ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ម្នាក់​ប្តឹង​អធិការរង​ស្រុក​អង្គស្នួល​និង​មន្រ្តី​ពាក់ព័ន្ធ​ពីបទ​«បង្ខាំង»​និង​«រារាំង​ការ​អនុវត្ត​ច្បាប់»


រូប​ឯកសារ៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្ត​កណ្តាល។ (ហ្វេសប៊ុក អធិការដ្ឋាននគរបាលស្រុកអង្គស្នួល)
រូប​ឯកសារ៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្ត​កណ្តាល។ (ហ្វេសប៊ុក អធិការដ្ឋាននគរបាលស្រុកអង្គស្នួល)

មេធាវី​មួយ​រូប​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដោយ​ប្តឹង​អធិការរង​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ​ខេត្ត​កណ្តាល​និង​នគរបាល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ពី​បទ​បង្ខាំង​រូប​លោក​ទុក​និង​រារាំង​ការ​អនុវត្តន៍​ច្បាប់។ នេះ​បើយោង​តាម​ពាក្យ​បណ្តឹង​របស់​លោក​ សុខា បារាំង ​ដែល​ជា​សមាជិក​គណៈមេធាវី​កម្ពុជា​និង​ជា​ប្រធាន​ការិយាល័យ​មេធាវី​ឈ្មោះ​បារាំង & អាសូស៊ីអ៊ែត​ (Barang & Associates)។ ពាក្យ​បណ្តឹង​នេះ​ដាក់​ទៅ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៧ ​ខែ​កក្កដា។

បន្ថែម​ពី​លើពាក្យ​បណ្តឹង​នេះ លោក​មេធាវី​ សុខា បារាំង ក៏​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក​ ស ខេង ផង​ដែរ។ នេះ​បើ​យោង​តាម​លិខិត​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ការិយាល័យ​មេធាវី​របស់​លោក។

នៅក្នុង​ពាក្យ​បណ្តឹង​នោះ​មេធាវី​បាន​ប្តឹង​ឈ្មោះ​ ផាច ផល្លា ​អធិការរង​ស្រុក​អង្គស្នួល​និង​មន្រ្តី​នគរបាល​ឈ្មោះ ធួក ចាន់ធី​ និងមន្រ្តី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដោយ​លោក​ថា​បាន​បង្ខាំង​រូប​លោក​ក្នុង​បន្ទប់​«ដោយ​ខុស​ច្បាប់»​រយៈ​ពេល​៣​ម៉ោង​និង​៣០​នាទី នៅ​ពេល​លោក​ចុះ​ទៅ​ជួប​កូនក្តី​និង​ដាក់​ពាក្យ​បណ្តឹង​នៅអធិការដ្ឋាន​នគរបាល​អង្គស្នួល​កាល​ព្រឹកថ្ងៃ​ទី៥ ខែ​កក្កដា។ លោក​បន្ថែម​ថា​កូនក្តី​របស់​លោក​គឺ​លោក ​លី ទីទី​បាន​ប្តឹងបក​ប្រឆាំងបុគ្គល​ម្នាក់​ឈ្មោះ​ប្រាក់ រុន​ ពី​បទ«បរិហារ​បង្កាច់​កេរ្តិ៍» ប្រឆាំង​នឹង​ការ​ប្តឹង​កូនក្តី​របស់​លោក​ពី​បុគ្គល​ម្នាក់។

ការ​ដាក់​ពាក្យ​ប្តឹង​បក​នេះ​នាំឲ្យ​មាន​ការ​តតាំង​គ្នា​ជាពាក្យ​សម្តី​រវាង​កូនក្តី​មេធាវី ​ជាមួយ​លោក​ ផាច ផល្លា​ ដែល​ជា​អធិការ​រង​ទទួល​បន្ទុក​ពាក្យ​បណ្តឹង។​ពាក្យ​បណ្តឹង​ឲ្យ​ដឹង​ទៀត​ថា​អធិការ​រង​នោះ​បាន​ប្រើ​ពាក្យ​សម្តី​«ចាប់​មេធាវី» ក្នុង​ពេល​មាន​ភាព​តាន​តឹង។ ពាក្យ​បណ្តឹង​បញ្ជាក់​ថា៖ «អញ​ធ្លាប់​ធ្វើ​ស៊ី​អ្នក​កាសែត​បាន ឥឡូវ​អញ​ធ្វើ​ស៊ីមេធាវី​ហ្នឹង​ម្តង​មើល»។

