ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រវត្តិវិទូ​មួយ​រូបស្វែងយល់​ពី​ការវិវត្ត​នៃ​អនាម័យ​ផ្ទាល់ខ្លួន


រូបឯកសារ៖ ងូតទឹកលេងជុំគ្នាអំឡុងពេលពិធីបុណ្យសាសនា Fasilides នៅប្រទេសអេត្យូពី។
រូបឯកសារ៖ ងូតទឹកលេងជុំគ្នាអំឡុងពេលពិធីបុណ្យសាសនា Fasilides នៅប្រទេសអេត្យូពី។

ការលាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ​និង​ទឹក​ក្នុង​ពេល​យ៉ាងតិច​ណាស់ ២០ វិនាទី ត្រូវ​បាន​ណែនាំ​ដោយ​អ្នកជំនាញ​ផ្នែកសុខភាព​ដើម្បី​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩។ នេះគឺ​ជា​អ្វី​ដែល​មនុស្ស​ជាច្រើនកំពុង​អនុវត្ត​ក្នុង​ពេល​សព្វថ្ងៃនេះ។ ក៏ប៉ុន្តែនៅ​ពេល​ដែល​ការលាងដៃ និង​ការងូតទឹកបង្ហាញ​ពី​អនាម័យ​ផ្ទាល់​ខ្លួន​នៅ​សម័យ​បច្ចុប្បន្ន​នេះ នៅ​មុន​សតវត្សរ៍​ទី១៩ គឺ​មិន​ដូច្នេះ​ទេ។

ជាឧទាហរណ៍ ព្រះមហាក្សត្រ Louis XIV (ទី១៤) នៃ​ប្រទេស​បារាំង​ត្រូវ​បាន​គេ​និយាយ​ថា បាន​ព្រះអង្គ​ស្រង់​ព្រះកាយ​តែ​ពីរដង​ប៉ុណ្ណោះ ក្នុង​មួយ​ជីវិត​របស់​ព្រះអង្គ ដោយ​រាប់​ចាប់ពី​ទ្រង់​ពេញ​វ័យ​មក។ ការស្រង់​ព្រះកាយ​ទាំងពីរ​ដង​របស់​ទ្រង់ គឺ​ត្រូវ​បាន​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​អាការៈ​ប្រឈួនព្រះសិរសា ហើយ​គ្រូពេទ្យ​របស់​ព្រះអង្គ​គិត​ថា ការស្រង់​ព្រះកាយ​អាច​ជួយ​ព្រះអង្គ​បាន។ ក៏ប៉ុន្តែ ការស្រង់ព្រះកាយមិន​បានធ្វើ​ឲ្យ​ព្រះអង្គ​ឈប់​ប្រឈួន​ព្រះសិរសា​នោះ​ទេ ដូច្នេះចាប់តាំងពី​ពេល​នោះ​មក​ព្រះអង្គ​មិន​ដែល​ស្រង់​ព្រះកាយ​ទៀត​ឡើយ។

ការធ្វើ​ព្រះរាជ​ពិធី​អនាម័យ​ព្រះកាយ​របស់​ព្រះមហាក្សត្រ Louis XIV (ទី១៤) និង​តួលេខ​ប្រវត្តិសាស្ត្រ​ដទៃទៀត ត្រូវ​បាន​រៀបរាប់​នៅក្នុង​សៀវភៅ​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា «ខ្លួនប្រាណ​ស្អាត៖ ប្រវត្តិសាស្រ្ត​សម័យ​ទំនើប» ឬ «The Clean Body: A Modern History» ដែលនិពន្វ​ដោយ​លោក Peter Ward។ លោក Ward ដែល​ជា​អតីត​សាស្រ្ដាចារ្យ​ប្រវត្ដិសាស្ដ្រ​នៅ​សាកល​វិទ្យាល័យ University of British Colombia បាន​ធ្វើ​ការស្វែងយល់អំពី​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការថែរក្សា​ខ្លួនប្រាណ​នៅ​បណ្តា​ប្រទេស​លោក​ខាងលិចក្នុង​រយៈពេល​ជាង ៤ សតវត្សរ៍​ចុងក្រោយ​នេះ។

ការសម្អាត​ខ្លួន​ប្រាណ​ក្នុង​ពេល​បច្ចុប្បន្ន និង​ក្នុង​ពេល​អតីតកាល

លោក Peter Ward បាន​ឲ្យ​ដឹង​ថា មិនមែន​មាន​តែ​ព្រះមហាក្សត្រ Louis XIV (ទី១៤) មួយ​អង្គ​ឯង​ប៉ុណ្ណោះ​ទេ ដែល​មាន​ទម្លាប់​សម្អាត​ព្រះកាយ​ដូច​នោះ អ្នកផ្សេង​ទៀត​នៅ​សម័យ​កាល​នោះ ក៏​មាន​ទម្លាប់​មិន​ងូតទឹក​ដែរ។

