អ្នកយកព័ត៌មានប្រជាពលរដ្ឋដែលជាអ្នកយកព័ត៌មានក្រៅអាជីពផ្លូវការបានចងក្រងជាបណ្តាញជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះដើម្បីចូលរួមចែករំលែកព័ត៌មានបទពិសោធន៍ និងអាចធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកយកព័ត៌មានអាជីព។ អ្នកវិភាគសង្គមយល់ឃើញថា សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន អ្នកកាសែតប្រជាពលរដ្ឋដើរតួដ៏សំខាន់ក្នុងការផ្សព្វផ្សាយដំណឹងពីកន្លែងកើតហេតុឲ្យគ្រប់តំបន់ក្នុងប្រទសកម្ពុជាបានដឹង។
អ្នកយកព័ត៌មានប្រជាពលរដ្ឋ ឬ Citizen Journalist ដែលគាំទ្រដោយអង្គការក្នុងស្រុកចំនួនពីរបានរួមគ្នាបង្កើតជាបណ្តាញនៅថ្ងៃពុធនេះ។បណ្តាញអ្នកយកព័ត៌មានពលរដ្ឋជាលើកដំបូងនៅកម្ពុជានេះមានសមាជិកសរុបចំនួន៨០នាក់។
គោលដៅរបស់បណ្តាញនេះគឺដើម្បីផ្ដល់ឱកាសឲ្យអ្នកយកព័ត៌មានប្រជាពលរដ្ឋអាចជួបជាមួយអ្នកសារព័ត៌មានអាជីព និងសហការជាមួយសង្គមស៊ីវិល និងស្ថាប័នរដ្ឋាភិបាល និងជំរុញឲ្យក្រុមប្រជាពលរដ្ឋអ្នកសារព័ត៌មានបន្តធ្វើសេចក្ដីរាយការណ៍អំពីបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជា។
អ្នកយកព័ត៌មានប្រជាពលរដ្ឋគឺជាប្រជាពលរដ្ឋដែលមិនមានអាជីពជាអ្នកកាសែត ប៉ុន្តែគឺជាអ្នកដែលកំពុងប្រឡូកក្នុងការផ្តល់ និងចែកចាយព័ត៌មានជាក់ស្តែងក្នុងសង្គមជូនដល់សាធារណជន។
អ្នកយកព័ត៌មានទាំងនេះ រួមមានទាំងព្រះសង្ឃ កម្មកររោងចក្រ សកម្មជនសិទ្ធិមនុស្ស ជនជាតិដើមភាគតិច សកម្មជនការពារបរិស្ថានឬក៏ប្រជាពលរដ្ឋសាមញ្ញទូទៅ។ អ្នកយកព័ត៌មានប្រជាពលរដ្ឋទាំងនេះប្រើប្រាស់បណ្តាញសង្គមជាចម្បងក្នុងការផ្សព្វផ្សាយព័ត៌មានដែលខ្លួនមាន។
ដោយឡែកអ្នកយកព័ត៌មានប្រជាពលរដ្ឋទាំង៨០នាក់នេះត្រូវបង្កើតឡើងដោយឡែកៗពីគ្នាដោយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)មុននឹងពួកគេចងក្រងជាបណ្តាញរួមគ្នានៅថ្ងៃនេះ។
លោកកាំង តុងងី មន្ត្រីទំនាក់ទំនង និងការតស៊ូមតិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងថា ក្រុមអ្នកយកព័ត៌មានប្រជាពលរដ្ឋត្រូវតម្រូវឲ្យធ្វើការសរសេរព័ត៌មាន និងថតរូប ហើយពេលខ្លះត្រូវធ្វើសេចក្តីរាយការណ៍ពីក្នុងសហគមន៍របស់ពួកគេ។
«ទីមួយចងបណ្តាប្រជាពលរដ្ឋ សហគមន៍ ឬអ្នកកាសែតប្រជាពលរដ្ឋ ដូចគ្នានឹងចងបណ្តាញជាមួយអ្នកកាសែតអាជីពដែរ។ ពេលខ្លះ ព័ត៌មានខ្លះពួកគាត់មិនមានសមត្ថភាពគ្រប់គ្រាន់ អញ្ចឹងអ្នកកាសែតប្រជាពលរដ្ឋអាចបោះជាតម្រុយឲ្យអ្នកកាសែតអាជីព ឲ្យគេធ្វើព័ត៌មានលម្អិតពីបញ្ហាដែលបានកើតឡើង»។