លោក​ សុខា បារាំង​ ដែល​ជា​មេធាវី​ដាក់​ពាក្យ​បណ្តឹង​បាន​ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា នៅ​មុនពេល​កើត​ហេតុ​នេះ​កូនក្តី​របស់​លោក​ត្រូវ​បាន​អ្នក​ស្រី​ប្រាក់​ រុន​ ​ដាក់​ពាក្យ​បណ្តឹង​និង​ចោទ​ប្រកាន់​ពីបទ«ប៉ុន​ប៉ង​រំលោភ និង​ចូល​លួច»។ លោក​ឲ្យ​ដឹង​ថា​កូន​ក្តី​របស់លោក​និង​ភាគី​ម្ខាង​ទៀត​ដែល​មាន​ដីជាប់​គ្នា​តែង​តែ​មាន​ទំនាស់​រកាំ​រកូស​នឹងគ្នា​ជាច្រើន​លើក​មក​ហើយ។ ទំនាស់​នេះ​នាំ​ឲ្យ​មាន​ការ​ប្តឹង​ផ្តល់​ទៅ​នគរបាល​ផង​ដែរ។

លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា កាល​ពីថ្ងៃទី២ ខែ​កក្កដា​អធិការ​ស្រុក​អង្គស្នួល​លោក ​មាន ​សំណាង​បាន​ចេញ​លិខិត​កោះ​ហៅ​កូន​ក្តី​របស់​លោក​ឲ្យចូល​ខ្លួន​បំភ្លឺប៉ុន្តែ​កូនក្តីមិន​បាន​ដឹង​នោះ​ទេ ដោយ​សារ​ជាប់​រវល់​ការងារ។​ការ​កោះ​នេះលោកមេធាវីមើល​ឃើញ​ថា​មានភាព​មិន​ប្រក្រតី លោក​ក៏​បាន​ឲ្យ​កូនក្តី​របស់​លោក​ដាក់​ពាក្យ​បណ្តឹងតបវិញ​ពី​បទ​«បង្កាច់​កេរ្តិ៍»។ ប៉ុន្តែ​ពេល​មក​ដល់​នគរបាលដ្ឋាន​ស្រុក​អង្គស្នួល​កាល​ពីថ្ងៃ​ទី​៥​ ខែ​កក្កដា​អធិការ​រង លោក ​ផាច ផល្លា​មិន​បាន​ទទួល​ពាក្យ​បណ្តឹង​និង​បោះ​ត្រា​លើ​ពាក្យ​បណ្តឹង​ទេ​ហើយ​ថែម​ទាំង​បង្ខាំង​ដោយ​ខុស​ច្បាប់​ទៀត​ផង។​

លោក​ថ្លែងថា៖ «គេ​អត់​បោះ​ត្រា​ឲ្យ​ខ្ញុំ​ទេ​ជាចុង​ក្រោយ​ឃាំង​ខ្ញុំ​ក្នុង​បន្ទប់​ដោយ​ខុស​ច្បាប់។ ខ្ញុំ​សូម​ប្រើ​ពាក្យ​អញ្ចឹង។ ហើយ​ខ្ញុំ​ចេញ​មកវិញ​[នៅម៉ោង​រសៀល] ១និង​៣នាទី​ក៏គាត់​មិនព្រម​បោះ​ដែរ។ ប៉ុន្តែ​គាត់​យក​ឯកសារ​ខ្ញុំ​ទាំង​អស់​ហើយ​អញ្ចឹង​ឯកសារ​ពាក្យ​បណ្តឹង​ដែល​ខ្ញុំ​ធ្វើ​ហ្នឹង៤​ច្បាប់​ហ្នឹង​គឺគាត់​យក​អស់​ហើយ​គាត់​អត់​បោះ​ត្រា​ឲ្យ​ទេ​គាត់​គាត់​ទុក​នៅគាត់​ហ្នឹង។ បាន​ន័យ​ថា​វា​គ្នាន​អ្វី​ជា​ការ​បញ្ជាក់​ពាក្យ​បណ្តឹង​ហ្នឹង​ត្រូវ​បាន​ទទួល​យក​ដោយ​មន្ត្រី​នគបាល​យុត្តិធម៌​ស្រប​តាម​នីតិវិធី​ច្បាប់​នោះ​ទេ​ពី​ព្រោះ​ថា​បែប​បទ​នៃ​ការ​ទទួល​ពាក្យ​បណ្តឹង​ត្រូវ​មាន​បោះ​ត្រា​ចូល​ឬ​ហត្ថ​លេខា​ទទួល​យក​ដើម្បីជា​ភស្តុតាង»។

លោក​បន្ថែម​ថា​នគរបាល​ក៏​បាន​ឲ្យ​លោក​ផ្តិត​មេដៃលើ​កំណត់​ហេតុដែល​លោក​បាន​បដិសេធ​មិន​ធ្វើ​តាម។

លោក​បន្ថែម​ថា៖ «អញ្ចឹង​អ្នក​ធ្វើ​កំណត់​ហេតុ​ចម្លើយ​គឺ​គាត់​សរសេរ​តាម​កំណត់​ហេតុ​ដែល​មាន​ស្រាប់​ហើយ​មិន​ដឹង​ថាជា​ចម្លើយ​របស់​អ្នក​ណា​គេទេ​ពីព្រោះ​មិនមែន​ជា​ចម្លើយ​របស់​ខ្ញុំ។ ហើយ​ជាចុង​ក្រោយ​គេ​យក​កំណត់​ហេតុ​ហ្នឹង​មក​ឲ្យ​ខ្ញុំ​ផ្តិត​មេដៃក៏ប៉ុន្តែ​ខ្ញុំថា​មិនមែន​ជា​ចម្លើយ​របស់​ខ្ញុំ​ខ្ញុំ​មិនផ្តិត​មេដៃនោះទេ។ ប៉ុន្តែខ្ញុំ​មើល​អត្ថន័យ​ទៅ គឺ​រៀប​អង្គ​ហេតុ​ដើម្បី​មូល​បង្កាច់​ខ្ញុំ ហើយ​ខ្ញុំ​អត់​ផ្តិត​មេដៃ​ទេ។ ប៉ុន្តែ​ខ្ញុំ​ចារ​នៅ​ទំព័រ​ទី២​ដាក់​ថា​នេះ​មិនមែន​ជា​ចម្លើយ​របស់​ខ្ញុំ​ទេ​ហើយ​ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង និង​បាន​ស៊ីញ៉េ​នៅ​ខាង​ក្រោម»។

បើ​តាម​លោក ​សុខា បារាំង ​បើ​មិន​មាន​ការ​អន្តរាគមន៍​ពី​លោក​ លី ច័ន្ទតុលា ​ប្រធាន​គណៈមេធាវី​នៅ​ពេល​នោះ​ទេ មិន​ដឹង​ថា​នគរបាល​នឹង​បង្ខាំង​រូប​លោក​ដល់​ពេល​ណា​នោះទេ។​

វីអូអេ​បាន​ទាក់ទង​លោក​ ផាច ផល្លា ​អធិការ​រងស្រុក​អង្គស្នួល​ដែល​រង​ពាក្យ​បណ្តឹង​ប៉ុន្តែ​លោក​ហាក់មិន​ចង់អត្ថាធិប្បាយ។ ទោះ​ជាយ៉ាងណា លោក​បាន​បដិសេធ​ថា​លោកមិន​បាន​បង្ខាំង​មនុស្ស​នោះ​ទេ ហើយ​អ្វី​ដែលលោកធ្វើនោះ គឺ​តាម​បញ្ជា​ថ្នាក់​លើ​របស់​លោកតែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា៖ «ធ្វើ​តាម​ការ​បញ្ជា​របស់​លោក​ស្នង​ការ​ហៅ​សួរ​នាំ​ទៅ [ហើយ]​ទៅ​បង្ខាំង​អី។ ខ្ញុំ​មាន​សិទ្ធិ​អី​ទៅ​បង្ខាំង​គាត់​»។

​វីអូអេ​ព្យាយាម​ទាក់​ទង​ទៅ​ស្នងការ​ខេត្ត​កណ្តាល​លោក​ ឈឿន សុចិត្ត​ និង​អធិការ​ស្រុក​អង្គ​ស្នួល​លោក ​មាន ​សំណាង​ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​នៅ​ថ្ងៃ​សុក្រ​នេះ។

កូនក្តី​របស់​មេធាវី​លោក ​សុខា ​បារាំង​ គឺ​លោក​ លី ទីទី​ អាយុ​២១​ឆ្នាំ​បាន​ប្រាប់​VOAថា​សមត្ថកិច្ចបង្ខំ​រូប​លោក​ឲ្យ​ដោះ​អាវ​ការងារ​និង​សួរ​ចម្លើយ​លោក​ខណៈ​ពេល​ដែល​រូប​លោក​គ្រាន់​តែ​ដាក់​ពាក្យ​បណ្តឹង​តប​វិញតែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ថា​មាន​មេធាវី​[ប៉ូលីស]​លេង​សុទ្ធ​គំរាម​ខ្ញុំ​ថា​មេធាវី​គ្មាន​សិទ្ធិ​នៅ​ទីនេះ​ទេ។ ហើយ​គាត់​និយាយ​ទៅ​កូន​ចៅ​គាត់​ថា​បើ​មេធាវី​មក​កុំ​ឲ្យ​ចូល​កន្លែង​គាត់។ ដល់​ពេល​មេធាវី​ខ្ញុំ​មកដល់​ក៏​អត់​ដោះ​ខោអាវ​អត់​អីខ្ញុំវិញអញ្ចឹង​ទៅ​ហើយ​ថា​ទៅ​និយាយ​ជា​មួយ​មេធាវី​យក​ខ្ញុំ​ទៅ​បន្ទប់​ផ្សេង។ដល់​ពេល​និយាយ​ជាមួយ​មេធាវី​ខ្ញុំ​មេធាវី​ខ្ញុំ​សុំ​ដាក់​ពាក្យ​បណ្តឹង​គាត់​និយាយ​លេស​រហូត​ម្តង​អញ្ចេះ ​ម្តង​អញ្ចុះ។ គាត់​អត់​ព្រម​ទទួល​ពាក្យ​បណ្តឹង​ហ្នឹង​សោះ​ដល់​ពេល​បាន​មួយ​សន្ទុះ​មក​គាត់​ប្រាប់​កូន​ចៅគាត់​ម្នាក់​ទៀត​... ថា​ឲ្យទៅ​លួច​ថត​កាត​មេធាវី​ខ្ញុំ​មក​ស្រួល​គាត់​រាយ​ការណ៍​ទៅមេ​គាត់​ធ្វើ​ស៊ី​មេធាវី​ខ្ញុំ»។

លោក​បន្ថែម​ថា៖ «គាត់​[លោក​ផាច ផល្លា​អធិការរង​ស្រុក​អង្គស្នួល]​ឲ្យកូន​ចៅ​គាត់​ម្នាក់​ទៀត​ទទួល​ពាក្យ​បណ្តឹង។ អញ្ចឹង​ដល់​ពេល​ហៅ​មក​គាត់​មាន​ហៅ​មក​ទទួល​ពាក្យ​បណ្តឹង​គាត់ហៅ​មក​ឃុំ​ខ្លួន​គាត់​ឃុំ​ខ្លួន​ទាំង​ខ្ញុំ​ឃុំ​ខ្លួន​ទាំង​មេ​ធាវី​ខ្ញុំ​ទៀត។​តាំង​ពី​ម៉ោង​៨​ព្រឹករហូត​ដល់​ម៉ោង​២ល្ងាច​បានគាត់​ឲ្យ​ចេញ»។

កាល​ពី​ខែ​មករា ឆ្នាំ​២០២១ ប្រធាន​គណៈ​មេធាវី​លោក ​លី ច័ន្ទ​តុលា​ធ្លាប់​បាន​ជួបជាមួយ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ​ស ខេង​ដោយ​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​នឹង​ណែនាំ​បន្ថែម​ទៅ​មន្រ្តី​នគរបាល​យុត្តិធម៌​ទាំងអស់​ឲ្យអនុញ្ញាត​មេធាវី​អាច​អម​ឬ​ការពារ​កូនក្តី​នៅ​ដំណាក់​កាល​នគរបាល​យុត្តិធម៌​លើក​លែង​តែ​ករណី​ឃាត់​ខ្លួន​ជាក់​ស្តែង​ដែល​ត្រូវ​រង់ចាំ​រយៈ​ពេល២៤ម៉ោង​ក្រោយ​ធ្វើ​ការ​ឃាត់​ខ្លួន​សិន។

យោងតាម​ក្រម​ព្រហ្មទណ្ឌ ត្រង់​មាត្រា​២៥៣ ​បទ«ចាប់​ឃុំឃាំង​និង​បង្ខាំង​ដោយ​ខុស​ច្បាប់» ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣ឆ្នាំ បើ​ការ​ចាប់​ ការ​ឃុំ​ឃាំង​ឬការ​បង្ខាំង​ខ្លួននោះ​មាន​រយៈ​ពេល​តិច​ជាង​៤៨​ម៉ោង។

លោក​អំ សំអាត​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើលនិង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូប្រាប់VOA​ថា ជន​រងគ្រោះ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​មាន​សិទ្ធិ​ក្នុង​ការប្តឹង​វិញ​ដូចគ្នា​បើ​គេ​មិន​សុខ​ចិត្ត។ លោក​បញ្ជាក់​ថា​នគរបាល​ត្រូវ​ទទួល​ពាក្យ​បណ្តឹង​នោះ​ដូចគ្នា។

​លោក​ថ្លែង​ថា៖ «ការ​ចាប់​និងការ​ឃាត់​មិន​មាន​បទ​ល្មើស​វា​មិនអាច​ឃាត់​ ឬ​បង្ខាំង​ទុកបាន​ទេ​កាល​ណាឃាត់​និង​បង្ខាំងគេ​ទុក​ដោយ​គ្មាន​ពាក់ព័ន្ធ​បទល្មើស​វាជា​រឿង​ខុសច្បាប់»។

ចំណែក​លោក​មេធាវី សំ​សុគង់ ដែល​បាន​អធិប្បាយ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ទាក់ទង​នឹង​ទំនាស់​ប្តឹង​ផ្តល់​នេះ បាន​ប្រាប់​ VOAនៅ​ថ្ងៃ​សុក្រ​ថា​កាល​ណា​សមត្ថកិច្ច​បង្ខាំង​មនុស្ស​ឲ្យ​ហួស​ម៉ោង​រដ្ឋបាល​សម្រាក​គឺ​អាច​ចាត់​ទុក​ថា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ហើយ​ករណី​នេះ​រំលោភ​លើវិជ្ជា​ជីវៈ​មេធាវី​ទៀត​ផង។​

លោក​ថ្លែងថា៖ «ខ្ញុំ​យល់​ឃើញថា​ទីមួយ​អាជ្ញាធរ​គាត់​មិនយល់​អំពី​ការងារ​វិជ្ជាជីវៈ​របស់​មេធាវី​ពីព្រោះ​មេធាវី​អាច​ការពារ​កូន​ក្តី តំណាង​កូនក្តី​បាន​គ្រប់​ដំណាក់​កាល​មិនមែន​សំដៅ​ទៅលើ​តែ នៅពេល​រឿង​ក្តី​នៅ​តុលាការ​ហើយ​ទី​ពីរ​ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​មេធាវីថា​បង្ខាំង​គាត់​រហូត​ដល់​ឆ្លងពេល​បាយ​ឆ្លង​ម៉ោង​រដ្ឋបាល​អញ្ចឹង​កាលណា​ឆ្លង​ម៉ោង​រដ្ឋ​បាល​ទុកគាត់​នៅក្នុង​បន្ទប់ឃុំ​ឃាំង​បែប​នេះ​វាជា​បទ​ល្មើស​បង្ខាំង​មនុស្ស​ខុសច្បាប់ ក្នុងនាម​វិជ្ជាជី​វៈ​មេធាវី គាត់​ការពារ​កូនក្តី ហើយ​យកគាត់​ទៅ​ចាក់​សោ​ក្នុង​បន្ទប់​ដែល​មិន​ឲ្យ​គាត់​មាន​សេរី​ភាព អញ្ចឹង​ចូល​លក្ខណៈ​ហៅថា​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ដែល​ច្បាប់​បាន​ចែង​ថាជា​បទ​ល្មើស​ព្រហ្មទណ្ឌ»​។

លោក​សំ​ សុគង់ ចោទ​ជា​សំណួរ​ថាប្រសិន​បើ​ករណីនេះ​កើត​ឡើង​លើប្រជា​ពល​រដ្ឋ​ធម្មតា​តើ​នឹង​មាន​ការបំពាន​កម្រិត​ណា៕

XS
SM
MD
LG