ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សកម្មជន៖ ក្រុម​សកម្មប្រយុទ្ធ​ Kurds វាយ​យក​បាន​ក្រុង​មួយនៅ​ព្រំដែន​ពីពួក​រដ្ឋ​អ៊ីស្លាម


រូបថត​ដែល​ថត​ចេញ​ពី​ព្រំដែន​ប្រទេស​តួកគី​ ក្នុងស្រុក Akcakale នៅ​ជាប់​ប្រទេស​ស៊ីរី បង្ហាញ​ឲ្យ​ឃើញ​ទង់​របស់​ពួក Kurds ដែល​បាន​បង្ហូត​ឡើង​នៅក្នុង​​ទីក្រុង​ Tal Abyad ក្នុង​ប្រទេស​ស៊ីរី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥។

កង​កម្លាំង​ Kurds ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​បាន​អះអាង​ថា ខ្លួន​បានត្រួតត្រា​ពេញលេញ​ទីក្រុង​មួយ​នៅ​តាម​ព្រំដែនដែល​គេ​ជឿថា​ ជា​កន្លែង​ឆ្លង​កាត់ របស់​ពួក​យុទ្ធជន​រដ្ឋ​អ៊ីស្លាម​និង​ការ​ផ្គត់ផ្គង់​សម្ភារៈ​ពី​ប្រទេស​តួកគី។

បើ​តាម​ពួក​អ្នកកាសែត​ដែល​សង្កេតការ​ពី​ដែនដី​តួកគី​បាន​ឲ្យ​ដឹង​ថា​ កងជីវពល​ប្រឆាំង​នឹង​ពួក​រដ្ឋ​អ៊ីស្លាម ​បាន​លើកទង់​ជ័យជម្នះ​របស់​ពួក​គេ​នៅ​លើក្រុង Tal Abyad ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​ស.រ.អា.​ដែល​បាន​ដឹកនាំ​ការ​វាយប្រហារ​តាម​អាកាស។

ការ​វាយ​លុក​មួយ​ដើម្បី​បណ្តេញ​ពួក​ជន​សកម្មប្រយុទ្ធត្រូវ​បាន​បើក​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន​ដោយ​មាន​គោលដៅ​បិទ​ផ្លូវ​ធំ​មួយ​ដែល​បាន​ត្រូវ​ប្រើប្រាស់​ដើម្បី​បញ្ជូន​គ្រឿង​ឧបករណ៍​និង​ពួក​ជន​ដែល​អាច​ក្លាយ​ជា​ជន​សកម្មប្រយុទ្ធ​ពី​ប្រទេស​តួកគី​ទៅ​កាន់​ក្រុង​ Raqqa ​ដែល​ជា​រដ្ឋធានី​នៃ​ពួក​រដ្ឋ​អ៊ីស្លាម។

កាល​ពី​ថ្ងៃអង្គារ​ ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ថា​ នៅ​មាន​ការ​ប្រយុទ្ធ​ដ៏ប្រទាញ​ប្រទង់​គ្នា​មួយ​ដើម្បី​កាន់​កាប់​ក្រុង​ Tal Abyad ​ក៏​ប៉ុន្តែ​កង​កម្លាំង​ប្រឆាំង​នឹង​ពួក​រដ្ឋ​អ៊ីស្លាម​ជិតអាចបិទ​កន្លែង​ឆ្លងកាត់​ព្រំដែន​នេះ​ហើយ។

ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ដែរ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​៥​លើក​ក្នុង​បណ្តា​ការវាយ​ប្រហារ​៩​លើក​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​យប់​មិញ​ បាន​យក​ក្រុង​ Tal Abyad ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ នៅ​ចំ​ពេល​ដែល​កង​យន្តហោះ​ចម្បាំង​បាន​ធ្វើការ​វាយ​ប្រហារ​១៦​លើក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដោយ​បាន​ទម្លាក់់​គ្រាប់បែក​យ៉ាង​ច្រើនលើ​ទីតាំង​ពួក​រដ្ឋ​អ៊ីស្លាម​ នៅ​ជិត​ក្រុង​ Mosul ​ដែល​ជា​ក្រុង​ធំ​ទីពីរ​នៃ​ប្រទេសអ៊ីរ៉ាក់ និង​ជា​សំបុក​មួយ​របស់​ពួក​ជន​សកម្មប្រយុទ្ធ៕

XS
SM
MD
LG