នៅដើមខែតុលាខាងមុខនេះនៅឯខេត្តសៀមរាប នឹងមានការតាំងពិព័រណ៍រូបភាពមួយដែលរៀបចំឡើងដើម្បីរំលឹកដល់អនុស្សាវរីយ៍២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សន្ធិសញ្ញាទីក្រុងប៉ារីស ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។
ការតាំងពិព័រណ៍ក្រោមប្រធានបទជាភាសាអង់គ្លេសថា Resilience ឬជាភាសាខ្មែរថាការវិលមកវិញនូវសន្តិភាព រៀបចំឡើងដោយសហការគ្នារវាងវិចិត្រសាលសិល្បៈ ខន់ស្ទេបល (Constable at Large Gellery) និង មជ្ឈមណ្ឌលសិក្សាអំពីជម្លោះ និងសន្តិភាព (Center for Peace and Conflict Studies)។
ការតាំងពិព័រណ៌នេះ ចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា រហូតដល់ដាច់ខែវិច្ឆិកា និងបើកឲ្យទស្សនាដោយសេរីសម្រាប់ប្រជាជនកម្ពុជា សិស្សនិស្សិត អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិអន្តរជាតិជាដើម។
រូបថតទាំងអស់ នឹងដាក់តាំងក្នុងវិចិត្រសាលសិល្បៈ ខន់ស្ទេបល (Constable at Large Gellery)។
រូបថតដែលដាក់បង្ហាញទាំងអស់ក្នុងកម្មវិធី គឺជាស្នាដៃរបស់អ្នកថតរូបបរទេស៣ រូបគឺលោក Tim Page, George Nickels និង John Rodsted។
ចំណែកនៅថ្ងៃទី២៣ តុលាតែម្តង នឹងមានកម្មវិធីសម្ពោធជាផ្លូវការ ដោយមានការចូលរួមពីសំណាក់ម្ចាស់រូបថត ដែលនឹងធ្វើជាវាគ្មិនក្នុងកម្មវិធីនេះដើម្បីបង្ហាញពីទស្សនៈខ្លួនទៅកាន់អ្នកចូលរួម។
ម្ចាស់វិចិត្រសាលសិល្បៈ ខន់ស្ទេបល ដែលជាអ្នកវិចិត្រសិល្បករជនជាតិអង់គ្លេស អ្នកស្រី Sasha Constable បានប្រាប់VOAតាមរយៈសារអេឡិចត្រូនិកថា គោលបំណងដែលសំខាន់នៃកម្មវិធីតាំងពិព័រណ៍នេះគឺរំលឹកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះវាជាផ្លូវសម្រាប់ការផ្លាស់ប្ដូរនៃប្រទេសមួយដែលធ្លាប់ស្ថិតក្នុងស្ថានភាពតានតឹងដោយសារជម្លោះ ឲ្យទៅជាប្រទេសដែលមានស្ថេរភាព និងសន្តិភាព។ ហេតុដូចនេះ អ្នកស្រីនិយាយថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់ដែលត្រូវរលឹក។
អ្នកស្រី Sashaបញ្ជាក់បន្ថែមថា Risilence Exhibition (ឬ ការតាំងពិព័រណ៍ ការវិលមកវិញនូវសន្តិភាព) គឺជាការតាំងពិព័រណ៍បែប ប្រវត្តិសាស្ត្រ និងអប់រំដែលច្បិចយកនូវទិដ្ឋភាព និងរឿងរ៉ាវរបស់កម្ពុជា ដែលបន្សល់ក្រោយជម្លោះជាប្រវត្តិសាស្រ្ត។
រឿងរ៉ាវដែលសេសសល់ពីសង្គ្រាម នឹងត្រូវគេលាតត្រដាងក្នុងការតាំងពិព័រណ៍នេះរួមមានការចូលមកបំពេញបេសកកម្មរបស់អាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ ឬហៅកាត់ថាអ៊ុនតាក់ ក្នុងចន្លោះឆ្នាំ១៩៩២ និង១៩៩៣ បេសកកម្មសប្បុរសធម៌នៃកម្មវិធីដោះមីនរបស់ស្ថាប័នCMACក្នុងពាក់កណ្ដាលនៃទសវត្សឆ្នាំ១៩៩០ និងការប្រើប្រាស់សត្វកណ្ដុរដើម្បីដោះមីនក្នុងកម្ពុជាក្នុងឆ្នាំ២០១៤ ព្រមទាំងរូបភាពភ្ជាប់ជាមួយអត្ថបទមួយចំនួនបង្ហាញអំពីការធ្វើមាតុភូមិនិវត្តរបស់ជនភៀសខ្លួនខ្មែរក្រោយពីការរស់នៅដោយទុក្ខវេទនាក្នុងជំរំប្រទេសថៃ។ នេះបើតាមការរៀបរាប់ដោយអ្នកស្រី Sasha ។
«យើងទទួលស្គាល់ភាពលំបាកទាំងឡាយដែលប្រជាជនឆ្លងកាត់ក្នុងវដ្តិនៃភាពក្រីក្រ និងស្ថានភាពទាំងឡាយដែលកើតឡើងជាអកុសល»។
