ក្ដីបារម្ភមានការកើនឡើងចំពោះការគ្រប់គ្រងទប់ទល់នឹងកូវីដ១៩ក្នុងចំណោម បណ្ដាពន្ធនាគារដ៏ចង្អៀតណែនរបស់កម្ពុជា ក្រោយពីពន្ធនាគារខេត្តកណ្ដាលបានក្លាយជាមន្ទីរឃុំឃាំងចុងក្រោយបង្អស់មួយទៀត ដែលមានករណីផ្ទុះឆ្លងជំងឺរលាកសួតមួយនេះ។
កាលពីថ្ងៃអង្គារ អាជ្ញាធរខេត្តកណ្ដាលត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដីអំពីករណីឆ្លងកូវីដ១៩ក្នុងចំណោមអ្នកជាប់ឃុំ១០៣នាក់ និងអនុរក្សពន្ធនាគារ៣នាក់ក្នុងពន្ធនាគារខេត្ត ដែលមានទីតាំងក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្ត បានប្រាប់វីអូអេថា បច្ចុប្បន្នទីតាំងពន្ធនាគារដែលនៅ ក្បែរមាត់ស្ទឹងព្រែកត្នោតនេះ ត្រូវបានយកធ្វើជាកន្លែងព្យាបាលសម្រាប់អ្នកជាប់ឃុំទាំងនោះតែម្ដង។
«ព័ត៌មានហ្នឹងវា ខ្ញុំមិនដឹង មិនដឹងទេ មិនដឹងគេបានពីណាទេ១០៦នាក់ហ្នឹងនោះ ប៉ុន្តែជុំវិញបញ្ហានេះ ខ្ញុំបានរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តហើយ។ អីចឹងលោកចង់សួរអី លោកតេទៅជួបអភិបាលខេត្តទៅ ពីព្រោះខាងពេទ្យ គេហ្នឹងរាយការណ៍ផ្ទាល់អំពីអ្នកកើតមិនកើតទៅឯកឧត្តមអភិបាលខេត្ត»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីអភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ និងឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តបាននៅឡើយ គិតត្រឹមរសៀលថ្ងៃពុធនេះ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បដិសេធមិនផ្តល់ការអធិប្បាយលើតួលេខនៃអ្នកជាប់ឃុំដែលត្រូវគេរាយការណ៍ថា បានឆ្លងជំងឺកូវីដ១៩ ក្នុងពន្ធនាគារខេត្តកណ្តាល ដោយថា ឲ្យអ្នកយកព័ត៌មានយោងទៅតាមរបាយការណ៍របស់អាជ្ញាធរខេត្តកណ្តាល។
«ទាក់ទងនឹងចំនួនអ្នកឆ្លងជាផ្លូវការ ខ្ញុំសុំឲ្យពិនិត្យមើលរបាយការណ៍របស់ ឬក៏សេចក្តីប្រកាសជាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលខេត្តគាត់សរសេរថា ប៉ុន្មាន គឺប៉ុណ្ណឹងទៅ ខ្ញុំអត់មានសមត្ថកិច្ចនឹងប្រកាសថា អ្នកឆ្លងកូវីដមានប៉ុន្មានទេណា ព្រោះថា បើខ្ញុំនិយាយថា មានប៉ុន្មាន ហើយខាងខេត្តគាត់ វាយតម្លៃទៅមានប៉ុន្មានអី ប៉ុន្មាន ជាផ្លូវការជាមួយសមត្ថកិច្ចសុខាភិបាល ខុសពីអ្វីដែលខ្ញុំលើកឡើង អាហ្នឹង ខ្ញុំអាចមានបញ្ហាដែរ»។
បើតាមតួលេខផ្លូវការដែលអាជ្ញាធរធ្លាប់បានបង្ហាញឱ្យដឹង មានពន្ធនាគារបីហើយដែលរងគ្រោះពីកូវីដ១៩ រួមមានពន្ធនាគារខេត្តព្រះសីហនុ មណ្ឌលអប់រំកែប្រែទី១(ម១) និងចុងក្រោយបង្អស់នេះពន្ធនាគារខេត្តកណ្ដាល និងមានទណ្ឌិតនិងអ្នកជាប់ឃុំសរុប ១៥៨នាក់ ឆ្លង។