នៅ​សតវត្សរ៍​ទី១៨ មនុស្ស​នៅ​ក្នុង​វណ្ណៈ​ខ្ពស់​ភាគច្រើនគឺ​កម្រ​នឹង​ងូតទឹក​ណាស់។ ពួកគេ​បាន​លុបមុខ និង​លាងដៃ​របស់​ពួកគេ​ម្តងម្កាល ហើយ​រក្សា​ខ្លួន​ពួកគេ​ឲ្យ​ស្អាត​ដោយ​ការផ្លាស់ប្តូរ​ខោអាវ​ទ្រាប់​ខាងក្នុង​ពណ៌ស នៅ​ក្រោម​សម្លៀក​បំពាក់​របស់​ពួកគេ។ លោក Peter Ward បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ការគិត​អំពី​ភាព​ស្អាតគឺ​បាន​ផ្តោត​ទៅ​លើ​សម្លៀក​បំពាក់​របស់​ពួកគេ ជាពិសេស​សម្លៀក​បំពាក់​ដែល​ពាក់​ជាប់​ផ្ទាល់​នឹង​ស្បែក​របស់​ពួកគេ។ ទស្សនៈ​ទូទៅ គឺ​ខោអាវ​ទ្រាប់​ខាងក្នុង​ពណ៌ស ដែល​ពួកគេ​ពាក់​នៅ​ខាងក្រោម​សម្លៀកបំពាក់​ខាងក្រៅ​របស់​ពួកគេនឹង​ស្រូប​យក​ញើស និងភាព​មិន​ស្អាត​របស់​ខ្លួនប្រាណ ដូច្នេះ​វា​បាន​សម្អាត​ស្បែក​របស់​ពួកគេ»។

កអាវ និង​ដៃអាវ​ពណ៌ស​ស្រទាប់​ខាងក្នុង ជាញឹកញាប់​វែង​ជាងសម្លៀក​បំពាក់​ខាងក្រៅ ដែល​នោះ ជា​ការបង្ហាញ​ពី​ភាពស្អាត​របស់​ខ្លួន​ប្រាណ​នៃ​ម្ចាស់​សម្លៀក​បំពាក់​នោះ។ សម្លៀកបំពាក់​បែប​នោះក៏​បាន​បញ្ជាក់​ពី​ឋានៈ​ដ៏ខ្ពង់ខ្ពស់​នៅ​ក្នុង​សង្គម​របស់​អ្នក​ដែល​ស្លៀក​សម្លៀក​បំពាក់​នោះ​ផងដែរ ពីព្រោះ​មនុស្ស​ភាគច្រើន​នៅក្នុង​សង្គម​លោក​ខាងលិច​នា​ពេល​នោះ មិនមាន​ប្រាក់​ដើម្បី​កាត់ ឬទិញសម្លៀកបំពាក់​របៀប​នោះ​បាន​ទេ។

បន្តិច​ម្តងៗ ការគិត​អំពី​ភាព​ស្អាតបាន​ផ្លាស់ប្តូរ​ដោយ​ចាប់ផ្តើម​ពី​ក្រុម​អ្នក​មាន​វណ្ណៈ​ខ្ពស់ ហើយ​ក៏​បាន​រាលដាល​ដល់​អ្នក​ដែល​មាន​វណ្ណៈកណ្តាល​ដែល​ចំនួន​បាន​បន្ត​កើន​ឡើង។ លោក Ward បាន​ពន្យល់​បន្ថែម​ថា៖

«មក​ដល់​ចុង​សតវត្សរ៍​ទី១៨ អ្នកមាន​វណ្ណៈ​ខ្ពស់ ចាប់ផ្តើម​ទទួល​ស្គាល់​ថា ការងូតទឹក គឺ​ជា​ទម្រង់​ថ្មី​នៃ​ការថែរក្សា​អនាម័យ​ផ្ទាល់​ខ្លួន។ នៅក្នុង​រង្វង់​អ្នកមាន​វណ្ណៈ​ខ្ពស់​នៅ​គ្រប់​ទីកន្លែង បុរស និង​ស្ត្រីចាប់ផ្តើម​មើលឃើញ​ពី​គុណតម្លៃ​ថ្មី​មួយ​ក្នុង​ការរក្សា​ខ្លួន​ប្រាណ​ឲ្យ​ស្អាត ហើយ​ការងូតទឹក​ជា​វិធី​ថ្មី​មួយ ដើម្បី​ឲ្យ​មាន​ភាពស្អាត​នោះ»។

តើ​មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ នៅក្នុង​សតវត្សរ៍​ទី១៩?