លោក Tim Page ដែលជាអ្នកសារព័ត៌មាន និងអ្នកថតរូបជនជាតិអង់គ្លេសមួយរូបដែលមកដល់កម្ពុជាដំបូងតាំងពីឆ្នាំ១៩៦៤ បានប្រាប់VOA តាមទូរស័ព្ទថា រូបថតរបស់លោកដែលនឹងត្រូវដាក់តាំងពិព័រណ៍នាពេលខាងមុខ មានសារសំខាន់ដល់យុវជនដែលកើតក្រោយជំនាន់សង្គ្រាមនិងពុំទាន់ដឹងច្រើននៅឡើយអំពីប្រវត្តិសាស្ត្ររបស់ខ្លួន។
«ប្រជាជនកម្ពុជាភាគច្រើនជាក្មេងៗដែលមានតែអតីតកាល ដែលពួកគេគ្រាន់តែអាចសម្លឹងមើលទៅក្រោយបាន។ ពួកគេមិនបាននៅទីនោះទេនៅពេលនោះ (នៅពេលដែលកម្ពុជាស្ថិតក្នុងសង្គ្រាម)។ ដូចនេះ ខ្ញុំយល់ថា វាមានសារប្រយោជន៍ដែលយើងមានកម្រងរូបភាព ការតាំងពិព័រណ៍ និងកម្មវិធីវប្បធម៌នានា(សម្រាប់ពួកគេ)»។
«វាជារឿងដ៏ស្មុគស្មាញ។ ខ្ញុំមានន័យថា តើយើងអាចពន្យល់អំពីនយោបាយក្នុងពេល៥នាទីបានឬទេ? សម្រាប់អ្នកនិពន្ធ និងអ្នកថតរូប នេះជាអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍។ ការបង្ហាញរឿងរ៉ាវតាមរយៈរូបថត គឺជាវិធីដែលល្អបំផុត។ រូបថតដក់ជាប់ក្នុងអារម្មណ៍របស់អ្នក។ រូបមួយសន្លឹក បង្កប់រាប់ពាន់អត្ថន័យ»។
រូបថតមួយចំនួនរបស់ លោក Tim Page និងអ្នកថតរូបផ្សេងទៀតក៏ត្រូវបានគេដាក់តាំងនៅក្នុងកម្មវិធីដាច់ដោយឡែកមួយទៀតនៅឯខេត្តសៀមរាប នៅល្ងាចថ្ងៃទី២២ ខែតុលាផងដែរ។
កម្មវិធីជួបជុំគ្នាពេលល្ងាចឬ Peace Museum Masquerade Gala គឺជាកម្មវិធីក្រោមប្រធានបទ Resilence ដូចគ្នា តែធ្វើឡើងក្នុងគោលបំណងប្រមូលវិភាគទានសាងសង់ សារមន្ទីរសន្តិភាពកម្ពុជា ឬ Cambodia Peace Museum ដែលនឹងមានទីតាំងក្នុងខេត្តសៀមរាប។ សារមន្ទីរនេះ គ្រោងកសាងឡើងក្នុងឆ្នាំ ២០១៨។
អ្នកស្រី Nikki Singer គឺជាប្រធានក្រុមគម្រោងកសាង សារមន្ទីរសន្តិភាពកម្ពុជា របស់មជ្ឈមណ្ឌលសិក្សាអំពីជម្លោះ និងសន្តិភាព (Center for Peace and Conflict Studies) មានប្រសាសន៍ថា៖
«កម្មវិធីជួបជុំគ្នាពេលល្ងាច Gala Night និង ការតាំងពិព័រណ៍ សុទ្ធតែជាផ្នែកនៃខួបអនុស្សាវរីយ៍២៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលយើងអាចមើលទៅលើសារសំខាន់ក្នុងការលើកតម្កើងកិច្ចព្រមព្រៀងមួយនេះ។ ក៏ប៉ុន្តែ យើងក៏ត្រូវមើលទៅលើអ្វីដែលកើតឡើងក្រោយកិច្ចព្រមព្រៀងនេះដែរ»។
លោកស្រី Nikki បន្តថាការបង្កើតសារមន្ទីរសន្តិភាពកម្ពុជា នឹងអាចឲ្យប្រជាជនទូទៅមើលឃើញនូវរឿងរ៉ាវទាំងនេះ។
«វាជាការចាំបាច់ណាស់សម្រាប់យើងដែលត្រូវប្រាប់ប្រជាជនទាំងអ្វីដែលបានកើតឡើង និងបង្កើតគំនិតឲ្យគេពិចារណាថា ហេតុអ្វីបានជារឿងនោះកើតឡើង ហើយអ្វីដែលយើងត្រូវរៀនអំពីជម្លោះនិងសន្តិភាពទាំងនោះ ពោលគឺជួយឲ្យប្រជាជនអាចត្រិះរិះដោយមើលអតីតកាល និងគិតថាតើយើងអាចធ្វើបែបណាដើម្បីបន្តចិរភាពនៃផលវិជ្ជមានមួយសម្រាប់អនាគតរបស់កម្ពុជា»។
ការតាំងពិព័រណ៍Risilence Exhibition (ឬការវិលមកវិញនូវសន្តិភាព) ក៏នឹងរៀបចំឡើងក្នុងទីក្រុងភ្នំពេញដែរ នៅដើមខែធ្នូ ឆ្នាំ២០១៦ រហូតដល់ដាច់ខែមករាឆ្នាំ ២០១៧ នៅ FCC។ នេះបើតាមការបញ្ជាក់ពីក្រុមការងាររៀបចំការតាំងពិព័រណ៍នេះ៕