាពីយុទ្ធសាស្ត្រផ្សព្វផ្សាយដល់ក្រុមការងារអាស៊ីទាំងអស់បានបន្ថែមថាក្រុមការងារបានបន្ថែមយុទ្ធនាការតាមបណ្តាញសង្គមដោយយកមេដឹកនាំសហគមន៍នីមួយដូចជាខ្មែរ ឡាវនិងកូរ៉េជាដើមដើម្បីបញ្ជូនសារដោយផ្ទាល់ទៅពលរដ្ឋមេគ្រួសារកុំឱ្យខកខានឱកាសនេះ៖
«ជំរឿនមានរយៈពេល១០ឆ្នាំម្តង។ ជួនកាលអ្នកគិតដល់ការបោះឆ្នោតគឺមានរយៈពេល៤ឆ្នាំនិង៦ឆ្នាំសម្រាប់សមាជិកព្រឹទ្ធសភា។ ដូច្នេះជំរឿនគឺពិតជាមានផលប៉ះពាល់លើអ្នកខ្លាំងណាស់»។
សកម្មជនយល់ថាការអប់រំពលរដ្ឋឱ្យយល់ដឹងពីនីតិវិធីនេះសំខាន់ណាស់សម្រាប់ការចូលរួម។ ពួកគេបានផ្តោតលើកិច្ចការលម្អិតដែលមានតាំងពីលេខកូដនៃតំបន់ពលរដ្ឋរស់នៅ ទម្រង់ផ្សេងៗដែលពលរដ្ឋអាចចូលរួមបំពេញ និងរបៀបបំពេញជាដើម។ ចំណុចសំខាន់មួយទៀតគឺ អ្នកបំពេញជំរឿនត្រូវសរសេរបំពេញនៅក្នុងប្រអប់ទំនេរបញ្ជាក់ឈ្មោះសហគមន៍ដើមកំណើតរបស់គេដើម្បីឱ្យការបញ្ចូលទិន្នន័យកាន់តែសុក្រិត។ ឧទាហរណ៍សហគមន៍ខ្មែរត្រូវសរសេរថា “Cambodia” ។
កញ្ញាការ៉ូណា រ៉ាម៉ាន់ចាន់ដ្រាន់ នាយិការងអង្គការជំរុញយុត្តិធម៌សម្រាប់ពលរដ្ឋអាស៊ីអាមេរិកាំងនៅទីក្រុងអាត្លង់តានិងក៏ជាអ្នកទទួលឆ្លើយសំណួរពលរដ្ឋតាមទូរស័ព្ទផងដែរបានរៀបរាប់ពីប្រតិកម្មរបស់ពលរដ្ឋចំពោះនីតិវិធីថ្មីថា៖
«សំណួរភាគច្រើនដែលខ្ញុំទទួលបានគឺពីមនុស្សចាស់ដែលវង្វេងរង្វាន់នឹងនីតិវិធីដោយសារតែពួកគាត់ធ្លាប់តែទទួលបែបបទជាក្រដាស។ លើកនេះពួកគាត់ទទួលបានជាកាតប្រៃណីយ៍ដែលមានលេខកូដឱ្យចូលបំពេញឬក៏សំបុត្រជាដើម។ សំណួរដែលខ្ញុំទទួលមានដូចជាតើខ្ញុំត្រូវធ្វើយ៉ាងម៉េច? ខ្ញុំមិនចេះបំពេញតាមអនឡាញទេ? អ៊ីនធឺណិតខ្ញុំយឺត ហើយអ្នកខ្លះថាខ្ញុំមិនមានអ៊ីនធឺណិតទេ»។
កញ្ញារ៉ាមាន់ចាន់ដ្រាន់យល់ថាការប្រឹងប្រែងទាំងនេះសក្តិសមដើម្បីឱ្យទទួលបានលទ្ធផលល្អសម្រាប់សហគមន៍អាស៊ីទាំងមូលនៅក្នុងរដ្ឋចចារដែលកំពុងតែមានពលរដ្ឋកើនឡើងច្រើន។
«បើគ្មានតួលេខគាំទ្រទេ គឺយើងពិបាកទាមទារយកអំណាចមកក្នុងដៃណាស់។ វាជាអំណាចដែលធ្វើឱ្យយើងទទួលបានធនធានសម្រាប់សហគមន៍។ វាជាអំណាចឱ្យមានតំណាងដើម្បីឱ្យមន្ត្រីជាប់ឆ្នោតទទួលខុសត្រូវ»
ការិយាល័យជំរឿនបានឱ្យដឹងថាមានពលរដ្ឋជាង៥៣ភាគរយបានបំពេញជំរឿនរួចហើយនៅទូទាំងប្រទេសបើគិតត្រឹមថ្ងៃទី២៧ខែមេសា។ រដ្ឋចចារមានអ្នកបំពេញបាន៥០,១ភាគរយក្នុងចំណោមនេះគឺ៤២,៣ភាគរយបំពេញតាមអ៊ីនធឺណិត។ ប៉ុន្តែចំនួននេះនៅតិចជាងឆ្នាំ២០១០ដែលមានចំនួន៦២,៥ភាគរយ៕