នៅក្នុងឱកាសនៃការច្របាច់ចូលជាបណ្តាញរួមនេះ ក្រុមអ្នកយកព័ត៌មានប្រជាពលរដ្ឋនឹងឡើងបង្ហាញការងារចែករំលែកបទពិសោធន៍ដែលពួកគេបានជួបនាពេលកន្លងមក ក្នុងអំឡុងពេលធ្វើសេចក្ដីរាយការណ៍។
អ្នកស្រីគិត ម៉េង អាយុ៣១ឆ្នាំគឺជាអ្នកយកព័ត៌មានប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មានរបស់កម្មកររោងចក្រ។ ជាកម្មកររោងចក្រ អ្នកស្រីថ្លែងថា អ្នកស្រីបានចាប់ផ្តើមសរសេរ និងចែកចាយព័ត៌មានអំពីការរស់នៅ សុខភាព និងភាពប្រឈមរបស់ក្រុមកម្មកររោងចក្រ តាំងពីដើមឆ្នាំ ២០១៤។
«ខ្ញុំពេញចិត្ត ខ្ញុំសប្បាយ។ ខ្ញុំនៅតែបន្តឲ្យតែមានឱកាស ពេញចិត្តដោយសារបានផ្សព្វផ្សាយដូនដល់សង្គម ដល់ប្រទេស។ ប្រជាពលរដ្ឋគាត់មានបញ្ហា មិនអាចបង្ហាញឲ្យអ្នកផ្សេងដឹង។ ពេលខ្ញុំធ្វើទៅ គេនឹងដឹងពីរឿងដែលគេបានលាក់បាំង»។
ទំនងជាទំនោរនយោបាយបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភាគច្រើននៅកម្ពុជាបានរឹតត្បិត ឬកម្រិតលំហូរព័ត៌មានទៅដល់សាធារណជនដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋខ្លះបានចាប់ផ្ដើមចេញមុខធ្វើសេចក្ដីរាយការណ៍ពីមូលដ្ឋានដោយផ្ទាល់អំពីបញ្ហាផ្សេងៗ ដូចជាការរំលោភសិទ្ធិមនុស្ស អយុត្តិធម៌សង្គមជាដើម។
ព័ត៌មានទាំងអស់នោះតែងតែត្រូវបានរំលងចោល មិនផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយភាគច្រើននៅកម្ពុជា ជាពិសេសបណ្តាញផ្សព្វផ្សាយរបស់រដ្ឋាភិបាល។ នេះបើយោងតាមការសេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) សហការជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។
លោកកែម ឡី អ្នកវិភាគសង្គមឯករាជ្យ ថ្លែងថា ចំនួនអ្នកកាសែតអាជីពនៅមានកម្រិត ដូច្នេះហើយអ្នកសារព័ត៌មានប្រជាពលរដ្ឋដែលរស់នៅគ្រប់ទីកន្លែងអាចផ្តល់ដំណឹងបានរហ័យ និងអាចជាតម្រុយសម្រាប់អ្នកយកព័ត៌មានអាជីព។
«នៅតំបន់ដាច់ស្រយាល មានរឿងរំលោភបំពានភាគច្រើនពីសំណាក់អ្នកមានអំណាចអ្នកធំ។ ប្រជាពលរដ្ឋអ្នកយកព័ត៌មាន លោកអាចផ្តល់ព័ត៌មានឲ្យរហ័ស ទៀងទាត់ដល់អ្នកដែលធ្វើសេចក្តីសម្រេចចិត្ត ឬអ្នកមានសមត្ថកិច្ច»។
លោកយ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ថ្លែងថា ក្រុមបណ្តាញអ្នកយកព័ត៌មានប្រជាពលរដ្ឋបានដើរតួយ៉ាងសំខាន់ក្នុងការចែកផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពីទីតាំងមួយចំនួន ដែលក្រុមអ្នកយកព័ត៌មានអាជីពមិនអាចចូលទៅដល់៕