ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​៤លាន៤​សែន​នាក់ទៀត​នៅក្នុង​សហរដ្ឋអាមេរិក ដាក់ពាក្យ​សុំប្រាក់​គ្មាន​ការងារ​ធ្វើ


បុគ្គលិក​ពេទ្យ​ពិនិត្យ​អ្នកជំងឺរកមេរោគ​កូរ៉ូណា​នៅ​មន្ទីរពេទ្យ University Hospitals កាលពី​ថ្ងៃចន្ទ ទី​១៦ ខែមីនា ឆ្នាំ២០២០។

មនុស្ស​ជាង​៤លាន៤សែននា​ក់ទៀតនៅ​ក្នុង​សហរដ្ឋ​អាមេរិក បានដាក់​ពាក្យសុំប្រាក់​គ្មានការងារ​ធ្វើកាលពី​សប្តាហ៍​មុននៅ​ពេលដែល​ការរាលដាល​ជា​សាកល​នូវ​មេរោគ​កូរ៉ូណា បន្ត​បំផ្លាញសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។នេះ​តាម​ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក បានរាយ​ការណ៍​កាលពីថ្ងៃ​ព្រហស្បតិ៍​។

ចំនួន​សរុបថ្មីៗ​បំផុត​នេះ បាន​ធ្វើឲ្យ​មនុស្ស​គ្មានការងារ​ធ្វើ​២៦លាន​៥សែននាក់​ក្នុង​រយៈពេល​៥​សប្តាហ៍ សូម្បី​នៅពេល​ដែលរដ្ឋ​មួយ​ចំនួន​តូច កំពុង​ចាប់ផ្តើម​គិតបើក​ឡើងវិញ​នូវពាណិជ្ជកម្ម​ខ្លះក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ​។ ក៏ប៉ុន្តែ មនុស្ស​រាប់លាន​នាក់​ទៀត អាចដាក់​ពាក្យ​សុំប្រាក់​គ្មានការងារ​ធ្វើក្នុងរយៈពេល​៣ឬ៤សប្តាហ៍ខាង​មុខទៀត​នៅពេល​ផលប៉ះពាល់​ពេញទំហឹងនៃ​មេរោគកូរ៉ូណា​លើប្រទេស​អាមេរិក​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេបង្អស់​នៅលើ​ពិភពលោក ចាប់ផ្តើម​ពេញ​ទំហឹង​នោះ។

សហរដ្ឋ​អាមេរិក មិន​ធ្លាប់ឃើញ​ការអត់ការងារ​ធ្វើដ៏ច្រើន​បែប​នេះកាល​ពីពេល​មុនទេ មនុស្ស​ជិត​មួយនាក់​ក្នុងចំណោម​មនុស្ស​៦នាក់ ចាប់តាំង​ពីមហាវិបត្តិ​សេដ្ឋកិច្ចក្នុង​ទសវត្សរ៍​១៩៣០ មក។​ ទំហំនៃការ​បញ្ឈប់​មនុស្ស​ពីការងារ​ បាន​បំផ្លាញ​ការរីក​លូតលាស់​ការងារ​របស់​សហរដ្ឋ​អាមេរិក​ចាប់តាំង​ពីការមិនរីក​ចម្រើន​សេដ្ឋកិច្ច​នៅឆ្នាំ​២០០៨​មក។

ក្រុមហ៊ុន​ខ្លះ បាន​បញ្ឈប់​កម្មករ​យ៉ាងឆាប់​រហ័ស​នៅពាក់​កណ្តាល​ខែ​មិនា នៅពេល​ដែល​មេរោគកូរ៉ូណា​លេច​ចេញ​ឡើង។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ផ្សេង​ទៀត បាន​សន្យា​រក្សាប្រាក់​ឈ្នួល​ដល់​កម្មករ​របស់​ខ្លួន យ៉ាង​ហោច​ណាស់​ក៏មួយ​រយៈពេល​ដែរ ទោះបី​ក្រុមហ៊ុន​ទាំង​នោះ មាន​ការងារ​ធ្វើតិចតួច​នៅពេល​ដែល​អតិថិជន​សំខាន់ៗ​របស់​ពួកគេ បានស្ថិត​នៅផ្ទះ​ដើម្បីការពារ​ខ្លួនរបស់​ពួកគេនិង​ក្រុមគ្រួសារ​របស់ខ្លួន​ពីមេរោគ​កូរ៉ូណា​ក៏​ដោយ។

ក្រុមហ៊ុន​ខ្លះ​ឥឡូវនេះ បាន​បញ្ឈប់​កម្មករ​ទាំងនោះ​ដែរ នៅពេល​ភាពចលាចល​យ៉ាងខ្លាំងសេដ្ឋកិច្ច​របស់​អាមេរិក​ចាប់ផ្តើម។​ សេដ្ឋវិទូ​និយាយថា អត្រា​គ្មានការងារ​ធ្វើរ​បស់សហរដ្ឋអាមេរិក​នៅ​ពេលបច្ចុប្បន្ន​អាចជិតដល់​២០​ភាគរយ៕

XS
SM
MD
LG