ប៉ុន្តែរបាយការណ៍រួមរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិពីរគឺ Amnesty International និង Human Rights Watch បានដាក់ការសង្ស័យនិងអះអាងថា អ្នកទោសនិងអ្នកជាប់ឃុំរាប់រយនាក់ផ្សេងទៀតនៅពន្ធនាគារខេត្តព្រះសីហនុ និងពន្ធនាគាររាជធានីភ្នំពេញ (PJ) បានធ្វើតេស្ដវិជ្ជមានឃើញមានវីរុសកូវីដ១៩។ ក៏ប៉ុន្តែអង្គការទាំងពីរនេះ មិនផ្តល់តួលេខជាក់លាក់នៃករណីឆ្លងក្នុងពន្ធនាគារទាំងពីរនេះទេ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានច្រានចោលការអះអាងរបស់អង្គការ Amnesty International និងអង្គការ Human Rights Watch ដោយថាអង្គការទាំងពីរមិនបានផ្តល់ភស្តុតាង ដែលអាចជឿបាន។
យ៉ាងណាក៏ដោយមន្ត្រីរូបនេះមិនបានផ្ដល់តួលេខប្រែប្រួលចុងក្រោយនៃចំនួនពន្ធនាគារនិងអ្នកជាប់ទោសដែលឆ្លងកូវីដ១៩នោះទេ ដោយគ្រាន់តែបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ មិនទាន់មានករណីស្លាប់នៃអ្នកជាប់ឃុំដែលរកឃើញថាមានជំងឺកូវីដ១៩នោះទេ។
អ្នកស្រី សេង ចាន់ថន ភរិយាលោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាថ្នាក់ស្រុកនៃគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ធំ ទទូចសុំឲ្យអាជ្ញាធរពន្ធនាគារ និងអាជ្ញាធរពាក់ព័ន្ធបង្ហាញអត្តសញ្ញាណនៃអ្នកជាប់ឃុំ ដែលរកឃើញថា មានជំងឺកូវីដ១៩ ពីព្រោះគិតចាប់តាំងពីព្រឹត្តការណ៍ឆ្លងសហគមន៍ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២០ខែ កុម្ភៈមកនោះ សាច់ញាតិក្រុមគ្រួសារបានដាច់ការទាក់ទងគ្នាជាមួយអតីតសកម្មជន និងមន្ត្រីបក្សជំទាស់ជាង៤០នាក់ដែលកំពុងស្ថិតក្នុងពន្ធនាគារ។
«មិនមែនព្រួយបារម្ភទើបព្រួយ គឺព្រួយយូរហើយ ខ្លាចតែក្នុងហ្នឹងផ្ទុះកូវីដទេ តែឥឡូវវាផ្ទុះមែន ដូចការព្រួយបារម្ភរបស់ពួកយើងហើយ អីចឹងខ្ញុំចង់ឲ្យព័ត៌មានហ្នឹងចេញឲ្យច្បាស់ៗ ឥឡូវៗហ្នឹង ឲ្យទាន់មក ដើម្បីឲ្យពួកខ្ញុំបានដឹងផង កុំឲ្យពួកខ្ញុំនៅតែព្រួយបារម្ភ ហើយមិនដឹងពីរឿងខាងក្នុងហ្នឹង ថាតើពួកគាត់យ៉ាងម៉េចទៀត»។
អ្នកស្រីបន្ថែមថា តុលាការគួរពិចារណាឲ្យអ្នកជាប់ឃុំដោយសារហេតុផលនយោបាយទាំងអស់បានស្ថិតនៅក្រៅឃុំ ក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩កំពុងឆ្លងរាតត្បាតក្នុងពន្ធនាគារ។
មេធាវីការពារក្តីឲ្យអតីតសកម្មជន និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ លោក សំ សុគង់ ប្រាប់វីអូអេ នៅថ្ងៃពុធនេះថា មិនមានដំណឹងផ្លូវការណាមួយចេញពីពន្ធនាគារ បញ្ជាក់ពីស្ថានភាពនៃកូនក្តីលោកនោះទេ។
លោកយល់ថា មន្ត្រីគ្រប់គ្រងពន្ធនាគារ គួរតែបញ្ចេញអត្តសញ្ញាណនៃអ្នកជាប់ឃុំ ដែលរកឃើញថាមានជំងឺកូវីដ១៩នោះ ដើម្បីឱ្យសាច់ញាតិស្ងប់អារម្មណ៍ និងឲ្យសាធារណជនទូទៅបានដឹងពីស្ថានភាពឆ្លងជំងឺកូវីដ១៩នេះ នៅក្នុងពន្ធនាគារ។
«បើសិនជាអាជ្ញាធរចេញអត្តសញ្ញាណ ឬចេញឈ្មោះអ្នកដែលឆ្លងហ្នឹងទៅ ធ្វើឲ្យពួកគាត់ហ្នឹង មានអារម្មណ៍មួយគិតថា បើសិនជាមិនឆ្លងដល់ក្រុមគ្រួសារគាត់ទេ ក៏គាត់មានអារម្មណ៍មួយថាធូរស្បើយ ឬក៏សប្បាយចិត្ត។ បើសិនបើមានមែន ក៏គាត់មានការបារម្ភ ឬក៏អាចថាមានការលើកទឹកចិត្តតាមបែបណាមួយទៅតាមអ្វីដែលខាងអាជ្ញាធរគាត់អនុញ្ញាត ដូចជាតាមរយៈធ្វើទំនាក់ទំនងតាមទូរសព្ទ សួរសុខទុក្ខតាមទូរសព្ទ ឬក៏អាចឲ្យពួកគាត់ហ្នឹងមានទំនាក់ទំនង តាមរយៈគេហៅថាមន្ត្រីពន្ធនាគារអីផ្សេងៗ»។
ទាក់ទិនការបញ្ចេញអត្តសញ្ញាណនៃអ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ១៩នោះ លោក នុត សវនាលើកឡើងថា មិនទាន់មានគោលការណ៍ពីថ្នាក់លើឲ្យធ្វើដូច្នេះបានទេ។ លោកបន្ថែមថាមន្ត្រីពន្ធនាគារ និងអាជ្ញាធរពាក់ព័ន្ធ «កំពុងតែដុតដៃដុតជើង» ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ១៩នេះទៅពន្ធនាគារផ្សេងទៀត ហើយមន្ត្រីជំនាញក៏កំពុងតាមរកប្រភពនៃការឆ្លងជំងឺកូវីដ១៩ទៅក្នុងពន្ធនាគារខេត្តកណ្តាល។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការសម្រេចបញ្ចេញឈ្មោះ អ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ១៩នោះ ទាល់តែមានលក្ខណៈចាំបាច់ខ្លាំង ព្រោះអ្នកជាប់ឃុំមិនមានការជួបប្រាស្រ័យទាក់ទងមនុស្សម្នាច្រើនដូចពលរដ្ឋទូទៅនោះទេ។
«ក៏ប៉ុន្តែអ្នកជាប់ឃុំ គាត់អត់មានទៅណាទេ គាត់នៅតែក្នុងឃុំហ្នឹងទេ អីចឹងវាអាស្រ័យទៅលើខាងសមត្ថកិច្ចទេ គាត់នឹងធ្វើការសិក្សាមើលថា តើវាចាំបាច់ ឬក៏អត់»។
កាលពីថ្ងៃអាទិត្យ អង្គការ Amnesty International និងអង្គការ Human Rights Watch បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចេញនូវតួលេខពិតប្រាកដនៃអ្នកជាប់ឃុំដែលត្រូវបានរកឃើញថា មានជំងឺកូវីដ១៩។
អង្គការទាំងពីរក៏ស្នើឲ្យអាជ្ញាធរកម្ពុជាគួរតែដោះលែងជាបន្ទាន់អ្នកជាប់ឃុំរង់ចាំការកាត់ទោសទាំងអស់ទូទាំងប្រទេស សម្រាប់អ្នកដែលអាចមានសិទ្ធិទទួលបានការដោះលែងឲ្យបានស្ថិតនៅក្រៅឃុំ ក៏ដូចជាអ្នកជាប់ឃុំទាំងឡាយណាដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩។
បើតាមតួលេខដែលបង្ហាញដោយអង្គការសហប្រជាជាតិកាលពីខែធ្នូ កម្ពុជាមានទណ្ឌិតនិងអ្នកជាប់ឃុំសរុបជិត៤ម៉ឺននាក់ តាមបណ្ដាពន្ធនាគារទូទាំងប្រទេស ដែលភាគច្រើនមានសភាពលើសចំណុះ និងចង្អៀតណែន៕