អាជ្ញាធរស.រ.អា.បាននិយាយថា បុរសពីរនាក់ដែលបានត្រូវចោទប្រកាន់ថាបានគ្រោងប្រព្រឹត្តអំពើទុច្ចរិតក្នុងការវាយប្រហារក្រុមប៉ូលិសនៅក្នុងរដ្ឋ Massachusetts បានត្រូវចោទប្រកាន់ពីបទរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតដោយផ្តល់ការគាំទ្រខាងសម្ភារៈដល់ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
សេចក្តីថ្លែងការណ៍មួយនៃក្រសួងយុត្តិធម៌ស.រ.អា.បានប្រាប់ឈ្មោះជនជាប់ចោទថា ឈ្មោះ David Wright អាយុ២៥ឆ្នាំនៅក្រុង Everett រដ្ឋ Messachusetts និងឈ្មោះ Nicholas Rovinski អាយុ២៤ឆ្នាំនៅក្រុង Warwick រដ្ឋ Rhode Island។ Rovinski បានត្រូវចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយបានកំណត់ឲ្យត្រូវបង្ហាញខ្លួនក្នុងតុលាការសហព័ន្ធក្នុងក្រុង Boston នៅថ្ងៃសុក្រ។ ឈ្មោះ Wright បានកំណត់ឲ្យត្រូវបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃក្រោយ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា «Wright និង Rovinski បានត្រូវចោទប្រកាន់ពីបទរួមគំនិតជាមួយគ្នា ជាមួយអ្នករួមគំនិតមិនស្គាល់ឈ្មោះផ្សេងទៀតនិងជាមួយឈ្មោះ Usaamah Abdullah Rahim អាយុ២៦ឆ្នាំ ដែលជាឪពុកមារបស់ Wright ដែលរស់នៅក្នុងក្រុង Roslindale រដ្ឋ Massachusetts រហូតដល់ពេលគាត់ស្លាប់កាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៥។ Rahim បានត្រូវបាញ់ស្លាប់នៅក្រោយគាត់បានវាយប្រហារក្រុមប៉ូលិសនៅក្នុងកន្លែងចតឡានមួយក្នុងក្រុង Roslindale»។
សេចក្តីថ្លែងការណ៍នេះបាននិយាយថាបុរសទាំងបីនាក់នេះគឺឈ្មោះ Wright Rovinski និង Rahim បានឃុបឃិតរួមគំនិតគ្នាក្នុងការវាយប្រហារ និងសម្លាប់មនុស្សនៅក្នុងស.រ.អា.ដែលជាសកម្មភាពពួកគេមានជំនឿថាជាការគាំទ្រដល់គោលដៅពួករដ្ឋអ៊ីស្លាម»៕