នៅ​សតវត្សរ៍​ទី១៩ ការថែរក្សា​ខ្លួនប្រាណ​បាន​ក្លាយជា​អ្វី​ដែល​មនុស្ស​បាន​គិត​ថា ជា​ការកំណត់​សម្គាល់​ថា ពួកគេ​ខុស​ពី​អ្នក​មាន​វណ្ណៈទាប។ នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី១៩ ការងូត​ទឹក​ញឹកញាប់​ជាងមុន ក្លាយ​ជា​រឿង​ធម្មតា។

ការរីកចម្រើន​ផ្នែក​ឧស្សាហកម្ម ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ស្ថាបត្យកម្ម និង​វិទ្យាសាស្ត្រ បាន​ជួយ​ជំរុញ​ឲ្យ​មាន​ការងូតទឹក និង​ការលាងដៃ។ លោក Ward បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«មាន​ការផលិត​ឧបករណ៍​ថ្មីៗ​សម្រាប់​បន្ទប់​ងូត​ទឹក និង​មាន​ការចាប់​អារម្មណ៍​ទៅ​លើ​រូបរាង​នៃ​បន្ទប់ទឹក​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នកមាន​ទ្រព្យសម្បត្តិ ហើយ​ក្នុង​រយៈពេល​ប្រហែល​ជា​មួយ​សតវត្សរ៍​ក្រោយមក ប្រជាពលរដ្ឋ​ទូទៅ បាន​ចាប់ផ្តើម​ធ្វើ​ឲ្យ​បន្ទប់ទឹក​របស់​ពួក​ប្រសើរ​ឡើង​ដែរ»។

ការផលិត និង​ការផ្សព្វផ្សាយ​អំពី​សាប៊ូ បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការលើក​កម្ពស់​អនាម័យ​ខ្លួនប្រាណ ដែល​ជា​របៀបរស់​នៅ​គួរ​ឲ្យ​ចង់បាន និង​មាន​ភាពទាក់ទាញ។ ខ្លួនប្រាណ​និង​ដៃស្អាត តំណាង​ឲ្យ​ការចូល​ចុះ​ក្នុង​សង្គម។ នៅចុង​សតវត្សរ៍​ទី១៩​មនុស្ស ចាប់ផ្តើម​យល់​ដឹង​ពី​ទំនាក់​ទំនង​រវាង​ភាពស្អាត និង​សុខភាព​ល្អ។

លាងដៃ​របស់​អ្នក

នៅ​ចុង​សតវត្សរ៍​ទី​១៩ អ្នកវិទ្យាសាស្ត្រ​បារាំង​លោក Louis Pasteur បាន​រក​ឃើញ​ទំនាក់​ទំនង​រវាង​អតិសុខុមប្រាណ និង​ការឆ្លង​ជំងឺ។ លោក Ward បាន​ថ្លែង​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«គំនិត​របស់​លោក​ប៉ាស្ទ័រ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការគិត​ខាងផ្នែក​វេជ្ជសាស្រ្ត​របស់​លោក​ខាងលិច។ គំនិត​របស់​លោក​ប៉ាស្ទ័រ​នោះ ក៏​បាន​ជ្រាបចូល​ទៅក្នុង​ចលនា​ដែល​គាំទ្រ​សុខភាព​សាធារណៈ​ផងដែរ ដែល​ពួកគេ​បាន​ក្លាយជា​អ្នកផ្សព្វផ្សាយ​យ៉ាងខ្លាំងក្លា​ទៅ​មហាជន​នានា អំពី​ការលាង​សម្អាត​ដៃ។ ខ្ញុំ​គិត​ថា មក​ដល់​ទសវត្សរ៍​១៩២០ និង១៩៣០ ការលាងដៃ គឺ​ជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​លោក​ខាងលិច​ភាគ​ច្រើន ទោះបី ជា​ទូទៅ​ការសម្អាត​ខ្លួន​ប្រាណ​នេះ បាន​កើត​ឡើង​នៅ​តំបន់​ទីក្រុង​មុន​តំបន់​ជនបទ​ក៏ដោយ។ ហើយ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ដែល​នៅតែ​បន្ត​វិធី​សម្អាត​ខ្លួនប្រាណ​តាម​របៀប​ជនបទ​នោះ ការលាងដៃ និង​ទម្លាប់​សម្អាត​ផ្សេងៗ​ទៀត មិន​ត្រូវ​បាន​អនុវត្ត​ភ្លាមៗ​នោះ​ទេ»។

សព្វថ្ងៃនេះ ការណ៍​ដែល​ការលាងដៃ​ញឹកញាប់​បាន​ក្លាយជា​ទម្លាប់​យ៉ាងទូលំទូលាយ​ដើម្បី​ជា​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នោះ លោក Ward សង្ឃឹម​ថា មនុស្សម្នា នឹង​អភិវឌ្ឍ​របៀប​អនាម័យ​ផ្ទាល់​ខ្លួន​ថ្មីៗ​ផ្សេង​ទៀត។

ក៏ប៉ុន្តែ ទោះ​ជាយ៉ាងនេះក្តី លោក​មិនមាន​សុទិដ្ឋិនិយម​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា ប្រវត្តិសាស្រ្ត​បាន​បង្ហាញ​ថា មនុស្ស​ហាក់ដូចជា​យកចិត្តទុកដាក់​តិច​ជាងមុន​ចំពោះ​ការលាងដៃ នៅពេលដែល​ជំងឺ​រាតត្បាត​បាន​បញ្ចប់៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG